
លោក ស ខេង និងកីឡាករ-កីឡាការិនីដែលទទួលបានមេដាយ។ រូប ហ្វេសប៊ុក ស ខេង
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានធ្វើការអបអរសាទរទៅដល់ក្រុមកីឡាករ កីឡាការិនីរបស់ក្រសួងមហាផ្ទៃ ដែលរួមគ្នា ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ យ៉ាងច្រើន ពីការប្រកួតស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដើម្បីជួយឱ្យកម្ពុជា ទទួលបានលទ្ធផលរួមយ៉ាងត្រចះត្រចង់បំផុត ជាមួយការឈ្នះបានមេដាយមាស ៨១ ប្រាក់ ៧៤ និងសំរឹទ្ធ ១២៧។
ជាមួយការឈ្នះបានមេដាយសរុប ២៨២ នេះ លោក ស ខេង ឱ្យដឹង តាមលិខិតអបអរសាទររបស់លោក កាលពីថ្ងៃទី ២២ ខែឧសភាថា កីឡាករ កីឡាការិនី នៃក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយសរុបចំនួន ១៣២ គ្រឿង រួមមានមេដាយមាស ៣៥ មេដាយប្រាក់ ៣៤ និងមេដាយសំរឹទ្ធ ៦៣ ដោយបានរួមចំណែកជួយឱ្យកម្ពុជា ឈរនៅលេខរៀងទី ៤ នៃតារាងចំណាត់ថ្នាក់ក្នុងការប្រកួតស៊ីហ្គេម លើកទី ២៣ ឆ្នាំ ២០២៣ នេះ។
លោក ស ខេង បញ្ជាក់ថា៖ «តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវសេចក្តីរំភើបរីករាយ និងអបអរសាទរយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស និងកីឡាករ កីឡាការិនីទាំងអស់ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣»។
ចំពោះការឈ្នះមេដាយមាសសរុបចំនួន ៣៥ នេះ ក្រុមអត្តពលិកក្រសួងមហាផ្ទៃ ដណ្តើមបាននៅលើវិញ្ញាសាប្រកួតវ៉ូវីណាមចំនួន ៧ គុនល្បុក្កតោ ៥ សីដក់ ៤ ប្រដាល់គុនខ្មែរ ៣ ប្រដាល់ឃីកបុកស៊ីង ៣ ចំបាប់ ២ ជឺជីតស៊ូ ២ ប្រណាំងទូក ២ សូហ្វតិន្នីស ២ កីឡាអាតនីស ២ ហើយចំពោះប្រភេទកីឡាការ៉ាតេ ម៉ូតូទឹក និងវាយសី គឺក្រុមអត្តពលិកក្រសួងមហាផ្ទៃ បានឈ្នះមេដាយមាសចំនួន ១ ដូចគ្នា។
លោក ស ខេង បញ្ជាក់ថា៖ «សមិទ្ធផលទាំងនេះ គឺជាមោទនភាពយ៉ាងក្រៃលែងរបស់ក្រសួងមហាផ្ទៃ ដែលកីឡាករ កីឡា-ការិនីទាំងអស់ បានឆ្លៀតពេលពីការបំពេញភារកិច្ចស្នូលរបស់អង្គភាព ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយបានខិតខំយកអស់កម្លាំងកាយចិត្ត និងការប្តេជ្ញាខ្ពស់ប្រឹងប្រែងហ្វឹកហាត់រហូតទទួលបានជោគជ័យជូនសង្គមជាតិ និងក្រសួងមហាផ្ទៃ»។
ចំណែក លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅក្នុងចំណោមអត្តពលិកជាតិ ដែលចូលរួមប្រកួតប្រជែងបានមេដាយ ក្នុងស៊ីហ្គេមនោះ មានអត្តពលិកក្រសួងមហាផ្ទៃ ៣ នាក់ បានជាប់ជាអត្តពលិកឆ្នើម ដោយដណ្តើមបានមេដាយច្រើនជាងគេ រួមមានកីឡាការិនីវ៉ូវីណាម ប៉ាល់ ឆរស្ម៊ី បានមេដាយមាស ៤ ប្រាក់ ១ សំរឹទ្ធ ១ សរុប ៦, កីឡាករជឺជីតស៊ូ គង់ម៉ូណា មិថុរ៉ា បានមេដាយមាស ២ សំរឹទ្ធ ១ សរុប ៣ និងកីឡាករ លី បូរ៉ាមី បានមេដាយមាស ៣ លើប្រភេទកីឡាវ៉ូវីណាម។
លោក សរ សិទ្ធិ បានបញ្ជាក់ ក្នុងលិខិតអបអរសាទររបស់លោកថា៖ «សមិទ្ធផលទាំងនេះ គឺជាមោទនភាពយ៉ាងក្រៃលែងរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ»។
ចំណែកលោក យិត ភីរៈ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានលើកឡើងតាមលិខិតរបស់លោកថា៖ «សមិទ្ធផលដ៏អស្ចារ្យទាំងនេះ គឺជាមោទនភាព និងបានស្ដែងឱ្យឃើញ ពីការរីកចម្រើនផ្នែកសមត្ថភាពរបស់អត្តពលិក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកស ខេង ជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនាំឱ្យអត្តពលិកទាំងអស់របស់យើងខិតខំយកអស់កម្លាំងកាយចិត្ត និងការប្ដេជ្ញាចិត្តខ្ពស់ប្រឹងប្រែងធ្វើការហ្វឹកហាត់ និងប្រកួតរហូតទទួលបានជោគជ័យជូនជាតិមាតុភូមិ និងក្រសួងមហាផ្ទៃ»៕