ភ្នំពេញៈ ​ក្រុម​សិង្ហក្រហម ភ្នំពេញ​ក្រោន នឹង​ត្រូវ​បើក​ទ្វារពហុកីឡដ្ឋានជាតិ​អូឡាំពិក ដើម្បី​ស្វាគមន៍​ក្រុម​លីគកំពូល​របស់​ហ្វីលីពីន DH Cebu FC វិញ ក្នុងការ​ប្រកួតជើងទី​១​ពាន​រង្វាន់ AFC Cup នៅ​យប់​ម៉ោង​៧ ថ្ងៃ​ទី​៣០ ខែវិច្ឆិកានេះ ហើយ​ជំនួប​នេះ ភ្នំពេញ​ក្រោន បាន​​ដាក់​គោលដៅ​ចម្បង​​ត្រូវ​​ដណ្តើម​ឱ្យបាន​៣ពិន្ទុ​បន្ថែម​ទៀតដើម្បី​អាច​ឈាន​​​ឡើង​ទៅ​ប្រកួត​នៅវគ្គ​បន្ត​ ​​ជាប្រវត្តិសាស្រ្ត​។
នៅ​មុនការ​ជួបគ្នានេះ ភ្នំពេញ​ក្រោន បាន​យក​ឈ្នះ​ក្រុម​ DH Cebu FC  ៣-០ ម្តង​ហើយ សម្រាប់ការ​ប្រកួតបើក​ឆាក​ជើង​ទី​១​ប្រចាំពូល​F កាលពី​ថ្ងៃទី​២១ ខែកញ្ញា ហើយ​ការ​វិល​មកជួប​គ្នា​លើកនេះ ក្រុម​ម្ចាស់​ផ្ទះ ភ្នំពេញ​ក្រោន ត្រូវការ​ឈ្នះ​៣​ពិន្ទុ​ម្តង​ទៀត ដើម្បី​បង្កើត​ភាគ​រយ​ឱ្យ​បាន​កាន់តែ​ខ្ពស់ ក្នុងការ​​ទទួល​បានកៅអី​ឡើង​ទៅ​វគ្គ​បន្ត ព្រោះ​ពេល​នេះ ភ្នំពេញ​ក្រោន ឈរ​នៅលេខ​២​ ដោយ​មាន​៩ ពិន្ទុ​ ស្មើ​ជាមួយ​ក្រុមលេខ​១ Macarthur FC ​របស់​​អូស្រ្តាលី ដែល​ត្រូវ​ជួបក្រុម​ Shan United របស់​មីយ៉ាន់ម៉ា នៅ​ថ្ងៃទី​៣០ វិច្ឆិកា​នេះ​ដែរ។
លោក Oleg Starynskyi គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន បាន​និយាយក្នុងសន្និសីទ​កាសែត កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា​ថា៖​ «AFC Cup តែងតែធ្វើឱ្យ​យើង​មាន​អារម្មណ៍​ពិសេស ហើយ​យើង​ពិត​ជា​រង់​ចាំ​ការ​ប្រកួត​នេះ។ យើងធ្វើបានយ៉ាងល្អ ក្នុងការប្រកួតជាមួយ​ក្រុម DH Cebu FC  នៅ​ហ្វីលីពីន ដោយ​ឈ្នះ ៣-០ ហើយ​អ្វីដែលសំខាន់ សម្រាប់​ការ​ប្រកួត​លើក​នេះ គឺការ​យក​ឱ្យ​បាន​​៣​ពិន្ទុ​បន្ថែម​ទៀត»។
 គ្រូ​បង្វឹកជនជាតិ​អ៊ុយ​ក្រែន​រូប​នេះ បានបន្ថែម​ថា៖ «​ការរំពឹងទុក​របស់​យើង ត្រូវ​យក​ឈ្នះ​ការ​ប្រកួត គឺ​​​យើង​​ត្រូវ​​មាន​​ការ​រំពឹង​ទុក​ខ្ពស់។ យើងតែងតែមានអារម្មណ៍ល្អ សម្រាប់​ការ​លេង​ក្នុង​ទឹកដី ព្រោះ​ពេល​ដែល​យើង​លេង​ក្រៅ​ទឹក​ដី​ យើង​មាន​ពេល​តិច​តួច​​ក្នុង​ការ​រៀបចំ​ក្រុម និង​រក្សា​កាយ​សម្បទា​​របស់យើង អ៊ីចឹង​យើង​នឹង​ព្យាយាម​លេង​ដោយ​ទំនុកចិត្ត និងលេងបាល់ទាត់ដែលល្អ គឺ​​យើង​​នឹង​ព្យាយាម​ដាក់​សម្ពាធ​ពួកគេ ដើម្បី​បង្កើត​ឱកាស​ឱ្យ​បានច្រើន»។
យ៉ាង​ណា​ក៏​ដោយ លោក Oleg Starynskyi បានថ្លែងថា សម្រាប់ការ​ប្រកួត​លើក​នេះ ​ក្រុម DH Cebu FC មានពេលវេលា​ច្រើន​​ក្នុង​ការ​ត្រៀម​ខ្លួន ព្រោះពួក​គេមិន​មាន​ការ​ប្រកួត​​ប្រជែង​នៅលីគនោះទេ គឺ​ខុស​ពី​ក្រុម​ភ្នំពេញ​ក្រោន ដែល​​មានការ​កាលវិភាគ​ប្រកួត​ដ៏​មមា​ញឹក ទាំង​ការ​ប្រកួត​ប្រជែង​នៅលីគ​កំពូល​កម្ពុជា និង​​ការ​ប្រកួត​ពាន AFC Cup នេះ ហើយ​វា​ក៏អាច​ជាមូល​ហេតុ​មួយ ធ្វើ​ឱ្យ​ភ្នំពេញ​ក្រោន រក​មិនទាន់​ឃើញ​ការ​ឈ្នះសោះ សម្រាប់ការ​ប្រកួត​៤​លើក​ចុង​ក្រោយ​នេះ។
សម្រាប់ការ​ប្រកួត​​៤​លើក​នេះ ក្រុម​ភ្នំពេញក្រោន ចាញ់​ក្រុមបាត​តារាង គិរីវង់​សុខសែន​ជ័យ ១-០ ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើលបំផុត ​កាលពី​ថ្ងៃទី​​២៩ ខែតុលា រួច​បន្ត​ស្មើ ៥-៥ ជាមួយ​ក្រុមបឹងកេត កាលពី​ថ្ងៃទី​៤ វិច្ឆិកា។ ចំណែក​​ការ​ធ្វើ​ដំណើរ​ទៅជួបក្រុម​ម្ចាស់​ផ្ទះ  Macarthur FC ​កាលពី​ថ្ងៃទី​៩ វិច្ឆិកា ដែលពួក​គេ​ធ្លាប់​ឈ្នះ ៣-០ ក្នុង​ទឹក​ដី​នោះ គឺ​ភ្នំពេញ​ក្រោន បានចាញ់ ៥-០ វិញ ហើយកាលពី​ថ្ងៃទី២៥ វិច្ឆិកា ភ្នំពេញ​ក្រោន បាន​ស្មើ ០-០ ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង។​
រំឭក​ដល់​លទ្ធផល​នេះ ខ្សែ​ការពារជប៉ុន Takaki Ose ​របស់​ភ្នំពេញក្រោន បាន​និយាយ​ថា៖ «ទោះ​យើង​មិន​ឈ្នះ​ការ​ប្រកួត​៤​លើកចុងក្រោយ ប៉ុន្តែ​ខ្ញុំមិន​បារម្ភ​ច្រើន​អំពី​រឿង​នេះ​ទេ ព្រោះ​បាល់​ទាត់​តែងតែ​មាន​ឡើង​មាន​ចុះ​បែប​នេះ។ ​ការជួប​ក្រុម Cebu វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដែល​ពិបាក ប៉ុន្តែ​ប្រសិន​បើ​យើង​លេង​ដោយ​ទំនុក​ចិត្ត និង​មាន​ស្មារតី​ជ័យ​ជម្នះ ជាមួយ​ការ​លេង​របស់​យើង គឺ​យើង​​នឹង​​ទទួល​​បាន​​លទ្ធផល​​ល្អ ដោយ​ខ្ញុំ​​សង្ឃឹម​​ថា យើង​​នឹង​​ឈ្នះ ហើយ​អាច​ឡើង​ទៅ​វគ្គ​បន្ត»។
យ៉ាង​ណា​ក៏​ដោយ លោក Joshua Schirmer គ្រូ​បង្វឹក​ក្រុម DH Cebu FC  ​ក៏បាន​ថ្លែងដោយបង្ហាញ​​ក្តី​រំពឹង​ទៅលើ​កូន​ក្រុម​របស់​លោកថា នឹងអាច​ធ្វើ​បាន​ល្អ ដើម្បីកែ​ប្រែ​ការ​បរាជ័យ ៣-០ ក្រោម​ដៃ​ក្រុម​ភ្នំពេញ​ក្រោន សម្រាប់ការ​ប្រកួត នៅលើទឹក​ដី​ខ្លួនឯង​ផងដែរ ខណៈ​២ ​ប្រកួត​ចុង​ក្រោយនេះ ពួក​គេបាន​យក​ឈ្នះ​ក្រុម​ Shan United ១-០ នៅ​ក្នុង​ទឹក​ដី មុនពេល​ក្រុមទាំង​២នេះ បានស្មើ​គ្នា ១-១ សម្រាប់​ការ​ប្រកួត​នៅលើ​ទឹក​ដីមីយ៉ាន់ម៉ា កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា កន្លង​មក​​នេះ។
លោក Joshua Schirmer ​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ថា៖ «ខ្ញុំ​រីករាយ​ដែល​បាន​មក​ដល់​ទីនេះ ហើយ​យើងទន្ទឹងរង់ចាំការប្រកួត ដោយសារប្រកួត​ដំបូង​ទល់​នឹង​ភ្នំពេញក្រោន យើង​មិន​ទាន់​បាន​ធ្វើ​តាម​អ្វីដែលយើង​រំពឹងទុកទេ ប៉ុន្តែយើងត្រូវកែប្រែបញ្ហានេះ​ពីប្រកួត​មុន ហើយ​​ធ្វើឱ្យ​បាន​​ល្អ​ ​នៅក្នុង​ការ​ប្រកួតនេះ»៕