ភ្នំពេញៈ លោក ហ៊ុន ម៉ា​ណែ​ត ដែល​នឹង​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​​ចក្រ​កម្ពុជា ក្នុង​អាណត្តិ​ទី​៧ ឆាប់ៗ​នេះ បាន​សម្តែង​ការ​អរគុណ​ចំពោះ​ទឹកចិត្ត​របស់​អ្នក​ប្រដាល់​ជើង​ខ្លាំង Dave Leduc ដែល​ស្រឡាញ់​ប្រទេស​កម្ពុជា និង​ក្បាច់គុន​បុរាណ​ខ្មែរ (​គុន​ខ្មែរ​) ហើយ​លោក​បាន​បើកភ្លើង​ខៀវ​ចាំ​ស្វាគមន៍ ការ​មក​ប្រកួត​របស់​ស្តេច​ប្រដាល់​មី​យ៉ាន់​ម៉ា​រូបនេះ នៅ​ប្រទេស​កម្ពុជា ដែល​គ្រោង​ធ្វើ​នៅ​ចុងឆ្នាំ​ ២០២៣​នេះ​។​

​ការបង្ហាញ​ពី​ការ​អរគុណ​របស់លោក ហ៊ុន ម៉ា​ណែ​ត ទៅកាន់​កីឡាករ Dave Leduc នេះ ត្រូវបាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​ ១៥ ខែសីហា​បន្ទាប់ពី Dave Leduc បាន​បង្ហោះ​សារ​អបអរ​ដល់​រូប​លោក ដែល​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​កម្ពុជា ហើយ​កីឡាករ​រូបនេះ​ក៏បាន​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ចំពោះ​ប្រទេស​កម្ពុជា និង​ប្រដាល់​គុន​ខ្មែរ ដោយ Dave Leduc បាន​អះអាងថា រូបគេ​នឹងធ្វើ​ដំណើរ​មក​ប្រកួត​បែប​គុន​ខ្មែរ​នៅ​ប្រទេស​កម្ពុជា នា​ចុងឆ្នាំ​ ២០២៣​ នេះ​។​

​កីឡាករ Dave Leduc បាន​បង្ហោះ​សារ​ជា​ភាសា​ខ្មែរ នៅលើ​ផេ​ច​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃទី​ ១៤ ខែសីហា​ថា​៖ «​ខ្ញុំ​សូម​អបអរសាទរ ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សម្រាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី នៃ​ប្រទេស​កម្ពុជា​។

​នៅ​ចុង​ឆ្នាំនេះ ខ្ញុំ​មកលេង​ប្រទេស​កម្ពុជា​ដ៏​ស្រស់ស្អាត​ហើយ​ត្រូវ​ទៅ​ប្រកួត​ក្រោម​គុន​ខ្មែរ ហើយ​នេះ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រយុទ្ធ​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា និង​អាស៊ីអាគ្នេយ៍​នៅពេលដែល​ខ្ញុំ​មកដល់​កម្ពុជា​»​។ ជាមួយ​ការ​បង្ហោះ​សារ​នេះ Dave Leduc បាន​អះអាងថា រូបគេ​មាន​អ្នកតាមដាន​រាប់លាន​នាក់ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែលមាន​ប្រជាជន​ចំនួន ​៥៤ ​លាន​នាក់ ចំណែក​ប្រទេស​កម្ពុជា ក៏មាន​ប្រជាជន​ប្រមាណ​ ១៦​លាន​នាក់ ហេតុនេះ Dave Leduc ជឿជាក់ថា ប្រជាជន​របស់​ប្រទេស​ទាំង​ ២​ នេះ នឹងចូលរួម​លើក​ទឹក​ចិត្ត​ដល់​ការប្រកួត​នេះ ដើម្បី​អបអរសាទរ​មិត្តភាព​ដ៏​អស្ចារ្យ រវាង​មី​យ៉ាន់​ម៉ា និង​កម្ពុជា តាំង​​ពី​បុរាណកាល​មក​។

​ស្តេច​ប្រដាល់​របស់​មី​យ៉ាន់​ម៉ា​រូបនេះ​បន្ថែមថា​៖ «​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទូទាំង​ពិភពលោក នឹង​និយាយ​អំពី​ព្រឹត្តិការណ៍​នេះ ព្រោះ​វា​នឹង​ក្លាយជា​ការប្រយុទ្ធ​ចូលនិវត្តន៍​របស់ខ្ញុំ​។ តើ​ឯកឧត្ដម (​ហ៊ុន ម៉ា​ណែ​ត​)​ ចូលចិត្ត​សិល្បៈ​ក្បាច់គុន​ឬទេ​? ប្រសិនបើ​ចូល​ចិត្ត នោះ​ពិតជា​មហា​កិត្តិយស សម្រាប់​ខ្ញុំ សម្រាប់​គូប្រជែង​របស់ខ្ញុំ និង​ប្រជាជន​កម្ពុជា​ទាំងអស់ ប្រសិនបើ​ឯកឧត្ដម​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​មហា​កិត្តិ​យស នៅ​ទីក្រុង​ភ្នំពេញ​»​។​

​លើសពីនេះ Dave Leduc បានបង្ហាញ​ពី​អារម្មណ៍​ពិត​របស់ខ្លួន​បែបនេះ​ថា​៖ «​ទោះបីជា​ខ្ញុំ ជា​ជនជាតិ​បរទេស​ក៏ដោយ ក៏​ខ្ញុំ​ស្រឡាញ់ និង​គោរព​កម្ពុជា​ផងដែរ ហេតុនេះហើយ បានជា​ខ្ញុំ​ព្រម​ប្រកួត​ក្រោម​គុន​ខ្មែរ​បុរាណ ព្រោះ​ខ្ញុំ​ដឹង​ពី​ប្រវត្តិសាស្ត្រ​ពិត​! ខ្ញុំ​ចង់​ចាប់ដៃ​ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​។ សង្ឃឹមថា ឯកឧត្ដម អាច​ពិចារណា តាម​ការអញ្ជើញ​របស់​ខ្ញុំ សូម​ទទួល​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំ​»​។​

​ឆ្លើយតប​ទៅនឹង​សំណើ និង​ទឹកចិត្ត​របស់​កីឡាករ Dave Leduc នេះ​លោក ហ៊ុន ម៉ា​ណែ​ត បាន​សរសេរ​បង្ហោះ​តប​វិញ បែបនេះ​ថា​៖ «​សួស្ដី​លោក Dave Leduc! សូម​អរគុណ​លោក ចំពោះ​ទឹកចិត្ត​ស្រឡាញ់​ប្រទេស​​កម្ពុជា និង​ក្បាច់គុន​បុរាណ​ខ្មែរ (​គុន​ខ្មែរ​)​។ សូម​ជូនពរ​លោក​ទទួល​បាន​ជោគជ័យ​។ រង់ចាំ​ជួបគ្នា​នា​ចុង​ឆ្នាំនេះ ពេលដែល​លោក​មកកាន់​ប្រទេស​កម្ពុជា​»​។​

​សម្រាប់​គម្រោង​ធ្វើដំណើរ​មក​ប្រកួត នៅ​ប្រទេស​កម្ពុជា ជា​លើកដំបូង​នា​ចុងឆ្នាំ​ ២០២៣​ នេះ កីឡាករ​របស់​មី​យ៉ាន់​ម៉ា Dave Leduc នៅតែ​មាន បំណង​ប្រកួត​ជាមួយ​ជើង​ខ្លាំង ព្រំ សំណាង ដដែល បន្ទាប់ពី​ការជួបគ្នា​របស់​អ្នក​ទាំង ​២ នៅលើ​ទឹកដី​ប្រទេស​​ស្លូ​វ៉ា​គី កាលពី​ខែឧសភា កន្លងទៅ ត្រូវបាន​លុបចោល​វិញ ហើយ​ការរៀបចំ​ឱ្យមាន​ការប្រកួត​ជាថ្មី​នៅ​កម្ពុជា​នេះ​ត្រូវបាន​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​​ប្រដាល់​គុន​ខ្មែរ បង្ហើប​ថា នឹង​រៀបចំ នៅលើ​សង្វៀន​ថោ​ន​។

​លោក តែម ម៉ឺន បាន​ប្រាប់​កាលពី​ថ្ងៃទី​ ១៥ ខែសីហា​ថា​៖ «​ការប្រកួត​នេះ ជា​គម្រោង​សហការ​រៀបចំ​របស់​ស​ហ​ព័ន្ធ​ជាមួយ​សង្វៀន​ថោ​ន ដែល​នឹងធ្វើ​នៅ​ខែវិច្ឆិកា ឆ្នាំ​ ២០២៣​ នេះហើយ​បើសិនជា​ថ្នាក់ដឹកនាំ​របស់​យើង (​ហ៊ុន ម៉ា​ណែ​ត​) លោក​បាន​ចូលរួម​ពិតមែន នោះ​ការ​​ប្រកួត​អន្តរជាតិ​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ធំ និង​ពិសេស​បំផុត ដោយ​សហព័ន្ធ និង​ដៃគូ​សហ​ការ នឹង​រៀបចំ​នីតិវិធី​រដ្ឋបាល និង​ពិធី​ការឱ្យ​បានល្អ​បំផុត ដើម្បី​ស្វាគមន៍​ថ្នាក់ដឹកនាំ និង​ភ្ញៀវ​​កិត្តិយស​របស់​យើង​»​។

​លោក​បន្ថែមថា​៖ «​ជាមួយគ្នានេះ យើង​ក៏​នឹងមាន​ការស្នើសុំ​យោបល់​ពី​ថ្នាក់ដឹកនាំ​ឱ្យបាន​សមរ​ម្យ​ផង​ដែរ ព្រោះ​ព្រឹត្តិការណ៍​អន្តរជាតិ ដែល​កីឡាករ​បរទេស​មក​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​កីឡា​គុន​ខ្មែរ​បែបនេះ​គឺ​យើង​ពិតជា​មាន​មោ​ទ​ន​ភាពខ្លាំង ដើម្បី​យើង​ធ្វើការ​ផ្សព្វផ្សាយ និង​អភិរក្ស​ក្បាច់គុន ដែលជា​កេរដំណែល វប្បធម៌​ដូន​តា​របស់​យើង​នេះ ដោយ​យើង​នឹង​ខិតខំ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឱ្យ​បានល្អ​ហើយ​យើង​ក៏បាន​យកចិត្តទុកដាក់​បំពាក់​បំប៉ន​ដល់​កីឡាករ ព្រំ សំណាង គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​គាត់​ពង្រឹងសមត្ថភាព​ឱ្យបាន​ល្អ សម្រាប់​ត្រៀម​ការប្រកួត​ដ៏​សំខាន់​មួយ​នេះ​»៕​