ភ្នំពេញៈ ក្លិប​ប្រដាល់​គុន​ខ្មែរ​អេភូថង របស់​លោក​គ្រូ​ អេ ភូ​ថង ​ត្រូវ​បាន​ផ្ទេរ​ទៅ​រួម​រស់​ជាមួយ​ក្រុម​ហ៊ុន​ហ្គាឡា​ក់​ស៊ី​ណា​វ៉ាត្រា​ របស់​លោក ឡេង ណាវ៉ាត្រា ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​ក្រុម​ហ៊ុន​មួយ​នេះបាន​សម្រេច​​ចូ​ល​ខ្លួ​ន​មក​ជួ​យ​ឧ​បត្ថម្ភ ដើម្បី​សម្រួល​ដល់​​ការ​លំបាក​គ្រប់​បែប​យ៉ាង​របស់​​ប្តីប្រពន្ធ អេ ភូថង​ ដែល​កំពុង​ជួប​ប្រទះ រហូត​ដាច់​ចិត្ត​ប្រកាស​លក់​ក្លិប ជា​ជម្រក​ឆ្នាំង​បាយ​ដ៏ធំ​របស់​ខ្លួន​នោះ។

លោក​គ្រូ អេ ភូថង និងភរិយា​អ្នក​ស្រី សាំង សុម៉ា​លី ព្រមទាំង​​សិស្ស​គ​ណ​នៅ​ក្នុង​ក្លិប​ប្រដាល់​គុនខ្មែរ​ អេ ភូថង បាន​បំពេ​ញ​ឯក​សារមួយ​ចំនួន​​រួចរាល់​​ហើយ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​ក្នុង​ជំនួប​មួយ​ កាលពី​ព្រឹក​ថ្ងៃទី​ ២៨ ខែ​មិថុនា ក្រោម​វត្ត​មាន​ចូល​រួម​ផ្ទាល់​របស់​លោក ឡេង ណាវ៉ាត្រា ដែល​ជា​អគ្គ​នាយក​ក្រុមហ៊ុន​ហ្គាឡាក់​ស៊ីណា​វ៉ាត្រា។

បន្ទាប់​ពី​​ជំនួប នៅ​ទី​ស្នាក់ការ​របស់​ក្រុម​ហ៊ុន​ហ្គាឡាក់​ស៊ីណា​វ៉ាត្រា​ផ្ទាល់​នោះ លោក ឡេង ណាវ៉ាត្រា បានបង្ហោះ​សារ​បែបនេះ​ថា៖ ​​«បន្ទាប់ពី​ឃើញ​ការ​ប្រឹង​ប្រែង​តស៊ូ​របស់​លោក​គ្រូ ហើយ​បច្ចុប្បន្នលោក​គ្រូ មាន​ជំងឺ​ផង លំបាក​​និង​ខ្វះ​​លទ្ធ​ភាពផង រហូត​​គាត់​បាន​ប្រកាស​លក់​ក្លិប​កាល​ពី​ថ្មីៗ​​នេះ អ៊ីចឹង​ក្រុម​ការងារ ថ្នាក់​​ដឹក​នាំ Galaxy សម្រេច​មិន​ឱ្យ​គាត់​លក់​ក្លិប​នោះ​ទេ គឺ Galaxy ទទួល​ការ​ផ្ទេរ​ក្លិប​ប្រដាល់​គុន​ខ្មែរ​​របស់​​លោក​​គ្រូ ​អេ ភូថង មក​រួម​រស់​ជាមួយ​គ្នា ដើម្បី​​បង្កើត​កម្មវិធី​ប្រដាល់ និង​ស្វែង​រក Sponsor ដើម្បី​ចិញ្ចឹម​ជីវភាព​របស់​ក្លិប​គុន​ខ្មែរ»។

ជាមួយ​ការ​ចូល​រួម​ឧបត្ថម្ភ​ ដោយ​យក​ក្លិប​ប្រដាល់​គុនខ្មែរ​អេភូថង ទៅច្រក​ក្រោម​ក្រុមហ៊ុន Galaxy Navatra នេះ លោក ឡេង ណាវ៉ាត្រា នៅតែ​រក្សា​អត្ត​សញ្ញាណ​កេរ្តិ៍ឈ្មោះ​របស់​លោក​គ្រូ អេ ភូថង នៅដ​ដែល ដោយលោក​គ្រាន់​តែ​ច្របាច់​បញ្ចូល​ឈ្មោះ​ក្រុមហ៊ុន​ហ្គា​ឡាក់​ស៊ីណាវ៉ាត្រា និង​ឈ្មោះ​លោក​អេ ភូថង ដើម្បី​បង្កើត​ទៅជា​ក្លិប​ថ្មីមាន​ឈ្មោះ​ថា «ហ្គាឡាក់​ស៊ីណាវ៉ា​ត្រាអេ​ភូថង​ក្លិប»។

សម្រាប់ការ​ចូល​ខ្លួន មករួម​ចំណែក​ជួយ​ដល់​ប្តី​ប្រពន្ធ ​អេ ភូថង ​នេះ លោក​ ឡេង ណាវ៉ា​ត្រា ក៏បានប្រកាស​ទទួល​យក​អ្នក​ហាត់​គុន ឱ្យ​ចូលរួម​ហ្វឹកហាត់ នៅ​ក្នុង​ក្លិប​ថ្មី​នេះ​ផងដែរ ដោយ​លោក​បាន​ធានា​រ៉ាប់​រង​ទៅលើការចំណាយ​គ្រប់​បែប​យ៉ាង ព្រមទាំង​ជួយ​រក​អ្នកឧបត្ថម្ភ មក​​ទ្រទ្រង់​​ដល់​ក្លិប​នេះ​​ផងដែរ ដើម្បី​រួមចំណែក​លើកស្ទូយ​ក្បាច់គុន​ប្រដាល់​បុរាណ​ខ្មែរ ឱ្យកាន់តែ​មាន​​​ភាព​ល្បី​ល្បាញ​បន្ថែម​មួយ​​កម្រិត​ទៀត។

លោក ឡេង ណាវ៉ា​ត្រា បានបន្ថែម​ថា៖ «សូម​ជូន​ដំណឹង​ទៅ​ដល់​សិស្ស​ទាំង​អស់ ដែល​ចង់​ក្លាយ​ជា​អ្នក​ប្រដាល់ និង​​មាន​បំណង​ចង់​រៀន គឺ​ខ្ញុំ​ផ្ដល់​អាហារូបករណ៍​ជូន​ ដោយ​មិន​​បាច់​បង់​ថ្លៃ​ហាត់ និង​ផ្ដល់​កន្លែង​ស្នាក់​នៅ​ហូប​ចុក មួយ​ចប់ ប៉ុន្តែ​​ត្រូវ​មាន​លក្ខណ​សម្បត្តិ​គ្រប់​គ្រាន់ ទើប​លោក​គ្រូ ​អេ ភូថង​ ទទួល ហើយ​សូម​ជម្រាប​ជូន​ក្រុម​ហ៊ុន ដែល​មាន​បំណង​ផ្សព្វ​ផ្សាយ​ផលិត​ផល តាម​​កម្ម​វិធី​ប្រដាល់ អាច​​ទាក់​ទង​មក​បាន​មុន និង​មាន​លក្ខខណ្ឌពិសេស​បំផុត​ជូន ដើម្បី​ក្លិប​បាន​​ចំណូល​ចិញ្ចឹម​ជីវភាព ប្រដាល់​គុន​ខ្មែរ​យើង»។

ចំណែក​លោក អេ ភូថង ហាក់​មិនទាន់​ចង់​ទម្លាយ​ពីរឿង​រ៉ាវ​លម្អិត ចំពោះ​កិច្ច​សន្យា សម្រាប់​ការ​ផ្ទេរ​ក្លិប​ទៅរួម​រស់ជា​មួយ​ក្រុម​ហ៊ុន​ហ្គាឡាក់ស៊ី​ណាវ៉ាត្រា​នេះ នៅ​ឡើយ​ទេ ប៉ុន្តែលោក​បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​រសៀល​ថ្ងៃទី​២៨​ ខែមិថុនា ​ថា ក្លិប​របស់​លោក ពិតជា​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅ​ជា «ហ្គាឡាក់​ស៊ីណាវ៉ា​ត្រាអេភូ​ថង​ក្លិប» ពិត​ប្រាកដ​មែន ចំណែក​ព័ត៌​មាន​លម្អិត​ចំពោះ​ការផ្ទេរ​ក្លិប​នេះ លោកសុំ​ប្រាប់​នៅ​ពេល​ក្រោយ។

យ៉ាង​ណា​ក៏ដោយ សម្រាប់​អ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់នៅ​កម្ពុជា ភាគ​ច្រើន បាន​សម្តែង​​ការ​ត្រេក​អរ​ចំពោះ​ប្តីប្រពន្ធ​អេភូ​ថង ដែល​ទទួល​បាន​ការឧប​ត្ថម្ភ​ធំ​ពី​​ក្រុម​ហ៊ុន​ក្នុងស្រុក​​មួយ​នេះ ដើម្បីព​ង្រីក​វិសាល​ភាពការ​បណ្តុះ​បណ្តាល​សិស្សគណ​ឱ្យ​បាន​កាន់តែ​ច្រើនថែម​ទៀត ព្រោះ​លោក អេ ភូថង និង​គ្រូជំនួយ​នៅ​ក្នុង​ក្លិប​របស់​លោក ត្រូវ​បានគេ​ទទួល​ស្គាល់​ថា សុទ្ធតែ​អ្នក​មាន​គុណ​វុឌ្ឍិ ក្នុងការ​បង្ហាត់​សិស្ស ហើយ​ក្លិប​ប្រដាល់​គុន​ខ្មែរ​អេភូថង ផ្ទាល់ ក៏មាន​កីឡា​ករ កីឡា​ការិនី​ឆ្នើមៗ​ជា​ច្រើន​ផង​ដែរ។

បន្ថែម​លើ​នេះ ការ​ចាប់​ដៃជាមួយ​​លោក ឡេង ណាវ៉ាត្រា ក៏​អាច​នឹង​ជួយ​ឱ្យ​ប្តីប្រពន្ធ​អេភូ​ថង ​លែងរង​សម្ពាធ​ពីអ្នក​មាន​អំណាច​ និង​មាន​ទ្រព្យ​ ធ្វើបាប​ទៀត​​នោះ​ដែរ ព្រោះ​កាលពី​ពេល​​ថ្មីៗ​នេះ កីឡាករ​ដ៏​ឆ្នើម ធឿន ធារ៉ា ត្រូវបា​ន​អ្នក​មាន​អំណាច និង​មាន​ទ្រព្យ ផ្សំ​គំនិត​គ្នា ចុះ​ហត្ថលេខា​តាម​ផ្លូវ​កាត់ ដើម្បី​យក​កីឡាករ​រូបនេះ ទៅកាន់​ក្លិប​ថ្មី​មួយ ប៉ុន្តែ​បន្ទាប់ពី​​លោក អេ ភូថង និង​ប្រពន្ធ ដែល​ជា​គ្រូបង្វឹក បាន​ប្រតិកម្មខ្លាំង ទៅលើ​រឿង​នេះ ​ទើប​ធ្វើឱ្យ​ផែនការ​យក​កីឡាករ​តាម​ផ្លូវកាត់ ដោយមិនឆ្លង​កាត់​គ្រូ​បង្វឹកនេះ ត្រូវរាំង​ស្ទះ ហើយ​ពេល​នេះ ធឿន ធារ៉ា បាន​វិល​​មក​ហ្វឹក​ហាត់​ជាមួយ​ប្តីប្រពន្ធ​អេ ភូថង វិញ​ហើយ៕