ភ្នំពេញៈ កីឡាករ​ជើង​ខ្លាំង ធឿន ធារ៉ា និង ព្រំ សំណាង បាន​ដណ្តើម​ខ្សែក្រវាត់ ពី​ព្រឹត្តិការណ៍ TECHO SANTEPHEAP Kun Khmer World Champion ហើយ​កីឡាករ​លំដាប់​ប្រទេស​របស់​កម្ពុជា​ចំនួន ​៤​ នាក់​ទៀត​រួមមាន ផល សោ​ភ័​ណ្ឌ​, រឿង សោ​ភ័​ណ្ឌ​, ពេជ្រ សម្បត្តិ និង ម៉ា​នូ សិល្បៈ ក៏បាន​យកឈ្នះ​លើ​អ្នក​ប្រដាល់​បរទេស ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មិន​ធ្លាប់មាន នៅក្នុង​ប្រទេស​​ផងដែរ​។​

​សម្រាប់​ការវិល​មកកាន់​សង្វៀន​ជាថ្មី ក្រោយពី​របួស​បាក់ដៃ​ស្តាំ កាលពី​ថ្ងៃទី​ ២៣ ខែមេសា ឆ្នាំ​ ២០២៣ ធឿន ធារ៉ា បានធ្វើឱ្យ​គ្រប់គ្នា មានការ​ភ្ញាក់ផ្អើល​ខ្លាំង ដោយ​រូបគេបាន​ប្រើ​កណ្តាប់​ដៃស្តាំ​ម៉ាត់​ចូល​ពោះ បណ្តាលឱ្យ​កីឡាករ​រូ​ម៉ា​នី Alex Bublea ដួល​ចុក​រមួល និង​ត្រូវបាន​អាជ្ញាកណ្តាល​រាប់​ចំនួន​២​លើក នៅក្នុង​នាទី​ទី​១ ហើយ​ចូលដល់​នាទី​ទី​២ ក្នុង​ទឹក​ទី​១​ដដែល​នេះ ធារ៉ា បាន​ម៉ាត់​ឆ្វេង​ចូល​មុខ​ពេញ បណ្តាល​ឱ្យដៃ​គូប្រកួត​នេះ​ដួល​ទាំង​វង្វេង​ម្តងទៀត ហើយ​ត្រូវបាន​អាជ្ញាកណ្តាល​បញ្ឈប់​តែម្តង​។​

​ការទទួលបាន​ជ័យជម្នះ​យ៉ាង​លឿន​របស់ ធឿន ធារ៉ា នៅក្នុង​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​៧២​គីឡូក្រាម នៅលើ​សង្វៀន​ថោ​ន កាលពី​យប់​ថ្ងៃទី​១៦ ខែកក្កដា កន្លងមកនេះ បានធ្វើឱ្យ​អ្នកគាំទ្រ​ហាក់​មិនទាន់​អស់ចិត្ត​នោះទេ ហើយ​សូម្បីតែ Alex Bublea ក៏​មិន​យល់ថា រូបគេ​ចាញ់​លឿន​បែបនេះ​នោះដែរ​។​

​កីឡាករ​របស់​រូ​ម៉ា​នី​រូបនេះបាន​បង្ហោះ​សារ​បែបនេះ ក្រោយ​ការប្រកួត​ថា​៖ «​ខ្ញុំ​ចាញ់ហើយ ហើយ​កាន់តែ​អាក្រក់​ជាងនេះទៅទៀត គឺ​ខ្ញុំ​អត់​យល់ថា តើ​មាន​អ្វី​ខុសឆ្គង​សម្រាប់​ខ្ញុំ​? ការខកចិត្ត​នេះ គឺ​ពិតជា​មិនអាច​អស់ចិត្ត​ឡើយ​។ ខ្ញុំ​សង្ឃឹមថា ខ្លួនឯង នឹង​វិល​មក​ដូចដើម​វិញ បន្ទាប់ពី​រកឃើញ​ចំណុច​មិន​អស់ចិត្ត​នោះ​»​។​

​ចំណែក​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ព្រំ សំណាង បាន​យកឈ្នះ​លើ​កីឡាករ​បេឡា​រុស Nikita ដោយ​ពិន្ទុ​យ៉ាង​ស្វិតស្វាញ​បំផុត ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ ក្នុង​ប្រភេទ​ទម្ងន់​៧៧​គីឡូក្រាម​។ ចំពោះ​ការ​ដណ្តើមបាន​ខ្សែក្រវាត់​ពី​ព្រឹត្តិការណ៍ TECHO SANTEPHEAP Kun Khmer World Champion នេះ ទាំង ព្រំ សំណាង និង ធឿន ធារ៉ា បានទទួល​ប្រាក់រង្វាន់​២០​លាន​រៀល​ដូចគ្នា ហើយ​អ្នក​ទាំង​២​នេះ ក៏​ទទួលបាន​ការឧបត្ថម្ភ​រាប់ពាន់​ដុល្លារ​ទៀត ពី​ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​ផងដែរ ខណៈ​គូ​ខ្សែក្រវាត់​នេះ មាន​អ្នកមើល តាម​ការផ្សាយ​ផ្ទាល់​ជាង​៥០​ម៉ឺន​នាក់​។​

​សម្រាប់​ការទទួលបាន​ជោគជ័យ​យ៉ាង​ធំ​នេះ លោក គឹម ស្រ៊ុន​កុសល ទីប្រឹក្សា​ទូរទស្សន៍​ថោ​ន បាន​ប្រាប់ថា​៖ «​តាមរយៈ​ព្រឹត្តិការណ៍​នេះ បាន​ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស និង​វិស័យ​ទេសចរណ៍​របស់​យើង​ទៅលើ​ឆាក​អន្តរជាតិ ព្រោះ​កម្មវិធី​នេះ មិនមែន​មានការ​ភ្ញាក់ផ្អើល​ត្រឹម​នៅក្នុង​តំបន់​ទេ តែ​ផ្អើល​ដល់​អឺរ៉ុប ព្រោះ​យើង​បាន​យក​កីឡាករ​កម្រិត​ខ្លាំងៗ​មក​ប្រកួត ដោយ​ពី​មុនគេ​ថា កម្រិត​យើង​នៅ​ទាប មិនអាច​ធ្វើកើត​ទេ ប៉ុន្តែ​ដល់ពេល​យើង​ធ្វើបាន គេ​មានការ​ភ្ញាក់ផ្អើល និង​ចង់​មក​ចូលរួម​ជាមួយ​យើង​កាន់តែច្រើន​»​។

​តំណាង Mas Fight ប្រចាំ​ប្រទេស​កម្ពុជា លោក គឹម ស្រ៊ុន​កុសល បានឱ្យដឹង​ទៀតថា ព្រឹត្តិការណ៍ TECHO SANTEPHEAP Kun Khmer World Champion នេះ បាន​ជួយ​ផ្សព្វផ្សាយ​ពី​គុន​ខ្មែរ​របស់​យើង ឱ្យ​កាន់តែ​មានឈ្មោះ និង​ធំ​ទូលាយ ទៅកាន់​ពិ​ភព​លោក ដោយពេល​នេះ​យើង​អាច​រៀបចំ​ឱ្យមាន​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​គុន​ខ្មែរ​ពិភពលោក ហើយ​វា​ក៏​ជា​ពេលដែល​ប្រជាជន​កម្ពុជា បានរួម​គ្នា​បង្កើត​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ថ្មី មិន​ធ្លាប់មាន​សម្រាប់​គុន​ខ្មែរ​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​តាមរយៈ​ការប្រកួត​នេះ បានបង្ហាញ​ពី​ការឯកភាព និង​រូប​រួមគ្នា ក្នុង​ប្រជា​ជាតិខ្មែរ​តែមួយ ដោយ​យើង​បានស្នើ​សុំឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​រួមគ្នា​បង្កើត​ប្រវត្តិសាស្ត្រ សម្រាប់​គុន​ខ្មែរ គឺ​សុំ​ឱ្យមាន​អ្នកមើល 500K (៥០​ម៉ឺន​នាក់​) ហើយ​ជា​លទ្ធផល​ពួកគាត់​បាននាំគ្នា​ជួយ Share និង like ធ្វើឱ្យ​ចំនួន​អ្នកមើល​បាន​កើន​ដល់ 501K ដោយ​យើង​មិន​នឹកស្មានថា យើង​អាច​ធ្វើបាន ហើយ​តាមរយៈ​លទ្ធផល​ដ៏​ជោគជ័យ​នេះ ទូរទស្សន៍​ថោ​ន និង​សហការ​ជាមួយ​ម្ចាស់​ឧបត្ថម្ភ ដើម្បី​បន្ត​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឱ្យ​កាន់តែ​ខ្លាំងក្លា និង​ផុសផុល​ថែមទៀត​»​។​

​យ៉ាងណាមិញ ក្រៅពី​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​គុន​ខ្មែរ​ពិភពលោក ចំនួន​២​គូ​នេះ ក៏មាន​ការប្រកួត​មិត្តភាព​អន្តរជាតិ រវាង​កីឡាករ​លំដាប់​កំពូលៗ​របស់​កម្ពុជា ចំនួន​៥​នាក់​ទៀត ជាមួយ​អ្នក​ប្រដាល់​បរទេស​ផងដែរ ហើយ​តាមរយៈ​ការប្រកួត​ដ៏​ជក់ចិត្ត​នោះ អ្នកលេង​កណ្តាប់ដៃ រឿង សោ​ភ័​ណ្ឌ អាច​សងសឹក​ជើង​ខ្លាំង​របស់​ថៃ Changpuak Jesada បានសម្រេច ដោយបាន​ឈ្នះ​ពិន្ទុ ខណៈ​ការជួបគ្នា កាលពី​១០​ឆ្នាំមុន សោ​ភ័​ណ្ឌ ត្រូវបាន​ថៃ​ម្នាក់នេះ វ៉ៃ​ឱ្យ​សន្លប់​។​

​ចំណែក​កីឡា​ករនី​ហ្សេ​រី​យ៉ា ទើប​ទទួលបាន​សញ្ជាតិ​ខ្មែរ ម៉ា​នូ សិល្បៈ បានឈ្នះ​កីឡាករ​ឡាវ Chatsakmai Chatchakwam សម្រាប់​ការប្រកួត​ទម្ងន់​៨៥​គីឡូក្រាម ក្នុង​ទឹក​ទី​៣ រីឯ ផល សោ​ភ័​ណ្ឌ បាន​យកឈ្នះ​ជើង​ខ្លាំង​មកពី​ព័រ​ទុយ​ហ្គា​ល់ Miguel Trindade ដោយ​ពិន្ទុ ក្នុង​ទម្ងន់​៦៥​គីឡូក្រាម ហើយ ពេជ្រ សម្បត្តិ ក៏បាន​ឈ្នះ​កីឡាករ​ថៃ Petchlampoon Por.chareonpat ដោយ​ពិន្ទុ ក្នុង​ទម្ងន់​៦០​គីឡូក្រាម​ដែរ គឺមាន​តែ យ៉េន ឌី​ណា ម្នាក់​ទេ ដែល​បាន​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ​រុស្ស៊ី Solovev Sergei ក្នុង​ទម្ងន់​៦៥​គីឡូក្រាម​៕