ភ្នំពេញៈ​ កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​ទាំង​៣​នាក់​រួម​មាន ធឿន ធារ៉ា, ផល សោភ័ណ្ឌ និង រឿង សោភ័ណ្ឌ សុទ្ធតែ​ដណ្តើម​បាន​ខ្សែ​ក្រវាត់​កម្រិត​ពិភព​លោក​របស់​ស្ថាប័ន International Professional Combat Council (IPCC) នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត «សេនាគុនខ្មែរ​យ័ន្ត ​៨ ​ទិស» ចំណែក ពេជ្រ សម្បត្តិ ក៏​បាន​បង្កើត​ភាពអស្ចារ្យ ដើម្បី​ឈ្នះ​រហស្សនាម «ក្របី​ព្រៃ»​ ផ្តាច់​មុខ​​ផង​ដែរ ប៉ុន្តែអ្នក​លេង​កន្រ្តៃដៃឯក ព្រំ សំណាង បាន​ត្រឹម​សម្រក់ទឹក​ភ្នែក ដែល​មិន​អាចដណ្តើម​បានខ្សែ​ក្រវាត់​ខ្ពស់​បំផុត​របស់ IPCC។

តាម​រយៈការ​ប្រកួត នៅ​សង្វៀន​ថោន កាលពី​យប់​ថ្ងៃទី​ ៣០ ខែកញ្ញា កន្លងមក​នេះ ធឿន ធារ៉ា និង ព្រំ សំណាង ត្រូវបាន​ដាក់​ឱ្យ​​​​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភពលោក​​កម្រិត​ខ្ពស់បំផុត​របស់​ស្ថានប័នIPCCគឺ​ខ្សែ​ក្រវាត់ IPCC Kun Khmer Intercontinental ជាមួយអ្នក​ប្រយុទ្ធ​មក​ពី​​ក្រៅ​ទ្វីប ជា​លើក​ដំបូង​ ប៉ុន្តែ​កីឡាករតំណាង​ឱ្យកម្ពុជា​ទាំង​២​នាក់នេះ ទទួលបាន​លទ្ធផល​ផ្ទុយ​គ្នា។

សម្រាប់​ការ​ប្រកួត ដែល​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាងច្រើន​បំផុត​នោះ អ្នក​លេង​ពូដៅដៃ ធឿន ធារ៉ា ​បាន​យក​ឈ្នះម្ចាស់​ខ្សែ​ក្រវាត់​៣សម័យ​កាល SabriBenhyenaរបស់​ប្រទេស​​ទុយ​នីស៊ី ដោយពិន្ទុ​ដាច់ ដោយ​ក្នុង​នោះ ធារ៉ា បាន​ម៉ាត់​ដៃគូ​ម្នាក់​នេះ បណ្តាល​ឱ្យ​ដួល​ទាំង​វង្វេង និង​ត្រូវ​​បានអាជ្ញាកណ្តាលរាប់ចំនួន២​ដង នៅ​ក្នុង​ទឹក​ទី​២ ហើយ​ក៏​បាន​វាយកែង​បណ្តាល​ឱ្យ​បែក​​ធំ នៅ​លើ​ផ្ទៃ​មុខ ក្នុង​ទឹកទី​៣ផងដែរ ដើម្បី​ក្លាយជា​ម្ចាស់ខ្សែ​ក្រវាត់ពិភព​លោក​របស់ IPCC ជា​លើក​ដំបូង។

ចំពោះ​ការ​ប្រកួត​នេះ ធឿន ធារ៉ា បាន​និយាយ​ថា៖ «​ការ​សម្រុក​វាយ​​កែង​​​តាំង​ពី​ទឹក​ទី១​នេះ ដើម្បី​​​ឱ្យគេ​ញញើត មិនសូវ​ហ៊ានជាមួយ​យើង ហើយ​​ក្បាច់​កែង ដែលខ្ញុំ​បញ្ចេញ​នេះ បាន​ត្រឹម​៦០​ទៅ​​៧០​​ភាគ​រយ​ទេ។ យ៉ាង​ណា​ក៏​ដោយ ដៃគូ​ម្នាក់នេះ មានសមត្ថ​ភាព​ខ្លាំង​ដែរ ជាពិសេស​ជា​​កីឡាករ​​ធន់ និងស៊ូ​ខ្លាំង ហើយ​​គាត់ វាយ​ចេញ​ចូល​បាន​លឿន និង​មាន​ទម្ងន់ដៃ​ធ្ងន់ដែល​ខ្ញុំ​មានការ​ប្រយ័ត្ន​ខ្លាំង ទៅ​លើចំណុច​នេះ»។

ផ្ទុយទៅ​វិញ ព្រំ សំណាង មិនអាច​យក​ឈ្នះ​​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក (WBC)មកពី​អាមេរិក Banasak Pawellបាន​នោះ​ទេ ដោយ​រូបគេបានចាញ់​ដោយពិន្ទុ​ជាឯកច្ឆន្ទ ៥-០ ពីសំណាក់​ចៅ​ក្រម​ទាំង​៥​នាក់ ហើយ​តាម​រយៈការ​ប្រកួត​នេះ គេ​មើលឃើញ​ថា ព្រំ សំណាង មានការពិបាក​ខ្លាំង​ទៅលើការ​ប្រើ​ស្នៀត​ជង្គង់ និងកែង​របស់​គេ ដោយសារBanasakPawell មានកម្ពស់​រហូត​ដល់ ១,៩៤ម៉ែត្រ។

បន្ថែម​លើ​នេះ​ម្ចាស់​ខ្សែ​ក្រវាត់​មក​ពីអាមេរិក​រូបនេះ មានសមត្ថ​ភាព​ខ្លាំង ដោយ​អាច​ប្រើ​​ស្នៀត​​​ជង្គង់​​បាន​ល្អហើយ​នៅ​ទឹក​ទី​៣​ចុងក្រោយ BanasakPawell​បាន​បក​កែង​ចូល​ផ្ទៃ​មុខ​ពេញ បណ្តាល​​ឱ្យ ព្រំ សំណាង ចង់​បាត់ជំហរ ដែល​នេះជាចំណុច​សំខាន់ ក្នុង​ការ​យក​ឈ្នះ សំណាង ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់ IPCC Kun Khmer Intercontinental នៅលើទឹក​ដី​កម្ពុជា ជា​លើក​ដំបូង។ ចំណែក ព្រំ សំណាង បានត្រឹម​​សម្រក់ទឹក​ភ្នែក បង្ហាញ​ការ​សោក​ស្តាយ ចំពោះ​ការ​បរាជ័យ​​នេះ។

ដោយ​ឡែក កីឡាករ​កម្ពុជា រឿង សោភ័ណ្ឌ និង ផល សោភ័ណ្ឌ សុទ្ធតែ​បាន​ឈ្នះ​ខ្សែ​ក្រវាត់ Wurkz World IPCC Kun Khmer ដោយ​ក្នុង​នោះ រឿង សោភ័ណ្ឌ បាន​យក​ឈ្នះ​បាន​យក​ឈ្នះ​ម្ចាស់​ខ្សែ​ក្រវាត់ IPCC របស់​ជប៉ុន Hiroyuki Ihara ដោយពិន្ទុ រីឯ ផល សោភ័ណ្ឌ បានឈ្នះ​​ខ្លាចាស់​របស់​ថៃ ChangpuakJesada ​ដោយ​ពិន្ទុ​មិនឯកច្ឆន្ទ ៤-១ ពី​ចៅ​ក្រម​ទាំង​៥​នាក់។

យ៉ាង​ណាមិញ ​ការ​ប្រកួត​ដណ្តើម​យករហស្សនាម «ក្របីព្រៃ» ​រវាង​កីឡាករ​កម្ពុជា ពេជ្រ សម្បត្តិ និង​​​អ្នក​ប្រដាល់​​ប្រេស៊ីល កំពុង​ហ្វឹកហាត់​នៅកម្ពុជា Alexsandroបាន​ក្លាយជា​ការ​ប្រកួត ដែល​មិន​ធ្លាប់​មាន ដោយ​អ្នកទាំង​២​នេះ បាន​ប្រកួត​បែប Mas Fight ១​ទឹក​៩នាទី រហូត​ដល់​​២​​លើក ទើប​រក​ឃើញ​អ្នក​ឈ្នះ គឺ ពេជ្រ សម្បត្តិ បាន​ក្លាយជា​ម្ចាស់ពាន ដើម្បី​ប្រើ​រហស្សនាម «ក្របី​ព្រៃ» ​ផ្ទាច់មុខ បន្ទាប់​ពី Alexsandro បាន​សុំ​ចុះ​ចាញ់ នៅនាទីទី​៦ ក្នុងការ​ប្រកួត​លើកទី​២​នោះ។

ចំពោះ​ការ​ប្រកួត​មិត្ត​ភាព​​អន្តរជាតិ រវាង​កីឡាករ​លំដាប់ប្រទេស​របស់​កម្ពុជា​ចំនួន​៣​នាក់​ទៀត គឺ ម៉ានូ សិល្បៈ ​បាន​ចាញ់ពិន្ទុ​កីឡាករ​ថៃ Nilmangkornប៉ុន្តែ ឈឿង ល្វៃ បាន​វាយ​កែង​ស្តាំ​បណ្តាល​ឱ្យម្ចាស់​ខ្សែ​ក្រវាត់​មកពី​ប្រទេស​អ៊ីតាលីMatinMeoniសន្លប់ធំ ត្រឹមទឹក​ទី១ ហើយ​ម្ចាស់​មេដាយមាស​ស៊ីហ្គេម ឈុត សេរីវ៉ាន់ថង ក៏​បាន​វាយកែង​បណ្តាល​ឱ្យ​​ម្ចាស់​ខ្សែ​ក្រវាត់ IPCC របស់ជប៉ុន KamemotoYushoចាញ់​នៅ​ក្នុងទឹក​ទី​១​ដូចគ្នា។

ជាមួយការ​ផ្តួល​ជប៉ុន​ឱ្យ​សន្លប់ត្រឹមទឹក​ទី​១​នេះ ឈុត សេរីវ៉ាន់ថង បាន​និយាយ​ក្រោយ​ការ​​ប្រកួត​ថា៖ «​ការ​ប្រកួត​​នេះ មិនពិបាក​ដូច​អ្វី​ដែល​ខ្ញុំ​បាន​គិត​នោះទេ ព្រោះ​ដំបូង​ឡើយ​ ខ្ញុំ​គិត​ថា ខ្ញុំ​អាច​នឹង​ពិបាក​វ៉ៃជាមួយគាត់ ដោយសារ​ក្បាច់​គាត់​ ចេញ​ចូល​លឿន អ៊ីចឹង​ខ្ញុំ​អាច​យឺត​ជាង​គាត់ ឬ​ចាញ់​គាត់​ដោយប្រការ​ណា​មួយ ប៉ុន្តែ​ជាក់​ស្តែង​​គាត់​អាច​ស្ទើរ​ផ្លែ​កែង ដោយ​គាត់​ចាញ់​​កែង​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​ប្តូរជំហរ​វាយ​កែង»៕