យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Aljazeera នៅថ្ងៃទី២៥ ខែមីនាបានឱ្យដឹងថា កីឡាករបាល់ទាត់អន្តរជាតិជនជាតិកូរ៉េខាងត្បូង លោក សុន ជុនហូ (Son Jun-ho) ដែលត្រូវបានអាជ្ញាធរចិនចាប់ឃុំខ្លួន ដោយរងការចោទប្រកាន់ពីបទស៊ីសំណូក ត្រូវបានដោះលែង និងត្រឡប់ទៅស្រុកកំណើតរបស់លោកវិញហើយ នេះបើយោងតាមក្រសួងការបរទេសកូរ៉េខាងត្បូង។
កីឡាករបាល់ទាត់ខ្សែបម្រើរូបនេះត្រូវបានឃុំខ្លួននៅក្នុងប្រទេសចិនកាលពីខែឧសភា ឆ្នាំ២០២៣ ជុំវិញការចោទប្រកាន់ពីបទទទួលសំណូកពីបុគ្គលឯកជនមួយក្រុម។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋាភិបាលចិន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមជុំវិញករណីនេះនោះទេ។
បន្ទាប់ពីរយៈពេល ១០ ខែ មកលោក សុន បានត្រឡប់ទៅកូរ៉េខាងត្បូងវិញ ក្រោយរយៈពេលនៃការឃុំខ្លួនរបស់គាត់បានបញ្ចប់ នេះបើយោងតាមការបញ្ជាក់ដោយក្រសួងការបរទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ។
ក្រសួងការបរទេសខាងលើបានបន្ថែមថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្ដល់ការគាំទ្រដល់គ្រួសាររបស់លោក សុនយ៉ាងច្រើន ដូចជាជំនួយផ្នែកច្បាប់ និងរក្សាទំនាក់ទំនងជាមួយគ្រួសារលោកដើម្បីធ្វើបច្ចុប្បន្នភាពអំពីការវិវត្តនៃករណីរបស់លោក សុន។
យ៉ាងណាក៏ដោយ ក្រសួងមិនបានបង្ហាញអំពីកាលបរិច្ឆេទនៃការវិលត្រឡប់របស់គាត់នោះទេ ហើយក៏មិនបានបញ្ជាក់ថាតើលោក សុន ពិតជាបានប្រព្រឹត្តទង្វើដូចការចោទប្រកាន់របស់ចិនឬក៏យ៉ាងណានោះទេ។
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា៖«យើងបានទាក់ទងជាមួយអាជ្ញាធរចិន តាមរយៈបណ្តាញទំនាក់ទំនងផ្សេងៗ ដើម្បីជំរុញឱ្យមានដំណើរការក្ដីបានឆាប់រហ័ស និងយុត្តិធម៌សម្រាប់លោក សុន។ យើងក៏បានទាក់ទងយ៉ាងជិតស្និទ្ធជាមួយគ្រួសាររបស់គាត់នៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ»។
លើសពីនេះទៀត កុងស៊ុលកូរ៉េខាងត្បូងប្រចាំនៅប្រទេសចិន ក៏បានជួបធ្វើសម្ភាសជាមួយលោក សុន រហូតដល់ទៅ ២០ ដងដើម្បីជួយសម្របសម្រួល និងធានាសិទ្ធិរបស់លោក សុន ក្នុងការទទួលបានមេធាវីស្របច្បាប់។
សមាគមកីឡាបាល់ទាត់កូរ៉េខាងត្បូង បានបញ្ជាក់ថា លោក សុន ដែលជាកីឡាករបាល់ទាត់អាយុ ៣១ឆ្នាំ ត្រូវបានដោះលែង និងត្រឡប់ទៅផ្ទះវិញកាលពីថ្ងៃចន្ទ។
លោក សុន បានលេងឱ្យក្លឹបបាល់ទាត់ សានតុង ថៃសាន (Shandong Taishan) ក្នុងក្របខ័ណ្ឌលីគកំពូលចិន (Chinese Super League) ចាប់តាំងពីឆ្នាំ ២០២១ ហើយបានចូលរួមប្រកួតចំនួន ៣ប្រកួតក្នុងចំណោម ៤ ប្រកួតតំណាងប្រទេសកូរ៉េខាងត្បូងក្នុងការប្រកួតបាល់ទាត់ពិភពលោក (World Cup) នៅប្រទេសកាតា (Qatar) ឆ្នាំ ២០២២។
មុនពេលចូលរួមជាមួយក្លឹបបាល់ទាត់សានតុង ថៃសាន ក្នុងឆ្នាំ២០២១ដែលបានចុះកិច្ចសន្យារយៈពេល ៤ ឆ្នាំ លោក សុនធ្លាប់បានលេងឱ្យក្លឹបនៅប្រទេសកូរ៉េខាងត្បូងចំនួនពីរ គឺក្លឹប Pohang Steelers និងក្លឹប Jeonbuk Hyundai Motors ចំនួន ៧ រដូវកាល។ សរុបជារួម គាត់បានលេងតំណាងឱ្យប្រទេសកូរ៉េខាងត្បូងចំនួន ១៨ ដង៕