ភ្នំពេញ៖ កីឡាករ​អត្តពកម្ម​ លើ​វិញ្ញាសាប្រណាំងរទេះ​របស់​កម្ពុជា វ៉ាន់ វ៉ុន និង ហៀក ហុក សុទ្ធតែ​ដណ្តើមបានមេដាយ​ប្រាក់ ចំណែកកីឡាករ ឈិន ពុន បានឈ្នះមេដាយសំរឹទ្ធ សម្រាប់​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម លើកទី​១២ ឆ្នាំ​២០២៣ ដែលបាន​ធ្វើ​នៅពហុកីឡដ្ឋានជាតិ​មរតកតេជោ នា​ព្រឹក​ថ្ងៃចន្ទ​នេះ។

តាម​រយៈ​ការ​ប្រកួតនេះ កីឡាករ​របស់​កម្ពុជា វ៉ាន់ វ៉ុន ដណ្តើមបានមេដាយប្រាក់១ លើវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ​១០០ម៉ែត្រ (Men’s 100m T53) ដោយ​រូបគេ​ចំណាយ​ពេល ១៤.២៩០ វិនាទី ដើម្បីមក​ដល់​ទី​ផ្តាច់ព្រ័ត្រ ចំណែក​មេដាយមាស បានទៅកីឡាករ​ថៃ Athiwat Paeng Nuea ដោយប្រើពេល ១៣.៩៨០ វិនាទី​ ហើយ​កីឡាករឥណ្ឌូនេស៊ី Jaenal Arispin ប្រើ​ថិរវេលា ១៤.៣៨០ វិនាទី ដើម្បីបាន​មេដាយ​សំរឹទ្ធ។

ចំណែក​កីឡាករ ហៀក ហុក បានមេដាយប្រាក់ លើវិញ្ញាសា​ប្រណាំងរទេះ T53 ចម្ងាយ១០០ម៉ែត្រ ដោយប្រើថិរវេលា ១១.៥០០ វិនាទី ខណៈ​ម្ចាស់មេដាយមាស​របស់ថៃ Pongsakorn Paeyo បានចំណាយ​ពេល​ត្រឹម ១០.៩៨០ វិនាទី ដើម្បី​មកដល់ទី​ផ្តាច់​ព្រ័ត្រ ចំណែក​កីឡាករ​កម្ពុជា ឈិន ពុន បានឈ្នះមេដាយសំរឹទ្ធ លើ​វិញ្ញាសា​នេះដែរ ដោយប្រើពេល ១៤.៣៨០ វិនាទី។

កីឡាករ ហៀក ហុក និង ឈិន ពុន ពេល​មកដល់​ទី​ផ្តាច់​ព្រ័ត្រ ដើម្បី​ឈ្នះ​បានមេដាយ​ប្រាក់ និងមេដាយសំរឹទ្ធ លើវិញ្ញាសាប្រណាំងរទេះ T53 ១០០ម៉ែ​ត្រ។ រូប​ថត ហុង មិនា

ជាមួយការដណ្តើម​បានមេដាយប្រាក់នេះ វ៉ាន់ វ៉ុន បាន​និយាយ​ថា៖ ​«ខ្ញុំពិតជាសប្បាយ​ចិត្តខ្លាំងណាស់ ដែលខ្ញុំ​ដណ្តើម​បាន​លទ្ធផល ទៅតាមអ្វីដែល​ខ្ញុំប៉ងប្រាថ្នា ហើយម្យ៉ាង យើងជា​ម្ចាស់​ផ្ទះ​ផង អ៊ីចឹង​យើង​ត្រូវតែ​ប្រឹង​ប្រែង ដើម្បី​ទទួលបាន​មេដាយ»។

យ៉ាងណា​ក៏​ដោយ វ៉ាន់ វ៉ុន ហាក់នៅមិនទាន់អស់​ចិត្ត សម្រាប់ការ​ប្រកួត​នេះទេ។ ​រូបគេ​បានបញ្ជាក់​ថា៖​ «​ខ្ញុំហាក់​​មិនទាន់អស់ចិត្តទេ ដោយសារ​ខ្ញុំមានបញ្ហា​ជាប់សាច់ដុំ​ស្មា​បន្តិច ដូច្នេះ​ការ​ប្រឹង​ប្រែងរបស់​ខ្ញុំ ហាក់នៅមិនទាន់​​អស់ពី​លទ្ធភាព។ ប៉ុន្តែខ្ញុំ​មិនអី​ទេ ព្រោះ​ឆន្ទៈ​របស់​បងប្អូន​យើង បានមកគាំ​ទ្រពេញស្តាត ហើយ​ថ្នាក់ដឹកនាំ ក៏គាំទ្រ​ទៀត អ៊ីចឹងខ្ញុំលែង​ឈឺ​ទៀត​ហើយ ដោយខ្ញុំមិនគិត​អ្វី​ច្រើន​ទេ គឺគិត​ត្រឹម​ថា ធ្វើ​ម៉េច ខ្ញុំ​ត្រូវ​តែ​ឈ្នះមេដាយឱ្យ​បានជូន​ប្រទេស​ជាតិ»។

តាម​រយៈការដណ្តើម​បានមេដាយប្រាក់​២ និងសំរឹទ្ធ​១ របស់ ​វ៉ាន់ វ៉ុន, ហៀក ហុក និង​ ឈិន ពុន បាន​ធ្វើ​ឱ្យចំនួនមេដាយ​សរុប ដែលកម្ពុជា ដណ្តើម​បាននៅពេលនេះ មាន​​ចំនួន​ ១២ គឺ​មេដាយមាស ២ ប្រាក់​ ៥ និងសំរឹទ្ធ ៥ ដោយ​ឈរ​នៅលេខ​រៀងទី​៨ ក្នុងចំណោម ​១១​ ប្រទេស ខណៈ ឥណ្ឌូនេស៊ី នៅតែបន្តឈរនៅលេខ​១ ដោយឈ្នះបានមេដាយមាស ​៣៤ ប្រាក់ ​៣២ សំរឹទ្ធ​ ២៧ ហើយ​តាមពីក្រោយដោយ​ថៃ ដែលបានមាស ​២៥ ប្រាក់​២០ សំរឹទ្ធ​ ២៥ គិតត្រឹម​ម៉ោង ១២:៣០ ថ្ងៃ​ចន្ទ​នេះ៕