ភ្នំពេញៈ ព្រឹត្តិការណ៍​ប្រកួត «Krud Kun Khmer» របស់​សង្វៀន​ប្រដាល់​ទ​ទក បាន​សម្រេច យក​មណ្ឌល​កីឡា​ខេត្តកំពង់ស្ពឺ ជាទី​កន្លែងដែល​ត្រូវ​ចាប់ផ្តើម សម្រាប់​យុទ្ធនា​ការប្រកួត​តាម​ខេត្ត រដូវ​កាល​ទី​២ មុនពេល​កម្មវិធី​នេះ ត្រូវ​បន្តដំណើរ​ទៅ​ប្រកួត នៅតាម​ខេត្ត​ប្រមាណ​ ២០​ ទៀត ក្នុងប្រទេស​កម្ពុជា​។​

ប្រធាន​ផ្គូផ្គង​របស់​សង្វៀន​ប្រដាល់​ទ​ទក លោក ម៉ុ​ល នី បាន​ប្រាប់​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា​ថា ការប្រកួត​ដណ្តើម​ខ្សែ ក្រវាត់​ចំនួន​ខ្សែ ​៦ កាលពី​ថ្ងៃទី​៣ ខែកញ្ញា និង​ការប្រកួត​ម៉ា​រ៉ា​តុង​ដណ្តើម​ខ្សែក្រវាត់​ចំនួន ​២​ ប្រភេទ​ទម្ងន់ រួមទាំង​ការប្រកួត​យក​ខ្សែក្រវាត់​ ១​ ស្ថាប័ន​ទៀត កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ក៏ត្រូវ​បាន​រាប់​ថា ជាការ​ប្រកួត​តាម​ខេត្ត​នៃ​កម្មវិធី Krud​គុន​ខ្មែរ ផងដែរ គ្រាន់តែ​ការប្រកួត​នោះ​ធ្វើ​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​បាន​និយាយថា​៖ «​ព្រឹត្តិការណ៍​ធំ​តាម​ខេត្ត​របស់ Krud​ គុន​ខ្មែរ ត្រូវបាន​ធ្វើឡើង​តាំងពី​ប៉ុន្មាន​ខែ​មុន គ្រាន់តែ​យើង​ធ្វើ​នៅ​ភ្នំពេញ អ៊ីចឹង​ខេត្តកំពង់ស្ពឺ អាច​ចាត់ទុកថា ជា​ខេត្ត​ដំបូង​គេ សម្រាប់​ការប្រកួត​រដូវ​កាល​ទី​២​របស់​យើង ហើយ​តាម​គម្រោង​យើង​នឹង​រៀបចំ​ឱ្យមាន​ការប្រកួត​នៅតាម​ខេត្ត​ប្រមាណ ​២០ ​ទៀត ដើម្បី​ផ្សព្វផ្សាយ និង​ពង្រីក​ពី​វិសាលភាព​នៃ​ក្បាច់គុន​បុរាណ​ខ្មែរ​របស់​យើង​»​។​

​សម្រាប់​ការប្រកួត នៅ​មណ្ឌលកីឡា​ខេត្តកំពង់ស្ពឺ ចំនួន ​២​ ថ្ងៃ នា​ថ្ងៃទី​១៨ និង​ទី​១៩ ខែវិច្ឆិកា​នេះ សង្វៀន​ប្រដាល់​ទ​ទក និង​ដៃគូ​សហការ បានជ្រើសរើស​យក​កីឡាករ​លំដាប់​ខ្លាំង របស់​កម្ពុជា​ចំនួន ​២១​ នាក់ និង​អ្នក​ប្រដាល់​បរទេស​៧​នាក់ មកពី ​៥ ​ប្រទេស​ផ្សេងគ្នា មក​ប្រកួត សរុប​មាន​ ១៤​ គូ ក្នុងនោះ​មានការ​ប្រកួត​អន្តរជាតិ​ចំនួន​៧​គូ ហើយក៏​មានការ​ប្រកួត​ម៉ា​រ៉ា​តុង​ដណ្តើមពាន ក្នុង​ប្រភេទ​ទម្ងន់ ​៦០ ​គីឡូក្រាម​ ផងដែរ​។​

​សម្រាប់​កម្មវិធី​ប្រកួត នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ដែល​នឹង​ត្រូវធ្វើ​ចាប់ពី​យប់​ម៉ោង​ ៧​ ទៅនោះ មានការ​ប្រកួត​មិត្តភាព​ក្នុងស្រុក​ចំនួន​ ៣ ​គូ មុនពេល​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ឡៅ សៃ​ណេ​ត ប្រកួត​ជាមួយ​ថៃ PhetBanann ​ក្នុង​ទម្ងន់​ ៥១​ គីឡូក្រាម រីឯ ឯម ឡេង​លី ត្រូវ​ប៉ះ​បារាំង MukChhazo ​ក្នុង​ទម្ងន់ ​៧៣​ គីឡូក្រាម ហើយ ធន់ ផានិត ត្រូវ​ជួបកីឡាករមកពីប្រទេស​ថៃ AttachhaiSorsuksamrann​ ខណៈ អ៊ុង វីរៈ ត្រូវ​ប្រឈម​ជាមួយ​អ៊ីរ៉ង់ FarhadKolivand​ ទម្ងន់​ ៨១​ គីឡូក្រាម​។​

​ចំណែក​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា​វិញ កីឡាករ សុវណ្ណ​ភូមិ រុងរឿង ត្រូវ​ដាក់ឱ្យ​ប្រកួត​គូ​បើកឆាក​ជាមួយ ឃ​ន សុខ​នី មុនពេល ពុទ្ធ សំបូរ​, ផាន់ ផាន​ណាត់​, សូត្រ សុ​ឃីម និង ម៉ន សា​ម៉េ​ត ត្រូវ​ចាប់ឆ្នោត និង​ប្រកួត​ម៉ា​រ៉ា​តុង​ដណ្តើមពាន ក្នុង​ទម្ងន់​៦០​គីឡូក្រាម​។ ជាមួយគ្នានេះ ចាន់ ប៊ុន​ហឿន ត្រូវ​ជួប​ប្រេ​ស៊ី​ល Carlos Teixeira ទម្ងន់ ​៦៥​ គ​.​ក្រ ហើយ ធន់ រិទ្ធី ត្រូវ​ជួប​អ៊ីរ៉ង់ ShaHin​ទម្ងន់​៧៣​គ​.​ក្រ ខណៈ​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ឡៅ ចិ​ត្ត្រា ត្រូវ​តទល់​នឹង​កីឡាករ​ម៉ា​រ៉ុ​ក OussamaElkouche ​ក្នុង​ទម្ងន់ ​៦៥​ គីឡូក្រាម​។

​ចំពោះ​សមាសភាព​កីឡា​ទាំងអស់នេះ លោក ម៉ុ​ល នី បាន​អះអាងថា​៖ «​គ្រប់​កីឡាករ​ទាំងអស់ មិន​ថា​ខ្មែរ ឬ​បរទេស  គឺ​យើង​បាន​សម្រិតសម្រាំង​យក​សុទ្ធតែ​កីឡាករ​មាន​កម្រិត​ល្អ និង​សមត្ថភាព​ខ្ពស់​មក​ប្រកួត ព្រោះ​គ្រាន់តែ​គូ​បើកឆាក​រវាង​កីឡាករ​ខ្មែរ​គ្នាឯង ក៏​យើង​យក​កីឡាករ​មានតម្លៃ​ខ្លួន ចាប់ពី ​១​ លាន​រៀល ​ឡើងមក​ប្រកួត​ដែរ ហើយ​អ្នក​ទាំងអស់នេះ សុទ្ធតែ​ធ្លាប់​ប្រកួត​អន្តរជាតិ​ផងដែរ គឺ​យើង​ផ្គូផ្គង​បានល្អ ដើម្បី​តម្រូវ​តាម​ការចង់បាន​របស់​អ្នកគាំទ្រ ដែល​ចង់ឃើញ​ការប្រកួត​មាន​ភាពស្វិតស្វាញ និង​ជក់ចិត្ត​ខ្លាំង​»​។​

​សម្រាប់​ការរៀបចំ​ការប្រកួត​តាម​ខេត្ត រដូវ​កាល​ទី​២ ក្នុង​កម្មវិធី Krud Kun Khmer នេះ សង្វៀន​ប្រដាល់​ទ​ទក និង​ដៃគូ​ឧបត្ថម្ភ​របស់ខ្លួន មានការ​ជឿជាក់ថា នឹង​ទទួលបាន​ការគាំទ្រ​កាន់តែខ្លាំង​ពី​ទស្សនិកជន នៅតាម​ខេត្ត​នីមួយៗ ព្រោះ​ពេលនេះ ការប្រកួត​ប្រដាល់​គុន​ខ្មែរ កាន់តែ​មាន​ភាព​ផុសផុល​ខ្លាំង  ដោយមាន​មើល​ច្រើន ទាំង​នៅតាម​សង្វៀន​ផ្ទាល់ និង​តាមរយៈ​ការផ្សាយ​ផ្ទាល់​។​

​លោក ម៉ុ​ល នី បាន​បញ្ជាក់ថា​៖ «​យើង​ធ្លាប់​ទទួលបាន​ជោគជ័យ និង​គាំទ្រ​ខ្លាំង សម្រាប់​ការប្រកួត​តាម​ខេត្ត នា​រដូវ​កាល​ទី​១ ហើយ​តាមរយៈ​សម្ទុះ​របស់​អ្នកគាំទ្រ​នៅពេលនេះ ខ្ញុំ​គិតថា ការប្រកួត​រដូវ​កាល​ទី​២​របស់​យើង នឹង​ទទួលបាន​ការគាំទ្រ​កាន់តែខ្លាំង ដោយ​ការគាំទ្រ​នេះ ព្រោះ​បាន​នាំយក​សុទ្ធតែ​កីឡាករ​លំដាប់ ទាំង​ខ្មែរ និង​បរទេស មក​ប្រកួត គឺ​មិន​ធ្វើឱ្យ​អ្នកទស្សនា​ខកចិត្ត​នោះឡើយ​»៕