ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានឯក​ភាព​​ក្នុងការ​ចូលរួមជួយ​អភិវឌ្ឍដល់​សហព័ន្ធ​កីឡាតេក្វាន់ដូ​អាយធីអែហ្វ​កម្ពុជា ដើម្បី​ធ្វើ​ឱ្យ​ប្រភេទ​កីឡា ដែលមានប្រភព​មក​​ពី​​ប្រទេស​កូរ៉េខាងជើង​មួយ​នេះ កាន់តែ​មាន​ការ​រីកចម្រើន និងមានសក្តានុពលកាន់តែ​ខ្លាំង នៅ​​ក្នុង​ប្រទេស​កម្ពុជា។

លោក ហ៊ុន ម៉ានី បាន​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​ចូលរួម​ដល់​សហព័ន្ធ​កីឡា​តេក្វាន់ដូ ITF កម្ពុជា​​​នេះ នៅ​ក្នុងពិធីបិទ​ការប្រកួតកីឡាតេក្វាន់​ដូ ITF ជ្រើសរើសជើងឯក «ពានរង្វាន់​ឯកឧត្តម​ ហ៊ុន ម៉ានី ឆ្នាំ ២០២៣» នៅសាល​ដំបូល​ទូក​​នៃ​​សាកល​វិទ្យាល័យភូមិន្ទ​​ភ្នំពេញ កាលពី​ព្រលប់​ថ្ងៃ​ទី​​ ១៩ ខែវិច្ឆិកា ខណៈ​ពាន​នេះត្រូវ​បានបង្កើត​ឱ្យមាន​ឡើងជា​លើក​ទី​១ ក្រោមមតិផ្តួចផ្តើមរបស់ លោក ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល និង​ជា​អនុប្រធាន​សហ​​ព័ន្ធ​កីឡាតេក្វាន់ដូ​ITF​កម្ពុជា និងទទួលបានការគាំទ្រពី​លោក កែវ រ៉េមី ជា​ប្រធាន​សហ​ព័ន្ធ។

លោក ហ៊ុន ម៉ានី បានថ្លែង​ថា៖ «​អ្វីដែល​ខ្ញុំ​មក​ទី​នេះ ទី​១ ចេញ​ពី​មនោសញ្ចេតនា ជាមួយ​ឯកឧត្តមពូ (កែវ រ៉េមី) និងឯកឧត្តម ផាន់ វណ្ណរ័ត្ន ហើយ​ទី​២ ខ្ញុំ​សង្កេត​ឃើញ​ពី​ការ​ខំប្រឹង​ប្រែង​​របស់​សហព័ន្ធ ITF កម្ពុជា ដែលពីដំណាក់កាល​មួយ ទៅដំណាក់កាលមួយ មានការ​លូត​លាស់។ លើស​ពី​នេះ ខ្ញុំ​សង្កេតឃើញ​​ពី​​ថាមពលនៃ​ក្តី​ស្រឡាញ់​​ដែល​ប្អូនៗ ក្មួយៗ​ជា​​កីឡាករ កីឡា​ការិនី បាន​បង្ហាញ​ ដោយមានការ​ចូល​រួមគាំ​ទ្រ​ផ្ទាល់​​ពី​​អាណាព្យាបាល​នៅមុន​នេះ ហើយ​​ថាមពល​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចង់​ចូល​រួមជាមួយ​ថែម​ទៀត»។ 

លោក​បាន​បន្ថែម​ថា៖ «រឿងករណី​ថាតើ កីឡា​តេក្វាន់ដូ ITF នេះ កើត​នៅ​កន្លែង​ណា? ផ្សារភ្ជាប់ជាមួយ​ប្រទេស​ណា? នោះជា​រឿង​ផ្សេង ចំណែក​​ប្រវត្តិ​​របស់ ITF នៅ​ក្នុង​ប្រទេស​កម្ពុជា ពី​ឆ្នាំ​ ៧០ ទៅដល់​ឆ្នាំ ​៧៥ ក៏ជារឿង​អតីតកាល អ៊ីចឹង​ចំពោះខ្ញុំ ខ្ញុំ​ចូល​រួម​ដោយមនោសញ្ចេតនា​ ពី​ថ្ងៃ​នេះ​ឆ្ពោះ​ទៅមុខ ហើយ​កីឡាជា​រឿង​កីឡា មិន​មែន​ជា​រឿង​អ្វីផ្សេង​នោះ​ទេ។ ខ្ញុំគាំ​ទ្រ​ទៅ​លើ​ការ​ខិតខំប្រឹង​ប្រែង​របស់​សហព័ន្ធ និង​គាំទ្រចំពោះ​ទឹក​ចិត្ត​នៃ​ការ​ខំប្រឹង​របស់កីឡាករ កីឡាការិនី»។

បន្ថែម​ទៅលើ​អ្វីដែលបានលើកឡើង ក្នុងពិធី​បិទ​ការប្រកួតកីឡាតេក្វាន់​ដូ ITF ជ្រើស​រើស​ជើងឯក ពានរង្វាន់​ឯកឧត្តម​ហ៊ុន ម៉ានី ឆ្នាំ២០២៣ ​នោះ លោក ហ៊ុន ម៉ានី បានសរសេររៀប​រាប់​​បន្ថែម​​នៅលើ​ផេចហ្វេសប៊ុក​របស់​លោក​ថា ស្មារតីកីឡា គឺជាការតស៊ូ ព្យាយាម ដើម្បី​យក​ជ័យ​ជម្នះ តែ​រក្សា​បាននូវសាមគ្គីភាព ភាតរភាព និងមិត្តភាព ក្នុងសន្តិភាព។

លោក​បានបញ្ជាក់​ថា៖ «ពិត​ណាស់ នៅ​លើសង្វៀនប្រកួតយើងជាគូបដិបក្ខ តែ​នៅ​ពេល​ចប់​ការ​ប្រកួត គឺ​យើង​ជា​មិត្ត​ភក្តិ​គ្នា។ មិនថាកីឡាតេក្វាន់ដូ កើតឡើងនៅទីណា ឬ​ពេល​ណា​នោះ​ទេ ខ្ញុំ​ចូល​រួម​ដោយ​មនោ​សញ្ចេតនា​​ជាមួយ​ប្អូនៗជាកីឡាករ កីឡាការិនី ចំពោះ​ទឹក​ចិត្ត និង​ការ​​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ស្វាហាប់។ ស្ថិតក្នុងស្មារតីនេះហើយ ទើប​ការ​ប្រកួត​កីឡាតេក្វាន់ដូ​អាយធីអែហ្វ ជ្រើស​រើស​ជើងឯក «ពានរង្វាន់ ឯកឧត្តម ហ៊ុន ម៉ានី» ឆ្នាំ២០២៣ ត្រូវ​បាន​រៀបចំឡើង»។

ជាមួយគ្នា​នេះ លោក ហ៊ុន ម៉ានី បានចាត់ទុក​ការប្រកួតនេះជា​ការ​រួម​ចំណែក​​ក្នុង​ការ​ផ្តល់​ឱកាស​​​ឱ្យ​កីឡាករ កីឡាការិនី បាន​​ប្រកួត​ប្រជែង​សាកល្បងសមត្ថភាព និង​ដក​ស្រង់​បទ​ពិសោធន៍គ្នា​ ព្រមទាំង​ដុសខាត់ សម្រួចចំណេះ ជំនាញក្បាច់គុនរបស់ពួកគេ ដើម្បីអាច​​ឈាន​ទៅ​​ដណ្តើម​​​ជ័យជម្នះលើឆាកជាតិ និងអន្តរជាតិនានាបន្តថែមទៀត ខណៈ​កន្លង​មក​នេះ ក្រុម​តេក្វាន់ដូ ITF កម្ពុជា ធ្លាប់ដណ្តើម​បាន​មេដាយមាស ប្រាក់ និងសំរឹទ្ធ​ពី​ការ​ប្រកួត​ជើងឯក​ពិភពលោក ជើង​ឯក​អាស៊ី និងអាស៊ាន​រួច​មក​ហើយ។

តាម​របាយការណ៍​របស់​លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ​សហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា បាន​ឱ្យ​ដឹង​ថា ការប្រកួតកីឡាតេក្វាន់​ដូ ITF ជ្រើសរើសជើងឯក​ពានរង្វាន់​ឯកឧត្តម​ហ៊ុន ម៉ានី ឆ្នាំ ២០២៣ មាន​សមាគម ក្លិប ចំនួន ​១៨ បាន​ចូលរួម ដោយមាន​ប្រតិភូ/គ្រូបង្វឹក​ចំនួន​ ៣៦​ នាក់ កីឡាករ​ ១០៧​ នាក់ និង​កីឡាការិនី​ ៧១​ នាក់។

អ្នកទាំង​អស់​នេះបាន​​ប្រកួត​ប្រជែង​លើ ​២៨ ​ប្រភេទ​វិញ្ញាសា ដោយ​ធ្វើការ​កំណត់​តាម​ប្រភេទ​ក្រុម​អាយុ សម្រាប់ថ្នាល (ពី​ ១៣ ដល់​ក្រោម​ ១៨ ឆ្នាំ និងពេញវ័យ (ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង)​។

ចំពោះ​​កម្រិត​​បច្ចេកទេសកីឡាករ កីឡាការិនី ក៏​ត្រូវ​ធ្វើការ​បែងចែក​តាម​ប្រភេទ​ក្រុម​ជម្រើស​ជាតិ​​ផ្សេង និងក្រុមអត្តពលិក មិនស្ថិតនៅក្នុងការប្រមូលផ្តុំផ្សេងពីគ្នាផងដែរ ដើម្បី​ផ្តល់​លទ្ធភាព​ក្នុង​​ការ​ប្រកួត​ប្រជែង​ដណ្តើម មេដាយ ដោយ​ឈរ​លើ​គោលការណ៍​តម្លាភាព​ក៏​ដូច​ជា​ការ​បើក​ឱកាស​ឱ្យកីឡាករ កីឡាការិនី ជំនាន់ក្រោយបានប្រកួតប្រជែងដណ្តើមមេដាយជូនសមាគម អង្គភាព និងក្លិប​របស់ពួក​គេ។

តាម​រយៈ​​ការ​ប្រកួត​ចំនួន​៣​ថ្ងៃ ដោយចាប់​ផ្តើម​ពី​ថ្ងៃទី​ ១៦ ដល់​ទី ​១៩ ខែវិច្ឆិកា​នេះ ​ក្រុម​​អត្តពលិក​របស់​ក្រសួង​មហាផ្ទៃ ដណ្តើម​បានមេដាយមាស ​៦ ប្រាក់ ​៧ សំរឹទ្ធ​ ៩ ដើម្បី​ឈរ​នៅលេខ​ ១ ហើយ​តាមពី​ក្រោយ​ដោយ​​ក្លិប​ក្តី​ចាស់ ដោយ​បាន​មេដាយមាស​ ៦ ប្រាក់ ​៤ សំរឹទ្ធ​​ ៣ និង​ក្លិប​ស.ស.យ.ក​ខេត្តកំពង់ស្ពឺ ដែល​ដណ្តើម​បាន​មេដាយមាស​ ៥ ប្រាក់​៣ ​សំរឹទ្ធ​ ៦ រីឯ​ក្លិប​ខេត្តកោះកុង បាន​មេដាយមាស​ ៤ ប្រាក់​ ៣ សំរឹទ្ធ​ ៣។

ចំណែក​​កីឡាករ កីឡាការិនី​របស់​​សាលា​អន្តរជាតិអេផល ក្លិប​សេរី​ភាព ក្លិប​ខេត្តស្ទឹង​ត្រែង វិទ្យាល័យ​ជាស៊ីម​ព្រែក​អញ្ចាញ ក្លិបយុវជន ក្លិប​ថ្មស​ខេត្តកោះកុង វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​​កោះដាច់ ក្លិប​ពន្លឺ​យុវជន​ខេត្តកំពង់ស្ពឺ ក្លិប​កុលបុត្រ ក្លិបជម្ពូវ័ន​សែន​ជ័យ និង​ក្លិប​វីរភាពកីឡា ក៏ដណ្តើម​បានមេដាយ​ពីការ​ប្រកួត​នេះ​ផងដែរ ប៉ុន្តែ​ក្លិប​កោះដាច់ ក្លិប​អង្គរ​រាជ និង​ក្លិប​មិត្តភាព មិនដណ្តើម​បានមេដាយ​ទេ។​

ចំពោះ​លទ្ធផល​នេះ លោក បួនហ៊ីង សុធីយ៉ា បានបញ្ជាក់ថា៖ «​ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​ ​យើង​​សម្រិត​​សម្រាំង​បានអត្តពលិក ​មាន​បច្ចេកទេស​ខ្ពស់ មាន​ទេព​កោសល្យ មាន​សមត្ថភាព និង​មានស្មារតីអង់​អាចក្លាហាន ដែល​អាច​ទៅចូលរួម​ប្រកួត​ប្រជែង​នានា​ក្នុង​កម្រិត​ថ្នាក់ជាតិ និង​អន្តរជាតិ ពិសេសធនធានកីឡាករ កីឡាការិនី​ថ្មីៗ​ ដែល​សហព័ន្ធ បាន​កត់ចំណាំ និង​​ត្រៀម​កោះ​ហៅ​មក​ធ្វើ​ការ​ប្រកួត​ដណ្តើម​កៅអី​ សម្រាប់​ការ​ប្រមូល​ផ្តុំ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ឆ្នាំ​ ២០២៤ ក៏ដូចជាការត្រៀមបញ្ជូនទៅចូលរួមប្រកួតកីឡាតេក្វាន់ដូ ជ្រើស​រើស​ជើងឯក​ទ្វីប​អាស៊ី​លើកទី​១០ នៅប្រទេសឥណ្ឌា ឆ្នាំ ២០២៤ ផងដែរ»៕