ភ្នំពេញ៖ កីឡាករហែលទឹកជនពិការ ខូយ កុយ បានឈ្នះមេដាយសំរឹទ្ធ១ទៀត ជូនម្ចាស់ផ្ទះកម្ពុជា ពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ២០២៣ ស្របពេលក្រុមអត្តពលិករបស់ប្រទេសឥណ្ឌូនេស៊ី បាននឹងកំពុងឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងនាមជាអ្នកដណ្តើមបានមេដាយមាសច្រើនជាងគេ ជាបណ្តោះអាសន្ន។
សម្រាប់ការប្រកួត នៅមជ្ឈមណ្ឌលហែលទឹកពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីព្រឹកថ្ងៃអាទិត្យនេះ កីឡាករ ខូយ កុយ បានហែលវ៉ាដាច់កីឡាករ៥នាក់ ផ្សេងទៀត ជាមួយថិរវេលា ១:៣៨.៣៣ នាទី ដើម្បីឈ្នះបានមេដាយសំរឹទ្ធ លើវិញ្ញាសាហែលកង្កែប ចម្ងាយ១០០ម៉ែត្រ កម្រិតពិការភាព SB7 (Men’s Breaststroke SB7) ហើយនេះជាមេដាយទី២របស់កម្ពុជា គឺបន្ទាប់ពីក្រុមកីឡាការិនីបាល់បោះរទេះ បានឈ្នះមេដាយមាស លើវិញ្ញាសា ៣ទល់៣នាក់ កាលពីថ្ងៃសៅរ៍។
យ៉ាងណាក៏ដោយ តាមរយៈការឈ្នះបានមេដាយសំរឹទ្ធ លើវិញ្ញាសា Men’s Breaststroke SB7 នេះ គឺបានបង្ហាញថា ខូយ កុយ បានថមថយនូវគុណភាពមេដាយ ព្រោះកាលប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០២២ រូបគេបានឈ្នះមេដាយប្រាក់ ប៉ុន្តែកីឡាករឥណ្ឌូនេស៊ី Aris Wibawa នៅតែបន្តឈ្នះបានមេដាយមាស លើវិញ្ញាសានេះដដែល ដោយប្រើពេល ១:៣៣.៩៩០ នាទី ចំណែកលេខ២ បានទៅកីឡាករមីយ៉ាន់ម៉ា Min Htoo ដោយចំណាយពេល ១:៣៤.៣០ នាទី។
តាមរយៈលទ្ធផលនៃការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ គិតត្រឹមរសៀលម៉ោង ១:៣០ ថ្ងៃទី៤ ខែមិថុនា នេះ គឺក្រុមអត្តពលិករបស់ឥណ្ឌូនេស៊ី កំពុងឈរនៅលេខ១ ដោយឈ្នះបានមេដាយមាស៨ ប្រាក់៣ សំរឹទ្ធ១ ហើយតាមពីក្រោយដោយ ហ្វីលីពីន ដែលឈ្នះបានមេដាយមាស ៤ ប្រាក់ ៥ និងសំរឹទ្ធ ៥ រីឯម្ចាស់ផ្ទះកម្ពុជា បានធ្លាក់ទៅឈរនៅលេខ៧ ជាបណ្តោះអាសន្ន ដោយឈ្នះបានមេដាយមាស ១ និងសំរឹទ្ធ ១៕