
ការប្រកួតរវាងក្រុម U23 កម្ពុជា (ស) និងមីយ៉ាន់ម៉ា។ រូបថត FFC
ភ្នំពេញៈ ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាអាយុក្រោម ២៣ ឆ្នាំ នឹងត្រូវធ្វើការប្រកួតជម្រុះចុងក្រោយប្រចាំពូល A ជាមួយក្រុមម្ចាស់ផ្ទះថៃ ក្នុងពានរង្វាន់ AFF U23 Championship 2023 នៅល្ងាចថ្ងៃចន្ទនេះ ចំណែកក្រុមមីយ៉ាន់ម៉ា ក៏ត្រូវប្រកួតបង្គ្រប់កិច្ចជាមួយក្រុម U23 ប្រ៊ុយណេ ក្នុងពេលជាមួយគ្នានេះផងដែរ។
ការវិលមកជួបគ្នារវាងក្រុម U23 កម្ពុជា និងក្រុម U23 ថៃ នៅពហុកីឡដ្ឋាន PTT នាទឹកដីខេត្ត Rayong ប្រទេសថៃ ល្ងាចម៉ោង ៨ ថ្ងៃទី ២១ ខែសីហានេះ វាបានក្លាយជាការប្រកួតដ៏សំខាន់ ក្នុងការប្រជែងយកលេខ ១ ប្រចាំពូល A នេះ ដើម្បីបានឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលគេកំណត់យកតែក្រុមលេខ ១ ចេញពីពូលទាំង ៣ និងក្រុមលេខ២ល្អជាងគេតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ តាមរយៈការប្រកួត២លើកដូចគ្នា កន្លងមកនេះ ក្រុមម្ចាស់ផ្ទះថៃ ធ្វើបានល្អជាងក្រុម U23 កម្ពុជា ដោយពួកគេ បានយកឈ្នះក្រុម U23 មីយ៉ាន់ម៉ា និងក្រុមប្រ៊ុយណេ ដោយលទ្ធផល ៣-០ ដូចគ្នា ហើយការដណ្តើមបាន៦ពិន្ទុពេញនេះ បានជួយឱ្យក្រុម U23 ថៃ កំពុងឈរនៅលើកំពូលតារាងប្រចាំពូល A ជាបណ្តោះអាសន្នរួចជាស្រេច និងតាមពីក្រោយដោយក្រុមកម្ពុជា ដែលមាន ៤ ពិន្ទុ។
ក្រោមការដឹកនាំរបស់ក្រុមបង្គោលជនជាតិអាហ្សង់ទីន លោក Felix Dalmas ក្រុម U23 កម្ពុជា បានបង្ហាញទម្រង់លេងយ៉ាងល្អ នៅក្នុងការប្រកួតបើកឆាកជាមួយក្រុមប្រ៊ុយណេ ដោយពួកគេបានយកឈ្នះ ៥-០ ហើយការជួបក្រុម U23 មីយ៉ាន់ម៉ា កាលពីថ្ងៃទី១៩ ខែសីហា កន្លងមកនេះ ក្រុមកម្ពុជា ក៏គួរណាស់ ដណ្តើមបាន៣ពិន្ទុបន្ថែមផងដែរ ប៉ុន្តែពួកគេមិនអាចរក្សាការមានប្រៀប ១-០ រហូតដល់នាទីចុងក្រោយ។
ការស៊ុតបាល់ពីក្រៅគំនូសសបញ្ចូលទីយ៉ាងស្អាតរបស់ គង់ លីហួរ បានជួយឱ្យក្រុមកម្ពុជា បើកការនាំមុខលើក្រុមមីយ៉ាន់ម៉ា ១-០ តាំងពីនាទីទី១៣ ហើយ ស រតនា ក៏គួររកបាន ១ គ្រាប់ទៀត នៅចុងតង់ទី១ផងដែរ បន្ទាប់ពីអ្នកចាំទី រ៉េត លីហេង បានសង្គ្រោះបាល់២គ្រាប់យ៉ាងល្អ ដែលស៊ុតដោយខ្សែប្រយុទ្ធរបស់ក្រុមមីយ៉ាន់ម៉ា។
ឈានចូលតង់ទី២ ស រតនា ដដែល នៅតែមិនអាចរកបានគ្រាប់បាល់ទី២ ឱ្យកម្ពុជា ខណៈរូបគេបានលោតតែតបាល់ដាច់តែឯង មិនផុតដៃអ្នកចាំទីរបស់ក្រុមមីយ៉ាន់ម៉ានោះ ហើយនៅនាទីទី៦០ កីឡាករវ័យក្មេង ភឿត ថាតថៃ គួរណាស់តែអាចស៊ុតបាល់ទម្លុះសំណាញ់ទីបានសម្រេច ខណៈរូបគេបានទទួលការបញ្ជូនបាល់ពីមិត្តរួមក្រុមដាច់តែឯង នៅមុខទីនោះ ប៉ុន្តែ ថាតថៃ បានស៊ុតបាល់នោះ ហោះឡើងទៅលើខុសគោលដៅ។
បន្ទាប់ពីការធ្វើឱ្យបាត់បង់ឱកាសម្តងជា ២ ដងនេះ ក្រុមមីយ៉ាន់ម៉ា បានព្យាយាមវាយបកវិញ ហើយបើទោះបីជា អ្នកចាំទី រ៉េត លីហេង អាចសង្គ្រោះការស៊ុតរបស់កីឡាករមីយ៉ាន់ម៉ា បាន ២ គ្រាប់ក៏ដោយ ប៉ុន្តែការព្យាយាមប្រជែងយកបាល់នៅមុខទីរវាងខ្សែការពារក្រុមកម្ពុជា និងខ្សែប្រយុទ្ធរបស់មីយ៉ាន់ម៉ាបានធ្វើឱ្យបាល់នោះ ប្លាតផុតដៃ រ៉េត លីហេង ហើយធ្លាក់ទៅដល់ជើងកីឡាករ Khun Kyaw Zin Hein នាំឱ្យខ្សែប្រយុទ្ធពាក់លេខ ១១ រូបនេះ អាចស៊ុតបាល់តាមស្មើឱ្យក្រុមមីយ៉ាន់ម៉ា ១-១ នៅនាទីទី៨៨។
បើទោះបីជា ការចែកគ្នាម្នាក់ ១ ពិន្ទុនេះ វាមិនបានជួយស្រោចស្រង់ក្រុមមីយ៉ាន់ម៉ា ឱ្យគេចផុតពីការធ្លាក់ ប៉ុន្តែលទ្ធផលនេះ ក៏បានធ្វើឱ្យក្រុមកម្ពុជា ប្រឈមនឹងការបាត់បង់ឱកាសដូចគ្នា បើសិនជាពួកគេមិនអាចយកឈ្នះក្រុមម្ចាស់ផ្ទះថៃ នៅថ្ងៃចន្ទនេះបានទេ ខណៈ ការប្រកួតនេះ ត្រូវបានគេមើលឃើញថា ក្រុមថៃមានប្រៀបជាងកម្ពុជា ព្រោះការទទួលបានត្រឹមលទ្ធផលស្មើ ក៏ពួកគេអាចឡើងទៅវគ្គបន្ត ក្នុងនាមជាក្រុមលេខ ១ ប្រចាំពូល A នេះបានដែរ។
តែទោះបីជាយ៉ាងណា នៅក្នុងការប្រកួតកាត់សេចក្តីដ៏សំខាន់នេះ វាជាពេលវេលាដ៏ល្អបំផុត ដែលក្រុម U23 កម្ពុជា ត្រូវបង្ហាញពីឆន្ទៈ និងកម្រិតលេងដ៏ពុះកញ្ជ្រោល ដើម្បីវិវឌ្ឍសម្ទុះលេងរបស់ពួកគេឆ្ពោះទៅមុខ ព្រោះលោក Felix ធ្លាប់បានបញ្ជាក់រួចហើយថា ការប្រកួត AFF U23 Championship 2023 វាជាឱកាសសម្លឹងរកកីឡាករមានសក្តានុពលដែលមានអាយុចន្លោះពី ១៨ ទៅ ២០ ឆ្នាំ ដើម្បីត្រៀមឆ្ពោះទៅកាន់ការប្រកួតផ្សេងៗទៀត ជាពិសេសស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ និងស៊ីហ្គេម ឆ្នាំ២០២៧៕