ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា បន្ទាប់​ពី​បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ និង​កីឡាជន​ពិការ​អាស៊ាន កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀបចំ​កីឡា​យុវជន​អាស៊ី លើក​ទី​៥ នៅ​ឆ្នាំ ២០២៩ ខាង​មុខ​បន្តទៀត ក្នុង​ក្រប​ខ័ណ្ឌ​ធំ​ជាង កីឡា​អាស៊ី​អាគ្នេយ៍ និង កីឡា​ជន​ពិការ​អាស៊ាន។

លោក​បាន​ថ្លែង​បែប​នេះ​ក្នុង​ពិធី​បិទ​ជា​ផ្លូវការ ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២ នៅ​ពហុកីឡដ្ឋានជាតិ​មរតក​តេជោ នា​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ ២០២៣។

លោក​ថ្លែង​ថា៖ «យើង​នឹង​ជួបជុំ​គ្នា​នៅ​ទីនេះ និង នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​ទ្រង់ទ្រាយ​ធំ​ជាង​នេះ​នៅ​ឆ្នាំ ២០២៩ ខាងមុខ»។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​កោត​សរសើរ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី ១២ សហព័ន្ធកីឡា​ជន​ពិការ​អាស៊ាន និង​ប្រតិភូ​កីឡា​ជនពិការ​អាស៊ាន និង ទីម័រលេស ដែល​បាន​រួមគ្នា​លើក​តម្កើង​តម្លៃ​បន្ថែម​ជូន​អត្តពលិក​មាន​ពិការ​ភាព និង​ផ្តល់់​នូវ​ស្មារតី​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ព្រឹត្តិការណ៍​កីឡាជន​ពិការ​អាស៊ាន​លើក​ទី​១២ នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​ថ្លែង​ថា៖ «ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​យើង​បាន​ខិត​ខំ​អស់​ពី​សមត្ថភាព និង​លទ្ធភាព​ ដើម្បី​ធានា​រៀបចំ​ការ​ប្រកួត​កីឡាជន​ពិការ​អាស៊ាន​លើកទី​១២ នេះ ឱ្យ​ប្រព្រឹត្ត​ទៅ​តាម​និយាម និង ស្តង់ដា​កីឡាជន​ពិការ​អន្តរជាតិ ពិត​ប្រាកដ។ ការ​ប្រកួត​បាន​បញ្ចប់ ខ្ញុំ​សង្ឃឹម​ថា ប្រជាជន​អាស៊ាន និង ទីម័រលេស​ដែល​មាន​ជាង ៦០០ លាន​នាក់​ពិត​ជា​នឹង​ចងចាំ​នូវ​អនុស្សាវរីយ៍​ទាំងឡាយ»៕