​ភ្នំពេញៈ​ ជា​កាសែត​វ័យ​ចំណាស់ ភ្នំពេញ​ប៉ុស្តិ៍ (The Phnom Penh Post) ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​ទទួលស្គាល់ថា ជា​កាសែត​ឯករាជ្យ ប្រកាន់​ភ្ជាប់​នូវ​វិជ្ជាជីវៈ​បាន​យ៉ាង​ល្អ ព្រោះ​រាល់​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​នៅលើ​ទំព័រ​កាសែត​នេះ សុទ្ធតែ​បាន​ឆ្លុះបញ្ចាំង​ពី​តថភាព​ពិត​នៅក្នុង​សង្គម​។​

​កាសែត​នេះ​បានចេញ​ផ្សាយ​ប្រចាំខែ​ជា​ភាសា​អង់គ្លេស​តាំងពី​ឆ្នាំ ​១៩៩២ ​និង​បាន​បោះ​​ជំហាន​ទៅមុខ​មួយកម្រិត​ទៀត ដោយមាន​ការចេញផ្សាយ​ជាប្រចាំ​ថ្ងៃ ជា​ភាសា​អង់គ្លេស នៅ​ថ្ងៃទី ​៨ ខែ​ ៨ ឆ្នាំ​ ២០០៨ ហើយ​នៅ​ថ្ងៃទី ​៩ ខែ​៩ ឆ្នាំ ២០០៩ បានចេញ​ផ្សាយ​ជា​ភាសា​ខ្មែរ​ប្រចាំថ្ងៃ​មួយទៀត ដើម្បី​ពង្រីក​ការផ្សព្វផ្សាយ​របស់ខ្លួន​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ទៅដល់​មិត្ត​អ្នកអាន​ទាំង​ខ្មែរ​និង​បរទេស​។​

​ព័ត៌មាន​ដ៏​សម្បូរបែប​ត្រូវបាន​ចុះផ្សាយ​ជាប្រចាំ​ថ្ងៃ នៅលើ​កា​សែត​ភ្នំពេញ​ប៉ុស្តិ៍​ទាំង​២​ភាសា ហើយ​ក្នុងនោះ​ព័ត៌មាន​ផ្នែក​កីឡា ក៏ត្រូវ​បាន​ពង្រីក​វិសាលភាព​ការចុះផ្សាយ​លើ​កាសែត​ដ៏​ចំណាស់​មួយ​នេះ​ផងដែរ​ដោយ​ផ្តោត​ទាំង​ទៅលើ​កីឡា​ជាតិ និង​អន្តរជាតិ​។ កាសែត​នេះ​បាន​បង្កើតឱ្យមាន​សារព័ត៌មាន​កីឡា​ប្រចាំ​សប្តាហ៍​ដាច់ដោយឡែក​ឈ្មោះថា​ «​កី​ឡា​ថ្ងៃនេះ ឬ Sports Today» នា​អំឡុង​ឆ្នាំ​ ២០១០​។​

​រំឭក​ទៅដល់​ការបង្កើតឱ្យមាន​ជា​សារព័ត៌មាន​កីឡា​នេះ លោក អ៊ឹង ចំរើន អតីត​ការី​និពន្ធ​ព័​ត៌​មាន​កីឡា​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បានបង្ហាញ​មោទនភាព​ខ្លាំង ដែល​លោក​បានរួម​ចំណែក​បង្កើត​ឱ្យមាន​ទំព័រ​កីឡា «​កីឡា​ថ្ងៃនេះ​» ដើម្បី​ពង្រីក​ការ​ផ្សព្វ​ផ្សាយ​ពី​វិស័យ​កីឡា​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​។ លោក​អ៊ឹង ចំរើន​បាន​លាឈប់​ពី​តួនាទី​មួយ​នេះ នៅ​ឆ្នាំ​២០១២ ហើយ​បច្ចុប្បន្ន លោក​ជានា​យក​ប្រតិ​ប​ត្តិ​សារព័ត៌មាន​ឌីជីថល​«​ថ្មីៗ​»​។​

​លោក អ៊ឹង ចំរើន បាន​ប្រាប់ថា​៖ «​តាមពិតទៅ មុន​ខ្ញុំ​ចូលរួម​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ គឺ​កាសែត​នេះ​មាន​មាតិកា​កីឡា​របស់ខ្លួន​រួចទៅហើយ ប៉ុន្តែ​អ្វី​ដែលជា​មោទនភាព​បំផុត​សម្រាប់​ខ្ញុំ​នោះ គឺ​ការចូលរួម​បង្កើត​សារ​ព័ត៌មាន​កីឡា​ប្រចាំ​សប្តាហ៍​មួយ​ដាច់ដោយឡែក ក្នុងអំឡុង​ឆ្នាំ​ ២០១០ ព្រោះ​កីឡា​ថ្ងៃនេះ របស់​ភ្នំពេញ​ប៉ុស្តិ៍ បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​វិស័យ​កីឡា​នៅ​កម្ពុជា​ដោយ​កាលនោះ ការផ្សព្វផ្សាយ​កីឡា​នៅ​កម្ពុជា​មិនទាន់​ទូលំទូលាយ និង​សម្បូរ​​បែប​ដូច​សព្វថ្ងៃ​នោះឡើយ​»​។​

​បើទោះបីជា​មនុស្ស​មួយចំនួន​គិតថា ផ្នែក​កីឡា​វា​គ្រាន់តែ​ជា​ព័ត៌មាន​បន្ទាប់បន្សំ​ដើម្បី​បង្គ្រប់​ទំព័រ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ប៉ុន្តែ​ក្រុមការងារ​កីឡា​របស់​ស្ថាប័ន​មួយ​បាន​ប្រឹងប្រែង​ខ្លាំង ក្នុងការ​បង្កើត​មាតិកា​ល្អៗ ដែល​បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ភាព​ស៊ីជម្រៅ​នៅក្នុង​វិស័យ​កីឡា ហើយ​គ្រប់​ព្រឹត្តិការ​​ណ៍​សំខាន់ៗ សុទ្ធតែ​ត្រូវបាន​ចុះ​​ផ្សាយ នៅលើ​ទំព័រ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បើទោះបីជា​ពេលខ្លះ ត្រូវ​ចំណាយពេល​រង់ចាំ​រហូតដល់​ម៉ោង​ ១​ យប់​ក្នុង​ការផលិត​អត្ថបទ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ក៏ដោយ​។​

​មិនតែប៉ុណ្ណោះ ក្រុមការងារ​កីឡា​របស់​ភ្នំពេញ​ប៉ុស្តិ៍ មាន​ទាំង​អ្នកយកព័ត៌មាន និង​អ្នក​​ថតរូប​តែងតែបាន​ចុះ​យក​ព័​ត៌​មាន​ផ្ទាល់ សម្ភាស​ផ្ទាល់ ថតរូប​ផ្ទាល់ នៅ​ស្ទើរ​គ្រប់​ព្រឹត្តិការណ៍​កីឡា ដោយ​ផ្តោត​សំខាន់​មុនគេ លើ​វិស័យ​កីឡាបាល់ទាត់ និង​ប្រដាល់​គុន​ខ្មែរ ហើយ​ជា​បន្ត​បន្ទាប់មកទៀត ភ្នំពេញ​ប៉ុស្តិ៍ បាន​ពង្រីក​ការចុះផ្សាយ​គ្រប់​ប្រភេទ​កីឡា​ទាំងអស់ ធ្វើឱ្យ​មជ្ឈដ្ឋាន​ទូទៅ​បាន​ស្គាល់​កាន់​តែ​ច្បាស់​ពី​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​តថភាព​ពិត​នៃ​វិស័យ​កីឡា​នៅ​កម្ពុជា​។​

​បើទោះបីជា​ក្នុង​រយៈពេល​ជាង ​១០ ​ឆ្នាំមុន វិស័យ​កីឡា មិនទាន់​ទទួលបាន​ការគាំទ្រ​ខ្លាំង ព្រោះ​ការប្រកួត​ភាគច្រើន ត្រូវបាន​រៀបចំឡើង​ដោយ​មិនសូវមាន​អ្នកទស្សនា ប៉ុន្តែ​ក្រុមការងារ​កីឡា​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ តែងតែ​ស្ថិត​នៅជាប់​ជាមួយ​ព្រឹត្តិ​ការណ៍​ទាំងអស់នោះ ដើម្បី​ប្រមែ​ប្រមូលបាន​នូវ​សាច់រឿង​ពិត ហេតុការណ៍​ពិត និង​អារម្មណ៍​ពិត របស់​ប្រភព ដែល​ស្ថិតនៅ​ទីនោះ​ផ្ទាល់ និង​ភាគី​ពាក់ព័ន្ធ ហេតុនេះ​រាល់​ព័ត៌មាន​កីឡា​ដែល​បាន​ចុះផ្សាយ​នៅ​ភ្នំពេញ​ប៉ុស្តិ៍ តែងតែ​ទទួលបាន​ការជឿ​ទុកចិត្ត​ពី​មិត្ត​អ្នកអាន​។​

​លោក អ៊ឹង ចំរើន បន្ថែមថា​៖ «​ភ្នំពេញ​ប៉ុស្តិ៍ ជា​កាសែត​មួយ​ដែល​ផ្តល់​តម្លៃ​លើ​ព័ត៌មាន​កីឡា ហើយ​ក្រៅពី​ព័ត៌មាន​កីឡា​ប្រចាំថ្ងៃ ភ្នំពេញ​ប៉ុស្តិ៍ ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ក៏​ដូច​ជា Sports Today បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​អំពី​ប្រវត្តិ​កីឡា ប្រវត្តិ​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ ច្បាប់​ល្បែង កម្មវិធី​ប្រកួត ក៏​ដូច​​ជា​ចំណេះដឹង​ផ្សេងៗ​អំពី​កីឡា​»​។​

​លោក​បញ្ជាក់ថា​៖«​បើ​និយាយ​ពី​កម្មវិធី​បាល់ទាត់ និង​ប្រដាល់ យើង​ផ្សព្វផ្សាយ​ព័ត៌មាន​ដ៏​ស៊ីជម្រៅ​អំពី​សមាសភាព​កីឡាករ កម្មវិធី​ប្រកួត​តាមដាន​ការប្រកួត​ផ្ទាល់​និង​បទសម្ភាសន៍​ក្រោយ ការប្រកួត​។ យើង​បាន​សហការ​ជាមួយ​បណ្តា​ស្ថានីយទូរទស្សន៍ សម្រាប់​ការចុះផ្សាយ​កម្មវិធី​ប្រកួត​កីឡាប្រដាល់​ប្រចាំថ្ងៃ​នៅ​ចុង​សប្តាហ៍​មុនគេ ដើម្បី​ផ្តល់​ភាពងាយស្រួល​សម្រាប់​មិត្ត​អ្នក​អាន ហើយ​យើង​មាន​ទំនាក់​ទំនង​យ៉ាង​ល្អជា​មួយ​គណៈ​​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​បណ្តា​សហព័ន្ធ និង​ក្លិប​កីឡា​នានា ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​លើកកម្ពស់​វិស័យ​កីឡា​នៅ​កម្ពុជា​»​។​

​ក្រៅពី​បានរួម​ចំណែក​ផ្សព្វ​ផ្សាយ​ក៏ដូចជា​លើកកម្ពស់​វិស័យ​កីឡា នៅក្នុង​ស្រុក ក្រុមកីឡា​របស់​ភ្នំពេញ​ប៉ុស្តិ៍ ក៏បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ចុះផ្សាយ​ពី​ព័ត៌មាន​កីឡា ដែល​ទាក់ទង​ទៅនឹង​ក្រុម​ជម្រើសជាតិ​នៃ​ប្រភេទ​កីឡា​នីមួយៗ​ដែល​បាន​ត្រៀមខ្លួន និង​ចូលរួម​ការប្រកួត​នៅលើ​ឆាក​អន្តរជាតិ ទាំង​កម្រិត​អាស៊ាន អាស៊ី និង​ពិភពលោក ជាពិសេស​ការប្រកួត​ស៊ី​ហ្គេម ​ដែល​ធ្វើឡើង​រៀងរាល់​ ២ ​ឆ្នាំ​ម្តង​។​

​នៅ​រាល់​ព្រឹត្តិការណ៍​សំខាន់ៗ​ទាំងនេះ ភ្នំពេញ​ប៉ុស្តិ៍ បាន​តាម​ដាន​យ៉ាង​ដិតដល់ ក្នុងការ​ប្រមែ​ប្រមូលបាន​នូវ​ធាតុ​ផ្សំ​និង​ប្រភព​គ្រប់​ជ្រុងជ្រោយ ដើម្បី​បង្កើតបានជា​អត្ថបទ​ដ៏​ត្រឹមត្រូវ និង​បង្ហាញឱ្យឃើញ​ពី​ស្ថានភាព​ពិត ដែល​ទទួលបាន​ទំនុកចិត្ត​ពី​អ្នក​​អាន ព្រមទាំង​ថ្នាក់ដឹកនាំ​កីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី និង​ភាគី​ពាក់ព័ន្ធ ជា​តំណាងឱ្យ​ក្លិប សហព័ន្ធ​និង​ស្ថាប័ន​កីឡា​ផ្សេងៗ​។​​ទន្ទឹមនឹងនេះ នៅពេល​អត្ត​ព​លិ​ក​កម្ពុជា ទទួលបាន​មេ​ដាយ​មាស ប្រាក់ សំរឹទ្ធ និង​ពានរង្វាន់​ពី​ការប្រកួត​នៅលើ​ឆាក​អន្តរជាតិ គឺ​ភ្នំពេញ​ប៉ុស្តិ៍ តែងតែបាន​បង្ហាញ​ពី​មោទនភាព​ជា​មួយ​សមិទ្ធផល​ទាំងនោះ តាម​​រយៈ​ការចុះផ្សាយ នៅលើ​ទំព័រ​កាសែត និង​បណ្តាញ​សង្គម​ផ្សេងៗ​របស់ខ្លួន ដើម្បី​ចែករំលែក​ភាពជោគជ័យ​ទាំងអស់នេះ ទៅដល់​ប្រជាជន​កម្ពុជា និង​មិត្ត​អ្នកអាន​ទាំង​ខ្មែរ និង​បរទេស​។​

​ជាក់ស្តែង នៅពេល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ស៊ី​ហ្គេម លើក​ទី ​៣២ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី ១២ ឆ្នាំ​ ២០២៣ ជា​ប្រវត្តិ សាស្ត្រ ជា​លើក​ដំបូង កន្លងមកនេះ ភ្នំពេញ​ប៉ុស្តិ៍ បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ស៊ី​ជម្រៅ តាំងពី​ការត្រៀមខ្លួន​៤​ឆ្នាំមុន រហូតដល់​ការប្រកួត​បានបញ្ចប់​ដោយ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​បំផុត​។​

​ជាមួយគ្នានេះ​អ្នក​ថតរូប​របស់​ភ្នំពេញ​ប៉ុស្តិ៍ ក៏បាន​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុង​ការថត​យក​រូប​ភាពល្អៗ​ទាំង​នៅក្នុង​ពិធី​បើក​-​បិទ និង​សកម្មភាព​ប្រកួត​នៃ​ប្រភេទ​កីឡា​ផ្សេងៗ​ដើម្បី​រំលេច​ចេញ​នូវ​ទស្ស​នី​យ​ភាព​ដ៏​អស្ចារ្យ​ដែល​បាន​ឆ្លុះបញ្ចាំង​ពី​មោទនភាព​កិ​ត្យា​នុ​ភាព និង​ជោគជ័យ​ដ៏​ឧត្តុង្គឧត្តម​របស់​ម្ចាស់ផ្ទះ​កម្ពុជា ដោយបាន​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​បាន​យ៉ាង​ល្អ​បំផុត និង​បានទទួល​ការ​សាទរ​យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​។  

​តាមរយៈ​ការចូលរួមចំណែក​ផ្សព្វផ្សាយ​ពី​វិស័យ​កីឡា តាំងពី​ឆ្នាំ​ ២០០៨ រហូតមកដល់​បច្ចុប្បន្ន ជាពិសេស​ពី​អំឡុង​ឆ្នាំ​ ២០០៩ ដល់​ឆ្នាំ​ ២០១៨ ​ព័ត៌មាន​កីឡា​របស់​ភ្នំពេញ​ប៉ុស្តិ៍​ត្រូវបាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ចាត់ទុកថា ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ដែល​បានរួម​ចំណែក​ផ្សព្វផ្សាយ​ពី​ចលនា​កីឡា​អូឡាំពិក​ជាតិ​ព្រោះ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​អន្តរជាតិ (IOC) បាន​យក​ព័ត៌មាន​កីឡា​របស់​ភ្នំពេញ​ប៉ុស្តិ៍ ជា​ផ្នែក​មួយ ដែល​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិត​នៃ​ចលនា​កីឡា​អូឡាំពិក​នៅ​កម្ពុជា​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខា​ធិ​ការ NOCC បាន​ថ្លែងថា​៖ «​យើង​សូម​អរគុណ​ដល់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ព្រោះ​ចាប់តាំងពី NOCC បានធ្វើ​កំណែទម្រង់ ពី​ឆ្នាំ ​២០០៩ ​មក គឺ​កាសែត​នេះ បានរួម​ចំណែក​ច្រើនណាស់ ជាពិសេស​បាន​គ្របដណ្តប់​ព័​ត៌​មាន​កីឡា​អូឡាំពិក និង​ការងារ​របស់​អូឡាំពិក​បាន​ច្រើន និង​ធ្វើឱ្យ​មតិ​មហាជន មានការ​កោត​សរសើរ ព្រោះ​ទំព័រ​កីឡា​របស់​ភ្នំពេញ​ប៉ុស្តិ៍​ដែល​បោះ​ជា​កាសែត​នោះ​មានការ​ជ្រួតជ្រាប និង​ល្បីល្បាញ អាចជា​ការរួមចំណែក​មួយ​ក្នុងការ​អភិវឌ្ឍ​ចលនា​អូឡាំពិក នៅ​កម្ពុជា​»​។​

​លោក​បាន​បន្ថែមថា​៖ «​យើង​ដឹង​ហើយ​ថា កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស អ៊ីចឹង​ភាសា​អង់គ្លេស​ហ្នឹង ត្រូវបាន​ចលនា​អូឡាំពិក​អន្តរជាតិ​យក​ជា​ព័ត៌មាន​ផ្លូវការ​មួយ​ពី​ចលនា​អូឡាំពិក​របស់​កម្ពុជា គឺ​ពីមុនមក​មាន​សារៈ​​សំខាន់​ណាស់ អ៊ីចឹង​ពេល​យើង​ជួប​ថ្នាក់ដឹកនាំ​ចលនា​អូឡាំពិក​អន្តរជាតិ នៅក្នុង​កិច្ចប្រជុំ គាត់​តែង​ប្រាប់​យើង​ថា គាត់​បាន​តាមដាន​ការងារ​របស់ NOCC តាមរយៈ​ភ្នំពេញ​ប៉ុស្តិ៍ ហើយ​យើង​ក៏មាន​យក​ព័ត៌មាន​របស់​ភ្នំពេញ​ប៉ុស្តិ៍ មក​ដាក់​នៅលើ​វេ​ប​សាយ​របស់​យើង​ដែរ​»​។

​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន បាន​ទទូច​សុំឱ្យ​ភ្នំពេញ​ប៉ុស្តិ៍ នៅតែ​បន្ត​ការចុះផ្សាយ​ព័ត៌មាន​កីឡា​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ផុស​​ផុល បើទោះបីជា​ស្ថាប័ន​នេះ លែងមាន​ការបោះពុម្ព​ជា​កាសែត ដោយ​ផ្តោត​តែ​លើ​អន​ឡាញ​វិញ​ក្តី​។ លោក​បញ្ជាក់ថា​៖«​យើង​សង្ឃឹមថា ថ្នាក់ដឹកនាំ​របស់​ភ្នំពេញ​​ប៉ុស្តិ៍ នឹង​បន្តការងារ​តាម​អន​​ឡាញ​កាន់តែ​ល្អ​ថែមទៀត គឺមាន​អត្ថបទ និង​សាច់រឿង​ល្អៗ ព្រមទាំង​មានការ​យកចិត្ត​ទុក​ដាក់ចុះ​ផ្សាយ​ព័ត៌មាន​កីឡា​របស់​យើង​ឱ្យបាន​ច្រើន​ថែមទៀត​»​។​

​ក្រៅពី​បាន​ចូលរួមចំណែក​ផ្សព្វផ្សាយ​ពី​វិស័យ​កីឡា​នៅ​កម្ពុជា រហូត​មានការ​ទទួល​ស្គា​ល់ពី NOCC និង IOC នោះ អត្ថបទ​កីឡា​របស់​ភ្នំពេញ​ប៉ុស្តិ៍ បាន​ក្លាយជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ផងដែរ ក្នុងការ​ផ្តល់នូវ​ចំណេះដឹង​ដល់​អ្នកយក​ព័​ត៌​មាន​កីឡា​ជំនាន់​ក្រោយ អាច​រៀនសូត្រ ដើម្បី​ដកស្រង់យក​ចំណុច​ល្អៗ ទៅ​ពង្រឹង​ជំនាញ​នៃ​ការសរសេរ​អត្ថបទ​កីឡា​របស់​ពួកគេ​ឱ្យបាន​កាន់តែ​ល្អ​ប្រសើរ​ផងដែរ​។​

​អតីត​អ្នកយកព័ត៌មាន​កីឡា​របស់​វេ​ប​សាយ Sabay លោក អ៊ុំ សុភ​ក្តិ ដែល​គេ​ស្គាល់​ថា ជា​អ្នក​អត្ថាធិប្បាយ​កីឡាបាល់ទះ​ដ៏​មាន​ប្រជាប្រិយ នាពេល​ប​ច្ចុ​ប្បន្ន ដោយមាន​ឈ្មោះ​ហៅ​ក្រៅ​ថា DUKU នោះ បាន​និយាយថា​៖ «​ភ្នំពេញ​ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​គ្រប់​ប្រភេទ​កីឡា ហើយ​ការសរសេរ​របស់គាត់​ល្អ គឺ​សរសេរ​វែងៗ មាន​ព័ត៌មាន​លម្អិត​គ្រប់​ជ្រុងជ្រោយ ក្បោះ​ក្បាយ និង​មាន​ប្រភព​ត្រឹមត្រូវ អាច​ជឿ​ទុកចិត្តបាន​»​។​

​ពិធីករ​បាល់ទះ​រូបនេះ បាន​បន្ថែមថា​៖ «​ខ្ញុំ និង​មិត្តភក្តិ ធ្លាប់បាន​អាន​ព័ត៌មាន​កីឡា​របស់​ភ្នំពេញ​ប៉ុស្តិ៍ ហើយ​ខ្ញុំ​ធ្លាប់បាន​រៀនសូត្រ និង​ដកស្រង់យក​ចំណុច​ល្អៗ​របស់​កាសែត​នេះ​ទៅ​ពង្រឹង​ជំនាញ​សរសេរ​របស់ខ្ញុំ ទាំង​របៀប​នៃ​ការចាប់​ជ្រុង ស្ទីល​នៃ​ការសរសេរ ក៏ដូចជា​ការប្រើប្រាស់​ឃ្លាឃ្លោង​នៅក្នុង​សាច់រឿង​។ អ៊ីចឹង​ខ្ញុំ​គិតថា ប្អូនៗ ដែល​ទើបតែ​រៀន​សរសេរ​កាសែត អាច​យក​ភ្នំពេញ​ប៉ុស្តិ៍​ជា​គោល​បាន ហើយ​អ្នក​ដែលមាន​អាជីព​ហ្នឹង​យូរ​ឆ្នាំ ក៏​អាច​មើល​ដូចគ្នា ព្រោះ​ភ្នំពេញ​ប៉ុស្តិ៍ ជា​កាសែត​ចំណាស់​មួយ ដែល​ប្រកាន់ខ្ជាប់​នូវ​វិជ្ជាជីវៈ​ត្រឹមត្រូវ និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ នូវ​រាល់​ការ​ចុះផ្សាយ​របស់ខ្លួន​»៕