
ក្រុមបាល់ទះអង្គុយកម្ពុជា បានអបអរការដណ្តើមបានមេដាយសំរឹទ្ធរបស់ពួកគេ ជាមួយថ្នាក់ដឹកនាំ និងគ្រូបង្វឹក បន្ទាប់ពីបានឈ្នះក្រុមមីយ៉ាន់ម៉ា ៣-០។ រូបថត BTV
ភ្នំពេញ៖ ក្រុមកីឡាករជម្រើសជាតិបាល់ទះអង្គុយកម្ពុជាបានឈ្នះត្រឹមមេដាយសំរឹទ្ធ សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ នៅលើទឹកដីខ្លួនឯង ជំនួសការឈ្នះបានមេដាយមាស កាលប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។
ក្រុមបាល់ទះអង្គុយកម្ពុជាបានបាត់បង់ឱកាស ឡើងទៅការពារមេដាយមាស បន្ទាប់ពីពួកគេ បានចាញ់ក្រុមឥណ្ឌនេស៊ី ដោយលទ្ធផល ៣ សិតទល់ ២ សិត (៣-២) ជាមួយពិន្ទុ ២៤-២៦ ២២-២៥ ២៥-១៨ ២៥-១៨ និង ១៣-១៥ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី ៧ ខែមិថុនា ហើយនេះជាលទ្ធផល ដែលបានធ្វើឱ្យអ្នកគាំទ្រ មានការសោកស្តាយខ្លាំងបំផុត។
យ៉ាងណាមិញ សម្រាប់ការប្រកួតដណ្តើមយកលេខ ៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃព្រហស្បតិ៍នេះ ក្រុមបាល់ទះអង្គុយកម្ពុជា បានយកឈ្នះក្រុមមីយ៉ាន់ម៉ា ដោយលទ្ធផល ៣-០ ជាមួយគ្រាប់បាល់ ២៥-១៥ ២៥-១៦ និង ២៥-១៦ ដើម្បីទទួលបានមេដាយសំរឹទ្ធ ក្នុងនាមជាម្ចាស់ផ្ទះ គឺជំនួសការបាត់បង់មេដាយមាស ដែលពួកគេ ធ្លាប់ដណ្តើមបាន នៅប្រទេសឥណ្ឌួនេស៊ី ឆ្នាំ ២០២២។

តែទោះបីជាយ៉ាងណា ក្រុមបាល់ទះអង្គុយកម្ពុជា បានបង្ហាញការរីករាយខ្លាំង សម្រាប់ការឈ្នះបានត្រឹមមេដាយសំរឹទ្ធនេះ ព្រោះពួកគេ បានឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញបំផុត ហើយជាមួយគ្នានេះថ្នាក់ដឹកនាំ គ្រូបង្វឹក និងអ្នកគាំទ្រ ក៏បានសម្តែងការអបអរសាទរទាំងរំភើប សម្រាប់ការឈ្នះមេដាយសំរឹទ្ធនេះផងដែរ។ ចំណែកក្រុមបាល់ទះអង្គុយកម្ពុជា បានចាញ់ក្រុមឥណ្ឌូនេស៊ី និងថៃ ចំនួន ២ លើកដូចគ្នា សម្រាប់ការប្រកួតវិលជុំ ដែលមានត្រឹម ៣ ក្រុមចូលរួមនេះ៕