
ការប្រកួតរវាងកីឡាករ ទូច ប្រុសណុច (ក្រហម) និងអ្នកប្រដាល់ចិន Lu Zuoxiang ដោយប្រុសណុច វ៉ៃឱ្យដៃគូម្នាក់នេះសន្លប់ត្រឹមរយៈពេល៥០វិនាទី។ រូបថត សហការី
កីឡាករកម្ពុជា រិទ្ធី ចាន់ណា និង ជុន ស៊ឹមប៊ុន សុទ្ធតែបានផ្លាស់ប្តូរយុទ្ធសាស្រ្តប្រកួត ដើម្បីផ្តួលអ្នកប្រដាល់ចិនឱ្យសន្លប់នៅក្នុងទឹកទី២ សម្រាប់ការបង្ហាញវត្តមានរួមជាគ្នា ជាលើកដំបូង នៅលើសង្វៀនប៉ុស្តិ៍លេខ ៥ ចំណែក ទូច ប្រុសណុច បានជាប់ឈ្មោះជាកីឡាករ ដែលបានប្រើពេលខ្លីបំផុត ក្នុងការផ្តួលកីឡាករបរទេសឱ្យសន្លប់ ប្រចាំនៅសង្វៀនប្រដាល់មួយនេះ។
បើទោះបីជា រិទ្ធី ចាន់ណា ធ្លាប់មានបទពិសោធន៍ប្រកួតច្រើន ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសថៃ ប៉ុន្តែអ្នកប្រដាល់ ធ្លាប់ផ្ញើខ្លួននៅលើទូកនេសាទក្នុងប្រទេសថៃ មុនក្លាយជាអ្នកប្រដាល់រូបនេះ បានអះអាងថា រូបគេ មិនធ្លាប់បានប្រកួតជាមួយកីឡាករចិនពីមុនមកនោះទេ។
យ៉ាងណាមិញ សម្រាប់ការជួបកីឡាករចិន Jiang Chengbao (ជាង ឆឹងប៉ាវ) ជាលើកដំបូង នៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី២២ ខែមិថុនា កន្លងមកនេះ ចាន់ណា អាចកែប្រែស្ថានភាពប្រកួតដ៏គ្រោះថ្នាក់របស់ខ្លួន ជាមួយការប្តូរយុទ្ធសាស្រ្តបានយ៉ាងល្អ ដើម្បីផ្តួលឱ្យជើងខ្លាំង ដែលមានសមត្ថភាពល្អទាំងការម៉ាត់ វាយកែង និងការបុកជង្គង់របស់ចិនម្នាក់នេះ សន្លប់នៅចុងទឹកទី២។
រិទ្ធី ចាន់ណា បាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំមានការបារម្ភតាំងពីឃើញគាត់ពេលថ្លឹងគីឡូ ព្រោះគាត់ខ្ពស់ជាង ហើយពេលប្រកួតនៅទឹកទី១ កណ្តាប់ដៃវាយចេញរបស់គាត់ធ្ងន់ ធ្វើឱ្យខ្ញុំចង់គាំង ក៏ប៉ុន្តែឈានចូលទឹកទី២ ខ្ញុំបានប្តូរយុទ្ធសាស្រ្តមកជាទាត់ រួចម៉ាត់ ធ្វើឱ្យគាត់ពិបាកចាប់ក្បាច់ខ្ញុំ ហើយនៅពេលគាត់រវល់តែបាំងជើងក្រោមនោះ ខ្ញុំបានម៉ាត់ស្តាំចូលថ្គាមបណ្តាលឱ្យគាត់សន្លប់តែម្តង»។
តាមរយៈការប្រកួតជាក់ស្តែង ក្នុងនាមជាគូឯក កាលពីយប់ថ្ងៃសៅរ៍នោះ រិទ្ធី ចាន់ណា បានព្យាយាមប្រើកណ្តាប់ដៃ ម៉ាត់ទៅលើពោះរបស់កីឡាករ ជាង ឆឹងប៉ាវ ប៉ុន្តែត្រូវបានកីឡាករចិនម្នាក់នេះ ម៉ាត់ និងវាយកែងត្រឡប់មកវិញចូលពេញៗ ធ្វើឱ្យ ចាន់ណា ចង់គាំងម្តងៗផងដែរ។ ប៉ុន្តែចូលដល់ទឹកទី២ ចាន់ណា បានប្តូរមកទាត់ជើងក្រោម និងទាត់ឆ្អឹងជំនីរ រួចទើបស្ទុះចូលម៉ាត់ពោះជាច្រើនដៃ ធ្វើឱ្យ ឆឹងប៉ាវ មានភាពទ្រុឌទ្រោមខ្លាំង ហើយស្ថិតក្នុងស្ថានភាពដ៏អំណោយផលនេះ ចាន់ណា បានឆ្លៀតប្រើកណ្តាប់ដៃស្តាំ ម៉ាត់ចូលថ្គាមពេញទំហឹង បណ្តាលឱ្យ ឆឹងប៉ាវ ដួលសន្លប់តែម្តង។
ចាន់ណា បានបន្ថែមថា៖ «ខ្ញុំបានព្យាយាមវាយពោះច្រើន ព្រោះគិតថា គាត់អន់ពោះ ប៉ុន្តែពោះរបស់គាត់មិនអន់ទេ គឺគាត់អន់ថ្គាមទៅវិញ ព្រោះដាក់ត្រូវតែមួយដៃទៅតែម្តង ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំង ព្រោះនេះជាលើកទី១ ដែលខ្ញុំបានជួបកីឡាករចិន ហើយក៏ជាលើកទី១ ដែលខ្ញុំបានមកប្រកួតបែបពាក់ហ្គង់ចេញម្រាម នៅលើសង្វៀនប៉ុស្តិ៍លេខ៥ អ៊ីចឹងវាជាកំណត់ត្រាថ្មីមួយទៀតរបស់ខ្ញុំ»។
ចំណែកកីឡាករ ជុន ស៊ឹមប៊ុន ក៏បានផ្តួលអ្នកប្រយុទ្ធរបស់ចិន Li Jianglong (លី ជាងឡុង) ឱ្យសន្លប់នៅក្នុងទឹកទី២ដូចគ្នា តាមរយៈការម៉ាត់ឆ្វេងចូលពោះ បណ្តាលឱ្យ ជាងឡុង ចុករមួល មិនអាចបន្តការប្រកួតទៀតបាន។ តែទោះបីជាយ៉ាងណា ស៊ឹមប៊ុន ក៏ប៊ិះនិងសន្លប់ឈរក្រោមការម៉ាត់ចូលពេញៗ និងធ្ងន់របស់កីឡាករ ជាងឡុង ផងដែរ គ្រាន់តែរូបគេ អាចកែប្រែស្ថានភាពបានទាន់ពេលវេលា។

ការប្រកួតរវាងកីឡាករ ជុន ស៊ឹមប៊ុន (ក្រហម) ជាមួយអ្នកប្រដាល់ចិន Li Jianglong នៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី២២ ខែមិថុនា។ រូបថត សហការី
ជុន ស៊ឹមប៊ុន ដែលមានស្នាមបែក នៅក្រោមភ្នែកខាងឆ្វេងនោះ បាននិយាយ ក្រោយការប្រកួតថា៖ «គាត់ល្អ ដៃគាត់លឿន គឺខ្ញុំយឺតជាងគាត់ អ៊ីចឹងខ្ញុំមានតែព្យាយាមវាយឱ្យចំចំណុចខ្សោយរបស់គាត់។ គាត់វ៉ៃចូលខ្ញុំច្រើន នៅក្នុងទឹកទី១ ព្រោះដៃគាត់លឿន ហើយធ្ងន់ តែនៅទឹកទី២ ខ្ញុំបានផ្លាស់ប្តូរ ដើម្បីទទួលបានជ័យជម្នះ គឺខ្ញុំបានវាយលើ២ទៅ៣ដៃ រួចម៉ាត់ឆ្វេងចូលពោះទឹក»។
ដោយឡែក កីឡាករកម្ពុជា ទូច ប្រុសណុច ដែលបានប្រកួតជាមួយអ្នកប្រដាល់ចិន Lu Zuoxiang (លូ ជ័រសៀង) ដែរនោះ បានប្រើពេលត្រឹម៥០វិនាទី ដើម្បីផ្តួលដៃគូម្នាក់នេះឱ្យសន្លប់។ ក្នុងការប្រកួតនេះ លូ ជ័រសៀង មិនទាន់បានបញ្ចេញក្បាច់អ្វីសោះ ក៏ត្រូវបាន ប្រុសណុច ទាត់ឆ្វេងចូលថ្គាមបណ្តាលឱ្យដួលទាំងវង្វេង និងត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកទី១ត្រឹមរយៈពេល១វិនាទី។
បន្ទាប់ពីការរាប់នេះ ទូច ប្រុសណុច បានប្រើជង្គង់ហោះបុកចូលដើមទ្រូង រួចទាត់ស្តាំចូលផ្ទៃមុខ បណ្តាលឱ្យ លូ ជ័រសៀង ដួលនិងត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកទី២ ហើយក្នុងពេលដែល ជ័រសៀង មិនទាន់បាត់វង្វេងនេះ ប្រុសណុច បានស្ទុះចូលម៉ាត់ចំផ្ទៃមុខពេញៗប្រមាណ៧ដៃ បណ្តាលឱ្យកីឡាករចិនម្នាក់នេះដួលសន្លប់តែម្តង។
ជាមួយជ័យជម្នះនេះសង្វៀនប៉ុស្តិ៍លេខ៥ ប្រកាស និងចាត់ទុក ទូច ប្រុសណុច ជាកីឡាករកម្ពុជា ដែលបានបង្កើតកំណត់ត្រាថ្មី ដោយប្រើពេលខ្លីបំផុតក្នុងការផ្ដួលកីឡាករបរទេសឱ្យសន្លប់ នៅលើសង្វៀនមួយនេះ។
ចំពោះ ទូច ប្រុសណុច វិញបាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំគិតថា ការឡើងប្រកួតលើកនេះ ដឹងតែតានតឹងហើយ ព្រោះខ្ញុំឃើញការប្រកួតរបស់គាត់ (លូ ជ័រសៀង) គឺគាត់ស៊ូ និងស្វិតណាស់ ប៉ុន្តែពេលការប្រកួតជាក់ស្តែង ខ្ញុំមិនត្រូវបានដៃគូវាយត្រូវកន្លែងណាសោះ ព្រោះគ្រាន់តែចូលភ្លាម ខ្ញុំបានទាត់ស្កាត់ចូលថ្គាម។ បន្ទាប់មក ខ្ញុំប្រើជង្គង់ហោះ រួចទាត់ផ្កាប់ចាន និងចុងក្រោយប្រើកណ្តាប់ដៃផ្តួលគាត់ឱ្យសន្លប់»៕