ភ្នំពេញៈ កីឡាករជើងខ្លាំង Dave Leduc ដែលត្រូវបានគេចាត់ទុកថា ជា «ស្តេចប្រដាល់» ប្រចាំនៅប្រទេសមីយ៉ាន់ម៉ានោះ បានប្រកាសថា រូបគេនឹងធ្វើដំណើរមកប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៣ នេះ ដើម្បីប្រកួតជាមួយម្ចាស់មេដាយមាស ព្រំ សំណាង នៅក្នុងពេលវេលាដ៏សមរម្យណាមួយ បន្ទាប់ពីគម្រោងជួបគ្នា នៅលើទឹកដីប្រទេសស្លូវ៉ាគី ក្នុងខែឧសភានេះ ត្រូវបានលុបចោលវិញ។
តាមគម្រោងនៃកិច្ចសន្យា ដែលស្នើឡើងដោយសហព័ន្ធកីឡាប្រដាល់ឡេតវីពិភពលោក (WLF) របស់ប្រទេសមីយ៉ាន់ម៉ា គឺការជួបគ្នារវាង ព្រំ សំណាង និង Dave Leduc គ្រោងធ្វើនៅថ្ងៃទី ២៧ ខែឧសភា ខាងមុខនេះ ប៉ុន្តែជំនួបនេះ ត្រូវបានលុបចោលវិញ ដោយ Dave Leduc បានអះអាងថា ដោយសារ ព្រំ សំណាង មិនអាចសុំទិដ្ឋាការ (Visa) ធ្វើដំណើរទៅអឺរ៉ុបបាន។
ជាមួយហេតុផលនេះ Dave Leduc បានប្រកាស នៅលើផេចហ្វេសប៊ុក កាលពីថ្ងៃទី ២៣ ខែឧសភាថា រូបគេនឹងធ្វើដំណើរ មកកាន់ប្រទេសកម្ពុជាតែម្តង ដើម្បីបានប្រកួតជាមួយជើងខ្លាំងប្រដាល់គុនខ្មែរ ព្រំ សំណាង ប៉ុន្តែសម្រាប់គម្រោងធ្វើដំណើរមកកម្ពុជា ជាលើកដំបូងនេះ Dave Leduc ត្រូវការឡានប្រភេទ SUV មួយគ្រឿង ព្រមទាំងអង្គរក្ស ដែលមានអាវុធ (កាំភ្លើង) ១ រូប ដូចដែលរូបគេមាននៅប្រទេសមីយ៉ានម៉ា។
ចំពោះសំណើនេះ Dave Leduc បានបញ្ជាក់ថា៖ «នៅពេលដែលខ្ញុំធ្វើដំណើរទៅកាន់ប្រទេសផ្សេង ខ្ញុំតែងតែមានអង្គរក្សជានិច្ច ដូច្នេះនៅពេលដែលខ្ញុំមកកាន់ប្រទេសកម្ពុជា សូមរៀបចំកងសន្តិសុខឱ្យខ្ញុំផង ពីព្រោះប្រហែលជាប្រទេសជិតខាងមួយ ដែលផ្តើមដោយអក្សរ “T ឬ ថ” មិនសូវជាសប្បាយចិត្ត សម្រាប់ការដែលខ្ញុំធ្លាប់បានអះអាងថា គុនខ្មែរ គឺជាក្បាច់គុនដើមយ៉ាងពិតប្រាកដ ហើយពួកគេអាចនឹងព្យាយាមវាយប្រហារខ្ញុំផងមិនដឹង»។
យ៉ាងណាក៏ដោយ Dave Leduc បានបញ្ជាក់ថា៖ «ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា យោធារបស់ប្រទេសកម្ពុជា ពិតជាអាចការពារខ្ញុំ នៅពេលដែលខ្ញុំធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ដើម្បីខ្ញុំអាចប្រកួតបានដោយសុវត្ថិភាព និងបង្ហាញពីគុនបុរាណរបស់កម្ពុជាឱ្យពិភពលោកបានភ្លឺភ្នែក»។
ជាមួយគ្នានេះ ម្ចាស់ជើងឯកពិភពលោកនៃក្បាច់គុន Lethwei របស់ប្រទេសមីយ៉ាន់ម៉ា រូបនេះបានចាត់ទុកជំនួបរវាង ព្រំ សំណាង និងរូបគេ នៅក្នុងឆ្នាំ ២០២៣ នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្រ ដែលមានអ្នកគាំទ្រយ៉ាងច្រើន ហើយប្រជាពលរដ្ឋ និងពាណិជ្ជករជាច្រើន នឹងធ្វើដំណើរ មកកាន់រាជធានីភ្នំពេញ ដើម្បីមើលការប្រកួតដ៏អស្ចារ្យនេះ ដោយផ្ទាល់ ជាក់ជាមិនខានឡើយ។
«នៅពេលដែលខ្ញុំមកប្រទេសកម្ពុជា នៅឆ្នាំនេះ វានឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍។ ខ្ញុំមានអ្នកតាមដាន នៅលើបណ្តាញសង្គមរាប់លាននាក់។ ប្រទេសមីយ៉ាន់ម៉ា មានប្រជាជនចំនួន ៥៤ លាននាក់ និងកម្ពុជាមាន១៦លាននាក់ ដូច្នេះយើងនឹងមានមនុស្សជាង ៧០ លាននាក់អបអរសាទរយើង»។ Dave Leduc បានបញ្ជាក់បន្ថែម។
ទោះបីជាយ៉ាងណា គិតមកដល់ពេលនេះ ម្ចាស់ខ្សែក្រវាត់ពិភពលោក Dave Leduc នៅមិនទាន់ថា តើក្រុមហ៊ុនផ្សព្វផ្សាយមួយណា នឹងមានកិត្តិយសក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនៅឡើយទេ ប៉ុន្តែរូបគេសង្ឃឹមថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ព្រោះវានឹងជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ហើយកម្មវិធីនេះ នឹងនាំមកជាមួយនូវការផ្សាយបន្តផ្ទាល់ដ៏ធំបំផុត មានអ្នកឧបត្ថម្ភធំជាងគេ ទិដ្ឋភាពអនឡាញដ៏ធំបំផុត កីឡាករដ៏ល្អបំផុត និងការចំណាយដ៏ច្រើនមហិមាផងដែរ។
ចំណែក ព្រំ សំណាង ដែលទើបឈ្នះបានមេដាយមាស លើប្រភេទទម្ងន់ ៨១ គីឡូក្រាម នៃកីឡាគុនខ្មែរ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅលើទឹកដីខ្លួនឯងនោះ ក៏មិនទាន់ដឹងថា ជួបរវាងរូបគេ និង Dave Leduc វានឹងកើតមានឡើង នៅពេលណាឱ្យប្រាកដនោះដែរ។
ព្រំ សំណាង បានប្រាប់កាលពីរសៀលថ្ងៃទី ២៤ ខែឧសភា ថា៖ «ខ្ញុំនៅមិនទាន់ដឹងថា ការប្រកួតនេះនឹងអាចកើតមាន នៅពេលណានោះទេ ហើយខ្ញុំក៏មិនទាន់ដឹងថា ជាការប្រកួតដណ្តើមខ្សែក្រវាត់ តាមច្បាប់ Lethwei អត់ពាក់ហ្គង់ដៃ អាចបុកក្បាលបាន ឬប្រកួតមិត្តភាពអន្តរជាតិតាមបែបគុនខ្មែរនោះទេ ព្រោះខ្ញុំឃើញតែគាត់បង្ហោះ ប៉ុន្តែខ្ញុំនៅមិនទាន់ទទួលបានដំណឹងជាក់លាក់ពីគាត់ នៅឡើយទេ ដល់អ៊ីចឹងខ្ញុំក៏មានការលំបាក ក្នុងត្រៀមខ្លួនដែរ»។
យ៉ាងណាក៏ដោយ ព្រំ សំណាង ពិតជាចង់ឱ្យជំនួបនេះ កើតមានឡើង ប៉ុន្តែម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះ នៅតែប្រកាន់ជំហរ ក្នុងការទាមទារតម្លៃខ្លួនខ្ពស់ ប្រសិនបើការប្រកួតនេះ ប្រើច្បាប់ Lethwei ខណៈគម្រោងចេញទៅប្រកួតនៅប្រទេសស្លូវ៉ាគី ដែលបានលុបចោលវិញនោះ បានស្នើសុំពី Dave Leduc ចំនួន៥ម៉ឺនដុល្លារ តែបើការប្រកួតតាមបែបគុនខ្មែរវិញ ព្រំ សំណាង ថា តម្លៃខ្លួនល្មមៗ ក៏ប្រកួតដែរ។
ព្រំ សំណាង បានបញ្ជាក់ថា៖ «ខ្ញុំស្វាគមន៍គាត់ជានិច្ច ហើយប្រសិនបើដឹងច្បាស់ថា ការប្រកួត នឹងធ្វើនៅពេលណាឱ្យប្រាកដនោះ ខ្ញុំនឹងត្រៀមខ្លួនឱ្យបានល្អបំផុត ព្រោះជាឱកាសដ៏កម្រ ដែលយើងបានប្រកួតជាមួយស្តេចប្រដាល់ អ៊ីចឹងយើងត្រូវប្រឹងប្រែងឱ្យបានខ្លាំង ដើម្បីយកឱកាសនេះ លើកកម្ពស់ពីគុនខ្មែរ និងកិត្តិយសរបស់យើង។ តែទោះបីជាយ៉ាងណា ខ្ញុំក៏ត្រូវទាមទារតម្លៃខ្លួនដ៏សមរម្យមួយផងដែរ ព្រោះវាជាព្រឹត្តិការណ៍ធំ»៕