
អ្នកប្រដាល់ត្រកូល «អេ» រួមមាន អេ វិរៈខាំឈិតភូថង (ម៉ឺន មេឃា) អេ អាំម៉ារិនភូថង និងកីឡាការិនី អេ យ៉ានុត ។ រូបថត សហការី
ភ្នំពេញៈ អ្នកប្រដាល់ត្រកូល «អេ» រួមមាន អេ វិរៈខាំឈិតភូថង (ម៉ឺន មេឃា) អេ អាំម៉ារិនភូថង និងកីឡាការិនី អេ យ៉ានុត បានវិលត្រឡប់មកប្រកួតប្រដាល់គុនខ្មែរជាថ្មី នៅលើសង្វៀនថោន នាថ្ងៃអាទិត្យនេះ បន្ទាប់ពីអ្នកទាំង ៣ បានបញ្ចប់ភារកិច្ច សម្រាប់ការប្រកួតតំណាងឱ្យជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣។
សម្រាប់ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមជាប្រវត្តិសាស្រ្តលើកដំបូង ដែលទើបបានបញ្ចប់ កាលពីថ្ងៃទី ១៧ ខែឧសភា កន្លងមកនេះ ម៉ឺន មេឃា បានបន្តឈ្នះមេដាយមាសជូនកម្ពុជាជាលើកទី២ លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៦៥ គីឡូក្រាម នៃប្រភេទកីឡាវ៉ូវីណាម បន្ទាប់ពីរូបគេបានយកឈ្នះកីឡាករវៀតណាម Viet Ha Nguyen នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈ្នះកីឡាករថៃ Chainarong Yawanophat នៅវគ្គផ្តាច់ព្រ័ត្រ។
ចំណែកកីឡាករ អេ អាំម៉ារិនអូថង ជាប្អូនប្រុស ដែលធ្លាប់ឈ្នះបានមេដាយសំរឹទ្ធ កាលស៊ីហ្គេម ឆ្នាំ ២០២២ នៅវៀតណាមនោះ គឺស៊ីហ្គេមនៅកម្ពុជានេះ គេចាញ់កីឡាករជាម្ចាស់ក្បាច់គុនរបស់វៀតណាម Thanh Liem Nguyen នៅវគ្គជម្រុះ ក្នុងទម្ងន់៦០គីឡូក្រាម ហើយបន្ទាប់ពីការប្រកួត កាលពីថ្ងៃទី ៧ ខែឧសភានោះ អាំម៉ារិន ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយសាររូបគេខំសម្រកទម្ងន់ខ្លាំងពេក នាំឱ្យប៉ះពាល់ដល់សុខភាពខ្លាំង រហូតសន្លប់មិនដឹងខ្លួន។
យ៉ាងណាមិញ កីឡាការិនី អេ យ៉ានុត ដែលបានឃ្លាតឆ្ងាយពីសង្វៀនមួយរយៈពេលធំមកហើយនោះ បានសម្រេចចូលហាត់ប្រដាល់សកល សម្រាប់ត្រៀមការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នេះ ប៉ុន្តែតាមរយៈការប្រកួតទម្ងន់ ៦៣ គីឡូក្រាមនេះ យ៉ានុត ចាញ់ពិន្ទុកីឡាការិនីមីយ៉ាន់ម៉ា Kay Thwe Nyein និងបានធ្លាក់ក្នុងវគ្គជម្រុះ ដូចប្អូនប្រុសរបស់នាង អាំម៉ារិន ដែលប្រកួតលើប្រភេទកីឡាវ៉ូវីណាមដែរ។
យ៉ាងណាមិញ នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ បងប្អូនត្រកូល «អេ» ទាំង ៣ នាក់នេះ នឹងត្រូវវិលត្រឡប់មកប្រកួតប្រដាល់គុនខ្មែរ ដែលជាជំនាញពិតរបស់ពួកគេវិញ។ ចំពោះការប្រកួតនេះ ទាំង ម៉ឺន មេឃា, អេ អាំម៉ារិនភូថង និង អេ យ៉ានុត ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃដូចគ្នា ប៉ុន្តែក្នុងទម្រង់ខុសគ្នា ខណៈអ្នកផ្គូផ្គងបានទម្លាយថា ដៃគូប្រកួតរបស់អ្នកទាំង៣នេះ មានសមត្ថភាពខ្លាំង។
កីឡាករបានកម្ពស់ អេ អាំម៉ារិនភូថង នឹងត្រូវប្រកួត ក្នុងទម្ងន់ដើម ៦៣,៥ គីឡូក្រាមរបស់ខ្លួនវិញ ដោយត្រូវប៉ះថៃ Chokmongkol Pakyok TH77 ក្នុងកម្មវិធី «អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន» ដោយចាប់ផ្តើមពីម៉ោង ១១ ព្រឹក ថ្ងៃអាទិត្យនេះ ដោយអ្នកទាំង ២ នេះ ប្រកួតគ្នា ៥ ទឹក។
ចំណែក ម៉ឺន មេឃា និង អេ យ៉ានុត ត្រូវប្រកួតក្នុងកម្មវិធី Mas Fight ដែលចាប់ផ្តើមនៅម៉ោង ៣ រសៀល ដោយក្នុងនោះ មេឃា ត្រូវប្រកួតទម្រង់ Mas Fight ១ ទឹក ៩ នាទី ជាមួយ Kulabdam Vor. Soonger ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាម រីឯ យ៉ានុត ត្រូវជួបកីឡាការិនី Nangsavsurat Chadanamrak ក្នុងទម្ងន់ ៥៧ គីឡូក្រាម ដោយអ្នកទាំង ២ នេះ ត្រូវប្រកួតគ្នាតែ ៣ ទឹកទេ។
ចំពោះសមត្ថភាពរបស់អ្នកប្រដាល់ថៃទាំង៣នាក់នេះ លោក ជួប វុត្ថា អ្នកផ្គូផ្គងកីឡាករ និងជាពិធីករប្រចាំនៅសង្វៀនថោនបានប្រាប់ កាលពីថ្ងៃទី ២៥ ខែឧសភាថា៖ «ដៃគូរបស់ អេ យ៉ានុត គេល្អ ជាកូនសិស្សរបស់ ប៊ូខាវ ដែលធ្លាប់បានយកឈ្នះម្ចាស់មេដាយមាសស៊ីហ្គេម ទូច ចាន់វត្តី របស់កម្ពុជា ហើយកីឡាករថៃ ដែលត្រូវប៉ះ ម៉ឺន មេឃា និង អេ អាំម៉ារិនភូថង ក៏មានសមត្ថភាពល្អ អ៊ីចឹងការប្រកួតទាំង ៣ គូនេះ នឹងមានភាពស្វិតស្វាញ និងល្អមើល»។
ជាមួយគ្នានេះ ម៉ឺន មេឃា, អេ អាំម៉ារិនភូថង និង អេ យ៉ានុត បានប្រឹងប្រែងហ្វឹកហាត់ខ្លាំង សម្រាប់ការវិលមកប្រកួតប្រដាល់គុនខ្មែរ នៅថ្ងៃអាទិត្យនេះ ហើយលោក អេ ភូថង ជាឪពុក ដែលមានជំងឺជាប់ខ្លួន ហើយទើបវិលត្រឡប់មកពីព្យាបាល នៅប្រទេសថៃដែរនោះ ក៏មានសុខភាពល្អប្រសើរជាងមុន និងអាចចូលបង្វឹកដល់កូនៗ ដោយផ្ទាល់ជាបណ្តើរៗវិញហើយ៕