ភ្នំពេញ៖ កីឡាការិនីអត្តពលកម្ម​ពិការជើងស្តាំ​របស់​កម្ពុជា វ៉ិត ចន្ថា នៅតែ​អាច​​ការពារ​មេដាយមាស​ សម្រាប់ការ​ប្រកួត​លោតចម្ងាយ ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ នៅលើទឹក​ដី​របស់​ខ្លួន ហើយនេះជា​មេដាយមាស​ទី​២​របស់​កម្ពុជា ខណៈ​មេដាយមាស​ទី​១ រកបានដោយ​ក្រុមកីឡាការិនីបាល់បោះ​រទេះ លើ​វិញ្ញាសា ៣នាក់​ទល់​៣នាក់ កាលពី​ថ្ងៃ​សៅរ៍។

យ៉ាង​ណា​ក៏​ដោយ តាម​រយៈការ​ប្រកួត ដែល​ធ្វើឡើង ​នៅទីលាន​ពហុកីឡដ្ឋានជាតិមរតកតេជោ នា​ថ្ងៃទី​៤ ខែមិថុនា នេះ វ៉ិត ចន្ថា ខ្លួនឯង មានការភាន់ច្រឡំទៅលើ​លទ្ធផល ព្រោះ​ក្រោយ​បញ្ចប់ការប្រកួត៦ជុំដូចគ្នា ដោយមិនទាន់គិត​ពីកម្រិត​ពិការភាព​នោះ វិត ចន្ថា របស់​កម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ ដែល​ធ្វើ​ឱ្យ​កីឡាការិនីខ្លួនឯងផ្ទាល់ អ្នកគាំទ្រ និងអ្នកសារព័ត៌មាន យល់ច្រឡំ​ថា គាត់បានមេដាយ​ប្រាក់ ហើយកីឡាការិនីឥណ្ឌូនេស៊ី Karisma Evi Tiarani បាន​មេដាយមាស។

ជាមួយការ​ភាន់ច្រឡំ​នេះ កីឡាការិនី វ៉ិត ចន្ថា បាន​និយាយ​ក្រោយការ​ប្រកួត​ថា៖​ «​ខ្ញុំ​បាន​បញ្ចេញ​អស់ពីសមត្ថ​ភាព​ហើយ ព្រោះ​ខ្ញុំតែងខិតខំប្រឹង​ប្រែង​ហ្វឹកហាត់ខ្លាំង ដើម្បី​ចង់បានមេដាយមាស តែ​ខ្ញុំបានត្រឹមមេដាយ​ប្រាក់។ តែទោះបីជា​យ៉ាង​ណា ខ្ញុំ​​មិនមានការ​សោកស្តាយទេ គឺ​ខ្ញុំសប្បាយ​ចិត្ត នៅអ្វីដែល​ខ្ញុំ​ធ្វើ​បាន ទៅតាម​លទ្ធភាពជាក់ស្តែង​​របស់ខ្ញុំ»។

ប៉ុន្តែ​ក្រោយ​ការប្រកាសលទ្ធផល​ជាផ្លូវការ ដោយ​មានការ​បែង​ចែក​ទៅ​លើពិការភាព​​ផ្នែកT42-44 និង T64 នោះ គឺ​កីឡាការិនី Karisma Evi Tiarani ដែល​លោតបានចម្ងាយ៤.១២០០ ម៉ែត្រ បានមេដាយមាស​លើ​វិញ្ញាសាលោតចម្ងាយ T42-44 ចំណែក​ វិត ចន្ថា បានឈ្នះមេដាយមាស សម្រាប់ផ្នែក T64 ដោយ​លោតបានចម្ងាយ ៣.៩៩០០ ម៉ែត្រ។

តាម​រយៈ​លទ្ធផល​ផ្លូវការ​នេះ វ៉ិត ចន្ថា នៅតែ​អាច​បន្ត​ឈ្នះមេដាយមាស លើ​វិញ្ញាសា​លោត​ចម្ងាយ​ ប្រភេទ T64 នេះ ខណៈ​កីឡាការិនី​វ័យ​៤០​ឆ្នាំ​របស់​កម្ពុជា​រូបនេះ ធ្លាប់បាន​ឈ្នះមេដាយមាស លើ​វិញ្ញាសា​នេះ កាលប្រកួត​អាស៊ានប៉ារ៉ាហ្គេម លើកទី​១១ ឆ្នាំ​២០២២ នៅឥណ្ឌូនេស៊ី។ បន្ថែម​ទៅលើ​ការ​ឈ្នះមេដាយមាស​នេះ ចន្ថា ក៏នឹងត្រូវ​ប្រកួត​វិញ្ញាសា​​រត់ប្រណាំង ចម្ងាយ​២០០​ម៉ែត្រ និង​ ៤០០ម៉ែត្រ ទៀត​ផងដែរ៕