
ការហ្វឹកហាត់កីឡាបាល់ទះជនពិការកាលពីថ្ងៃទី២៣ ឧសភា ។ រូបថត Cambodia 2023
ភ្នំពេញៈ ក្រុមបាល់ទះអង្គុយជម្រើសជាតិជនពិការកម្ពុជាបានបង្ហាញការជឿជាក់ថា ពួកគេនឹងនៅតែអាចរក្សាការឈ្នះបានមេដាយមាសលើការប្រកួតវិញ្ញាសាបាល់ទះអង្គុយជនពិការជាថ្មីម្តងទៀត សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ ដែលនឹងរៀបចំពិធីបើក នៅថ្ងៃទី ៣ និងបិទនៅថ្ងៃទី ៩ ខែមិថុនា ខាងមុខ។
ការដាក់ក្តីសង្ឃឹមរបស់ក្រុមបាល់ទះអង្គុយជនពិការកម្ពុជាបែបនេះ ដោយសារពួកគេបានខិតខំហ្វឹកហាត់ខ្លាំង អស់រយៈពេលជាង១ឆ្នាំមកហើយ បន្ទាប់ពីបានឈ្នះមេដាយមាសលើវិញ្ញាសាបាល់ទះអង្គុយជនពិការនេះ កាលអាស៊ានប៉ារ៉ាហ្គេមលើកទី១១ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។
ជាមួយគ្នានេះ អតីតប្រធានក្រុមបាល់ទះអង្គុយកម្ពុជា សាំង វាសនា ពាក់អាវលេខ៩ ដែលមានជំនាញខាងគប់បាល់(ស្មាត់)យ៉ាងស្ទាត់ជំនាញនោះ ក៏បានវិលត្រឡប់មកជួយក្រុមវិញ ចំណែកកីឡាករវ័យក្មេងមានសមត្ថភាពមួយចំនួនទៀត ក៏ត្រូវបានដាក់បញ្ចូល សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើវិញ្ញាសាបាល់ទះអង្គុយ លើកនេះដែរ ហើយនេះជាអ្វីដែលធ្វើឱ្យពួកគេរំពឹងក្នុងការបន្តឈ្នះបានមេដាយមាស។
កីឡាករ អ៊ូ ផល្លា ប្រធានក្រុមបាល់ទះអង្គុយជនពិការកម្ពុជា បានថ្លែងថា៖«ពេលវេលានៃការប្រកួតនៅឥណ្ឌូនេស៊ី និងការហ្វឹកហាត់ សម្រាប់ការធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមនេះ ខ្ញុំកត់សម្គាល់ឃើញថា ក្រុមរបស់ខ្ញុំ មានគុណភាពលេងខ្លាំងជាងនៅឥណ្ឌូនេស៊ី ព្រោះពេលនេះ យើងមានស្មាត់ក្មេងៗមួយចំនួនទៀត បានចូលរួម ចំណែកបង សាំង វាសនា ដែលខកខានលើកមុន ព្រោះមានជំងឺនោះ ក៏គាត់បានចូលរួមវិញផងដែរ អ៊ីចឹងធ្វើឱ្យយើងមានអ្នកស្មាត់ពេញគ្រប់៤នាក់ ខណៈពីមុនយើងខ្វះស្មាត់»។
«យើងរំពឹងខ្លាំង ក្នុងការក្លាយជាម្ចាស់មេដាយមាស ព្រោះលើកនេះ យើងជាម្ចាស់ផ្ទះ»។ អ៊ូ ផល្លា បានបន្ថែម។ ទោះបីជាយ៉ាងណា កីឡាករមានដើមកំណើត នៅខេត្តកំពង់ឆ្នាំងរូបនេះ ទទួលស្គាល់ថា ក្រុមគេ ក៏បានហ្វឹកហាត់ត្រៀមខ្លួនដូចគ្នា ដែលយើងមិនអាចដឹងពីកម្រិតលេងរបស់គេច្បាស់នោះទេ។ «យើងមិនដឹងថា កម្រិតលេងរបស់គេដល់ណានោះទេ ប៉ុន្តែក្រុមរបស់យើងប្រឹងប្រែងហ្វឹកហាត់ខ្លាំងដើម្បីប្រជែងនិងរក្សាការពារមេដាយមាស ក្នុងនាមជាម្ចាស់ផ្ទះ»។
សម្រាប់ការប្រកួតវិញ្ញាសាបាល់ទះអង្គុយក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅឥណ្ឌូនេស៊ី កាលពីដើមខែសីហា ឆ្នាំ២០២២ ក្រុមបាល់ទះអង្គុយកម្ពុជា ធ្វើបានយ៉ាងល្អបំផុត ដោយពួកគេ បានយកឈ្នះក្រុមហ្វីលីពីន និងមីយ៉ាន់ម៉ា ដើម្បីឈរនៅលេខ១ ក្នុងពូលB ហើយការឡើងទៅជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដែលជាក្រុមលេខ២ មកពីពូលAនោះ កម្ពុជា បានទម្លាក់ក្រុមមួយនេះ ដោយយកឈ្នះ ៣-២ ដើម្បីឡើងទៅជួបក្រុមថៃ នៅវគ្គផ្តាច់ព្រ័ត្រ។
បើទោះបីជាជាក្រុមបាល់ទះអង្គុយរបស់ថៃ បានយកឈ្នះក្រុមឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដើម្បីទទួលបានលេខ១ប្រចាំពូលA ហើយពួកគេបានបន្តយកឈ្នះក្រុមមីយ៉ាន់ម៉ា ដោយលទ្ធផល ៣-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែក្រុមកម្ពុជានៅតែអាចយកឈ្នះក្រុមខ្លាំងរបស់ថៃមួយនេះ ដោយលទ្ធផល៣-១ ដើម្បីឈ្នះបានមេដាយមាសយ៉ាងរំភើបបំផុត។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី ដែលជាប្រធានប្រតិភូដឹកនាំក្រុមអត្តពលិកជនពិការកម្ពុជា នៅតែចាំមិនភ្លេចពីទិដ្ឋភាព ដែលក្រុមបាល់ទះអង្គុយកម្ពុជា បានយកឈ្នះក្រុមថៃ ជាពិសេសជ័យជម្នះដោយពិន្ទុ ២៥-២២ នៅសិតទី៣ចុងក្រោយ ដែលធ្វើឱ្យគ្រប់គ្នា មានការភ្ញាក់ផ្អើល និងរីករាយខ្លាំងបំផុត។
យ៉ាងណាក្ដី នៅក្នុងជំនួបជាមួយក្រុមបាល់ទះអង្គុយកម្ពុជា នៅមជ្ឈមណ្ឌលម៉ានី (អគារ The Kampus) កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា លោក ហ៊ុន ម៉ានី បានប្រាប់ក្រុមបាល់ទះបុរសកម្ពុជា ត្រូវការពារមេដាយមាសឱ្យបាន។ លោកបញ្ជាក់ថា៖ «ខាងក្រុមបាល់ទះបុរស ត្រូវការពារខ្សែក្រវាត់ឱ្យបាន ព្រោះខ្ញុំជឿថា ក្រុមថៃ មកលើកនេះដើម្បីសងសឹកយើងហើយ»។
នៅត្រង់ចំណុចនេះ ប្រធានក្រុម អ៊ូ ផល្លា ក៏បានបង្ហើបពីផលវិបាកខ្លះៗដែរ ព្រោះការលេងជាក្រុម វាទាមទារការសហការឱ្យស៊ីចង្វាក់គ្នា ព្រោះបើសហការគ្នាមិនបានល្អ ការលេងក៏មិនល្អដូចគ្នា ហេតុនេះយើងបានព្យាយាមពង្រឹងក្រុមឱ្យមានការសហការគ្នាជាធ្លុងមួយ ដើម្បីឈានទៅដណ្តើមជ័យជម្នះ។
អ៊ូ ផល្លា បានបញ្ជាក់ថា៖ «គិតមកទល់ពេលនេះ យើងមានការយល់ចិត្តគ្នាពី៨០ទៅ៩០ភាគរយហើយ ហើយបើទោះបីជាពួកយើងជាក្រុមកីឡាបាល់ទះអង្គុយជនពិការ ប៉ុន្តែពួកខ្ញុំ នឹងធ្វើរឿងដ៏អស្ចារ្យមួយ មិនឱ្យជនរួមជាតិ មានការខកចិត្តទេ។ ការប្រកួតរបស់ពួកខ្ញុំ មានភាពស្វិតស្វាញ ដោយមានក្រុមខ្លាំងៗចូលរួមច្រើន អ៊ីចឹងសុំចិត្តបងប្អូនងាកមកមើលបាល់ទះអង្គុយ ដើម្បីដឹងថា យើងមានគុណភាពលេងអស្ចារ្យកម្រិតណា!»៕