កីឡាករទម្ងន់ធ្ងន់របស់កម្ពុជា ព្រំ សំណាង បានប្រើពេលប្រមាណ ៥នាទី ដើម្បីផ្តួលអ្នកលេងមកពីអ៊ីរ៉ង់ Mehdi Kalili ឱ្យសន្លប់ សម្រាប់ការប្រកួតនៅលើសង្វៀនប៉ុស្តិ៍លេខ ៥ ចំណែកកីឡាករ ណង សៅ, វង្ស វិឆ័យ និងកីឡាការិនី មឿយ សឹង ក៏ទទួលបានជ័យជម្នះផងដែរ ប៉ុន្តែអ្នកប្រដាល់ ម៉ានូ សិល្បៈ និង សំណាង ចុងក្រោយ សុទ្ធតែត្រូវបានអ្នកប្រយុទ្ធរបស់អ៊ីរ៉ង់ វាយឱ្យសន្លប់ធំ នៅក្នុងទឹកទី១ដូចគ្នា។
សម្រាប់ការបើកឱ្យមានការប្រកួតប្រដាល់ឡើងវិញរបស់សង្វៀនប៉ុស្តិ៍លេខ ៥ កាលពីល្ងាច និងយប់ថ្ងៃទី១៨ ខែឧសភា កន្លងមកនេះ បានក្លាយជាការប្រកួត ដែលមានការចាប់អារម្មណ៍ខ្លាំង ព្រោះវាជាលើកដំបូង ដែលសង្វៀនមួយនេះ បានដាក់ឱ្យមានការប្រកួតគូមិត្តភាពអន្តរជាតិរហូតដល់ ៦គូ និងមានការប្រកួតគូថ្នាលរបស់កីឡាករក្នុងស្រុក១គូទៀត សរុបមាន៧គូ។
ជាមួយការសម្រិតសម្រាំងនាំយកកីឡាករ កីឡាការិនីមានសមត្ថភាពល្អៗទាំងខ្មែរ និងបរទេសមកប្រកួត នៅក្នុងថ្ងៃបើកកម្មវិធីប្រដាល់ជាថ្មីនេះ ត្រូវបានលោក ហួង តារាមុនី អគ្គនាយកស្ថានីយទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្តិ៍លេខ៥ ចាត់ទុកថា ជាការបើកទំព័រសករាជថ្មីរបស់សង្វៀនប៉ុស្តិ៍លេខ៥ ដើម្បីបង្កើតឱ្យមានទស្សនីយភាពនៃការប្រកួតកាន់តែទាក់ទាញសម្រាប់អ្នកគាំទ្រ ក៏ដូចជាផ្តល់លទ្ធភាពដល់កីឡាករ កីឡាការិនីកម្ពុជាកាន់តែច្រើន ក្នុងការពង្រឹងសមត្ថភាព និងរកបានចំណូលលើការចាប់យកអាជីពជាអ្នកប្រដាល់នេះ។
លោក ហួង តារាមុនី បានថ្លែងក្នុងសន្និសីទកាសែត មុនការប្រកួតថា៖ «ការបើកឱ្យមានការប្រកួតប្រដាល់គុនខ្មែរប៉ុស្តិ៍លេខ៥នេះ បានផ្តល់ឱកាសឱ្យកីឡាកររកប្រាក់ចំណូលសម្រាប់ខ្លួន និងផ្គត់ផ្គង់ដល់គ្រួសារ ក៏ដូចជាពង្រឹងសមត្ថភាព បទពិសោធន៍បច្ចេកទេសដល់កីឡាករកម្ពុជា ឱ្យត្រៀមខ្លួនរួចជាស្រេច ដើម្បីឈានទៅទទួលបានជោគជ័យ កិត្តិយស និងកេរ្តិ៍ឈ្មោះជូនប្រទេសជាតិ ក្នុងព្រឹត្តិការណ៍ធំៗនាពេលខាងមុខ ជាពិសេសដើម្បីផ្សព្វផ្សាយសិល្បៈក្បាច់គុនខ្មែរឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ថែមទៀត»។
នៅក្នុងសន្និសីទកាសែតនោះដែរ លោក តែម ម៉ឺន ប្រធានកិត្តិយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានជំរុញឱ្យមន្រ្តីបច្ចេកទេសរបស់សហព័ន្ធ រួមមានអាជ្ញាកណ្តាល ចៅក្រម និងគណៈវិនិច្ឆ័យ ត្រូវបំពេញការងារទៅលើការកាត់សេចក្តីនៃការប្រកួតឱ្យបានល្អ ដោយគោរពនូវវិន័យ ក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរតាមវិជ្ជាជីវៈ គឺធ្វើយ៉ាងណាឱ្យការប្រកួតប្រដាល់នៅលើសង្វៀនប៉ុស្តិ៍លេខ៥ ដំណើរការទៅបានរលូន និងជោគជ័យ ជាមួយការផ្តល់ពិន្ទុប្រកបដោយតម្លាភាព និងយុត្តិធម៌ ទាំងកីឡាករកម្ពុជា និងកីឡាករបរទេស។
ងាកមកចាប់អារម្មណ៍លើការប្រកួតវិញ កីឡាករជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ព្រំ សំណាង ដែលចាប់ផ្តើមទទួលរងការរិះគន់ពីអ្នកទស្សនាថា មានកម្រិតប្រកួតធ្លាក់ចុះនោះ បានព្យាយាមតាមវាយសម្រុកទៅលើកីឡាករអ៊ីរ៉ង់ Mehdi Kalili ដោយអំណត់ រហូតមានឱកាសបុកជង្គង់ស្តាំចូលពេញ និងម៉ាត់ថែម១ដៃទៀត បណ្តាលឱ្យដៃគូប្រកួតដ៏រឹងមាំម្នាក់នេះ សន្លប់នៅចុងទឹកទី២ ដែលមានថិរវេលាសរុបប្រមាណ៥នាទី ហើយជ័យជម្នះនេះ បានទទួលការសាទរខ្លាំងពីអ្នកទស្សនាផ្ទាល់នៅសង្វៀនប៉ុស្តិ៍លេខ៥។
ជាមួយគ្នានេះកីឡាករ ណង សៅ ដែលប្រកួតបែបអំបោះឆៅនោះ បានវាយកែងចូលថ្គាមអ្នកប្រដាល់របស់ក្រិក Arash Shafaei នាំឱ្យអាជ្ញាកណ្តាលរាប់នៅពាក់កណ្តាលទឹកទី១។
បន្ទាប់ពីការរាប់នោះ ណង សៅ បានបង្កើនការវាយសម្រុកកាន់តែខ្លាំង ដោយកណ្តាប់ដៃ ទាត់ និងវាយកែង បណ្តាលឱ្យដៃគូម្នាក់នេះដួល២ទៅ៣ដងទៀត ហើយដោយមើលឃើញស្ថានភាពលំបាកពេកនោះ គឺអ្នកឱ្យទឹក និងគ្រូបង្វឹករបស់ Arash Shafaei បានបោះកន្សែងសសុំចុះចាញ់នៅចុងទឹកទី១នេះតែម្តង។
ចំណែកកីឡាការិនីជាម្ចាស់មេដាយមាស៊ីហ្គេម ឆ្នាំ២០២៣ មឿយ សឹង និងកីឡាករ វង្ស វិឆ័យ ក៏ដណ្តើមបានជោគជ័យ សម្រាប់ការបង្ហាញខ្លួនរួមគ្នា កាលពីយប់ថ្ងៃសៅរ៍នោះផងដែរ។ វង្ស វិឆ័យ បានឈ្នះកីឡាករថៃ Kong Pathum ដោយពិន្ទុ ចំណែក មឿយ សឹង បានឈ្នះកីឡាការិនីរបស់អ៊ីរ៉ង់ Sahel ដោយពិន្ទុដូចគ្នា ប៉ុន្តែ Sahel ហាក់មិនសប្បាយចិត្តចំពោះការកាត់សេចក្តីនេះទេ ព្រោះតាមរយៈការប្រកួតត្រឹម៣ទឹកនេះ គេមើលឃើញថា Sahel បានវាយចូល មឿយ សឹង បានច្រើន និងសង្ឃឹមឈ្នះដូចគ្នា។
ផ្ទុយពីនេះ អ្នកប្រដាល់វាយប្រើកម្លាំងជាងបច្ចេកទេស ម៉ានូ សិល្បៈ ដែលដាក់ឱ្យប្រកួតតាមបែបឃីកបុកស៊ីងនោះ ត្រូវបានកីឡាករអ៊ីរ៉ង់ Morteza ទាត់ចូលផ្ទៃមុខ បណ្តាលឱ្យដួលសន្លប់ត្រឹមរយៈពេល១នាទី ក្នុងទឹកទី១។
ចំណែកកីឡាករ សំណាង ចុងក្រោយ ក៏មានវាសនាមិនល្អដូចគ្នា ដោយរូបគេត្រូវបានអ្នកលេងកណ្តាប់ដៃមកពីអ៊ីរ៉ង់ Mezreavi Bashir ម៉ាត់ចូលថ្គាមពេញនាំឱ្យអាជ្ញាកណ្តាលរាប់ នៅត្រឹមរយៈពេល៣០វិនាទី ហើយក៏បានដួលសន្លប់ បន្ទាប់ពី Mezreavi បានម៉ាត់ចូលផ្ទៃមុខចំនួន៣ដៃទៀត៕