ភ្នំពេញៈ មន្ត្រី​ជំនាញ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី១២ ឆ្នាំ​ ២០២៣ (CAMAPGOC) លោក យី វាសនា បាន​អះអាងថា កម្ពុជាបាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ ទាំង​ទៅលើ​ការរៀបចំ​ទីលាន​ប្រកួត និង​ការចុះឈ្មោះ​អត្ត​ព​លិ​ក សម្រាប់​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដែល​នឹងធ្វើ​ចាប់ពី​ថ្ងៃទី ​៣ ដល់​ថ្ងៃទី ​៩ ខែមិថុនា ខាងមុខ​។​

​អគ្គលេខាធិការរង CAMAPGOC លោក យី វាសនា បានឱ្យដឹងថា ការធ្វើជា​ម្ចាស់​ផ្ទះការ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នេះ កម្ពុជា បាន​ត្រៀម​មន្ត្រី​បច្ចេកទេស​ក្នុងស្រុក សម្រាប់​រៀបចំ​ប្រភេទ​កីឡា​ទាំង ១៤ ក្នុង​ព្រឹត្តិការណ៍​នេះ ចំនួន​៩០០​នាក់ ហើយ​អ្នក​ស្ម័គ្រ​ចិត្ត ដែល​ត្រូវ​ទទួល​ភារកិច្ច​បន្ត​ពី​ស៊ី​ហ្គេម សម្រាប់​ការប្រកួត​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេម​នេះ មាន​ចំនួន ២ ៥០០ ​នាក់ រួមទាំង​មន្ត្រី​បច្ចេក​ទេស​អន្តរជាតិ និង​សហព័ន្ធ​កីឡា​អាស៊ាន​ទាំង​ ១១ ​ប្រទេស បូក​រួមទាំង​ទី​ម័​រ​ខាងកើត គឺមាន​ចំនួន​សរុប​ប្រមាណ​ ២៥០​ នាក់​បន្ថែមទៀត​។​

​ចំពោះ​មន្ត្រី​បច្ចេកទេស​ក្នុងស្រុក ទាំង​ ៩០០​ នាក់​នេះ លោក យី វាសនា បាន​លម្អិត​ថា ភាគច្រើន​ជា​គណៈកម្មការ​ទាំង​ ១៤ ដែលជា​មន្ត្រីរាជការ ក្រោម​ឱវាទ​គណៈកម្មាធិការ​ជាតិ CAMSOC-CAMAPGOC ដោយមាន​ចំនួន​ជិត​ ៨០០​ នាក់ ​ដើម្បី​ដឹកនាំ និង​រៀប​ចំការ​ប្រកួត នៅលើ​ប្រភេទ​កីឡាអត្តពលកម្ម​, វាយ​សី​, ប៊ូ​ស្យា​, អុក​, បាល់ទាត់​ ៥ ​ម្ខាង​, បាល់ទាត់​ ៧​ ម្ខាង​, បាល់បោះ​ពិការភ្នែក​, យូ​ដូ​, លើក​ទម្ងន់​, ហែល​ទឹក​,​វាយ​កូន​ឃ្លី​លើ​តុ​បុរស​-​នារី​,​ បាល់ទះ​អង្គុយ​បុរស​-នារី​, បាល់បោះ​ជិះរទេះ​បុរស​-​នារី​, និង​កីឡា​ដាក់ឱ្យ​សម្តែង E-Sports​។​

​នៅក្នុង​ចំណោម​ប្រភេទ​កីឡា​នេះ គឺ​ក្រុម​អត្ត​ព​លិ​ក ដែល​បាន​រួមគ្នា ឈ្នះ​មេដាយ មាស​ ៧ ប្រាក់​ ១០ និង​សំរឹទ្ធ​ ១១ ពី​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ ឆ្នាំ ​២០២២ នៅ​ឥ​ណ្ឌ​នេ​ស៊ី ត្រូវបាន​លោក យី វាសនា អះអាងថា បាន​រក្សា​ទុកឱ្យ​ហ្វឹកហាត់ ត្រៀម​ចូល​​រួមការ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី ​១២ នៅ​កម្ពុជា​នេះ​ទាំងអស់ ជាពិសេស​ក្រុម​អត្តពលកម្ម បាល់បោះ​ជិះរទេះ ប៊ូ​ស្យា និង​ក្រុម​ហែល​ទឹក​។​

​លោក យី វាសនា បញ្ជាក់ថា​៖ «​មកដល់ពេលនេះ យើង​បាន​ចុះឈ្មោះ​កីឡា​ទាំង​ ១៤ ​ប្រភេទ បូករួម​ទាំង E-sports មាន​ចំនួន​សរុប​ ២៣៦​ នាក់ ដែល​ទទួលស្គាល់​ដោយ​គណៈកម្មការ​អន្តរជាតិ ចូលទៅក្នុង​ការប្រកួត ក្នុងនោះ​មាន​កីឡាករ​ ១៦០ ​នាក់ កីឡាការិនី ៧៦ នាក់ និង​មន្ត្រី​ចុះ​ជាប់​ជាមួយ​កីឡាករ​មាន​ ៦៤ នាក់ ហើយ​នេះ​ជា​កត្តាចាំបាច់ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ដើម្បី​ចូលរួម​អបអរសាទរ​ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត​»​។

​លោក យី វាសនា ដែលជា​អគ្គ​លេ​ខា​ធិ​ការ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ផង​នោះ បានឱ្យដឹង​ទៀតថា ក្រុម​អត្ត​ព​លិ​ក​ទាំងអស់ ដែល​ត្រៀម​ចូលរួម​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នេះ បានទទួល​ការថែទាំ​យ៉ាង​យកចិត្ត​ទុក​ដាក់ ទៅលើ​ការហ្វឹកហាត់ និង​ការ​ផ្តល់នូវ​សម្ភារ​ហ្វឹកហាត់ ក្រោម​ការជួយ​ជ្រោ​ម​​ជ្រែង​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ CAMSOC-CAMAPGOC ក៏ដូចជា​ការជួយ​ទំនុក​បម្រុង​បន្ថែម​ពី​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

​បន្ថែម​លើ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ក៏បាន​យក​ចិត្ត​ទុកដាក់​ខ្ពស់ ក្នុង​ការកសាង​ទីលាន និង​កន្លែង​ប្រកួត សម្រាប់​ក្រុម​អត្ត​ព​លិ​ក​ជនពិការ ជាពិសេស​នៅ​មជ្ឈមណ្ឌល​ជាតិ​នៃ​ជនពិការ​តេ​ជោ​សែន ដែលជា​កន្លែង​ប្រមូលផ្តុំ​យ៉ាងសំខាន់​របស់​ក្រុម​អត្ត​ព​លិ​ក​ជនពិការ​តែម្តង​។

​លោក យី វាសនា បញ្ជាក់ថា​៖ «​ក្រោម​ការដឹកនាំ​ដ៏​ឆ្លាត​វៃ​របស់​សម្តេច​តេ​ជោ ទីលាន​ទាំង​អស់នេះ គឺ​យើងខ្ញុំ​បាន​កសាង​រៀបចំ​សព្វគ្រប់​រយៈពេល​ប្រមាណ​ ៥ ​ខែ​មុន ដោយ​ចំណាយ​ថវិកា​អស់​ជាង​ ១​ លាន​ដុល្លារ ទាំង​ការរៀបចំ​ទីលាន និង​រៀបចំ​កម្រាល មាន​ទាំង​កម្រាល​ប៊ូ​ស្យា និង​កម្រាល​បាល់ទះ​អង្គុយ ដែល​សុទ្ធតែជា​កម្រាល​ស្តង់ដា មានតម្លៃ​ខ្ពស់​។ ក្រៅពីនេះ នៅមាន​បងប្អូន​មួយចំនួនទៀត ត្រូវបាន​ទិញ​ជើងសិប្បនិម្មិត ហើយ​បន្ថែម​លើ​ប៊ូ​ស្យា និង​រទេះ​ប្រកួត សម្រាប់​ក្រុម​បាល់បោះ​ផងដែរ​»​។​

​ជាមួយ​ការទទួល​បានការ​ទំនុកបម្រុង ទៅលើ​ការហ្វឹកហាត់ និង​ការថែទាំង​សុខ​ភាព ទៅលើ​ការ​ស្នាក់នៅ ហូបចុក​នេះ លោក​វង សូត រដ្ឋមន្ត្រីក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ ​បានដាក់​ក្តី​សង្ឃឹមថា ក្រុម​អត្ត​ព​លិ​ក​ជនពិការ នឹង​រួមគ្នា​បង្កើតបាន​នូវ​សមិទ្ធ​ផល​ដ៏​ជោគជ័យ ដូច​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ របស់​ក្រុម​អត្ត​ព​លិ​ក មិន​ពិការភាព កន្លងមក​ដែរ​។​

​នៅក្នុង​ការចុះទៅ​ត្រួតពិនិត្យ និង​សួរ​សុខទុក្ខ​ដល់​ក្រុម​អត្ត​ព​លិ​ក​ជនពិការ កាលពី​ថ្ងៃទី​ ១៨ ខែឧសភា លោក វង សូត ថ្លែងថា​៖ «​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ ​បានបញ្ចប់​ដោយ​ជោគជ័យ និង​ជាទី​មោទនភាព​ជាតិ​ដែល​មានន័យថា ក្រុម​អត្ត​ព​លិ​កមាន​កាយសម្បទា​ធម្មតា បានបញ្ចប់​តួនាទី​របស់ខ្លួន​ហើយ ចំណែក​ក្រុម​អត្ត​ព​លិ​ក​ជនពិការ​របស់​យើង ទើបតែ​ចាប់ផ្តើម អ៊ីចឹង​ខ្ញុំ​សូម​ផ្ញើ​ក្តី​សង្ឃឹមថា ស៊ី​ហ្គេម ជោគជ័យ អាស៊ាន​ប៉ា​រ៉ា​ហ្គេម ក៏​នឹង​ទទួលបាន​ជោគជ័យ​ដូចគ្នា​»​។

​លោក វង សូត បន្ថែមថា​៖ «​បងប្អូន​ជនពិការ ក៏មាន​ឱកាស និង​មានលទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​ប្រកួត​​ប្រជែង ហើយ​អ្នក​មិន​ពិការ និង​ពិការ​មាន​បេះ​ដូច​ដូច​តែ​គ្នា​ទេ ចំណែក​ប្រាក់​រង្វាន់ ទទួលបាន​ពី​ការ​ឈ្នះ​បាន​មេដាយ ក៏មាន​ចំនួន​ដូចគ្នា អ៊ីចឹង​សូម​ផ្តល់​កម្លាំងចិត្ត​ដល់​ជនពិការ​របស់​យើង ត្រូវខិតខំ​ប្រឹងប្រែង ព្រោះនេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត ដែល​កម្ពុជា​យើង បាន​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​ម្ចាស់ផ្ទះ​នៅទីនេះ​ជា​ម្ចាស់ផ្ទះ​ដែល​ធ្វើឱ្យមាន​មោទនភាព​ជាទីបំផុត​»៕​