ភ្នំពេញៈ គ្រូបង្គោលក្រុមបឹងកេត លោក Teo Sin Choy Clement បានបង្ហាញការប្រតិកម្មទៅនឹងការសួរដេញដោលរបស់អ្នកគាំទ្រមួយចំនួន ជុំវិញការមិនដាក់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ឱ្យចូលលេង នៅពេលបឹងកេត បានចាញ់ក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) ៤-៣ ក្នុងការប្រកួតលីគកំពូលកម្ពុជា ចំណែកក្រុមអង្គរថាយហ្គឺរ ក៏បានចាញ់ក្រុមព្រៃវែងអេហ្វស៊ី នៅក្នុងទឹកដីខ្លួនឯងដូចគ្នា។
សម្រាប់ការប្រកួត ដែលត្រូវបានធ្វើឡើងក្រោមដំណក់ទឹកភ្លៀង នៅពហុកីឡដ្ឋានជាតិ កាលពីព្រលប់ថ្ងៃទី ២៣ ខែកញ្ញា កន្លងមកនេះ ក្រុមម្ចាស់ផ្ទះបឹងកេត បានរកគ្រាប់បាល់នាំមុខក្រុមទ័ព ចំនួន ៣ លើក ដែលជាការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ នៅនាទីទី២ ខ្សែប្រយុទ្ធស៊ែប៊ី GolubovicStefenនៅនាទីទី៤៧ និងគ្រាប់បាល់របស់ខ្សែបម្រើជប៉ុន YoshihamaRyoheiនៅនាទីទី៥៣។
តែទោះបីជាយ៉ាងណា ការនាំមុខចំនួន៣លើកនេះ ត្រូវបានលុបបំបាត់ដោយគ្រាប់បាល់របស់ខ្សែប្រយុទ្ធ ញាន សុស៊ីដាន ចំនួន២លើក គឺនៅនាទីទី៣៩ និងទី៥២ និងគ្រាប់បាល់របស់ខ្សែការពារ យ៉ង់ ភូមិន្ទ នៅនាទីទី៧០ ហើយបន្ថែមទៅលើគ្រាប់បាល់តាមស្មើនេះ ខ្សែបម្រើ ណាត សង្ហា ដែលដាក់ឱ្យចូលលេង នៅនាទីទី៦១ បានស៊ុតទម្លុះសំណាញ់ទីក្រុមបឹងកេត ១គ្រាប់ទៀត ដើម្បីជួយឱ្យក្រុមទ័ព ឈ្នះ ៤-៣ ដ៏មានន័យបំផុត។
ជាមួយលទ្ធផលនេះ លោក Teo Sin Choy Clement បាននិយាយក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា៖ «ខ្ញុំមានអារម្មណ៍សោកស្តាយចំពោះលទ្ធផលនៃការប្រកួតនៅថ្ងៃនេះ ហើយដូចខ្ញុំបាននិយាយមុនការប្រកួតអ៊ីចឹង គឺទ័ពជាក្រុមល្អមួយ។ ចំណែកភាពខុសប្លែកគ្នារវាង បឹងកេត និងក្រុមទ័ព គឺទ័ព មានការប្រឹងប្រែងខ្លាំង ព្រោះពួកគេមានផ្នត់គំនិតចង់ឈ្នះខ្លាំងជាងក្រុមរបស់យើង»។
យ៉ាងណាក៏ដោយ ចំពោះអ្នកគាំទ្រក្រុមបឹងកេត មួយចំនួន ហាក់បានទម្លាក់ការចាញ់ក្រុមទ័ពនេះ ដោយសារតែលោក Teo Sin Choy Clement មិនបានដាក់កីឡាករសំខាន់ៗមួយចំនួនឱ្យចូលលេង ជាពិសេសខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែលមិនមានឈ្មោះប្រកួតចំនួន២សប្តាហ៍មកហើយ។ តើគេបាត់ទៅណា ទើបមិនព្រមដាក់ឱ្យចូលលេង នៅក្នុងជំនួបសំខាន់បែបនេះ?។
ចំពោះការសួរដេញដោលនេះ លោក Teo Sin Choy Clement បានធ្វើការឆ្លើយតប ដោយពាក្យសម្ដីធ្ងន់ៗថា៖ «តើអ្នកចង់ឱ្យខ្ញុំដាក់កីឡាករ (ចាន់ វឌ្ឍនកា) មានរបួសចូលលេងមែន? តើអ្នកចង់ឱ្យខ្ញុំដាក់កីឡាករ ដែលទើបជាពីរបួសបានត្រឹម៥០ភាគរយឱ្យចូលលេងមែន? ហើយបើគាត់មិនទាន់មានកាយសម្បទាប្រសើរវិញផង តែអ្នកទាំងអស់គ្នា ចង់ឱ្យគាត់ចូលលេងទាំងបែបហ្នឹង គឺមានតែចង់ឱ្យគាត់ចូលនិវត្តន៍ពីបាល់ទាត់»។
គ្រូបង្វឹកជនជាតិសិង្ហបុរីរូបនេះ បានបន្ថែមថា៖ «គិតមកដល់ពេលនេះ ខ្ញុំនៅមិនទាន់អាចរៀបចំក្រុមបឹងកេតឱ្យខ្លាំងបានទេ ព្រោះ ចាន់ វឌ្ឍនាកា ក៏របួស ចន្ថា ចន្ធាកា ក៏ទើបជាពីរបួស រីឯកីឡាករមួយចំនួនទៀតក៏មានរបួស ដែលទាមទារឱ្យយើងមានការផ្លាស់ប្តូរ ប៉ុន្តែខ្ញុំក៏មិនមានន័យថា ការមិនបានដាក់កីឡាករទាំងនោះ ឱ្យចូលលេង វាធ្វើឱ្យការប្រកួតចាញ់ទេ»។
ចំណែក លោក ភា សុភ័ក្ត្រា គ្រូបង្គោលក្រុមទ័ព បានបង្ហាញការភ្ញាក់ផ្អើល និងរំភើបខ្លាំង ចំពោះការវាយបកយកឈ្នះក្រុមបឹងកេត ហើយការទទួលបាន៣ពិន្ទុដ៏មានន័យថា បានធ្វើឱ្យក្រុមទ័ព មាន១០ពិន្ទុ ស្មើជាមួយបឹងកេត ចំណែកក្រុមព្រៃវែង ក៏មាន១០ពិន្ទុដែរ បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ ២-១ កាលពីថ្ងៃទី២៣ ខែកញ្ញា នោះដែរ។
លោក ភា សុភ័ក្រ្តា បាននិយាយក្រោយការប្រកួតថា៖ «វាជារឿងដ៏មិនគួរឱ្យនឹកស្មាន ព្រោះខ្ញុំដូចជាអស់ទឹកចិត្តបន្តិចហើយ នៅពេលគេនាំមុខលើកទី៣ ដោយសារកីឡាកររបស់យើងមានរបួស និងរមួលក្រពើច្រើនមែនទែន ដែលយើងសម្រេចចិត្តប្តូរ តែនេះជាអ្វីដែលយើងបាននិយាយជាមួយកីឡាករបម្រុងរួចហើយថា កីឡាករដែលបានជ្រើសរើសទាំង២១នាក់នេះ គឺស្មើ១១នាក់ទាំងអស់ ហើយទីបំផុតទាំងអ្នកលេងមុន និងអ្នកចូលទៅក្រោយ បានប្រឹងប្រែងរហូតដល់ឈ្នះការប្រកួតនេះ»។
យ៉ាងណាក៏ដោយ ដោយសារការប្រកួតនេះ មានការរំខាន ដោយសារភ្លៀង ដែលមានទឹកដក់ នៅលើទីលានខ្លះៗ នាំឱ្យមានការពិបាក ក្នុងការលេងដោយប្រើបច្ចេកទេសនោះ លោក ភា សុភ័ក្ត្រា បានបញ្ជាក់ថា៖ «ក្រោយពីយើងមិនអាចប្រើតាក់ទិកបាន មានតែប្រើឆន្ទៈ និងការប្រជែងគ្នា អ៊ីចឹងក្រុមទាំង២នេះ ឆន្ទៈ ប៉ះឆន្ទៈ សម្រាប់ការប្រកួតនេះ»៕