ភ្នំពេញៈ ​កីឡា​ករ​ជើង​ខ្លាំង​ជួរ​មុខ​របស់​កម្ពុជា ​ធឿន ធារ៉ា ត្រូវ​បាន​អ្នក​រៀបចំ​ការប្រ​កួត​នៅ​សង្វៀន​ថោន ​ទម្លាយ​ឱ្យដឹង​ថា នឹង​ក្លាយជា​​បេក្ខ​ភាព​តំណាង​ឱ្យ​​កម្ពុជាដែល​ត្រូវ​ប្រកួ​តនៅ​ក្នុង​ព្រឹត្តិ​កា​រណ៍ « Kun Khmer 8 MEN Tournament» បន្ទាប់ពី​រូប​គេបាន​ទទួល​ជ័យ​ជម្នះ​យ៉ាង​រំភើបនៅ​ក្នុង​ការ​ប្រកួត «​សេនា​គុន​ខ្មែរ​ពិភព​លោក​» កាល​ពី​ពេល​ថ្មីៗ​នេះ​។

​លោក ​គឹម ស្រ៊ុន​កុល​ស ទីប្រឹក្សា​ទូរ​ទស្សន៍​ថោន និង​ជា​តំណាង Mas Fight ប្រចាំ​នៅ​ប្រទេស​កម្ពុជាបាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​ Kun Khmer 8 MEN Tournament នេះ​ជា​ព្រឹត្តិ​ការណ៍​កម្រិត​ពិភព​លោក​ដែល​ប្រមូល​ផ្តុំ​ដោយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពី​គ្រប់​ទិស​ទីដើម្បី​ដណ្តើម​យក​ខ្សែ​ក្រវាត់​ទម្ងន់​៧២​គីឡូក្រា​មជា​មួយ​ជើង​ខ្លាំង​របស់​កម្ពុជា​ ធឿន ​ធារ៉ា ​ហើយ​វា​ក៏​ជា​ពេល​ដែល​ ធារ៉ា អាច​ទទួល​បាន​រង្វាន់​ជា​ឡាន​ដ៏​ថ្មី​សន្លាង​១​គ្រឿង​ផង​ដែរ​។​

​បុរស​មាន​ឈ្មោះ​ក្រៅ លោក​ Tommy Kim រូ​បនេះ​ បាន​ឱ្យដឹង​ថា​៖ «​ម្តង​នេះ​ថោន ​លេង​កាន់តែ​ធំ កម្ម​វិធី​កម្រិត​ពិភព​លោក​៨​ប្រទេស ​នឹង​មក​ចូលរួម​ប្រកួត​គុន​ខ្មែរ​ ក្នុង​ប្រភេទ​ទម្ងន់​៧២​គីឡូក្រា​ម ​ដោយ​ក្នុងនោះ​​កីឡាករ​ ធឿន ធារ៉ា នឹង​ត្រូវ​ដាក់​ឱ្យ​ប្រកួត​ជាមួយ​កីឡាករ​មកពី​៨​ប្រទេស​ខុស​គ្នា ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀ​ត​នោះ​ ប្រសិន​បើ ធឿន ធារ៉ា អាច​ដណ្តើម​បាន​ជ័យ​ជម្នះនៅក្នុង​ការប្រ​កួត​នេះគឺ​ហ្គេ​ន​ប៊ឺគ​នឹង​ឧបត្ថម្ភ​ឡាន ​Pick Up ថ្មី​សន្លាង​១​គ្រឿង​តែម្តង​»​។

​លោក To​mmy Kim ដែលជា​តំណាង​របស់​ស្ថាន​ប័ន IPCC នៅ​កម្ពុជា​ផង​នោះ ​បាន​ឱ្យដឹង​ទៀតថា​ ការប្រ​កួត ដែល​មាន​ការ​ផ្តល់​ឡាន​ថ្មីមាន​តម្លៃ​ប្រមាណ​៤​ម៉ឺន​ដុល្លារ​នេះ វា​មាន​តែ​ព្រឹត្តិ​ការណ៍​ធំៗនៅតា​ម​ប្រទេស​ជឿន​លឿន​មួយ​ចំនួន​ទេ ប៉ុន្តែ​ពេលនេះ​កម្ពុជា បា​ន​ឈាន​ដល់​យុគ​សម័យ​ដ៏​ជឿន​លឿន​បែបនេះ​ដែរ​ហើយ ​ស្រប​ពេល​គុន​ខ្មែរ ក៏​កំពុង​មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ព្រឹត្តិ​ការណ៍​នេះ ​ជា​មេកានិក​ប្រកួត​ថ្មី ដែល​មាន​តែ​នៅ​ប្រទេស​ជឿន​លឿន​ខាង​ក្រៅ​នោះ​ទេ ​គឺ​នៅ​កម្ពុជា ​ទើបតែ​មាន​ការ​ប្រកួត​បែប​នេះ ​ប៉ុន្តែ​ពេល​នេះ​ គុន​ខ្មែរ​បាន​រីក​ចម្រើន​ដល់​ចំណុច​កំពូល​ហើយ ទាំង​កេរ្តិ៍​ឈ្មោះ និង​សមត្ថ​ភាព អ៊ីចឹង​វា​ដល់​ពេល​ដែល​កីឡា​ករ​គុន​ខ្មែរ​ចាប់​ផ្តើម​ បញ្ចេញ​ឫទ្ធិ ​នៅលើ​សង្វៀន​ពិភព​លោក​ហើយ​»​។​

​យ៉ាង​ណាក៏​ដោយ ​លោក Tommy Kim នៅ​មិន​ទាន់​បាន​ទម្លាយ​ពី​បេក្ខ​ភាព​កីឡាករ​បរទេ​ស​ទាំង​៧​នាក់​ ដែល​នឹង​ត្រូវ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ​ទម្ងន់​៧២​គីឡូ​ក្រាម​ជា​មួយ​ ធឿន ធារ៉ា ​នៅ​ថ្ងៃទី​២៣ ​ខែវិច្ឆិកា​ ខាង​មុខ​នេះ​ទេ ប៉ុន្តែ​លោក​បាន​អះ​អាង​ថា អ្នក​ដែល​មក​ប្រកួត​នេះ​ សុទ្ធ​តែ​លំដាប់​ជើង​ខ្លាំង​ ដែល​ភាគ​ច្រើន​មកពី​ប៉ែក​អឺរ៉ុប​ និង​មាន​១​នាក់​មក​ពី​ប្រទេស​ចិន តែ​គ្មាន​កីឡា​ករ នៅក្នុង​តំបន់​អា​ស៊ាន​ទេ​។​

​បន្ថែម​លើ​នេះ​ជើង​ខ្លាំង​ អេ អាំ​ម៉ា​រី​ន​ភូ​ថង ដែល​ទើប​ដណ្តើម​បាន​ខ្សែក្រវាត់​ នៅ​ប្រទេស​អូស្ត្រា​លី អម​ដោយ​រង្វាន់​ឡាន​ថ្មី​១​គ្រឿង ​និង​កីឡា​ករ​ជើង​ខ្លាំង​របស់​កម្ពុជា​ម្នាក់​ទៀត​ក៏ត្រូវ​ដាក់ឱ្យ​ប្រកួត​នៅ​ថ្ងៃទី​២៣​ វិច្ឆិកា​នោះ​ដែរ ហើយ​ដៃគូ​របស់​ពួកគេ​ត្រូវបាន​លោក Tommy បង្ហើប​ថា ​ម្នាក់​ជាតា​រា​ជើង​ខ្លាំង​របស់​មី​យ៉ាន់​ម៉ា និង​ម្នាក់ទៀ​តជា​ម្ចាស់​ខ្សែ​ក្រ​វាត់​៣​ស្ថា​ប័ន​របស់​ថៃ​។

​ចំពោះ​រូបមន្ត​នៃ​ការប្រកួត​ខ្សែ​ក្រវាត់​វិញគឺ​អ្នក​ប្រដាល់​ទាំង​៨​ប្រទេស​នេះ ​នឹង​ត្រូវ​ធ្វើការ​ប្រកួត​ជម្រុះ​បែប​ម៉ា​រ៉ា​តុង ពី​៨​នាក់ ​ទុក​៤​នាក់ រួច​ធ្វើ​ការ​ប្រកួត​ជម្រុះ​បន្ត​យក​អ្នកឈ្នះ​២​រូប​ឡើងទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រដណ្តើមយ​ក​ខ្សែ​ក្រវាត់ ក្នុង​ប្រភេទ​ទម្ងន់​៧២​គីឡូ​ក្រាមនៅ​ចុង​ព្រឹត្តិ​ការណ៍ ​Kun Khmer 8 MEN Tournament នេះ​តែ​ម្តង​។​

​ជា​មួយ​លក្ខ​ខណ្ឌនិង​រូបមន្ត​នៃ​ការប្រ​កួត​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញថា​ ធឿន ​ធារ៉ា ត្រូវ​ឈ្នះ​៣​ប្រកួត​ជាប់ៗ​គ្នា ទើប​ដណ្តើម​បាន​ខ្សែក្រ​វាត់​និង​រង្វាន់​ឡាន​ថ្មី Pick Up​។ ​

ទោះបីជា​​យ៉ាងណា​ ប​ច្ចុប្បន្ន​នេះ ធឿ​ន ធារ៉ា ត្រូវ​បាន​អ្នក​គាំទ្រ​ចាត់ទុ​កថា ជា​កីឡាករកំពុង​មាន​សមត្ថភា​ព​ល្អផ្តា​ច់គេប្រចាំ​ស្រុក​ខ្មែរក្នុង​ប្រភេទ​ទម្ងន់​៧២​គីឡូ​ក្រាម ព្រោះ​ការប្រ​កួត​មួយ​រយៈ​ចុង​ក្រោយ​នេះ ​រូបគេ​បាន​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ក្នុង​រង្វង់​ទឹក​ទី​១ ​ទី​២និង​ទឹក​ទី​៣ជា​បន្ត​បន្ទាប់​គ្នា​។​

​ចំណែក​ការ​ប្រកួត​សេនា​គុន​ខ្មែរ​ពិភព​លោក ​កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ​កន្ល​ងម​កនេះ ​ធារ៉ា បាន​ម៉ាត់​ជើង​ខ្លាំង​មកពី​ប្រេ​ស៊ី​ល DANIEL TORRES ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ហើយ​ជំនួប​របស់​អ្នក​ទាំង​២​នេះ ​មាន​អ្នក​ចូល​មើល​តាម​ការ​ផ្សាយ​ផ្ទាល់​ជិត​៨០​ម៉ឺន​នាក់ គឺ​ច្រើន​ជាកា​រ​ប្រកួត​រវាង ​ព្រំ សំណាង និង​ស្តេច​ប្រដាល់​របស់​មី​យ៉ាន់​ម៉ា Dave Leduc ទៅ​ទៀត​។

​រំឭក​ពី​ព្រឹត្តិ​ការណ៍ «​សេនា​គុន​ខ្មែរ​ពិភព​លោក​» នោះ​ លោក Tommy Kim បាន ​ឱ្យដឹង​ថា បានរួម​ចំណែក​យ៉ាង​សំខាន់​​បំផុត ​ក្នុង​ការជួយ​ផ្សព្វផ្សា​យ​គុន​ខ្មែរ ​ទៅកា​ន់​ពិភព​លោក​ ព្រោះ​ការប្រ​កួត​អន្តរជាតិ​ទាំង​៦​គូ កាល​ពី​យប់​ថ្ងៃអា​ទិត្យ​នោះមា​នការ​​អត្ថាធិ​ប្បាយ​​ជា​ភាសា​អង់គ្លេ​សដោយ​ពិធីករ​ដ៏​ល្បីឈ្មោះ​​២​រូប​របស់​ស្ថា​ប័ន ​UFC ចំណែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្តរ​ជាតិ​ជា​ច្រើន​ប្រទេស​ទៀត​ក៏បាន​ចុះ​ផ្សាយ​ពី​មហា​ព្រឹត្តិកា​រណ៍​ដ៏​ធំមិន​ធ្លាប់​មាននៅ​ក្នុង​តំបន់​អាស៊ាន​នេះ​ផង​ដែរ​។

​លោក ​Tommy បាន​បញ្ជាក់​ថា​៖ «​សម្រាប់​ការប្រ​កួត​សេនា​គុន​ខ្មែរ​ពិភព​លោក​ កន្ល​ងមកនេះ ​យើង​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ទាំង​ក្នុង​ស្រុកនិ​ង​នៅ​លើ​ឆាក​អន្តរជាតិ​ដោយ​បាន​ជួយ​ឱ្យ​គុន​ខ្មែរ​របស់​យើង​ ឈានឡើ​ង​កាំជ​ណ្តើរ​ខ្ពស់​មួយ​ទៀត​ហើយ ​ធ្វើឱ្យ​ពិភព​លោក​ បាន​ស្គាល់​កម្ពុជា និង​ក្បាច់​គុន​ខ្មែរ​យើង​ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​មាន​មេកា​និក​ប្រកួត​ថ្មី​មួយទៀ​តដើ​ម្បី​បុក​ការ​ផ្សព្វផ្សា​យ​គុន​ខ្មែរ​ឱ្យ​កាន់តែ​ខ្លាំង​និង​កក្រើក​ថែម​ទៀត​។យើង​មិន​អាច​ធ្វើ​មួយ​ហើយ​ឈប់​នោះ​ទេគឺ​យើង​ត្រូវតែ​ធ្វើ​បន្ត​ឱ្យ​កាន់​តែខ្លាំ​ងព្រោះ​នេះ​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​គុន​ខ្មែរ​របស់​យើង​ហើយ​»៕