​ភ្នំពេញៈ ដោយមាន​អតីត​កាល​ជា​កីឡាករ​ផ្នែក​ប្រយុទ្ធ​ដ៏​ជំនាញ​ម្នាក់ ដែល​បាន​ឆ្លងកាត់​ភាពជូរចត់​រាប់មិនអស់ ទាំង​នៅលើ​ការហ្វឹកហាត់ និង​ការប្រកួត នៅលើ​ទីលាន អគ្គ​លេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) លោក វ៉ា​ត់ ចំរើន បាន​ថ្លែងថា វិស័យ​កីឡា នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន បាននិងកំពុង​មានកា​រ​រីកចម្រើន​ផុសផុល​ខ្លាំង ហើយ​ភាពជោគជ័យ​ដ៏​ត្រចះត្រចង់​នៃ​ការធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ជា​ប្រវត្តិ​សាស្ត្រ​លើកដំបូង​នៅ​ឆ្នាំ​ ២០២៣ បាន​ក្លាយជា​ឧត្តមភាព ដែល​ធ្វើឱ្យ​វិស័យ​កីឡា បាន​ដើរ​នាំមុខ​វិស័យ​ផ្សេងៗ​ទៀត នៅ​កម្ពុជា​។​

​បើទោះបីជា​វិស័យ​កីឡា​ដ៏​រុងរឿង​របស់​កម្ពុជា កាលពី​សម័យ​ដើម ត្រូវបាន​រលាយបាត់ ដោយសារ​សង្គ្រាមរ៉ាំរ៉ៃ ហើយ​ត្រូវបាន​បង្កើតឱ្យមាន​ឡើងវិញ ទាំង​លំបាក បន្ទាប់ពី​របប​ប្រល័យពូជសាសន៍​ប៉ុល​ពត បាន​ដួលរលំ នា​ថ្ងៃទី​ ៧ ខែមករា ឆ្នាំ​ ១៩៧៩ ប៉ុន្តែ​ការវិវឌ្ឍ​បន្តិច​ម្តងៗ​នៃ​វិស័យនេះ បានចាប់ផ្តើម​ចេញ​ជា​ផ្លែផ្កា នៅពេល​ព្រឹទ្ធាចារ្យ​កីឡា និង​គ្រូ​គុន​មួយចំនួន ដែល​រួច​ផុតពី​ការស្លាប់ ក្នុង​របប​ដ៏​ខ្មៅ​ងងឹត បាន​ប្រមូល​ផ្តុំគ្នា បង្កើតជា​សមាគម​កីឡា ក្នុងនាម​ជា​អ្នកស្ម័គ្រចិត្ត នៅតាម​ខេត្ត​មួយចំនួន​។​

​ជាមួយគ្នានេះ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​ធ្លាប់​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា GANEFO លើក​ទី ​២ ឆ្នាំ​ ១៩៦៦ ដ៏​រុងរឿង កាលពី​សម័យ​សង្គមរាស្ត្រនិយម​នោះ បានក្លាយ​ជាទី​តាំង​ដ៏​សំខាន់ សម្រាប់​ការ​ស្នាក់នៅ​របស់​អ្នកកីឡា ដើម្បី​ធ្វើការ​ហ្វឹកហាត់ និង​ប្រកួត​កីឡា​ឡើងវិញ នៅ​អំឡុង​ឆ្នាំ​ ១៩៨១ និង​ឆ្នាំ​ ១៩៨២ ហើយ​កម្ពុជា បាន​បញ្ជូន​ប្រតិភូ​កីឡា​ចូលរួម​ការប្រកួត​ស៊ី​ហ្គេម ឡើងវិញ ជា​លើកដំបូង នៅ​ឆ្នាំ​ ១៩៨៣ គឺ​ក្នុងពេល​ប្រទេស​សិង្ហ​បុរី បាន​ធ្វើជា​ម្ចាស់ផ្ទះ តែ​កម្ពុជា មិន​ដណ្តើមបាន​មេ​ដាយ​ទេ​។ ចំណែក​នៅ​ឆ្នាំ​ ១៩៨៥ កម្ពុជា បាន​បញ្ជូន​ប្រតិភូ​កីឡា ទៅ​ចូលរួម​ការប្រកួត​ស៊ី​ហ្គេម នៅ​ប្រទេស​ថៃ ជាថ្មី​ម្តងទៀត ប៉ុន្តែ​នៅតែ​មិន​ដណ្តើមបាន​មេដាយ​ដដែល​។ តែ​ទោះបីជា​យ៉ាងណា សម្រាប់​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​១៤ នៅ​ឥណ្ឌូនេស៊ី ក្រុម​អត្ត​ព​លិ​ក​កម្ពុជា បានឈ្នះ​មេដាយប្រាក់ ​១ និង​សំរឹទ្ធ​ ៩ ជា​លើកដំបូង​។​

​បន្ទាប់មក កម្ពុជា បាន​អាក់​​ខាន សម្រាប់​ការចូលរួម​ប្រកួត​ស៊ី​ហ្គេម​ចំនួន​ ៣​ លើក​ទៀត គឺ​ឆ្នាំ​ ១៩៨៩ នៅ​ម៉ាឡេស៊ី ឆ្នាំ​ ១៩៩១ នៅ​ហ្វីលីពីន និង​ស៊ី​ហ្គេម ឆ្នាំ​១ ៩៩៣ នៅ​សិង្ហ​បុរី ប៉ុន្តែ​កម្ពុជាបាន​ចូលរួម​ប្រកួត​ស៊ី​​ហ្គេម បាន​ជាប់លាប់​វិញ ចាប់តាំងពី​ឆ្នាំ ​១៩៩៥​ មក ហើយ​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា បានឈ្នះ​មេដាយមាស​ជា​លើកដំបូង ពី​ព្រឹត្តិការណ៍​នេះ នៅ​ឆ្នាំ​ ២០០១ គឺ​នៅពេល​ម៉ាឡេស៊ី បាន​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​កាលនោះ​កម្ពុជា បាន​បញ្ជូន​ប្រតិភូ​កីឡា​ទៅ​ចូលរួម ​៩២​ នាក់ និង​ឈ្នះ​បាន​មេដាយ​សរុប​ ៧ គឺ​មាស ​១ ប្រាក់​ ១ សំរឹទ្ធ​ ៥ និង​ឈរ​នៅ​លេខ​ ៩ ក្នុងចំណោម​ ១០ ​ប្រទេស​។

​ចាប់តាំងពី​ពេលនោះ​មក ក្រុម​អត្ត​ព​លិ​ក​កម្ពុជាបាន​ចេញទៅ​ប្រកួតនៅលើ​ឆាក​អន្តរជាតិកាន់តែច្រើន និង​ដណ្តើមបាន​មេដាយ​ជូន​ជាតិ​ជា​បន្តបន្ទាប់​។ ជាមួយគ្នានេះ ប្រវត្តិសាស្ត្រ​នៃ​វិស័យ​កីឡា​របស់​កម្ពុជា ត្រូវបាន​បង្កើតឡើង នៅពេល​រាជ​រដ្ឋា​ភិ​​បាល​កម្ពុជា បានសម្រេច​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ជា​លើកដំបូង កាលពី​ខែឧសភា ឆ្នាំ​ ២០២៣​ នេះ ហើយ​វា​ក៏​ជា​ពេលដែល​កម្ពុជា បាន​បំបែក​កំណត់ត្រា ឈ្នះ​មេដាយ​បាន​ច្រើន​បំផុត គឺ​មេដាយមាស​ ៨១ ប្រាក់​ ៧៤ សំរឹទ្ធ​ ១២៧ និង​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​ ៤ ក្នុងចំណោម​ប្រទេស​ទាំង ​១១ នៅ​អាស៊ាន ជា​លើកដំបូង​។​

​ជាមួយ​ការចាប់ផ្តើម​សកម្ម​ភាព​កីឡា​ពី​បាត​ដៃទទេ និង​ផេះផង់​ធូលី ដែល​បន្សល់ទុក​ពីរ​បប​ប៉ុលពត រហូត​ក្លាយជា​វិស័យ មានការ​រីកចម្រើន និង​ផុសផុល​ខ្លាំង​នេះ លោក វ៉ា​ត់​ ចំរើន បាន​អះអាងថា វា​កើតឡើង​ដោយសារ​មានការ​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​រួមគ្នា​ទទួលខុសត្រូវ របស់​មហា​គ្រួសារ​កីឡា​កម្ពុជា និង​ប្រជាជន​កម្ពុជា ក្រោម​ការជួយ​ជ្រោ​ម​​ជ្រែង​ពី​រាជរដ្ឋាភិបាល ដោយបាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​កំណែទម្រង់​ដ៏​ស៊ីជម្រៅ នា​សម័យកាល​ថ្មី​នេះ ហើយ​ភាពជោគជ័យ នេះ វា​ជា​បន្ទាត់​មួយ ក្នុងការ​រុញ​កម្លាំងចិត្ត​ឱ្យធ្វើ​ការ​ងារ​កីឡា​កាន់តែ​បានល្អ​ថែមទៀត​។

​លោក វ៉ា​ត់ ចំរើន បាន​ថ្លែងថា​៖ «​ភាពជោគជ័យ​ដ៏​ត្រ​ចេះ​ត្រចង់ បានមកពី​ស៊ី​ហ្គេម ធ្វើឱ្យ​សង្គមជាតិ​របស់​យើង​ផុសផុល ដោយ​យើង​ឃើញថា សហព័ន្ធ​កីឡា​ជាតិ ពេលនេះ​មាន​ភាព​មមាញឹក គឺ​គ្រាន់តែ​គាត់​បើកទ្វារ​ទទួលយក​សិស្ស​ហ្វឹកហាត់ មាន​សិស្ស​ចូល​ហាត់​ពេញៗ​តែម្តង អ៊ីចឹង​បានន័យថា ការយល់ដឹង ការ​ជ្រួតជ្រាប និង​ការ​ផុសផុល​របស់​ប្រជាជន​យើង ដោយសារតែ​ស៊ី​ហ្គេម​ហ្នឹង គឺមាន​ច្រើនណាស់​»​។​

ចំពោះ​ភាព​ផុសផុល​ខ្លាំង នៅក្នុង​វិស័យ​កីឡា នាពេលនេះ ដោយសារតែ​ប្រជាពលរដ្ឋ បាន​ស្គា​ល់ពី​គុណ​តម្លៃ និង​អត្ថ​ប្រយោជន៍​របស់​កីឡា សម្រាប់​សង្គមជាតិ និង​សម្រាប់​ជីវិត​បុគ្គល​ម្នាក់ៗ ដែល​កម្ពុជា​បានកំណត់​យក​គោលការណ៍​ផ្សព្វ​ផ្សាយ តាមរយៈ​ការធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ថា «​ប្រជាជន​ម្នាក់ ត្រូវ​លេង​កីឡា ​១ ​ប្រភេទ​ប្រចាំជីវិត​យ៉ាងតិច​» ហើយ​គោលការណ៍​នេះ គឺ​សម្រាប់​ជាតិ​របស់​យើង ទៅ​ថ្ងៃក្រោយ​ទៀត​។

​ទន្ទឹមនឹងនេះ ការ​ឈ្នះ​បាន​មេដាយ​​មាស​ចំនួន​ ៨១ ពី​ការធ្វើ​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម ជា​លើកដំបូង​នេះ លោក វ៉ា​ត់ ចំរើន បាន​សង្កត់​ធ្ងន់​ថា វា​បាន​ក្លាយជា​ប្រវត្តិ​សាស្ត្រ​មិន​ធ្លាប់មាន ដែល​ធ្វើឱ្យ​ខ្មែរ​រស់នៅ​ក្នុងស្រុក និង​ក្រៅប្រទេស បើកភ្នែក​ធំៗ ដោយ​ងឿងឆ្ងល់​ថា មិនដឹង​ជាមាន​កីឡាករ កីឡាការិនី មកពីណា យកបាន​មេដាយ​ច្រើន គឺ​ពួក​​គាត់ មិន​នឹកស្មាន​ដល់​ថា ខ្មែរ​យើង​មាន​សមត្ថភាព​ដល់​ប៉ុណ្ណឹង ហើយ​ការសរសើរ ដោយ​ការភ្ញាក់ផ្អើល​នេះ បានធ្វើឱ្យ​វិស័យ​កីឡា​ទទួលបាន​នូវ​ឧត្តមភាព លើ​វិស័យ​ផ្សេងៗ​ទៀត នៅ​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា​៖ «​នេះ​ជាការ​កោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​យើង អ៊ីចឹង​យើង​ត្រូវ​បន្ត​សក្តា​នុព​ល​នេះ ព្រោះ​ប្រទេស​របស់​យើង ត្រូវការ​ឧត្តមភាព​របស់​ជាតិ នៅលើ​ឆាក​អន្តរជាតិ ហើយ​មកដល់ពេលនេះ ឧ​ត្ត​ម​​ភាព​ជាតិ​របស់​វិស័យ​កីឡា បាន​ដើរ​មុនគេ គឺ​បានបង្ហាញ​នៅលើ​ឆាក​អន្តរជាតិ​មុនគេ​ហើយ អ៊ីចឹង​យើង​នឹង​ខិតខំ​ប្រឹង​ប្រែង​បន្តទៀត ក្នុងការ​កែទម្រង់​វិស័យ​កីឡា​របស់​យើង​»​។​

​សម្រាប់​ការត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី៣២ ឆ្នាំ​ ២០២៣ កន្លងមកនេះ រាជ​​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​របស់​សហ​ព័ន្ធ​កីឡា​ជាតិ​ចំនួន ៣៦ ដែលមាន​អត្ត​ព​លិ​ក គ្រូបង្វឹក អនុ​​រក្ស និង​ក្រុមបច្ចេកទេស​សម្រាប់​ត្រួតពិនិត្យ សរុប​ចំនួន​ ១១-១៤ ខណៈ​អត្ត​ព​លិ​ក​មួយចំនួនទៀត បាន​ហ្វឹកហាត់​នៅក្រៅ​ប្រទេស ព្រោះ​ការប្រកួត​ស៊ី​ហ្គេម​នេះ កម្ពុជា បានដាក់​ប្រតិភូ​កីឡា​ចំនួន​ ១ ១៥៨ ​នាក់ ឱ្យ​ចូលរួម​ប្រកួត​ជាមួយ​ប្រតិ​ភូ​កីឡា មកពី​បណ្តា​ប្រទេស​ចំនួន ​១០​ ទៀត ដែលមាន​ប្រតិភូ​កីឡា​សរុប​ទាំងអស់ ១២ ៤០៤ ​នាក់​។​

​លោក ធិ​ន វិចិត្រ អនុប្រធាន​ទទួលបន្ទុក​រួម​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា គិត​ត្រឹម​ឆ្នាំ ២០២៣​ នេះ ចំនួន​សហព័ន្ធ​កីឡា​ជាតិ នៅក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ ៦០ ដោយ​ក្នុងនោះ សហព័ន្ធ​កីឡា​អូឡាំពិក មាន​ ២៩ និង​សហ​ព័ន្ធ​កីឡា​មិន​អូឡាំពិក​មាន​ចំនួន ​៣១​។

បើតាម​តួលេខ​នេះ បាន​បង្ហាញថា ចំនួន​សហព័ន្ធ​កី​ឡ​ជាតិ មានការ​កើនឡើង​ច្រើន បើ​ធៀប​ទៅនឹង​ការបង្កើតឱ្យមាន​សកម្ម​ភាព​កីឡា​ឡើងវិញ ក្រោយ​ឆ្នាំ​ ១៩៧៩ ហើយ​ចំនួន​កីឡាករ កីឡាការិនី នៅតាម​សហព័ន្ធ​កីឡា​នីមួយៗ ក៏បាន​កើនឡើង​ផងដែរ​។ ចំ​ណែ​ក​សមត្ថភាព និង​គុណ​​ភាព​នៃ​ការប្រកួតប្រជែង​របស់​អត្ត​ព​លិ​ក​កម្ពុជា ក៏​កើនឡើង​ខ្ពស់ ហេតុនេះ​ទើប​ធ្វើឱ្យ​កម្ពុជា ទទួលបាន​លទ្ធផល​ដ៏​ល្អ​ឥត​​ខ្ចោះ សម្រាប់​ការធ្វើជា​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​​ហ្គេម ឆ្នាំ​ ២០២៣ ​នេះ​។​

​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានសម្រេច​មិនឱ្យ​យក​តម្លៃ​សេវា​គ្រប់យ៉ាង ពី​ប្រតិភូ​កីឡា​គ្រប់​ប្រទេស ដែល​បាន​ចូលរួម​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​ ២០២៣ ​នេះ បានធ្វើឱ្យ​អន្តរ​ជាតិ មានការ​កោតសរសើរ​ខ្លាំង ចំពោះ​ទឹកចិត្ត​របស់​កម្ពុជា ដែលជា​ប្រទេស​តូច តែមាន​បេះដូង​ធំ ដោយ​ហ៊ាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ប្រមាណ​ ១១៨​ លាន​ដុល្លារ សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​។

​បន្ថែម​លើ​នេះ ការផ្តល់​សិទ្ធិ​ឱ្យ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​ជាតិ និង​អន្តរជាតិ ធ្វើការ​ផ្សាយ​ដោយ​មិន​យកប្រាក់ បានធ្វើឱ្យ​ស៊ី​ហ្គេម នៅ​កម្ពុជា មាន​ភាព​ល្បី​រន្ទឺ​ខ្លាំង នៅ​ទូទាំង​ពិភពលោក ដោយមាន​អ្នក​ចូល​មើល​ព្រឹត្តិការណ៍​នេះ តាមរយៈ​ការផ្សាយ​បន្ត​ផ្ទាល់ ព្រម​ទាំង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​សង្គម​ផ្សេងៗ សរុប​ប្រមាណ​ ៣២​ កោដិ ហើយ​នេះ​ជា​តួលេខ​ខ្ពស់បំផុត មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិ​ស៊ី​ហ្គេម នោះទេ​។

យ៉ាងណាក៏ដោយ លោក វ៉ា​ត់ ចំរើន ដែល​ទើប​ទទួលបាន​តួនាទី​ថ្មី ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ទទួលបន្ទុក​ខាង​កីឡា​នេះ បាន​ថ្លែងថា ការធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ជា​យុទ្ធសាស្ត្រ​ដាច់ដោយឡែក ក្នុងការ​សម្រេចបាន​នូវ​លទ្ធ​ផល​ដ៏​ជោគជ័យ ប៉ុន្តែ​កម្ពុជា នៅមាន​ការងារ​ច្រើនណាស់ ដែល​ត្រូវធ្វើ​បន្ត ដើម្បី​អាចឈាន​ទៅ​សម្រេច​ក្តី​សុបិន​ធំ ដែល​ខ្លួន​មិនទាន់​ធ្វើបាន ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក​ហ្គេម​។​

​លោក វ៉ា​ត់ ចំរើន បាន​ថ្លែងថា​៖ «​យើង​កំពុងតែ​រុញ​សុបិន​របស់​យើង និង​ការអភិវឌ្ឍ​កីឡា​របស់​យើង ឆ្ពោះទៅរក​ភាពជោគជ័យ​ចុងក្រោយ​របស់​យើង គឺ​ឥឡូវនេះ យើង​អត់​មាន​អ្វី​ក្រៅពី​សុបិន​ថា កម្ពុជា​ដណ្តើមបាន​មេដាយ​ពី​អូ​ឡាំ​ពិ​ក​ហ្គេម អ៊ីចឹង​គោលដៅ​ទាំងអស់​ហ្នឹង វា​ត្រូវមាន​ការគាំទ្រ និង​ចូលរួម​បណ្តុះបណ្តាល​ធន​ធាន​កីឡា​ឱ្យបាន​ពេញទំហឹង ហើយ​កូន​ខ្មែរ​ទាំងអស់ ត្រូវយក​គោលដៅ​នេះ ដើម្បី​អាច​ក្លាយជា​វីរបុរស​របស់​ជាតិ​ប្រចាំ​កីឡា​រាប់រយឆ្នាំ​បន្ត​ទៅមុខទៀត ដែល​គេ​ផ្តល់​កិត្តិយស និង​តម្លៃ​យ៉ាង​ធំធេង​សម្រាប់​កម្ពុជា​»​។ «​យើង​ត្រូវមាន​សុបិន និង​រុញ​គោលដៅ ព្រោះ​អាហ្នឹង​ជា​មេដែក​ទាក់ទាញ ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​កម្រិត​ខ្ពស់ ស៊ី​ហ្គេម ខ្មែរ​ធ្វើបាន ចុះ​រឿង​អី​សុបិន​របស់​យើង ក្នុងការ​ឈានទៅ​ដណ្តើម​មេដាយ នៅ​អូឡាំពិក យើង​ធ្វើ​មិនបាន គឺ​យើង​នៅតែ​ធ្វើបាន​»៕