ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បើក​ជា​ផ្លូវការ​នូវ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ ប៉ារ៉ាហ្គេម លើក​ទី ១២ ឆ្នាំ ២០២៣ ដែលកម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ នា​យប់​ថ្ងៃទី ៣ ខែ​មិថុនា ដែល​ពិធី​បើក​ ធ្វើឡើង​នៅ​ក្នុង​ពហុកីឡដ្ឋានជាតិ​មរតក​តេជោ ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​នេះ​ថា ពេលនេះ ព្រះ​រាជាណាចក្រ​កម្ពុជា​ មាន​មោទនភាពជាតិ​ដែល​បាន​រៀបចំ​ការ​ប្រកួត​កីឡា​ជន​ពិការ​អាស៊ាន​លើក​ទី ១២ ដើម្បី​រួម​ចំណែក​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ជន​មាន​ពិការភាព និង​ផ្តល់​ឱកាស​ដល់​អត្តពលិកជន​ពិការ​បញ្ចេញ​សមត្ថភាព និង​ទេពកោសល្យ​របស់​ខ្លួន​ក្នុង​ពិធី​បុណ្យ​កីឡា​ជនពិការ​ដ៏​គគ្រឹកគគ្រេង​នា​ពេលនេះ។

លោក​ថ្លែង​ថា៖ «សូ​មរួម​គ្នា​លើក​កម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព។ សូម​ចូលរួម​គាំទ្រ​អត្តពលិកជន​ពិការ​គ្រប់ៗ​គ្នា។ ក្នុង​ព្រះ​បរមនាម​ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល គណៈកម្មការជាតិ ប៉ារ៉ាអូឡាំពិក​កម្ពុជា និង​រូបខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ប្រកាស​បើក​ជា​ផ្លូវការ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជន​ពិការ​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី១២ ឆ្នាំ​២០២៣ ចាប់​ពី​ពេលនេះ​តទៅ»។

ហ្វេសប៊ុក​លោក​នាយក​រដ្ឋមន្ត្រី​នា​ថ្ងៃទី​៣ ខែ​មិថុនា បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃ​ទី ៣-៩ ខែ​មិថុនា ដោយ​មាន​ប្រភេទ​កីឡា​ចូលរួម​ចំនួន ១៣ ប្រភេទ​រួមមាន​អត្តពលកម្ម ប៊ូស្យា វាយសី បាល់ទាត់ ម្ខាង៧នាក់ អុកចក្រត្រង្គ យូដូ បាល់ទះ​អង្គុយ បាល់បោះ​អង្គុយ​លើ​រទេះ លើក​ទម្ងន់ បាល់ទាត់​ម្ខាង ៥នាក់ ហែលទឹក វាយ​កូនឃ្លី​លើតុ និងបាល់គប់ ម្ខាង​ ៣​ នាក់។

ហ្វេសប៊ុក​ដដែល​បន្ត​ថា កីឡាករ កីឡាការិនី ច្រើនជាងគេ គឺ​មក​ពី​ប្រទេស​ថៃ មាន ៣០៤ នាក់ ដោយ​ឥណ្ឌូនេស៊ី ២៧៥ នាក់ និងប្រទេស​ម្ចាស់​ផ្ទះ​កម្ពុជា ២៥២ នាក់ ក្នុង​នោះ មាន​អត្តពលិក មក​ពី​វៀតណាម ១២៨ នាក់ មីយ៉ាន់ម៉ា ៨៣ នាក់ ឡាវ ៤៣ នាក់ សិង្ហបុរី ២៦ នាក់ ព្រុយណេ ២០ នាក់ និង ១៣ នាក់ មកពីទីម័រខាងកើត។

ហ្វេសប៊ុក​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រៅពី​អត្តពលិក​នោះ មាន​គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស សរុបចំនួន ១ ២៣៩ នាក់ ដែល​ក្នុង​នោះ មន្ត្រី​បច្ចេកទេស មកពី​ជប៉ុន ចំនួន ៤៨ នាក់ មន្ត្រី​បច្ចេកទេស​អន្ដរជាតិ ចំនួន ១៧១ នាក់ និង​មន្ត្រី​បច្ចេកទេស​ក្នុង​ស្រុក ចំនួន ៩០០ នាក់៕