ភ្នំពេញៈ ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ CAMSOC-CAMAPGOC លោក ​ទៀ បាញ់ បាន​ថ្លែងថា កម្ពុជា​នឹង​យក​បទ​ពិសោធន៍​ពី​ភាពជោគជ័យ​នៃ​ការធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ទៅ​រៀបចំ​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឱ្យបាន​ល្អ និង​អស្ចារ្យ​ដូចគ្នា ហើយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹង​ដែរ​ថា សមិទ្ធផល​ជោគជ័យ​ទាំង​ ២ ​ព្រឹត្តិការណ៍​នេះ នឹង​ត្រូវបាន​ឆ្លាក់​ទុក នៅ​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​ទុកជា​កេរ​មរតក សម្រាប់​អ្នកជំនាន់ ក្រោយ​។​

​បើទោះបីជា ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម សម្រាប់​ក្រុម​កីឡាករ កីឡាការិនី​ជនពិការ​នេះ មាន​ទ្រង់ទ្រាយ​តូច​ជាង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ទាំង​ទៅលើ​ប្រតិភូ​កីឡា និង​ប្រភេទ​កីឡា ត្រូវ​ដាក់ឱ្យ​ប្រកួត ប៉ុន្តែ​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ ទៀ បាញ់​បានឱ្យដឹងថា អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​ ១២ ឆ្នាំ​ ២០២៣ នឹងត្រូវ​រៀបចំ​ឱ្យបាន​សមរម្យ មាន​លក្ខណៈ​ពេញលេញ​ដូច​ស៊ី​ហ្គេម​ដែរ ឬ​អាច​ថា កែសម្រួល​បន្តិច​បន្តួច​ប៉ុណ្ណោះ ខណៈ​ពិធី​បើក​បិទ​នឹងធ្វើ​ឱ្យបាន​អស្ចារ្យ​។​

​លោក ទៀ បាញ់ បាន​ថ្លែងក្រោយ​កិច្ចប្រជុំ​នៅ​សា​លម​ជ្ឈ​​មណ្ឌល​ប្រតិបត្តិការ​ហ្គេម​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាលពី​ថ្ងៃទី​ ២៦​ ខែឧសភា​ថា​៖ «​ឆ្លងកាត់​បទពិសោធន៍​របស់​យើង គឺ​យើង​នឹង​រៀបចំ​ឱ្យមាន​ភាព​អស្ចារ្យ ទាំង​ពិធី​បើក និង​ពិធី​បិទ​នៃ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ​២០២៣​។ យើង​ដឹង​ហើយ​ថា កីឡាករ កីឡាការិនី ដែល​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​សុទ្ធតែជា​អ្នកមាន​ពិការភាព ហើយ​ការប្រកួត​លើ​វិញ្ញាសា​ក៏​ខុសគ្នា ពី​ស៊ី​ហ្គេម លើក​ទី ៣២ ឆ្នាំ​ ២០២៣​ ដែរ​»​។​

​ជាមួយគ្នានេះ លោក ទៀ បាញ់ បានឱ្យដឹង​ទៀតថា ការទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ជា​លើកដំបូង​នេះ កម្ពុជា នឹងធ្វើ​ឱ្យ​ត្រូវ​ទៅ​ទម្រង់​នៃ​បទ​​ពិសោធន៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម កន្លងមក ដោយ​ព្រឹត្តិការណ៍​នេះ មាន​ប្រទេស​ចូលរួម​ប្រកួត​ចំនួន​ ១១ ដូច​ស៊ី​ហ្គេម​ដែរ ប៉ុន្តែ​ចំនួន​ប្រតិភូ​កីឡា​ចូលរួម មាន​ត្រឹម​ជាង​ ២ ៦០០​ នាក់ ខណៈ​ស៊ី​ហ្គេម មាន​ប្រតិភូ​កីឡា​ចូលរួម​ចំនួន ១២ ៤០៤​ នាក់​។

​យ៉ាងណាក៏ដោយ លោក ទៀ បាញ់ បញ្ជាក់ថា​៖ «​ទោះជា​ចំនួន​នេះ មិន​ច្រើន​ដូច​ស៊ី​ហ្គេម ប៉ុន្តែ​ភាព​អស្ចារ្យ នៅតែមាន ព្រោះនេះ​ជា​ព្រឹត្តិ​ការណ៍​កីឡា​ជន​មាន​ពិការភាព ប៉ុន្តែ​ពួកគេ​នៅតែ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​។ យើង​ចង់​ឱ្យគេ​មើលឃើញ​ច្បាស់​ថា បន្ទាប់ពី​បាន​ងើប​ចេញពី​សង្គ្រាម កម្ពុជា​កំពុងមាន​សុខសន្តិភាព ដូច្នេះ​យើង​ធ្វើឱ្យ​ពិភពលោក​ឃើញថា កម្ពុ​ជាមាន​សុខសន្តិភាព​ហើយ ទើប​មានលទ្ធភាព​ចាត់ចែង​ធ្វើជា​ម្ចាស់ផ្ទះ ទាំង​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​បាន​»​។​

កីឡាករ​កីឡារិនីអាស៊ានប៉ារ៉ាហ្គេម​ ក្នុង​ពិធីជួបសំណេះ​សំណាល​ជាមួយ​​លោក​នាយករដ្ឋមន្ត្រី។ រូបថត SPM

​សម្រាប់​ការប្រកួត​កីឡា​អាស៊ាន​-​ប៉ា​រ៉ា​ហ្គេម លើក​ទី១២ ​នេះ មាន​ប្រតិភូ​កីឡា​ទាំង​ ១១​ ប្រទេស បាន​ចូលរួម ដោយមាន​ចំនួន​សរុប ​២ ៦៩២​ នាក់ ក្នុងនោះ​មាន​អត្ត​ព​លិ​ក​ ១ ៤៥៣ ​នាក់ និង​មន្ត្រី​​បច្ចេកទេស​ ១ ២៣៩​ នាក់​។ ជាមួយ​ចំនួន​នេះ ថៃ បាន​បញ្ជូន​អត្ត​ព​លិ​ក​ជនពិការ​មក​ចូលរួម​ច្រើនជាងគេ គឺមាន​ ៣០៤​ នាក់ បន្ទាប់មក ឥណ្ឌូនេស៊ី មាន​ ២៧៥​ នាក់ និង​ម្ចាស់ផ្ទះ​កម្ពុជា មាន​ ២៥៣​ នាក់​។

ចំណែក​ហ្វីលីពីន មាន​កីឡាករ កីឡាការិនី​ជន​​ពិការ​ចំនួន ​១៧៦ ​នាក់ ម៉ាឡេស៊ី មាន ​១៣៣​ នាក់ វៀតណាម ១២៨​ នាក់ មី​យ៉ាន់​ម៉ា ៨៣ ​នាក់ ឡាវ ៤៣ ​នាក់ សិង្ហ​បុរី ២៦​ នាក់ ប្រ៊ុយណេ ២០​ នាក់ និង​ទី​ម័​រ​ខាងកើត មាន ​១៣​ នាក់ ហើយ​លោកនាយក​រដ្ឋមន្ត្រី​បានដាក់​ក្តី​សង្ឃឹមថា ក្រុម​អត្ត​ព​លិ​ក​ជន​ពិការ​កម្ពុជា នឹង​ដណ្តើមបាន​មេ​ដាយ​មាស​ច្រើន ពី​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​នេះ​។​

​លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ចំពោះមុខ​ប្រតិភូ​កីឡា​ជន​ពិការ​កម្ពុជា ក្នុង​ពិធី​សំណេះ​សំ​ណា​ល កាលពី​ថ្ងៃទី​ ២៦ ខែ​​ឧសភា​ថា​៖ «​សម្រាប់​ក្មួយៗ ជា​កីឡាករ កីឡាការិនី ដែល​ត្រូវ​ចូល​ប្រកួត​លើក​នេះ ខ្ញុំ​មានសង្ឃឹម​ច្រើន ព្រោះ​កន្លងទៅ​យើង​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ក្រៅប្រទេស​តិច ប៉ុន្តែ​យើង​បាន ទទួល​​បាន​មេដាយមាស​ច្រើន​»​។​

«​ឥឡូវ​អ្នក​បាន​មេដាយមាស ត្រូវ​រក្សា​មេដាយមាស​ឱ្យបាន អ្នក​ដែល​ធ្លាប់បាន​មេដាយប្រាក់ ឬ​សំរឹទ្ធ ខិតខំ​ឈានទៅរក​មេដាយ​មាស ហើយ​អ្នក​ដែល​មិន​ធ្លាប់បាន​មេដាយ ខិតខំ​ធ្វើឱ្យបាន​មេដាយ ហើយ​បើ​បាន​មេដាយ​មាស​តែម្តង​គឺ​ល្អ​។ នេះ​ជា​ឱកាស ដើម្បីឱ្យ​អ្នក​ទាំងអស់គ្នា ប្រជា​ជន​ទាំងមូល ចូលរួម​អបអរ​សាទរ​។ យើង​រៀន​បាន​ពី​ភាព​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ចាត់តាំង​ជា​អន្តរជាតិ ក្នុង​កម្រិត​ធំៗ ហើយ​ដូច​ស៊ី​ហ្គេម​ដែរ ខ្ញុំ​នឹង​ទៅ​ចូល​រួមទាំង​ពិធី​បើក និង​ពិធី​បិទ​»​។

​លោក ហ៊ុន សែន បានបញ្ជាក់​។ ជាមួយគ្នានេះ​លោកនាយក​រដ្ឋមន្ត្រីបាន​រំឭក និង​បញ្ជាក់​ជាថ្មី​ថា ស៊ី​ហ្គេម នៅ​កម្ពុជា បាន​ក្លាយជា​ប្រធានបទ​នៃ​ការ​​យកចិត្តទុកដាក់ សម្រាប់​ជា​ក្បាល​ម៉ាស៊ីន​របស់​សារព័ត៌មាន​ធំៗ ដែល​បាន​ផ្សាយ​ល្អ​ពី​កម្ពុជា ហើយ​ភាព​លេចធ្លោ ដែល​អស្ចារ្យ​នោះ គឺ​កីឡាការិនី ប៊ូ សំណាង បើទោះបីជា​មិនជា​ប់​មេដាយមាស ប៉ុន្តែ​គាត់​ជាប់​មេដាយមាស​ថ្នាក់​ពិភពលោក សម្រាប់​ប្រជាជន​ពិភពលោក​តែម្តង​។​

​លោក​បាន​សង្កត់ធ្ងន់ថា​៖ «​មានរឿង​ល្អៗ​ច្រើនណាស់ ដែល​យើង​ត្រូវតែ​កត់ត្រា​ទុក ក្នុង​ប្រវត្តិ​នៃ​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម នៅ​កម្ពុជា​។ យើង​ត្រូវ​ធ្វើជា​វីដេអូ​តាម​វិញ្ញាសា​នីមួយៗ និង​វីដេអូ​រួម ហើយ​យើង​ត្រូវ​ចម្លាក់​ទុក​នៅ​វិមាន​ឈ្នះ​ឈ្នះ​។

​អ៊ីចឹង​នៅ​វិមាន​ឈ្នះ​ឈ្នះ ក្រៅពី​ស៊ី​ហ្គេម យើង​ក៏ត្រូវ​រៀបចំ​កន្លែង សម្រាប់​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ដែរ​។ ចាស់ៗ​ជំនាន់​មុន បាន​ឆ្លាក់​ទុក​សម្រាប់​ឱ្យ​ក្មេងជំនាន់ក្រោយ​មើល ឯ​យើង​ក៏ត្រូវ​ធ្វើ​ដូចគ្នា ដើម្បី​ទុកឱ្យ​អ្នកជំនាន់ក្រោយ​មើល បានដឹង បាន​យល់ បាន​មោទនភាព អំពី​ដូន​តា​របស់ខ្លួន​ដែល​បាន​ខិតខំ​ប្រឹង​​ប្រែង​ធ្វើ​កិច្ចការងារ​នេះ​»៕​