លោកឧត្តមសេនីយ៍ត្រី ខូវ ឆាយ ដែលត្រូវបានអង្គប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បោះឆ្នោតជ្រើសតាំងឱ្យធ្វើជាប្រធានសហព័ន្ធ ជំនួសប្រធានចាស់ គឺលោក តែម ម៉ឺន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នោះ បានបញ្ជាក់ពីគោលជំហរមិនគាំទ្រឱ្យកីឡាករ Dave Leduc ឡើងប្រកួតនៅលើសង្វៀនក្នុងប្រទេសកម្ពុជា ដរាបណាលោកនៅជាប្រធានសហព័ន្ធ។
ការប្រកាសបិទផ្លូវឱ្យមិន Dave Leduc ឡើងប្រកួតនៅកម្ពុជានេះ គឺលោក ខូវ ឆាយ បាននិយាយតបទៅនឹងការបង្ហោះសាររបស់កីឡាករ ជាស្តេចប្រដាល់របស់មីយ៉ាន់ម៉ារូបនេះ ដែលបានសរសេរថា៖ «ខ្ញុំត្រូវការ១លានដុល្លារ បើសិនចង់ឱ្យខ្ញុំឡើងសង្វៀនម្ដងទៀត ខ្ញុំនឹងដើរផ្ដួលកីឡាករ MuayThai ព្រោះខ្ញុំគិតថា Muay Thai គឺលួចចម្លងក្បាច់គុនខ្មែរ។ ខ្ញុំចង់ប្រកួតម្ដង ប៉ុន្ដែផ្ដួលតែកីឡាករ Muay Thai ប៉ុណ្ណោះ»។
ជាមួយសំណេរមួយឃ្លារបស់ Dave Leduc នេះ លោក ខូវ ឆាយ និយាយក្នុងពេលផ្តល់បទសម្ភាសឱ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីព្រឹកថ្ងៃទី៩ ខែមិថុនានេះថា លោកបានអាន និងមើលរួចហើយ ហើយលោកមិនគាំទ្រនោះទេ។
លោក ឆាយ បានចាត់ទុកការទាមទារទឹកប្រាក់ ១លានដុល្លារ សម្រាប់ការឡើងប្រកួតនៅប្រទេសកម្ពុជារបស់ Dave Leduc ជាការទាមទារដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់បុគ្គល គឺមិនមែនជាការជួយផ្សព្វផ្សាយគុនខ្មែរនោះទេ។
ចំណែកមហិច្ឆិតាចង់ប្រកួត និងចង់ផ្តួលតែកីឡាករ MuayThai របស់ថៃពីសំណាក់ Dave Leduc ត្រូវបានលោក ខូវ ឆាយ បញ្ជាក់ថា៖ «Dave Leduc និយាយពីបញ្ហារបស់គុនខ្មែរជាមួយ MuayThai គឺខ្ញុំគិតថា ក្នុងនាមជាសហព័ន្ធ យើងមិនចង់ឱ្យមានការបែងចែក និងអុជអាលបង្កឱ្យមានការរើសអើងពូជសាសន៍នោះទេ ព្រោះទង្វើនេះវាធ្វើឱ្យមានការឈ្លោះគ្នា។យើងជាប្រទេសមួយមានសន្តិភាព គឺយើងអត់ត្រូវការឱ្យមានការឈ្លោះគ្នា ស្អប់គ្នា ឈានទៅរកការបង្កឱ្យមានសង្រ្គាមទេ»។
ប្រធានសហព័ន្ធរូបនេះ បានបន្ថែមថា៖ «និយាយតាមត្រង់ចំពោះបុគ្គល Dave Leduc នេះ ខ្ញុំមិនស្វាគមន៍គាត់ឱ្យឡើងសង្វៀនប្រដាល់នៅប្រទេសកម្ពុជាទេ ដរាបណាខ្ញុំនៅជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រោះបុគ្គលនេះបានបង្កបញ្ហាម្តងហើយ កាលពីប្រកួតជាមួយ ព្រំ សំណាង»។
ចំពោះស្ថានភាពប្រកួតបែប Mas Fight ១ទឹក៩នាទី រវាង ព្រំ សំណាង និង Dave Leduc កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍ប្រដាល់ធំបំផុតជាប្រវត្តិសាស្រ្តរវាងគុនខ្មែរ និងក្បាច់គុន Lethwei របស់ប្រទេសមីយ៉ាន់ម៉ានោះ លោក ខូវ ឆាយ បានអះអាងថា Leduc បានព្រមព្រៀងគ្នាប្រកួតពាក់ហ្គង់រួចហើយ ប៉ុន្តែជិតដល់ម៉ោងប្រកួត គាត់ទាមទារប្រកួតអំបោះឆៅវិញ ដែលធ្វើឱ្យមានការពន្យារពេលកម្មវិធីប្រកួតជិត១ម៉ោង។
លោក ខូវ ឆាយ បានសង្កត់ធ្ងន់ថា៖ «ពេលនោះយើងបានបង្ខំ ព្រំ សំណាង ឱ្យប្រកួត (អំបោះឆៅ) ទៅតាម Dave Leduc ព្រោះបើមិនធ្វើដូច្នេះ នឹងខូចកម្មវិធីប្រកួតទាំងមូលតែម្តងអ៊ីចឹង យើងឃើញហើយថា កីឡាករហ្នឹងក្រឡេចក្រឡុចច្រើន ហេតុនេះដរាបណាខ្ញុំនៅតែជាប្រធានសហព័ន្ធ គឺ Dave Leduc មិនអាចឡើងសង្វៀនប្រកួតនៅប្រទេសកម្ពុជាទេ! បើគាត់ចង់បានឡើងប្រកួតនៅកម្ពុជា គឺគាត់ត្រូវរង់ចាំរហូតដល់ខ្ញុំចុះចេញពីប្រធានសហព័ន្ធសិន»។
យ៉ាងណាក៏ដោយ កីឡាករ Dave Leduc ដែលបានសម្រេចចាកចេញពីប្រទេសមីយ៉ាន់ម៉ា មករស់នៅប្រទេសកម្ពុជា ហើយបានបើកហាងកាហ្វេ ឈ្មោះ DAV House ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមននោះ បានច្រានចោលទាំងស្រុងចំពោះការលើកឡើងរបស់លោក ខូវ ឆាយ ហើយបានចាត់ទុកទង្វើរបស់លោក ឆាយ ជាការនិយាយដោយគ្មានវិជ្ជាជីវៈ និងមិនមានការផ្តល់តម្លៃដល់រូបលោក គឺខុសពីអតីតប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរមុន (លោក តែម ម៉ឺន) ដែលមានទាំងវិជ្ជាជីវៈ និងចាស់ទុំជាងគួរឱ្យគោរព។
Dave បានបញ្ជាក់តាមការបង្ហោះសាររបស់ខ្លួន នៅថ្ងៃចន្ទនេះថា៖ «ខ្ញុំគិតថា អ្នកថ្មី (ខូវ ឆាយ) កំពុងព្យាយាមចង់ល្បីដោយយកឈ្មោះខ្ញុំមកធ្វើជាវិធានបទ ពេលនេះដំណើរការហើយសូមអបអរសាទរ។ ប្រសិនបើជាមនុស្សប្រុសមែន គួរតែនិយាយជាមួយគ្នា ហើយពិភាក្សាអំពីបញ្ហា ប៉ុន្តែគាត់បានសម្រេចចិត្តនិយាយជាមួយអ្នកកាសែត ហើយផ្សព្វផ្សាយនៅលើបណ្តាញសង្គម និងធ្វើឱ្យរឿងនេះផ្ទុះ។ គាត់បានបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំជាសាធារណៈ ហើយប្រឌិតរឿងមិនពិតអំពីខ្ញុំ»។
ស្តេចប្រដាល់របស់មីយ៉ាន់ម៉ារូបនេះ បានបន្ថែមថា៖ «ខ្ញុំស្រឡាញ់ប្រទេសកម្ពុជា ខ្ញុំរស់នៅទីក្រុងភ្នំពេញជាមួយគ្រួសាររបស់ខ្ញុំ និងកូនរបស់ខ្ញុំទើបតែកើតបាន១ខែនៅទីនេះ។ ខ្ញុំបានវិនិយោគនៅទីនេះ ខ្ញុំបានបង្កើតការងារសម្រាប់បុគ្គលិកជាច្រើន និងជួយគ្រួសារជាច្រើន ដែលជាអតីតយុទ្ធជន។ ខ្ញុំបានបើកអាជីវកម្មនៅទីនេះ ហើយអ្នកដែលបានតាមដានខ្ញុំ ពួកគាត់ដឹងហើយថា ខ្ញុំបានជួយផ្សព្វផ្សាយគុនខ្មែរស្ទើរតែរាល់ថ្ងៃតាមបណ្តាញសង្គម»។
តែទោះបីជាយ៉ាងណា លោក ខូវ ឆាយ បានអះអាងថា កីឡាករ Dave Leduc សព្វថ្ងៃនេះអស់ផ្លូវត្រូវទៅហើយ ព្រោះកាលពីមុនគាត់នៅថៃ ហើយចេញពីថៃទៅប្រទេសមីយ៉ាន់ម៉ា ចំណែកពេលនេះគាត់មកប្រទេសកម្ពុជា ដើម្បីស្វែងរកការជ្រកកោន ឬក៏មានផែនការរកការគាំទ្រដើម្បីសុំសញ្ជាតិខ្មែរ។ ប៉ុន្តែលោកមិនគាំទ្រនោះទេ ព្រោះបុគ្គលម្នាក់នេះ បានបង្កើតឱ្យមានបញ្ហាម្តងជា២ដង។
បន្ថែមលើនេះ ការបង្គាប់ឱ្យស្តេចប្រដាល់របស់ហ្វីលីពីន Manny Pacquiao ធ្វើត្រាប់ ដើម្បីបង្ហាញពីនិមិត្តបសញ្ញាក្បាច់គុណ Lethwei របស់មីយ៉ាន់ម៉ា ពីសំណាក់ Dave Leduc នៅក្នុងកម្មវិធីប្រកួតសង្វៀនហនុមានគុនខ្មែរ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅកោះពេជ្រ ក៏ជាទង្វើមួយ ដែលលោក ខូវ ឆាយ មិនពេញចិត្ត ព្រោះ Dave បានឆ្លៀតយកកម្មវិធីគុនខ្មែរ ទៅផ្សព្វផ្សាយក្បាច់គុនផ្សេង ទាំងខ្លួនឯងត្រឹមជាភ្ញៀវធម្មតា។
លោក ឆាយ បាននិយាយថា៖ «យើងឃើញទង្វើរបស់គាត់ហើយ គឺបុគ្គលម្នាក់នេះ មិនអាចយកជាគ្នាបានទេ អ៊ីចឹងក្នុងនាមជាសហព័ន្ធ យើងមិនធ្វើការជាមួយគាត់ទេ ព្រោះយើងមិនដឹងថា ពេលធ្វើការជាមួយគាត់ នឹងមានរឿងអ្វីកើតឡើងទៀត! មិនស្រួលដល់ពេលឡើងសង្វៀនហើយ គាត់នៅអាចប្រែក្រឡាស់បានទៀត អ៊ីចឹងយើងមិនអាចទុកចិត្តធ្វើការជាមួយគាត់បានទេ ខូចកម្មវិធីគេអស់»។
យ៉ាងណាក៏ដោយ ជុំវិញរឿងនេះ Dave បានបកស្រាយថា៖ «ខ្ញុំបានបង្ហាញ Manny Pacquiao នៅនិមិត្តសញ្ញាក្បាច់គុន Lethwei នៅពេលដែលខ្ញុំបានជួបគាត់កាលពីសប្តាហ៍មុន នៅក្នុងកម្មវិធីប្រដាល់គុនខ្មែរ។ ចំណែកលោក ខូវ ឆាយ ប្រធានសហព័ន្ធគុនខ្មែរ បាននិយាយថា “មិនអាចធ្វើបែបនឹងបានទេ” ហើយមិនអនុញ្ញាតខ្ញុំឡើងប្រកួតលើសង្វៀនគុនខ្មែរទៀតឡើយ។ ខ្ញុំបានធ្វើនិមិត្តសញ្ញា Lethwei ជាមួយអ្នករាល់គ្នា ដែលខ្ញុំបានជួប ព្រោះវាជារូបភាពតំណាងក្បាច់គុនរបស់ខ្ញុំ តើវាប្រឆាំងនឹងច្បាប់គុនខ្មែរ ក្នុងការចែករំលែកវប្បធម៌ក្បាច់គុនប្រដាល់របស់ខ្ញុំឬ?។
តែទោះបីជាយ៉ាងណា លោក ខូវ ឆាយ បានប្រកាន់គោលជំហរច្បាស់លាស់ ក្នុងការមិនអនុញ្ញាតឱ្យ Dave Leduc ឡើងប្រកួតនៅលើសង្វៀនប្រទេសកម្ពុជា និងទង្វើដែល Dave បានបង្កឡើងកន្លងមក ហើយលោកបានសំណូមពរឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកគាំទ្រវិស័យប្រដាល់ ឈប់ចាប់អារម្មណ៍និងបុគ្គលម្នាក់នេះទៀតទៅ។
លោកបានសង្កត់ធ្ងន់ថា៖ « Dave Leduc មិនមែនជាអាយដលរបស់យើងទេ ហើយក៏មិនមែនជាអ្នកដែលយើងត្រូវកោតសរសើរនោះដែរ ព្រោះមនុស្សនេះអត់ស្មោះត្រង់»៕