លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​អះអាង​ថា សកម្មភាព​រៀបចំព្រឹត្តិការណ៍​កីឡា និងការទទួល​ជោគ​ជ័យ​តាម​រយៈការដណ្តើម​បាន​មេដាយ សម្រាប់​ការ​ប្រកួត​ប្រជែង​​ទាំងនៅ​​លើឆាក​ជាតិ និង​អន្តរជាតិ វា​បានបង្ហាញ​ពីកម្លាំង​សាមគ្គី​ជាតិ និង​មោទនភាពជាតិ ពី​គ្រប់ភាគី​ពាក់​ព័ន្ធ មិនអាច​កាត់​ថ្លៃ​បានទេ។

លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​បែបនេះ ពេល​លោក​ចូលរួម​ពិធី​បើក​ការ​ប្រកួត​កីឡាជាតិ លើក​ទី​៤ និង​កីឡាជាតិជនពិការ​លើក​ទី​២ ឆ្នាំ​២០២៤ ​នៅ​ពហុកីឡដ្ឋានជាតិអូឡាំពិក កាលពី​យប់​ថ្ងៃពុធ ហើយ​ព្រឹត្តិការណ៍នេះ មានការបង្ហាញ​ទស្សនីយភាព​​ប្លែកៗជា​ច្រើន មាន​ទាំង​កីឡា សិល្បៈ វប្បធម៌ ចម្រៀងបុរាណ-សម័យ ការ​រត់​ភ្លើង​គប់ អម​ដោយការបាញ់កាំជ្រួច​យ៉ាង​ឱឡារឹក ក្រោមក្រសែ​ភ្នែក​អ្នក​ចូលរួមទស្សនា​ផ្ទាល់​ជាង​៣ម៉ឺន​នាក់ ដោយ​ម្នាក់​បានបង្ហាញ​​ភាពរីក​រាយ​ខ្លាំង ទោះ​​កម្មវិធីនេះ ត្រូវ​ធ្វើ​នៅក្រោមដំណក់​ទឹក​ភ្លៀង​ក៏​ដោយ។

នៅក្នុងវេលាដ៏ត្រជាក់​ត្រជំ នា​ពិធីបើក​ការ​ប្រកួត​កីឡាជាតិ លើក​ទី​៤ និង​កីឡាជាតិជនពិការ លើក​ទី​២ ឆ្នាំ​២០២៤ កាលពីយប់​ថ្ងៃពុធ​នោះ លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា៖ «​នៅថ្ងៃ​នេះ​សូម្បី​ទេពតាក៏អបអរសាទរ​ជាមួយ​យើង​ដែរ ត្រជាក់ត្រជំ​ជោគ​ជាំ​។ អរគុណ​ណាស់ ចំពោះ​​ការ​រៀបចំ​​របស់យើង​​​​នៅ​​ថ្ងៃ​នេះ ដែល​បាន​បង្ហាញ​នូវ​ស្មារតី​សាមគ្គី​ភាព​គ្នា ស្មារតី​នៃ​ព្រលឹង​កីឡា​របស់​យើង។ កម្ពុជារួមគ្នានៅ​​ក្នុងសម័យ​សន្តិភាព»។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក្នុងនាមរាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញការកោត​សរសើរ​ទៅ​ដល់​ក្រសួងអ​ប់រំ យុវជន និង​កីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គណៈកម្មាធិការជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា សហព័ន្ធ​កីឡាជាតិទាំងអស់​ ព្រមទាំង​ក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត ដែលបាន​សហការគ្នាយ៉ាង​ល្អ ក្នុង​ការ​​លើក​កម្ពស់វិស័យកីឡា​នាពេល​បច្ចុប្បន្ន​ ​​ឱ្យមានការ​រីកចម្រើនជា​ទី​មោទនៈ ដោយ​ទទួលបានការចាប់​អារម្មណ៍ និង​​ចូលរួម​យ៉ាង​ខ្លាំងពីមហាជន​គ្រប់​ទិសទី​។

លោក​បន្ថែម​ថា៖ «ព្រឹត្តិការណ៍​កីឡា ​បានបង្ហាញ​ពីមោទនភាពជាតិ នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​ ហើយនៅក្នុង​អាណត្តិ​ទី​៧​នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា នៅ​​តែ​បន្ត​យក​ចិត្ត​ទុក​ដាក់​ និងគាំ​ទ្រ​ដល់​ការ​អនុវត្ត​ការ​​កំណែទម្រង់​វិស័យកីឡា​ ទាំង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា ការ​បង្កើន​សមិទ្ធផល​កីឡា ដើម្បី​ទាក់​ទាញ​ឱ្យមានការគាំ​ទ្រ​កាន់តែ​​ខ្លាំង​ ជាពិសេស​ការ​ទទួល​បានជោគ​ជ័យ​ទាំង​ការ​ប្រកួត​លក្ខណៈជាតិ និង​អន្តរជាតិ»​។

ទស្សនីយភាព ដែល​បានបង្ហាញ នៅ​ក្នុង​ពិធី​បើក​​ការ​ប្រកួត​កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។ រូប​ថត STPM

ទន្ទឹម​នឹងនេះ លោក ហ៊ុន ម៉ាណែត បានចាត់​ទុក​ការ​​ប្រកួត​កីឡាជាតិ លើក​ទី​៤ និង​កីឡាជាតិជនពិការ​លើក​ទី​២ ឆ្នាំ​២០២៤នេះ ជាឱកាស​ថ្មីមួយ​ទៀត ដែល​បង្ហាញ​ពីការ​រីកចម្រើន និង​ការ​វិវឌ្ឍវិស័យ​កីឡា​នៅ​កម្ពុជា និងការ​ត្រៀម​រួច​រាល់ សម្រាប់ការ​ឈានទៅ​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៥ ឆ្នាំ​២០២៩ ដោយ​កម្ពុជា​មាន​មហិច្ឆតា​រៀបចំ​ឱ្យ​បាន​ល្អ ដើម្បីជា​ប្រយោជន៍ និងមាត់មាត់ប្រទេសជាតិ។​

លោក​នាយក​រដ្ឋមន្រ្តី បញ្ជាក់​ថា៖ «ការ​រៀបចំ​ព្រឹត្តិការណ៍កីឡា បាន​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សង្គម​ ដូចជានយោបាយ​កាទូត សេដ្ឋកិច្ច  វប្បធម៌ ការ​លើក​កម្ពស់មុខ​មាត់ជាតិ ទីផ្សារពាណិជ្ជកម្ម និងការ​ទាក់ទាញ​ភ្ញៀវទេសចរជាដើម ដែលជា​ការ​ខិតខំប្រឹង​ប្រែង​របស់​កម្ពុជា ហើយកីឡា​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​កម្លាំង​សាមគ្គីជាតិ និង​កម្លាំង​សេដ្ឋកិច្ច​កម្ពុជា។ កីឡា​ក៏មានសារៈសំខាន់​ក្នុងការ​រឹតចំណង​មិត្ត​ភាព​ សាមគ្គី​ភាព និងកិច្ចសហប្រតិបត្តិ​ការ​យ៉ាង​ជិត​ស្និទ​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ»។

ជាមួយអត្ថប្រយោជន៍​ទទួល​បានពីការកីឡា​នេះ លោក ហ៊ុន ម៉ាណែត បាន​ធ្វើការ​វាយ​តម្លៃ​ខ្ពស់​ទៅដល់ការ​ខិតខំ​ប្រឹង​ប្រែង​របស់​​ក្រសួងអប់រំ យុវជន និង​កីឡា ដែលបាន​ធ្វើ​ការ​កំណែ​ទម្រង់​ស៊ីជម្រៅ លើ​វិស័យកីឡា និងអប់រំកាយ តាម​រយៈការ​បន្ត​ជួសជុលកែលម្អ​​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា ការ​ធ្វើ​ប្រតិភូ​កម្មការងារ​ និងការ​ផ្តល់​ថវិកា​គាំ​ទ្រ​ដល់​សហព័ន្ធ​កីឡាជាតិ​ ដើម្បី​ធ្វើ​ការ​បណ្តុះបណ្តាល​ធាន​ធានមនុស្ស​លើជំនាញ​​កីឡា និង​ការ​កែ​ទម្រង់ការ​ប្រកួត​កីឡាជា​ដើម។​

ទស្សនីយភាព ដែល​បានបង្ហាញ នៅ​ក្នុង​ពិធី​បើក​​ការ​ប្រកួត​កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។ រូប​ថត STPM

សកម្មភាព​ទាំងអស់នេះ បាន​ក្លាយជា​ចលករ​យ៉ាងសំខាន់ ក្នុងការ​ជួយ​ឱ្យកម្ពុជា ទទួល​បាន​លទ្ធផល​យ៉ាង​ត្រចះត្រចង់ សម្រាប់ការ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម  លើក​ទី​៣២ និង​អាស៊ានប៉ារ៉ាហ្គេម លើក​១២ ឆ្នាំ​២០២៣ ជា​លើក​ដំបូង ដោយ​ដណ្តើម​បានមេដាយ​សរុប​២៨២ ក្នុង​នោះ​មាន​មេដាយមាស​៨១ ប្រាក់​៧៤ និង​សំរឹទ្ធ​១២៧ ហើយ​ឈរ​នៅលេខ​រៀងទី​៤ ក្នុងចំណោម​ប្រទេស​ចូល​រួម​ទាំង​១១។

​រំឭក​ដល់​សមិទ្ធផល នោះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់​ថា៖ ​«​ការ​ធ្វើ​ម្ចាស់ផ្ទះការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ និង អាស៊ានប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ កម្ពុជា​ទទួល​បានជោគជ័យ​យ៉ាង​ធំ​ធេង​  ព្រមទាំង​ទទួល​បាន​ការ​កោតសរសើរពីប្រទេស​ក្នុងតំបន់​អាស៊ាន និង​ពិភព​លោក​ ទាំង​លើ​ទិដ្ឋភាព​នៃ​ការ​រៀបចំ​ការ​ប្រកួត និងការ​ទទួល​បានមេដាយ​ពីការ​ប្រកួត»។

ដោយឡែក សម្រាប់ការ​ប្រកួត​កីឡាជាតិ លើក​ទី​៤ និង​កីឡាជាតិជនពិការ​លើក​ទី​២ ឆ្នាំ​២០២៤ ត្រូវ​បាន​លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និង​កីឡា ហង់ជួន ណារ៉ុន ​ឱ្យ​ដឹង​ថា មាន​ប្រតិភូ កីឡាចូលរួម​សរុប​២៥២២នាក់ ដោយ​ត្រូវ​ប្រកួតលើប្រភេទ​ចំនួន​៣៦​ និង​កីឡាជនពិការ​១៣​ប្រភេទ ហើយ​ធ្វើ​​នៅ​រាជធានី​ភ្នំពេញ ខេត្តកែប ស្វាយរៀង ព្រះសីហនុ និងខេត្តកំពង់​ឆ្នាំង    ចាប់ពី​ថ្ងៃទី​២៩ ខែតុលា ដល់​ថ្ងៃទី​៨​ ខែវិច្ឆិកា៕