
លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការ NOCC ថ្លែងនៅក្នុងសន្និសីទកាសែតស្តីពីម៉ារ៉ាតុងនៅអង្គរ នៅទីស្នាក់ការ NOCC កាលពីថ្ងៃទី២០ ខែមិថុនា។ NOCC
ប្រទេសកម្ពុជា តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាននិងកំពុងជំរុញអ្នករត់ប្រណាំងនៅខេត្តយូណានប្រទេសចិន ឱ្យមកចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤ ឱ្យបានច្រើនវិញ ដែលគ្រោងនឹងធ្វើនៅអង្គរវត្ត ខេត្តសៀមរាប នាថ្ងៃទី៤ ខែសីហា ខាងមុខនេះ។
តាមខ្លឹមសារ ដែលបានប្រកាសក្នុងសន្និសីទកាសែត នៅទីស្នាក់ការ NOCC កាលពីថ្ងៃទី២០ ខែមិថុនា បានឱ្យដឹងថា មានអ្នកចុះឈ្មោះចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី៩ ចំនួន ១៣៧៦នាក់ហើយ ហើយចំនួនជាបណ្តោះអាសន្ននេះ គឺតិចជាង កាលពីឆ្នាំ ២០២៣ ដែលមានអ្នកចូលរួមសរុបជាង ២ ពាន់នាក់ ប៉ុន្តែមន្រ្តីរៀបចំការប្រកួតបានអះអាងថា ទម្រាំដល់ថ្ងៃបិទការចុះឈ្មោះ ចំនួនអ្នកចូលរួម អាចនឹងកើនឡើងចន្លោះពី ២៥០០ ទៅជាង ៣០០០នាក់។
តែទោះបីជាយ៉ាងណា បើប្រៀបធៀបចំនួនអ្នកចូលរួមម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទៅនិងឆ្នាំមុនៗ ជាពិសេសមុនវិបត្តិកូវីដ១៩ គឺមានការថយចុះ ហើយចំពោះបញ្ហានេះ លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការ NOCC បានអះអាងថា បណ្តាលមកពីទីផ្សារចុះឈ្មោះអ្នករត់ជាជនជាតិចិនមានការថយចុះពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច និងសុខមាលភាពសង្គមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃព្រហស្បតិ៍នោះ លោក វ៉ាត់ ចំរើន បានចោទជាសំនួរបែបនេះថា៖ «សួរថា ហេតុអ្វីបានជាចំនួនអ្នកចូលរួមមានការធ្លាក់ចុះ? (ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ) ពីលើកមុនៗ មានអ្នកចុះឈ្មោះចូលរួមពី៣ទៅ៤ពាន់នាក់ជាង គឺដោយសារទីផ្សារចិន តែទីផ្សារចិនឥឡូវមានការពិបាកក្នុងការចូលរួម»។
ជាមួយបញ្ហាប្រឈមនៅចំពោះមុខនេះ លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបន្ទុកអភិវឌ្ឍវិស័យកីឡា កាលពីខែឧសភា បានអញ្ជើញទៅប្រទេសចិន និងចុះហត្ថលេខាលើផែនការសកម្មភាពដើម្បីអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការស្តីពី «ការរត់ប្រណាំងទីក្រុងភ្លោះរវាងចក្រភពអង្គរម៉ារ៉ាតុង និងកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង ដាលីម៉ារ៉ាតុង» ដើម្បីផ្តល់អ្នករត់ឱ្យគ្នាទៅវិញទៅមក គឺធ្វើយ៉ាងណាបង្កើនការចុះឈ្មោះរបស់ជនជាតិចិន ក៏ដូចជារួមដៃគ្នារៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។
លោក វ៉ាត់ ចំរើន បានថ្លែងថា ៖«នៅក្នុងខ្លឹមសារចុះហត្ថលេខានោះ គឺយើងផ្តល់អត្ថប្រយោជន៍គ្នាទៅវិញទៅមក ជាពិសេសគឺផ្តល់អ្នករត់ទៅវិញទៅមក។ បើសិនជានៅខេត្តយូណាន គេមានអ្នករត់អាជីព១០០នាក់ ហើយយើងក៏មានអ្នករត់ជាអាជីព១០០នាក់ដែរ គឺយើងនឹងផ្លាស់ប្តូរគ្នាដោយឥតគិតថ្លៃ។ ប៉ុន្តែក្រៅពីអ្នករត់អាជីព គឺយើងផ្តល់ឱ្យពួកគាត់ចុះឈ្មោះចូលរួមដូចគេឯងធម្មតា»។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានរំឭកពីតួលេខជនជាតិចិន ដែលធ្លាប់បានចូលរួមក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ នាបណ្តាឆ្នាំកន្លងមក ដែលតែងតែឈរនៅចំណាត់ថ្នាក់លេខ១ ប៉ុន្តែតាមចំនួនអ្នកចុះឈ្មោះត្រៀមសម្រាប់ការប្រកួតនៅឆ្នាំ២០២៤នេះ គឺអ្នករត់ជាជនជាតិចិន បានធ្លាក់មកនៅលេខ២ ចំណែកជនជាតិជប៉ុន បានឡើងទៅឈរនៅលេខ១វិញ និងម៉ាឡេស៊ី ឈរនៅលេខ៣ រួមជាមួយប្រទេសផ្សេងៗទៀត។
យ៉ាងណាក៏ដោយ នៅពេលនេះកម្ពុជា កំពុងទន្ទឹងរង់ចាំពីការផ្តល់ចំនួនតួលេខអ្នកចូលរួមមកពីខេត្តយូណាន។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ៖ «ឯកឧត្តមបណ្ឌិត ថោង ខុន កំពុងជំរុញលើរឿងនេះដែលយ៉ាងហោចណាស់ឱ្យមានការចូលរួម ៥០០នាក់ពីភាគីចិន។ ឥឡូវនេះ យើងកំពុងរង់ចាំពីរដ្ឋបាល ឬអាជ្ញាធរខេត្តយូណានបញ្ជាក់ពីការចូលរួម ហើយយើងក៏ត្រូវត្រៀមលក្ខណៈសម្បត្តិដើម្បីធ្វើបដិសណ្ឋារកិច្ចពួកគាត់»។
ទន្ទឹមនឹងនេះ លោក វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាផងដែរ បានបញ្ជាក់ពីគោលដៅធំសំខាន់២យ៉ាងនៃការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភាពអង្គរ នារដូវភ្លៀង នាខែសីហាខាងមុខនេះ គឺទី១ ដើម្បីជួយដល់វិស័យទេសចរណ៍ ព្រោះនៅពេលជនបរទេសចុះឈ្មោះចូលរួមប្រកួតកាន់តែច្រើន នឹងជួយដល់វិស័យទេសចរណ៍កាន់តែច្រើនទាំងការធ្វើដំណើរ ការស្នាក់នៅ និងការហូបចុក។
ចំណែកគោលដៅទី ២ គឺដើម្បីកិច្ចការសប្បុរសធម៌ ព្រោះថវិកាដែលសល់ពីការចំណាយលើការផលិតមេដាយ អាវយឺត និងស្លាកលេខសម្រាប់អ្នកចូលរួមទាំងអស់ នឹងប្រើប្រាស់សម្រាប់កិច្ចសប្បុរសធម៌ដូចជាជួយដល់មន្ទីរពេទ្យគន្ធបុប្លា មន្ទីរពេទ្យកុមារអង្គរ និងអង្គការសប្បុរសធម៌ជាច្រើនទៀត។
ជាមួយអត្ថប្រយោជន៍នេះ លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា៖ «ខ្ញុំសូមអរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធ និងម្ចាស់ឧបត្ថម្ភ ដែលបានចូលរួមជួយ ហើយយើងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការរៀបចំឱ្យមានព្រឹត្តិការណ៍ម៉ារ៉ាតុងនេះ។ បើទោះបីជាក្នុងស្ថានភាពមិនល្អយ៉ាងណាក៏ដោយ តែយើងទាំងអស់គ្នា ត្រូវខិតខំជួយរៀបចំព្រឹត្តិការណ៍កីឡាឱ្យបានច្រើន ដើម្បីធ្វើឱ្យសង្គមរបស់យើងមានភាពរស់រវើក និងមានភាពសកម្ម»។
ចំណែកលោក សែម ផល្លា នាយកប្រតិបត្តិរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងនៅកម្ពុជា បានឱ្យដឹងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ឆ្នាំ២០២៤ មាន៤វិញ្ញាសា គឺរត់ចម្ងាយ៤២គីឡូម៉ែត្រ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និងរត់កម្សាន្តចម្ងាយ៣គីឡូម៉ែត្រ ចំណែកផ្លូវរត់នៅតំបន់អង្គរ លោកអះអាងថា មានភាពអំណោយផលល្អ ហើយទេសភាពនៅតាមដងផ្លូវ ក៏មានភាពស្រស់បំព្រង ដែលបម្រើដល់ចក្ខុរបស់អ្នកចូលរួមរត់ទាំងអស់ ព្រោះពេលនេះជារដូវភ្លៀង។
ជាមួយគ្នានេះ លោក សែម ផល្លា បានសាទរខ្លាំងចំពោះការចុះហត្ថលេខាប្រតិបត្តិការចក្រភពអង្គរម៉ារ៉ាតុងរបស់កម្ពុជា និងដាលីម៉ារ៉ាតុងខេត្តយូណានរបស់ចិន ដោយលោកយល់ថា ជាកិច្ចសហប្រតិបត្តិការយ៉ាងល្អ ដែលផ្តល់ឱ្យភាពទាំង២ ជាពិសេសកម្ពុជា អាចទទួលបានអ្នករត់កាន់តែច្រើន ហើយក៏នឹងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត ពីអ្នករៀបចំការប្រកួតម៉ារ៉ាតុងរបស់ខេត្តយូណានផងដែរ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមានការត្រេកអរ ដែលយើងបានបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការជាមួយដាលីម៉ារ៉ាតុងនៅខេត្តយូណានរបស់ចិន ដោយនឹងមានការផ្លាស់ប្តូរកីឡាករគ្នា និងផ្លាស់ប្តូរយោបល់គ្នាថា ធ្វើម៉េចឱ្យមានភាពល្អប្រសើរ។ យើងនឹងរឹតចំណងមិត្តភាពឱ្យកាន់តែខ្លាំងក្លា ដើម្បីធ្វើឱ្យព្រឹត្តិការណ៍កីឡារបស់យើងកាន់តែរីកធំធាត់។ ព្រឹត្តិការណ៍ណាក៏ដោយ យើងត្រូវមានការឧបត្ថម្ភគាំទ្រក្នុងប្រទេស ក៏ដូចជាក្រៅប្រទេស ដែលវាជារឿងសំខាន់ណាស់ ព្រោះគ្មាននរណាម្នាក់ធ្វើខ្លួនឯង ហើយជោគជ័យដោយខ្លួនឯងទេ គឺត្រូវមានខ្សែទំនាក់ទំនងយ៉ាងស្អិតល្មួតទើបអាចធ្វើឱ្យព្រឹត្តិការណ៍ហ្នឹងជោគជ័យបាន»៕