​ភ្នំពេញៈ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​ ២០២៣ (CAMAPGOC)​ លោក ទៀ បាញ់ បាន​លើកឡើងថា កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ចាត់ចែង​ទីលាន​ប្រកួត​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​ប្រកបដោយ​ភាពរលូន និង​ជោគជ័យ​ក្នុង​ពេលធ្វើ​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​ ២០២៣​។​

​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​អះអាង​ពី​ភាពរលូន និង​ជោគជ័យ​នេះ​ទៅកាន់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ទស្សនា​លើកទឹកចិត្ត​ដល់​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

​លោក ​ទៀ បាញ់​ ថ្លែងថា បើទោះបីជា​ការប្រកួត​កីឡា​ជនពិការ​នេះ​មាន​ភាពស្មុគស្មាញ​ខ្លះ ជាពិសេស​លើ​ឧបករណ៍ ទីលាន​ប្រកួត​សម្រាប់​ប៉ា​រ៉ា​ហ្គេម​ក្តី ក៏​កម្ពុជា​បាន​ពុះពារ​រៀបចំ ដោយ​មកដល់ពេលនេះ គឺអាច​ចាត់ទុកថា ជា​ជោគជ័យ​ធំធេង​ណាស់​។ នេះ​បើ​យោងតាម​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី​ ៩ ខែមិថុនា​។

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា នៅក្នុង​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​ ២០២៣ គឺ​កម្ពុជា​បាន​ដក​ពិសោធន៍​បាន​ច្រើន​ដែរ​ទាំង​យុទ្ធសាស្ត្រ យុទ្ធវិធី​នានា ទាំង​ប្រភេទ​កីឡា វិញ្ញាសា​ប្រកួត ដែល​បានធ្វើឱ្យ​កម្ពុជា​សិក្សា​រៀនសូត្រ​បាន​ច្រើន​។ ចំពោះ​កីឡាករ កីឡាការិនី ក៏បាន​ដក​ពិសោធន៍​បាន​ច្រើន​ផងដែរ​។

​ម្ចាស់ផ្ទះ​កម្ពុជា​មិន​ទទួលបាន​មេដាយមាស​ច្រើន​ទេ ព្រោះថា​នេះ​ជាការ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ជា​លើកដំបូង ម្យ៉ាង​ការហ្វឹកហាត់​របស់​ក្រុម​កីឡាករ កីឡាការិនី​មាន​ពិការភាព​មាន​ពេលវេលា​តិចតួច​។​

​លោក​ ទៀ បាញ់​ បាន​មានប្រសាសន៍ថា​៖ «​ចំពោះ​ការដណ្តើម​មេដាយ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នេះ គឺ​យើង​បាន​ទទួលបាន​ស្របតាម​យុទ្ធសាស្ត្រ​របស់​យើង កម្លាំង​ពិត​របស់​កីឡាករ កីឡាការិនី​ពិការ​យើង​ហើយ ដោយ​ការ​ពី​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១​នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ឆ្នាំ​ ២០២២ កន្លងទៅ គឺ​កម្ពុជា​ឈ្នះ​មេដាយមាស​បាន​៧​។ ប៉ុន្តែ​ពេលនេះ គឺ​កម្ពុជា​ដណ្តើមបាន​មេដាយមាស​ ៩​ គ្រឿង​»​។ នេះ​បើ​យោងតាម​ប្រភព​ដដែល​នេះ​៕​