
វីរកីឡាការិនីជឺជីតស៊ូរបស់កម្ពុជា ខាន់ ចេសា (បែរខ្នង) និងកីឡាការិនីរបស់អាមេរិក Danielle Kelly ប្រកួតក្នុងព្រឹត្តិការណ៍ ONE Championship នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី ៣០ ខែកញ្ញា។ រូបភាព one
ភ្នំពេញៈ វីរកីឡាការិនីជឺជីតស៊ូរបស់កម្ពុជា ខាន់ ចេសា មិនអាចប្រើជំនាញដ៏ខ្លាំងរបស់ខ្លួន ដើម្បីឈានទៅបង្កើតប្រវត្តិសាស្ត្រថ្មី សម្រាប់ការឈ្នះខ្សែក្រវាត់កម្រិតពិភពលោក ពីព្រឹត្តិការណ៍ ONE Championship ជាលើកដំបូងបាននោះទេ បន្ទាប់ពីម្ចាស់មេដាយមាសកីឡាអាស៊ីរូបនេះ បានចាញ់កីឡាការិនីរបស់អាមេរិក Danielle Kelly សម្រាប់ការប្រកួត នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី៣០ ខែកញ្ញា កន្លងមកនេះ។
កីឡាករកូនខ្មែរ-អាមេរិក ខាន់ ចេសា បានបង្ហាញការខកចិត្តខ្លាំង ដែលនាងមិនអាចដណ្តើមបានខ្សែក្រវាត់ពិភពលោក Atomweight Submission Grappling World Title នៅ ONE បាន ហើយ ចេសា បានបន្ទោសការបរាជ័យនេះថា ជាកំហុសរបស់កញ្ញាផ្ទាល់ ដែលមិនអាចរក្សាឱកាសចាប់ក្លេទៅលើកីឡាការិនី Danielle Kelly ឱ្យបានល្អ ដើម្បីទទួលបាន ជ័យជម្នះ។
ខាន់ ចេសា បានបង្ហោះសារ នៅលើ Instagram របស់ខ្លួន ក្រោយការប្រកួតថា៖ «វាមិនមែនជាលទ្ធផលដែលខ្ញុំចង់បាននោះទេ ប៉ុន្តែវាមិនអីទេ។ ខ្ញុំដឹងថា ជំនាញជឺជីតស៊ូរបស់ខ្ញុំល្អជាង ប៉ុន្តែដៃគូរបស់ខ្ញុំ នាងមានយុទ្ធសាស្ត្រល្អ ដែលរុញខ្ញុំផ្ទប់ទៅនឹងសំណាញ់ទ្រុង។ ខ្ញុំបានធ្វើចលនាល្អមួយចំនួន ដូចជាការចាប់ក្លេ នៅផ្នែកខាងក្រោយ។ កំហុសខ្ញុំមិនអាចក្លេឱ្យជាប់បាន ដែលធ្វើឱ្យខ្ញុំទៅធ្វើសកម្មភាពផ្សេងទៀត»។
សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក Atomweight Submission Grappling World Title ដោយមានរយៈពេល១០នាទី នៅក្នុងសាលពហុកីឡដ្ឋានរបស់សិង្ហបុរី កាលពីថ្ងៃទី៣០ ខែកញ្ញានោះ ខាន់ ចេសា បានរក្សាការចាប់ក្លេ ដោយប្រើជើងទាំង២គាបចង្កេះ និងជើងរបស់ Danielle Kelly ចូល៥នាទី ប៉ុន្តែនៅក្នុងអំឡុងពេលនោះ Kelly ក៏បានប្រើកម្លាំងដ៏រឹងមាំរបស់នាង រុញផ្អឹប ខាន់ ចេសា ផ្ទប់ទៅនឹងសំណាញ់ទ្រុងផងដែរ។
បន្ទាប់ពី Danielle Kelly បានដោះក្លេពីការចាប់គាបជើង និងរឹតករបស់ ខាន់ ចេសា បានហើយនោះ កីឡាការិនីរបស់អាមេរិកម្នាក់នេះ បានព្យាយាមគាបសង្កត់ ក្នុងបំណងចាប់ក្លេ ខាន់ ចេសា វិញ ប៉ុន្តែ ចេសា បានបង្វិលខ្លួនយ៉ាងរហ័ស ហើយបានចាប់ក្លេ Kelly ដោយប្រើជើងទាំង២ គាបត្រង់ចង្កេះ និងយកដៃទាំង២រឹតក ដែលស្នៀតនេះ ត្រូវបានគេមើលឃើញថា Kelly នឹងអាចសុំចុះចាញ់ ចេសា ដោយសារមិនអាចទ្រាំទ្រក្បាច់ក្លេរឹតកយ៉ាងណែននេះបាន។
តែទោះបីជាយ៉ាងណា Danielle Kelly មិនបានបោះបង់នោះទេ នាងបានប្រើពេលជាង១នាទី ដើម្បីដោះក្លេនេះ ហើយបន្ទាប់មក បានព្យាយាមប្រើជង្គង់ សង្កត់ទៅលើដើមទ្រូង ចេសា វិញ ដែលបានព្យាយាមចាប់ក្លេនៅពីខាងក្រោមជាបន្តទៀត។ ក្រោយមក Kelly បានចាប់ក្លេជើងរបស់ ខាន់ ចេសា បានវិញ រួចបន្តដាក់សម្ពាធ ចេសា ដោយការរុញកីឡាការិនីរបស់កម្ពុជាម្នាក់នេះ ទៅផ្ទប់នឹងសំណាញ់ទ្រុង ហើយក៏ពេលដែលលោកអាជ្ញាកណ្តាល បានព្រមានដល់ ខាន់ ចេសា ផងដែរ ព្រោះមិនបានបង្ហាញសញ្ញា ក្នុងការខំរើបម្រះ។
បន្ទាប់ពីការព្រមាននេះ Danielle Kelly បានព្យាយាមចាប់សង្កត់ ខាន់ ចេសា ផ្ទប់ទៅនឹងសំណាញ់ ហើយនៅពេល ចេសា បានរើបម្រះរួច ដើម្បីចាប់ក្លេជើងស្តាំរបស់ខ្លួនវិញនោះ Kelly បានព្យាយាមរុលឡើងទៅលើ រួចយកដៃចាប់ក្លេ ចេសា បានប្រមាណជាង១០វិនាទីចុងក្រោយ។ ជាលទ្ធផលនៃការប្រកួតយ៉ាងស្វិតស្វាញនេះ ចៅក្រមទាំង៣នាក់ បានផ្តល់ពិន្ទុឱ្យ Kelly ឈ្នះ ខាន់ ចេសា មិនឯកច្ឆន្ទ ២-១។
សម្រាប់ការឈ្នះបានខ្សែក្រវាត់ Atomweight Submission Grappling World Title នៅ ONE ជាលើកដំបូងនេះ Danielle Kelly បានបង្ហាញការរីករាយរហូតយំ ដើម្បីបង្ហាញពីក្តីរំភើប ចំពោះការយកឈ្នះ ខាន់ ចេសា ទាំងលំបាកនេះ ហើយនេះក៏ជាពេលដែលនាងសងសឹកបានសម្រេច ចំពោះការចាញ់ ខាន់ ចេសា ក្នុងព្រឹត្តិការណ៍ «Who’s Number One» ឬ «នរណាលេខ១» ដែលរៀបចំដោយស្ថាប័នកីឡា FloGrappling នៅរដ្ឋតិចសាស សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ផងដែរ។
ផ្ទុយពីនេះ វីរកីឡាការិនីរបស់កម្ពុជា ខាន់ ចេសា បានបង្ហាញការខកចិត្តខ្លាំង ដែលនាងមិនអាចដណ្តើមបានខ្សែក្រវាត់ពិភពលោក ពីការប្រកួត នៅ ONE Championship ជាលើកដំបូងនេះ ហើយ ចេសា បានបន្ទោសការបរាជ័យនេះថា ជាកំហុសរបស់កញ្ញាផ្ទាល់ ដែលមិនអាចរក្សាឱកាសចាប់ក្លេទៅលើកីឡាការិនី Danielle Kelly ឱ្យបានល្អ ដើម្បីទទួលបានជ័យជម្នះ។
យ៉ាងណាក៏ដោយ ខាន់ ចេសា បានបន្ថែមថា៖ «និយាយពីជឺជីតស៊ូ វាជារឿងសប្បាយ។ អ្នកកំពុងតែរៀនសូត្រពីវាជាប្រចាំ ហើយឃើញផ្នែកណា ដែលអ្នកត្រូវធ្វើការកែលម្អ ដើម្បីពង្រឹងជំនាញជឺជីតស៊ូរបស់អ្នក ឱ្យកាន់តែប្រសើរ។ ខ្ញុំចង់អរគុណព្រះ ដែលបានផ្តល់កម្លាំងដល់ខ្ញុំ និងអនុញ្ញាតឱ្យខ្ញុំ បានឡើងប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។ លទ្ធផលខុសគ្នាពីអ្វីដែលខ្ញុំប៉ង ប៉ុន្តែខ្ញុំដឹងថា គាត់ [ព្រះ] មានផែនការសម្រាប់ខ្ញុំ!»។
វីរកីឡាការិនីរបស់កម្ពុជារូបនេះ បានបន្ថែមទៀតថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា សម្រាប់ខ្ញុំ ខ្ញុំដឹងអំពីផែនការ ដែលខ្ញុំមានសម្រាប់អ្នក ហើយគ្រោងនឹងធ្វើឱ្យអ្នករាល់គ្នា បានចម្រើនឡើង ហើយមិនធ្វើឱ្យអ្នកខូចចិត្តឡើយ គឺជាផែនការផ្ដល់សេចក្ដីសង្ឃឹម និងអនាគតដល់អ្នក»៕