
លោកនាយករដ្ឋមន្ត្រីណែនាំឱ្យកីឡាករ កីឡាការិនី ដែលចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ គោរពក្រមសីលធម៌ផ្នែកកីឡា ទោះបីជាចាញ់ឬឈ្នះក៏ដោយ។ រូបថត SPM
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យកីឡាករ កីឡាការិនីដែលនឹងចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាពេលប៉ុន្មានថ្ងៃខាងមុខនេះ គោរពក្រមសីលធម៌ផ្នែកកីឡា ទោះបីជាចាញ់ឬឈ្នះក៏ដោយ។
លោកបានមានប្រសាសន៍ដូចនេះ ក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយ កីឡាករ កីឡាការិនី អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games ) ធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៣។
លោក ហ៊ុន សែន បានបន្តថា តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា គឺមានរឿងល្អៗច្រើនណាស់ដែលលោកយល់ថា កម្ពុជាត្រូវតែកត់ត្រាទុកនៅក្នុងប្រវត្តិនៃស៊ីហ្គេម និងប៉ារ៉ាហ្គេមនៅកម្ពុជា។
លោកបន្ថែមថា៖«ខ្ញុំបានផ្តល់នូវយោបល់សម្រាប់ការរៀបចំយើងត្រូវធ្វើជាវីដេអូតាមវិញ្ញាសានីមួយៗ ធ្វើជាវីដេអូរួម ហើយយើងត្រូវចម្លាក់ទុកនៅវិមានឈ្នះឈ្នះ។ ចាស់ៗជំនាន់មុនឆ្លាក់ទុកសម្រាប់ឱ្យក្មេងជំនាន់ក្រោយមើល ឯយើងក៏ត្រូវធ្វើដូចគ្នា ដើម្បីទុកឱ្យអ្នកជំនាន់ក្រោយមើល បានដឹង បានយល់ បានមោទនភាព អំពីដូនតារបស់ខ្លួនដែលបានខិតខំប្រឹងប្រែងធ្វើនូវកិច្ចការងារនេះ»។
សម្រាប់លោកគិតថា កម្ពុជាបានធ្វើកិច្ចការដ៏ល្អ ហើយយើងឧទ្ទិសនូវអ្វីដែលបានកើតនៅក្នុងប្រទេស ជូនចំពោះជនរួមជាតិទាំងអស់ ដែលបានផ្តល់នូវការគាំទ្រ លើកលែងតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលមើលមិនឃើញអំពីសមិទ្ធផលរបស់ជាតិ។
លោកថា៖«ប៉ុន្តែសម្រាប់ប្រជាជន គឺមនុស្សច្រើនណាស់ដែលទទួលបានទទួលនូវមោទនភាពជាតិ បើទោះបីជាក្រុមប្រឆាំងមួយចំនួន គាំទ្រក្រុមប្រឆាំងក៏នៅតែទទួលស្គាល់ថា នេះជាសមិទ្ធផលរបស់ជាតិរបស់ខ្លួន»។
ទន្ទឹមនេះដែរ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម លោក ហ៊ុន សែន ណែនាំឱ្យកីឡាករ គោរពក្រមសីលធម៌ផ្នែកកីឡា ទោះបីជាចាញ់ឬឈ្នះក៏ដោយ និង លើកទឹកចិត្តកីឡាករ កីឡាការនី ដែលនឹងចូលរួមប្រកួតប៉ារ៉ាហ្គេមថ្ងៃឆាប់ៗខាងមុខនេះ ខិតខំប្រឹងប្រែងយកមេដាយមាស។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យកីឡាករ កីឡាការិនីដែលនឹងចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ រូបថត SPM
លោកថា៖«យ៉ាងណាក៏ដោយ ខ្ញុំនៅតែផ្តល់លទ្ធភាពការគិតគូរអំពីសីលធម៌ ក្រមសីលធម៌ វិធានការនៃការប្រកួតហើយមានទឹកចិត្តមួយឱ្យច្បាស់ ថាយើងជាម្ចាស់ផ្ទះ ត្រូវឱ្យគេត្រឡប់ទៅវិញនឹកដល់យើង»។
បន្ថែមពីនេះ លោកបានអបអរសាទរសាជាថ្មីទៀត ជាមួយកីឡាករ កីឡាការិនីដែលទទួលបានមេដាយជូនជាតិ ហើយសង្ឃឹមថាអ្នកដែលមិនទាន់ទទួលមេដាយ នឹងប្រឹងប្រែងប្រែងបន្ត ដើម្បីទទួលបានមេដាយជូនជាតិ។ លោកថា៖«ខ្ញុំមានសង្ឃឹមច្រើន កន្លងទៅយើងបញ្ជូនអត្តពលិកទៅក្រៅប្រទេសតិច ប៉ុន្តែយើងបានទទួលបានមេដាយមាសច្រើន។ អ្នកមេដាយមាសត្រូវរក្សាមេដាយមាសឱ្យបាន អ្នកដែលធ្លាប់មានមេដាយប្រាក់ ឬសំរឹទ្ធ ខិតខំឈានទៅរកមេដាយមាស ហើយអ្នកដែលមិនធ្លាប់មានមេដាយ ខិតខំធ្វើឱ្យបានមេដាយ ហើយបើបានមេដាយមាសតែម្តងគឺល្អ»។
បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ការរីកចម្រើនផ្នែកកីឡានាពេលនេះរបស់ជម្រើសជាតិកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាល បានចាប់ផ្តើមផ្តល់ប្រាក់សម្រាប់ការហ្វឹកហាត់ក្នុងក្របខ័ណ្ឌជម្រើសជាតិកីឡារបស់កម្ពុជា។
សូមជម្រាបថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ៕