មន្រ្តីជំនាញរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងគណៈកម្មការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងនៅកម្ពុជា បានអះអាងថា ការផុតរលត់នៃវិបត្តិជំងឺកូវីដ១៩ វានឹងផ្តល់ភាពអំណោយផលពេញលេញជាថ្មីវិញសម្រាប់កម្ពុជា ក្នុងការស្តារកំណើនអ្នកចូលរួមនៃទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១២ ឆ្នាំ២០២៤ ដែលគ្រោងធ្វើនៅខាងមុខព្រះបរមរាជវាំង នាថ្ងៃទី១៦ ខែមិថុនា ចំណែកម្ចាស់ឧបត្ថម្ភធំ ក៏បង្ហាញពីឆន្ទៈក្នុងការជួយពង្រីកពីវិសាលភាពព្រឹត្តិការណ៍នេះដូចគ្នា។
នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១៥ ខែឧសភា លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានលើកឡើងថា នៅមុនការផ្ទុះឡើងនៃជំងឺកូវីដ១៩ជាសកល និងនៅកម្ពុជា គឺចំនួនអ្នកចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ បានកើនឡើងប្រមាណ ៧ពាន់នាក់ទៅហើយ ពោលគឺការរៀបចំលើកទី៩ កាលពីឆ្នាំ២០១៩ មានអ្នកចូលរួមទាំងមានស្លាកត្រឹមត្រូវ និងអត់ស្លាកពាក់សរុបប្រហែល ៧០០០នាក់ ក្នុងនោះមានបរទេសមកពីជាង ៣០ប្រទេស។
ប៉ុន្តែតួលេខនេះ បានធ្លាក់ចុះ ក្រោយវិបត្តិកូវីដបានផ្ទុះឡើង ចំណែកការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១១ កាលពីឆ្នាំ២០២៣ មានអ្នកចូលរួមបានត្រឹម៣៩០០នាក់ ហើយបញ្ហានេះបានធ្វើឱ្យកម្ពុជា បរាជ័យក្នុងការពង្រីកទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ទៅជាទិវារត់ប្រណាំងភ្នំពេញម៉ារ៉ាតុងអន្តរជាតិ ទៅតាមការគ្រោងទុក ដែលតម្រូវឱ្យមានអ្នកចូលរួមចាប់ពី ១ម៉ឺននាក់ឡើងទៅ។
លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «កាលពីមុនកូវីដ ចំនួនអ្នករត់របស់យើង បានកើនខ្ពស់ម្តងហើយ ប៉ុន្តែក្រោយមក បានធ្លាក់ចុះមកវិញ ដោយបានត្រឹមជាង ២ពាន់ និងចុងក្រោយបានជាង ៣ពាន់នាក់ អ៊ីចឹងយើងត្រូវខំប្រឹងរុញឱ្យបានខ្ពស់វិញ ហើយលើកក្រោយៗទៀត យើងត្រូវព្យាយាមធ្វើឱ្យដូចព្រឹត្តិការណ៍ម៉ារ៉ាតុងនៅស្រុកគេដែរ គឺមានអ្នកចូលរួមចាប់ពី ១ម៉ឺននាក់ឡើង ទើបយើងអាចពង្រីកទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនេះ ទៅជាម៉ារ៉ាតុងបាន»។
សម្រាប់ការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១២ នៅថ្ងៃទី១៦ ខែមិថុនា ខាងមុខនេះ លោក វ៉ាត់ ចំរើន បានដាក់ក្តីសង្ឃឹមថា នឹងមានអ្នកចុះឈ្មោះចូលរួមរត់ច្រើនអាចចូល ៥ពាន់នាក់ ព្រោះគិតត្រឹមពេលនេះ មានអ្នកចុះឈ្មោះចូលរួមបាន ៣៦០៥នាក់ហើយ រីឯការចុះឈ្មោះនៅសល់ពេលជិត១ខែទៀត។
នៅក្នុងចំនួនអ្នកចុះឈ្មោះជាបណ្តោះអាសន្នចំនួន ៣៦០៥នាក់នេះ គឺមានជនជាតិខ្មែរចំនួន៣០០២នាក់ និងជនបរទេសចំនួន៦០៣នាក់ ប៉ុន្តែនៅក្នុងចំនួនជនបរទេសទាំង ៦០៣នាក់នេះ លោក ចំរើន បានបង្ហើបថា មានបរទេសមកពីក្រៅប្រទេសមិនដល់១០០ទេ ព្រោះភាគច្រើនជាបរទេសកំពុងរស់នៅក្នុងស្រុករបស់យើង គឺតាមតារាងចុះឈ្មោះមាន៦១សញ្ជាតិ។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «នេះជាឆ្នាំ ដែលយើងគិតថា មានសុវត្ថិភាព ១០០ភាគរយហើយពាក់ព័ន្ធនឹងបញ្ហាកូវីដ ព្រោះកាលពីឆ្នាំ២០២៣ យើងនៅមានសល់ចំហាយខ្លះៗ អ៊ីចឹងយើងរំពឹងថា ចំនួនអ្នកចូលរួមអាចឡើងដល់ ៤៥០០នាក់ ឬច្រើនជាងនេះ»។
ចំពោះគោលបំណងនៃការរៀបចំ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនេះ គឺដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងកៀរគររកថវិកាដើម្បីការងារសប្បុរសធម៌ ហើយបន្ថែមលើនេះ លោក វ៉ាត់ ចំរើន បានអះអាងថា ភាពផុសផុលនៃទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ នឹងក្លាយទៅជាចលករសំខាន់ក្នុងការផ្សព្វផ្សាយភាពស្រស់ស្អាតរបស់រាជធានីភ្នំពេញរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ។
លោកបានបញ្ជាក់ថា៖ «ព្រឹត្តិការណ៍របស់យើង ពាក់ព័ន្ធទៅនឹងរាជធានីភ្នំពេញ អ៊ីចឹងយើងផ្សព្វផ្សាយ និងជំរុញរាជធានីរបស់យើងទៅក្នុងថ្នាក់ជាតិ និងអន្តរជាតិ គឺយើងត្រូវរួមគ្នាធ្វើឱ្យព្រឹត្តិការណ៍នេះ ក្លាយជាមូលដ្ឋានដ៏ពិសេសមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាអ្នករត់នៅលើពិភពលោក ដាក់ផែនការមកចូលរួមទិវារត់ប្រណាំងរបស់យើង»។
យ៉ាងណាក៏ដោយ ដើម្បីឈានទៅសម្រេចគោលដៅនេះ លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា វាទាមទារឱ្យមានការចូលរួមគ្រប់ផ្នែកទាំងអស់។
លោកនិយាយថា៖ «អ្វីដែលសំខាន់ គឺការងាររបស់យើង ត្រូវតែជាការរៀបចំដែលមានសុវត្ថិភាពល្អ មានការបិទផ្លូវ និងរៀបចំសណ្តាប់ធ្នាប់បានល្អ ក្រោមការសាទរពីប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យអ្នករត់មានភាពសប្បាយរីករាយ គឺយើងត្រូវធ្វើឱ្យកម្មវិធីនេះកាន់តែល្អទៅៗពី១ឆ្នាំទៅ១ឆ្នាំ ដើម្បីទទួលបានការវាយតម្លៃល្អពីអង្គការម៉ារ៉ាតុងពិភពលោក»។
ជាមួយនឹងការដាក់គោលដៅស្តារកំណើនអ្នកចូលរួម នៅក្នុងទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១២ ឆ្នាំ២០២៤នេះ ក្រុមហ៊ុន Smart Axiata ដែលជាអ្នកឧបត្ថម្ភធំ ក្នុងព្រឹត្តិការណ៍នេះ ក៏បានបង្ហាញឆន្ទៈ ក្នុងការជួយជំរុញឱ្យទិវារត់ប្រណាំងនេះ កាន់តែទទួលបានការគាំទ្រ និងមានអ្នកចូលរួមច្រើនដូចគ្នា។
លោក រិន ពេជ្រមុនី ប្រធានផ្នែកទីផ្សារ និងតន្រ្តីរបស់ Smart Axiata បាននិយាយក្នុងសន្និសីទកាសែត កាលពីថ្ងៃពុធនោះថា៖ «ការចូលរួមឧបត្ថម្ភដល់ព្រឹត្តិការណ៍នេះ ដោយសារយើងសង្កេតឃើញថា សកម្មភាពលេងកីឡា ពិតជាបានផ្តល់អត្ថប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសយើងបានព្យាយាមធ្វើឱ្យពួកគាត់កាន់តែមានភាពសកម្មកម្មក្នុងកីឡា ហើយបន្ថែមនេះ យើងនឹងចូលរួមជួយផ្សព្វផ្សាយ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងចូលរួមទិវារត់ប្រណាំងលើកនេះឱ្យបានកាន់តែច្រើនកុះករ»។
ចំណែកលោក សែម ផល្លា នាយកប្រតិបត្តិគណៈកម្មការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងនៅកម្ពុជា បានឱ្យដឹងថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ នៅថ្ងៃទី១៦ ខែមិថុនា ខាងមុខនេះ មានការរត់ចំនួន៤វិញ្ញាសា ដែលបានកំណត់ពេលចេញដំណើររួចហើយ គឺរត់ចម្ងាយ២១គីឡូម៉ែត្រ ចេញដំណើរនៅព្រឹកម៉ោង ៥:១០ ចម្ងាយ ១០ គីឡូ ចេញដំណើរម៉ោង ៥:៤៥ រីឯចម្ងាយ៥គីឡូម៉ែត្រចេញដំណើរនៅម៉ោង ៦:០០ ចំណែកការរត់កម្សាន្តចម្ងាយ២គីឡូម៉ែត្រ ចេញដំណើរនៅម៉ោង ៦:១០៕