
កីឡាករ ឈឹម ផាន ពេលឡើងទទួលមេដាយប្រាក់ ដែលបំពាក់ដោយគ្រូបង្វឹកជម្រើសជាតិកីឡាអត្តពលកម្ម លោក ផៃ សុខ កាលពីថ្ងៃទី៧ ខែមិថុនា។ រូបថត CAMSOC
ភ្នំពេញ៖ កីឡាករពិការជើងស្តាំប្រភេទ T64 ឈឹម ផាន បានចាត់ទុកការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ នៅលើទឹកដីខ្លួនឯង ជាពេលធ្វើវេលាចុងក្រោយសម្រាប់រូបលោក ក្នុងការប្រកួតតំណាងឱ្យជាតិ បន្ទាប់ពីបុរសមានវ័យ ៥៥ ឆ្នាំរូបនេះ បានប្រឡូកក្នុងវិស័យកីឡាមួយនេះអស់យ៉ាងពេលជាង ២៦ ឆ្នាំ។
«បន្ទាប់ពីការប្រកួត នៅថ្ងៃនេះ ខ្ញុំចូលនិវត្តន៍ពីអាជីពជាកីឡាករហើយ»។ នេះជាការបញ្ជាក់របស់កីឡាករជើងចាស់ ឈឹម ផាន នៅក្នុងការបញ្ចប់ការប្រកួតកីឡាអត្តពលកម្ម នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដោយក្រុមកីឡាករ កីឡាការិនីនៃប្រភេទកីឡាអត្តពលកម្ម បានឈ្នះមេដាយសរុបចំនួន ៤៣ ក្នុងនោះមានមេដាយមាស ៦ ប្រាក់ ១៣ និងសំរឹទ្ធចំនួន ២៤។
ដោយឡែក សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម ជាលើកដំបូង នៅលើទឹកដីប្រទេសកម្ពុជានេះ ឈឹម ផាន បានឈ្នះមេដាយប្រាក់ចំនួន២ លើវិញ្ញាសារត់ប្រណាំងចម្ងាយ៨០០ម៉ែត្រ ប្រភេទពិការ T64 និងវិញ្ញាសាចម្ងាយ១៥០០ម៉ែត្រ T64 ប៉ុន្តែការប្រកួតរត់ប្រណាំងបណ្តាក់ 4x400m ឈឹម ផាន និងមិត្តរួមជាត់៣នាក់ទៀត មិនដណ្តើមបានមេដាយទេ ដោយពួកគេ បានត្រឹមចំណាត់ថ្នាក់លេខ៤។
យ៉ាងណាក៏ដោយ កីឡាករជើងចាស់រូបនេះ បានបង្ហាញការពេញចិត្ត និងរីករាយខ្លាំង ចំពោះការឈ្នះបានមេដាយប្រាក់ចំនួន២នេះ។ លោកបាននិយាយថា៖ «តាមពិត ខ្ញុំមិននឹកស្មានថា ធ្វើបានប៉ុណ្ណឹងផង ដោយសារវ័យរបស់ខ្ញុំ វាច្រើន។ ប៉ុន្តែខ្ញុំធ្វើបានប៉ុណ្ណឹង ខ្ញុំសប្បាយចិត្ត។ ទោះបីជា ទទួលបានលទ្ធផល ទាបជាងនេះ ក៏ខ្ញុំសប្បាយចិត្តដែរ»។

ក្នុងនាមជាកីឡាករជនពិការកម្ពុជា ដែលមានវ័យចាស់ជាងគេ លោក ឈឹម ផាន បានប្រាប់ឱ្យដឹងថា លោកបានចូលប្រឡូកក្នុងអាជីពកីឡានេះ តាំងពីឆ្នាំ១៩៩៧ តែលោកបានចាប់ផ្តើមទទួលបានឱកាសប្រកួត នៅលើឆាកអន្តរជាតិ ចាប់ពីឆ្នាំ១៩៩៩ ហើយក្នុងរយៈពេលជិត៣០ឆ្នាំនេះ លោកបានទម្លាយថា លោកធ្លាប់ឆ្លងកាត់គ្រប់រសជាតិ ទាំងសប្បាយ ពិបាក និងកើតទុក្ខ។
លោក ឈឹម ផាន បានឱ្យដឹងទៀតថា ផលលំបាកខ្លាំង សម្រាប់អត្តពលិកជនពិការ គឺការរកជើងសិប្បនិម្មិតល្អមកពាក់រត់នឹងគេ មិនបាន។ «សំខាន់ជើងសម្រាប់រត់ហ្នឹង វាថ្លៃ ប៉ុន្តែនៅឆ្នាំនេះ ខ្ញុំមានជើងរត់ ដោយមានការឧបត្ថម្ភពីឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម សុខ សប្បាយណា និងឯកឧត្តម យី វាសនា ដែលគាត់បានសហការទិញជើងឱ្យខ្ញុំ ដើម្បីបានចូលរួមប្រកួត»។
យ៉ាងណាក៏ដោយ លោក ឈឹម ផាន បានសម្រេចចិត្ត បញ្ឈប់សកម្មភាពរត់ប្រណាំង ក្នុងនាមជាកីឡាករ ត្រឹមនេះហើយ ប៉ុន្តែបុរសធ្លាប់ដណ្តើមបានមេដាយជូនជាតិជាច្រើនរូបនេះ នៅតែមានបំណងដើរលើវិថីចាស់មួយនេះ ក្នុងនាមជាគ្រូបង្វឹកវិញម្តង បើសិនជាថ្នាក់ដឹកនាំរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រធាន ផ្តល់ឱកាសឱ្យរូបលោក ក្នុងការចូលរួមបណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយ។
ឈឹម ផាន បានបញ្ជាក់ថា៖ «បើសិនថ្នាក់ដឹកនាំ មើលឃើញថា ខ្ញុំជាកីឡាករជើងចាស់ អាចជួយបណ្តុះបណ្តាលក្មេងៗបាន និងផ្តល់ឱកាសឱ្យខ្ញុំ គឺខ្ញុំនឹងជួយ។ និយាយរួមទៅ ខ្ញុំអត់ចង់ចោលពីអាជីពកីឡានេះដែរ ព្រោះយើងអត់មានការងារអ្វីក្រៅពីហ្នឹង ហើយបើយើងទៅធ្វើស្រែ ក៏វាធ្វើអត់កើត»៕