The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក ហ៊ុន សែន ថា ម្ចាស់ផ្ទះ​កម្ពុជា មិន​យក​បញ្ហា​ចំនួន​មេដាយ ជា​គោលដៅ​ធំ​

លោក ហ៊ុន សែន ថា ម្ចាស់ផ្ទះ​កម្ពុជា មិន​យក​បញ្ហា​ចំនួន​មេដាយ ជា​គោលដៅ​ធំ​

Content image - Phnom Penh Post
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត និង បើក​ការដ្ឋាន​សាងសង់ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ និង​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ២០២៣។ រូបថត ក្រសួងសាធារណការ

លោក ហ៊ុន សែន ថា ម្ចាស់ផ្ទះ​កម្ពុជា មិន​យក​បញ្ហា​ចំនួន​មេដាយ ជា​គោលដៅ​ធំ​

ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ជាថ្មី ចំពោះ​គោលជំហរ​របស់​កម្ពុជា ក្នុង​ការធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ គឺ​មិន​យក​បញ្ហា​ការប្រកួតប្រជែង​ដណ្តើមយក​មេដាយ ធ្វើជា​គោលដៅ​ធំ​នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់បំផុត​គឺ​ត្រូវ​រៀបចំ​ការប្រកួត​ប្រកបដោយ​មិត្តភាព សុវត្ថិភាព និង​ទទួល​ស្វាគមន៍​ភ្ញៀវ​ឱ្យបាន​ល្អ ទៅតាម​ទឹកចិត្ត និង​បេះដូង​របស់​កម្ពុជា​។​

ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត និង បើក​ការដ្ឋាន​សាងសង់ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ និង​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា លោក ហ៊ុន សែន បាន​រំឭក​ឡើងវិញ​ពី​លទ្ធផល​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ដែល​កម្ពុជា ឈរ​នៅ​លេខ​៤ ដោយមាន​មេដាយមាស​ចំនួន ​៨១ ប្រាក់ ​៧៤ សំរឹទ្ធ​ ១២៧ តិចជាង ឥណ្ឌូនេស៊ី ដែលមាន​មេដាយមាស ​៨៧ ប្រាក់ ​៨០ និង​សំរឹទ្ធ​ ១០៩ ប៉ុន្តែ​បើ​និយាយ​ពី​ចំនួន​មេដាយ​សរុបកម្ពុជា បាន​ច្រើនជាង គឺ ​២៨២ ទល់នឹង​ ២៧៦ ​មេដាយ​។​

យ៉ាងណាមិញ ចំពោះ​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ សម្រាប់​ក្រុម​អត្ត​ព​លិ​ក ជនពិការ ដែល​កំពុងដំណើរការ នៅក្នុង​ប្រទេស​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី បាន​អះអាងថា ឥ​ណ្ឌួ​នេ​ស៊ី នឹង​ទទួលបាន​ចំណាត់​លេខ​១ គឺ​សូម្បី​វៀតណាម ដែល​បានឈ្នះ​មេដាយមាស ១៣៦ និង​ថៃ បាន​មេដាយមាស ​១០៨ នៅ​ស៊ី​ហ្គេម ក៏​មិនអាច​តាម​ប្រជែង​ជាមួយ​ឥណ្ឌូនេស៊ី បាន​នោះដែរ​។​

លោក ហ៊ុន សែន បាន​ថ្លែង​បែបនេះ​ថា​៖ «​កាល​ស៊ី​ហ្គេម យើង​ចាញ់​ឥណ្ឌូនេស៊ី តែ​ចំនួន មេដាយមាស​ទេ ប៉ុន្តែ​ជា​មេដាយ​សរុប យើង​ឈរ​នៅ​លំដាប់​ទី​៣​។ ចំណែក​ការប្រកួត អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នេះ​វិញ ឥណ្ឌូនេស៊ី គាត់​យក​លេខ​១ ​ហើយ​។ គាត់​មាន​ប្រជាជន​ជាង ២០០ ​លាន​នាក់ ហើយ​បាន​បញ្ជូនមក​សុទ្ធតែ​ក្រុម​អត្ត​ព​លិ​កជើង​ខ្លាំង ឥឡូវ​មេដាយមាស របស់គាត់ មិនអាច​មាន​នរណា​ទៅ​វ៉ា​បានទេ ទាំង​ថៃ​ក្តី វៀតណាម​ក្តី និង​ហ្វីលីពីន​ក្តី​»​។​

យ៉ាងណាក៏ដោយ ជុំវិញ​ការប្រកួតប្រជែង​គ្នា​ដណ្តើមយក​មេដាយ​នេះ លោក ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​យើង​អត់​យក​បញ្ហា​មេដាយ​ជា​អាទិភាព​ទេ យើង​យក​ការប្រកួត ប្រកបដោយ មិត្តភាព សុវត្ថិភាព ទទួល​ស្វាគមន៍​ភ្ញៀវ​ឱ្យបាន​ល្អជា​គោលដៅ​ធំ​។ កាតព្វកិច្ច​បង់ប្រាក់ សម្រាប់​ចូលរួម​ដូច​ការប្រកួត​នានា អត់​ត្រូវបានធ្វើ​ទេ គឺ​កម្ពុជា​ក្រ​ពិត តូច​ពិត តែ​កម្ពុជា មានចិត្ត និង​មាន​បេះដូង​ធំ ដោយ​ខំ​ទទួលភ្ញៀវ ធ្វើ​ម៉េច​ឱ្យមាន​សុវត្ថិភាព ហើយ​នៅ​ថ្ងៃទី​៩ យើង​បិទ​ការប្រកួត​ហើយ​»​។​

ប្រមុខ​ដឹកនាំ​ប្រទេស​ បានឱ្យដឹង​ទៀតថា បន្ទាប់ពី​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ត្រូវបាន​បញ្ចប់ គឺ​គ្រប់​ប្រតិភូ​កីឡា និង​ភ្ញៀវ​អន្តរជាតិ នឹងត្រូវ​ត្រឡប់​ទៅ​មាតុប្រទេស​របស់គេ​វិញ ហើយ​បើ​អ្នក​ទាំងនោះ ចាក​ចេញពី​ប្រទេស​កម្ពុជា ដោយ​សុវត្ថិភាព នោះ​ជា​ជោគជ័យ​របស់​កម្ពុជា ដោយ​លោក​បាន​សង្កត់ធ្ងន់ថា​៖«​នេះ​ជា​ជោគជ័យ​របស់​យើង អ៊ីចឹង​បានជា​ខ្ញុំ​និយាយថា លុយ​អាច​ចាយ​អស់ ក៏ប៉ុន្តែ​កិត្តិយស កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ​របស់​យើង នឹង​ស្ថិតស្ថេរ​រាប់​ជំនាន់​មនុស្ស​ទៅក្រោយ​»​។​

ជាមួយគ្នានេះ ក្នុងនាម​កម្ពុជា ជា​សមាជិក​ពេញសិទ្ធិ​របស់​អាស៊ាន លោក ហ៊ុន សែន បាន​ផ្តួចផ្តើម​ជា​គំនិត ដោយ​ជំរុញ​ឱ្យ​ប្រទេស​ទាំងអស់នៅក្នុង​តំបន់​អាស៊ាន ពង្រឹង​ទំនាក់ទំនង​ជាមួយគ្នា​ឱ្យបាន​ខ្លាំង តាមរយៈ​កីឡា ដើម្បី​បង្កើតបាន​ក្រុមបាល់ទាត់​តំណាងឱ្យ​អាស៊ាន​ដ៏​ខ្លាំង​មួយ សម្រាប់​ចូល​ប្រកួត​នៅ World Cup​។ លោក​បាន​បញ្ជាក់ថា កម្ពុជា នឹងធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ម្តងទៀត ទៅតាម​កាលកំណត់​។​

លោក ហ៊ុន សែន បាន​បញ្ចេញ​ទស្សនៈ​បែបនេះ​ថា​៖ «​យើង​ចង់​ពង្រឹង​សាមគ្គីភាព នៅក្នុង​ចំណោម​ប្រជាជន​អាស៊ាន ដែលមាន​មាន​ជាង​ ៦០០​ លាន​នាក់ តាមរយៈ​កីឡា​នេះឯង គឺ​ទាំង​កីឡា​ធម្មតា និង​កីឡា​ជនពិការ​។ យើង​ចង់ឱ្យមាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​ប្រជាជន និង​ប្រជាជន តាមរយៈ​វិស័យ​កីឡា ហើយ​យើង​ក៏​ចង់ឱ្យ​វិស័យ​កីឡា​អាស៊ាន ក្លាយជា​ទៅជា​កីឡា​ដ៏​ខ្លាំង ក្នុង​ក្របខ័ណ្ឌ​តំបន់​របស់​យើង ដែល​ខ្ញុំ​នឹក​ស្រមៃ​ថា អាស៊ាន នឹងមាន​បាល់ទាត់​របស់​អាស៊ាន​»​។

ជាមួយ​ការផ្តើមគំនិត បង្កើតឱ្យមាន​ក្រុមបាល់ទាត់​តំណាងឱ្យ​អាស៊ាន​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានការ​ជឿជាក់ថា អាស៊ាន នឹង​អាច​ជ្រើសរើស​បាន​កីឡាករ​ល្អៗ ចេញពី​ប្រជាជន​ជាង​ ៦០០​ លាន​នាក់ ដើម្បី​បង្កើតជា​ក្រុម​មួយ ដែលមាន​ប្រភព​ចេញពី​ប្រទេស​នីមួយៗ នៅក្នុង​តំបន់​អាស៊ាន​ទាំងអស់ ហើយ​លោក​បានបង្ហាញ​ពី​តម្រុយ​ថា ក្រុមបាល់ទាត់​អាស៊ាន នឹង​សុំ​ការប្រកួត​ជាមួយ​បាល់ទាត់​របស់​ចិន ដែលមាន​ប្រជាជន​ប្រមាណ​ ១៤០០​ លាន​នាក់​។​

លោក​បានបញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ដូច្នេះ​ថា​៖ «​ខ្ញុំ​ចង់បាន​ចំណុច​ទាំងអស់​ហ្នឹង ហើយ​ថ្ងៃក្រោយ​ទៅ យើង​អាច​ដេញថ្លៃ ធ្វើ World Cup និង​ដេញថ្លៃ​ការប្រកួត​កីឡា​អូឡាំពិក​។ អាហ្នឹង​ជា​ទស្សនទាន​សម្រាប់​ថ្ងៃ​អនាគត ដែល​ចាប់ផ្តើម​ពី​កម្ពុជា ដោយ​យើង​ធ្វើជា​គំរូ ហើយ​ខ្ញុំ​សង្ឃឹមថា ប្រទេស​នានា​នឹងចូលរួម​ជាមួយ​អ្វីដែល​ជាការ​គិតគូរ​រ​បស់​កម្ពុជា​»៕

អត្ថបទគួរចាប់អារម្មណ៍