ភ្នំពេញ: និស្សិត​កម្ពុជា និង​ជប៉ុន​កំពុង​បំពេញបេសកកម្ម​រួមគ្នា​តាមរយៈ​កម្មវិធី «​ដំណើរ​កម្សាន្ដ​នៃ​ភាព​ចម្រុះ​» ដើម្បី​នាំមក​នូវ​ថាមពល​កម្លាំង​សាមគ្គី​ភាព​ដល់​កុមារ​តាមរយៈ​កីឡា​។ បេសកកម្ម​រួមគ្នា​របស់​ពួកគេ​គឺ​ផ្តល់​អំណាច​ដល់​យុវជន ដើម្បី​លើកកម្ពស់​បរិ​យា​ប័ន្ន​ដល់​មនុស្ស​ជំនាន់​ក្រោយ​។​

​កម្មវិធី «​ដំណើរ​កម្សាន្ដ​នៃ​ភាព​ចម្រុះ​»​រៀបចំឡើង​ចាប់ពី​ថ្ងៃទី ៥ ដល់​ថ្ងៃទី ​១៣ ​កញ្ញា ឆ្នាំ ២០២៣ ដោយមាន​និស្សិត​កម្ពុជា​ចូលរួម​ចាប់ពី​ថ្ងៃទី​ ៦ ដល់​ថ្ងៃទី​ ១១ ខែកញ្ញា សម្រាប់​កម្មវិធី​រយៈពេល ៦ ​ថ្ងៃ​។ នៅក្នុង​វគ្គ Summer 2023 មាន​និស្សិត​សាកល​វិទ្យា​​ល័យ តូ​យ៉ូ សរុប​ចំនួន ១៤ នាក់ និង​និស្សិត​សាកលវិទ្យាល័យ​កម្ពុជា ចំនួន ១១ នាក់​។ អ្នក​ចូលរួម​ត្រូវបាន​ជ្រើសរើស​យ៉ាង​យកចិត្តទុកដាក់​តាម​រយៈ​ដំណើរ​ការពិនិត្យ​ពាក្យសុំ និង​ការសម្ភាស ហើយ​ការជ្រើសរើស​អ្នកចូលរួម​ជនជាតិ​ជប៉ុន​ត្រូវ​បានបញ្ចប់​នៅ​ចុងខែ​មិថុនា​។ នៅ​ថ្ងៃទី​ ១១ ខែកញ្ញា ឆ្នាំ ​២០២៣ និស្សិត​ទាំង​ ២៥ នាក់​បាន​នាំយក​ចំណេះដឹង​របស់​ពួកគេ​មក​បង្កើតជា​សកម្ម​ភាព​ចំ​ហ្គេម​កីឡា​សម្រាប់​កុមារ ប្រហែល ១០០ នាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ម​វិធី​ក្នុងការ​ប្រើប្រាស់​កីឡា​ជា​ឧបករណ៍​សម្រាប់​ការអប់រំ​។​

​លោក ​គី​មូរ៉ា ដៃ​ស៊ូ​កេ ផលិតករ​អប់រំ​សកល អ្នកសម្របសម្រួល​ភាព​ចម្រុះ និង​ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​អប់រំ​អង្គការ GiFT ជប៉ុន​ដែល​ដឹកនាំ​គម្រោង​នេះ បាន​ថ្លែងថា​៖ «​នៅ​កម្ពុជា​រហូតមក​ដល់ពេលនេះ ខ្ញុំ​ចង់​លើកយក​ប្រធានបទ​កីឡា​និង​ការ​អភិ​​វ​ឌ្ឍ​សង្គម​មួយចំនួន​។ ប៉ុន្តែ​កីឡា​គឺជា​ឧបករណ៍​សំខាន់​សម្រាប់​ពួកយើង​ក្នុង​ការបញ្ជូនសារ​ទៅកាន់​ពួកគេ​»​។ លោក​ថា​៖ «​ដើមឡើយ​យើង​រៀបចំ​កម្មវិធី​នេះ​ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​និស្សិត​ដើម្បី​លើកកម្ពស់​កីឡា និង​គុណ​តម្លៃ​របស់​វា​ជាមួយ​ស្មារតី​អូឡាំពិក​»​។​

​កញ្ញា​ មាស ឡាយ​លាភ និស្សិត​ឆ្នាំ​ទី ២ ឯកទេស​ភាសា​ជប៉ុន នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​សកម្ម​ភាព​ទាំងនេះ​។ ក្នុងនាម​ជាស​មា​ជិ​ក​នៃ​ក្រុមនិស្សិត និង​ជា​អ្នក​បកប្រែ ដែល​សម្របសម្រួល​ទំនាក់ទំនង​រវាង​និស្សិត​ជប៉ុន និង​កុមារ​កម្ពុជា កញ្ញា ឡាយ​លាភ បាន​ណែនាំ​មេរៀន​ជីវិត​សំខាន់ៗ​ក្នុង​សាមគ្គីភាព ការងារ​ជា​ក្រុម និង​ជម្នះ​ឧបសគ្គ​តាមរយៈ​ការ​​ប្រកួត​កីឡា​ដល់​កុមារ​ដែល​បាន​ចូលរួម​។ កញ្ញា បាន​និយាយថា​៖«​រយៈពេល​ប្រមាណ​ ១ ​សប្ដាហ៍​នេះ យើង​បាន​រៀន​ពី​កីឡា ចំណេះដឹង​ផ្នែក​អប់រំ ភាពជា អ្នកដឹកនាំ ជាពិសេស សកម្ម​ភាព​លើក​ទឹក​ចិ​ត្ដ​កុមារ​ក្នុងការ​រៀនសូត្រ​តាមរយៈ​កីឡា​»​។

​ក្នុងនាម​ជា​និស្សិត​ដូចគ្នា​ពួក​គេ​បាន​ចែករំលែក​កម្មវិធីសិក្សា​អំពី​កីឡា​នៅតាម​សាលារៀន​រវាង​សិស្ស​-​និស្សិត​ប្រទេស​ទាំង ​២​។

​កញ្ញាប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ដោយសារ​កុមារ​កម្ពុជា​មិនសូវ​មានឱកាស​បាន​លេង​កីឡា ដូច​កុមារ​នៅ​ជប៉ុន​និស្សិត​ជប៉ុន​បាន​សិក្សា​ស្វែងយល់ និង​បង្កើត​កម្ម​​វិធី​ក៏ដូចជា​សកម្មភាព​ផ្សេងៗ​ដើម្បីឱ្យ​ពួកគេ​បាន​លេង​កីឡា​»​។

​កម្មវិធី ​«​ដំណើរ​កម្សាន្ដ​នៃ​ភាព​ចម្រុះ​» ​ដែល​ត្រូវបាន​រៀបចំឡើង​តាំងពី​ឆ្នាំ​ ២០១៤ ផ្តោតលើ​ការ​ជំរុញ​យុវជន​ឱ្យ​អភិវឌ្ឍ​សមត្ថ​ភាព និង​ជំនាញ​ក្នុង​សតវត្សរ៍​ទី២១ របស់​ពួកគេ ក៏ដូចជា​ផ្នត់​គំនិត​នៃ​ភាពជា​ពលរដ្ឋ​សកល​។​

​កម្មវិធី​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​នៅក្នុង​ប្រទេស​ចំនួន ៨ រួមមាន កម្ពុជា ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ឡាវ សិង្ហ​បុរី និង​ប៊ូ​តង់ ហើយ​ក្នុងអំឡុងពេល​កូ​វីដ​ ១៩ កម្មវិធី​អន​ឡាញ​ត្រូវបាន​ធ្វើឡើង​ដោយ​ភ្ជាប់​អ្នកចូលរួម​ជាមួយ​ប្រទេស​អាល្លឺម៉ង់​និង​អេ​ហ្ស៊ី​ប​។​

​លោក ដៃ​ស៊ូ​កេ បាន​លើក​ឡើង​ថា​៖ «​កម្មវិធី​នៅ​ភ្នំពេញ​បាន​ប្រារព្ធ​ឡើង​តាំងពី​រដូវក្តៅ​ឆ្នាំ ២០១៧ ចំនួន ៨ ដង (២ ដង​តាម​អន​ឡាញ​)​។ នៅក្នុង​កម្មវិធី​ជា​បន្តបន្ទាប់​នោះ មាន​និស្សិត​ប្រហែល ២៥០ នាក់ (​ជប៉ុន ១៥០ នាក់ និង ១០០ នាក់​) បាន​ចូលរួម​។ ខ្ញុំ​ចង់ឱ្យមាន​និស្សិត​កាន់តែច្រើន​ចូលរួម​ក្នុង​កម្មវិធី​របស់​យើង​ហើយ​ឥឡូវនេះ​យើង​ស្ថិតក្នុង​យុទ្ធសាស្ត្រ​នាំយក​និស្សិត​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន ដើម្បី​ពង្រីក​កម្មវិធី​»​។

​លោក​បន្ថែមថា​សម្រាប់​ក​ម្ម​វិធី​រដូវក្តៅ​ឆ្នាំ ២០២៣ នេះ ដូចដែល​កម្ពុជា​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹ​ត្ដិ​ការណ៍​ស៊ី​ហ្គេម​ប្រកបដោយ​ភាពជោគជ័យ អង្គការ GiFT ចង់​បន្ដ​លើកកម្ពស់​តម្លៃ​នៃ​កីឡា និង​ស្មារតី​នៃ​កីឡា​អូឡាំពិក (​សន្តិភាព​មិត្តភាព​សាមគ្គីភាព និង​យុត្តិធម៌​) ជាមួយនឹង​ពាក្យ​គន្លឹះ «Beyond the Games» ដល់​កុមារ​នៅ​កម្ពុជា​បន្ថែមទៀត​។​

​កញ្ញា កូ​បា​យ៉ា​ស៊ិ ណា​ហ្ស៊ុ​គិ ជា​និស្សិត​មកពី​សាកលវិទ្យាល័យ​តូ​យ៉ូ បានបង្ហាញ​នូវ​ភាព​រីករាយ​ក្នុង​កិច្ចសហការ​ជាមួយ​និស្សិត​កម្ពុជា និង​ចែករំលែក​ការអប់រំ​តាមរយៈ​កីឡា​។ កញ្ញា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​អ្វីដែល​ខ្ញុំ​បាននិងកំពុង​ធ្វើ​គឺ​សហការ​ជាមួយ​និស្សិត​ខ្មែរ ហើយ​យើង​ជួយ​គ្នា​ទៅវិញទៅមក​។ ចំណុច​សំខាន់​មួយទៀត គឺ​យើង​ផ្សព្វផ្សាយ​អំពី​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​និស្សិត​ខ្មែរ តាំងពី​ចំណុច​តូច​រហូតដល់​កិច្ចការ​ធំៗ​»៕