ព្រឹត្តិការណ៍​ប្រណាំង​រថ​យន្តឆ្លងកាត់ឧបសគ្គ​ Off-Road ​អន្តរ​ជាតិ ជា​លើក​ដំបូង ​ក្នុង​ខេត្ត​ព្រះសីហនុ បានចាប់​ផ្តើម​ប្រកួត​ជា​ផ្លូវ​ការ នៅលើ​ទីលាន​ប្រណាំង​យាន​យន្ត ក្បែរឆ្នេរ​អូរត្រេះ ក្រុង​ព្រះសីហនុ នា​ថ្ងៃសុក្រ​នេះ រហូត​ដល់​​ថ្ងៃអាទិត្យ ដោយមាន​អត្តពលិក​មកពី​៧​ប្រទេស​បាន​ចូលរួម។

នៅ​ក្នុង​ពិធីបើក​ការ​ប្រកួត កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ទៀ ស្យាម អនុប្រធាន​សហ​ព័ន្ធកីឡា​យាន​យន្ត​កម្ពុជា និងជា​ប្រធាន​​ក្លិប​កីឡា​មហា​គ្រួសារ Off-Road កម្ពុជា និង​លោក សាមុត សុធារិទ្ធ អភិបាល​រង​ខេត្ត​ព្រះសីហនុ បាន​​​វាយ​តម្លៃ​ខ្ពស់​ទៅ​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ ដែល​រួម​គ្នា​បង្កើត​ឱ្យ​មានការ​​​ប្រណាំង​រថ​យន្ត Off-Road ​អន្តរជាតិ​ ជា​លើក​ដំបូង នៅ​លើ​ទឹក​ដី​ខេត្ត​តំបន់​ឆ្នេរ​មួយ​នេះ ដែលវាបាន​ផ្តល់​គុណ​​ប្រយោជន៍​​ទៅ​លើ​វិស័យ​កីឡា​យាន​យន្ត និង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។

លោក ទៀ ស្យាម ថ្លែង​ថា៖​ «​ការ​ប្រណាំង​រថយន្ត Off Road នេះ យើង​ធ្លាប់​ធ្វើតែ​នៅ​ក្នុងព្រៃ ឬ​លើ​ភ្នំ ដែល​ប្រជា​ពល​រដ្ឋ​មិន​បាន​ចូល​រួម​ទស្សនា ប៉ុន្តែ​ពេល​នេះ​ប្រជា​ពល​រដ្ឋ និង​ភ្ញៀវទេសចរ​ អាច​ចូល​រួម​ទស្សនា​ដោយ​សេរី អ៊ីចឹង​ព្រឹត្តិការណ៍នេះ ផ្តល់​អត្ថប្រយោជន៍​ទាំង​ការផ្សព្វ​ផ្សាយ​ទីក្រុង​ព្រះសីហនុ  ដោយ​ផ្តោត​លើ​វិស័យ​ទេសចរណ៍ ​ព្រម​ទាំង​ជំរុញ​វិស័យ​យាន​យន្ត​នៅកម្ពុជា ឪ្យ​មាន​ការ​រីក​ចម្រើន ដោយ​បង្កើតបាន​កីឡាករ​ថ្មីៗ ដើម្បី​ឈាន​ទៅ​ប្រកួត​ជា​លក្ខណ​អន្តរជាតិ»។

ចំណែក​លោក សាមុត សុធារិទ្ធ បាន​អះអាង​ថា ការ​ប្រណាំង​រថយន្ត​ឆ្លង​កាត់​ឧបសគ្គ Off-Road នៅ​ខេត្ត​ព្រះសីហនុ ឆ្នាំ២០២៤​នេះ ជា​ព្រឹត្តិការណ៍ នៅ​លើ​ទឹក​ដី​ខេត្ត​តំបន់​ឆ្នេរ ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​ជា «តារារៈ​នាទិសនិរតី» និង​កំណត់​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង។ 

លោក​​បន្ថែម​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ ក្នុង​គោល​បំណង ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យកីឡា ជា​ពិសេស «វិស័យ​កីឡា​ប្រណាំង​រថយន្ត ចូល​រួម​ផ្សព្វ​ផ្សាយ​វិស័យ​ទេសចរណ៍ និង​បង្កើន​កិត្យា​នុភាព​ខេត្ត​ព្រះសីហនុ ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ» ហើយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​ចាត់​ទុក​វិស័យ​ទេសចរណ៍ ជា​មាស​បៃតង ដើរ​តួនាទី​ជា​កាតា​លីករ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញឱ្យ​មាន​សន្តិភាព និង​ជា​ស្ពាន​ចម្លង​នូវ​ការ​យោគ​យល់ ការ​អនុគ្រោះ និង​ស្នាម​ញញឹម​រួស​រាយ​រាក់​ទាក់​គ្នា​ទៅ​វិញ​ទៅ​មក។

អភិបាល​រង​ខេត្ត​ព្រះសីហនុរូប​នេះ បញ្ជាក់​ថា៖ «ព្រឹត្តិការណ៍​កីឡា​មិន​មែន​គ្រាន់​តែ​ជា​ការ​ប្រកួត​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ឱកាស​សម្រាប់​ផ្សព្វ​ផ្សាយ​ទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និងកេរ្តិ៍​ឈ្មោះ​ប្រទេស​ជាតិ ក៏​ដូច​ជា​រួម​ចំណែក​ដល់​ការ​ពង្រឹង​ចំណង​សាមគ្គីភាព និង​មិត្តភាព​រវាងប្រតិភូ​កីឡា​នៃ​ប្រទេស​ទាំង​អស់​ដែល​បាន​ចូលរួម»។

លោក សាមុត សុធារិទ្ធ បានប្រគល់ទង់ជាតិកម្ពុជា ទៅឱ្យលោក ទៀ ស្យាម ដើម្បីជានិមិត្តរូបនៃការអនុញ្ញាត ឱ្យរៀបចំការប្រណាំងរថយន្ត Off-Road នៅលើតំបន់ឆ្នេរខេត្តព្រះសីហនុ។ រូបថត រដ្ឋបាលខេត្តព្រះសីហនុ

តាម​គណៈ​កម្ម​ការ​បច្ចេក​ទេស​រៀបចំ​ការ​ប្រកួត បាន​ឱ្យ​ដឹង​ថា ​​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Off-Road អន្តរ​ជាតិ ឆ្នាំ២០២៤ នៅ​ខេត្ត​ព្រះសីហនុ​នេះ មាន​ប្រទេស​ចំនួន​៧ បាន​ចូល​រួម ក្នុង​នោះ​មានម្ចាស់​ផ្ទះ​កម្ពុជា ចិន ថៃ វៀតណាម រុស្ស៊ី ​ឡាវ និង​ឥណ្ឌូនេស៊ី ចំណែក​​វិញ្ញាសា​ប្រណាំង​ចែក​ជា​៣  គឺ Class A (Hard core) ឆ្លង​កាត់​ឧបសគ្គ​ខ្លាំង​បំផុត, Class B (Light core) និង Class C (Overland)។

លោក វង្ស គីមហួត ប្រធាន​គណៈកម្មការ​បច្ចេក​ទេស​​ការប្រណាំង​រថយន្ត Off-Road អន្តរជាតិ បាន​ឱ្យ​ដឹង​ទៀត​ថា កម្រិត Class A មាន​២៦​រថយន្តចូល​រួម ដែល​ត្រូវ​ប្រកួត​លើ​ផ្លូវ​ចំនួន​១០ រីឯ ​Class B និង ​Class C មាន​រថយន្ត​ចូល​រួម​​១៥​គ្រឿង​ស្មើ​គ្នា​ ហើយ​ត្រូវ​ប្រកួត​ប្រជែង​លើ​គន្លង​ផ្លូវ​ចំនួន​៦​ដូចគ្នា ចំណែក​​ផ្លូវ​ត្រូវប្រកួត គឺ​មាន​ឧបសគ្គ និងស្ថាន​ភាព​លំបាក​ខុសៗ​គ្នា ទៅ​តាម​​ប្រភេទ Class ដែល​បាន​កំណត់។

ជាមួយ​គ្នា​នេះ លោក គីមហួត ​បាន​​ចាត់​ទុក ព្រឹត្តិការណ៍​រថ​យន្ត Off-Road ​នេះ ជា​ការ​ផ្តល់​​ឱកាស​ឱ្យ​កីឡាករវ័យ​ក្មេង​របស់​​កម្ពុជា បាន​សិក្សា រៀនសូត្រ និង​បាន​ប្រកួត​សាក​ល្បង​សមត្ថ​ភាព​បន្ថែម​ទៀត ដើម្បី​ពង្រឹង​លើ​ជំនាញ​នេះ សម្រាប់​ឈាន​ទៅ​ប្រកួត​នៅលើ​ឆាក​អន្តរ​ជាតិ​ ដូច​កីឡាករ​មាន​បទ​ពិសោធន៍​របស់​​កម្ពុជា​មួយ​ចំនួន​​ ដែល​ធ្លាប់​បានចេញ​​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេសជា​ច្រើន​លើក​រួចមក​​ហើយ។

លោក​បាន​បញ្ជាក់​ថា៖ «កីឡាករ​បរទេស ដែល​មក​ចូលរួម​ក្នុង​កម្ម​វិធីនេះ ភាគ​ច្រើនជា​លំដាប់​ជើងឯក អ៊ីចឹង​កីឡាករ​កម្ពុជា នឹង​អាច​មើល​ឃើញ​ពី​ទឹក​ដី​​បើក​បរ​របស់​ខ្លួន​ថា មាន​​កម្រិត​ប៉ុនណា ហើយកម្រិត​កែ​ច្នៃ​រថយន្ត​របស់​ពួក​គាត់​យ៉ាង​ម៉េច​ដែរ? ទាំងអស់​នេះ សុទ្ធតែ​ជាបទពិសោធន៍​ដ៏​មាន​ប្រយោជន៍ ជួយ​ឱ្យ​ពួកគាត់​អាច​អភិវឌ្ឍ​សមត្ថ​ភាព​កាន់​តែ​ប្រសើរ ដើម្បី​ឈាន​ទៅ​កាន់ការ​ប្រកួត​ផ្សេងៗ​ទៀត ដែល​មាន​កម្រិត​ខ្ពស់​ជាង​នេះ»៕