
ការប្រកួតរវាងកីឡាករកម្ពុជា ជ័យ ស៊ីនេត (ក្រហម) និងអ្នកប្រដាល់ចិន Gong Yuankun នៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី២៩ ខែមិថុនា។ រូបថត សហការី
កីឡាករជើងចាស់ ជ័យ ស៊ីនេត បានអះអាងថា ការខកខានឡើងប្រកួតចូល២ឆ្នាំ បានក្លាយជាដើមចមយ៉ាងសំខាន់ ធ្វើឱ្យរូបគេមិនអាចផ្តួលកីឡាករចិន Gong Yuankun ឱ្យសន្លប់ ឬខូចជើងក្រោម សម្រាប់ការបង្ហាញខ្លួនជាថ្មី នៅលើសង្វៀនប៉ុស្តិ៍លេខ៥ ចំណែក សុភាព រុងរឿង ក៏ហាក់មិនសូវពេញចិត្តនិងសមត្ថភាពខ្លួនឯង បើទោះបីជារូបគេ បានវាយអ្នកប្រដាល់ឡាវ Phet Bunchu រហូតអាជ្ញាកណ្តាលបញ្ឈប់នៅក្នុងទឹកទី៣ក៏ដោយ។
សម្រាប់ការវិលត្រឡប់មកកាន់សង្វៀនប្រដាល់ជាថ្មី ដើម្បីរកប្រាក់កម្រៃជួយដល់អ្នកម្តាយ កាលពីថ្ងៃទី២៩ ខែមិថុនា កន្លងមកនេះ កីឡាករជំនាញប្រើជើងឆ្វេង ជ័យ ស៊ីនេត ស្ទើរតែអាចទាត់បំបែកកង់ក្រោមរបស់អ្នកប្រដាល់ចិន Gong Yuankun ទៅហើយ ប៉ុន្តែកម្លាំងទាត់ចេញរបស់ ស៊ីនេត បានត្រឹមធ្វើឱ្យដៃគូម្នាក់នេះ ធ្លាក់កម្លាំងតែប៉ុណ្ណោះ។
ជ័យ ស៊ីនេត បាននិយាយថា៖ «ការប្រកួតនេះ មានភាពស្វិតស្វាញ ហើយខ្ញុំបានព្យាយាមទាត់បំបែកកង់ក្រោមរបស់គាត់ (Gong Yuankun) ប៉ុន្តែបញ្ហាខកខានប្រកួតយូរ ធ្វើឱ្យការទាត់របស់យើងរាងគាំង និងមិនសូវមានទម្ងន់ធ្ងន់ ព្រោះជាធម្មតា ពេលយើងប្រកួតញឹកញាប់ ជើងរបស់យើងចេញបានលឿន តែដល់ពេលខានយូរបែបនេះ ការវាយចេញរបស់យើងបានមួយៗ ហើយរាងគាំង និងស្រាលទៀត»។
សម្រាប់ការប្រកួត នៅក្នុងទឹកទី២ ជ័យ ស៊ីនេត នៅតែអាចគ្រប់គ្រងស្ថានភាពប្រកួតបានល្អ ដោយរូបគេអាចគេចផុតពីការតាមវាយសន្ធាប់របស់ Gong Yuankun បានច្រើន ព្រមទាំងអាចទាត់ ម៉ាត់ វាយកែង និងបុកជង្គង់សងត្រឡប់ទៅវិញមួយៗ ធ្វើឱ្យដៃគូជាកីឡាករចិនម្នាក់នេះ មានការពិបាកដដែល។
តែទោះបីជាយ៉ាងណា នៅក្នុងទឹកទី៣ចុងក្រោយ ជ័យ ស៊ីនេត បានបង្ហាញភាពទន់ជ្រាយជាងគូប្រកួតវិញ ព្រោះកីឡាករ Gong Yuankun បានបង្កើនការវាយសម្រុកកាន់តែខ្លាំង ធ្វើឱ្យ ស៊ីនេត ចង់អស់វិធីសាស្រ្តទប់ទល់ផងដែរ ហើយជាមួយគ្នានេះ Gong Yuankun ក៏បានបង្ហាញការមិនពេញចិត្តផងដែរ ចំពោះសកម្មភាពវាយថែម នៅពេលអាជ្ញាកណ្តាលចាប់ឃាត់របស់ ជ័យ ស៊ីនេត មុនពេលអ្នកទាំង២នេះ ត្រូវបានប្រកាសឱ្យស្មើពិន្ទុគ្នា សម្រាប់ការជួបគ្នាជាលើកដំបូងនេះ។
ចំពោះការផ្លាស់ប្តូរបច្ចេកទេសប្រកួតរវាងកីឡាករ Gong Yuankun នៅក្នុងទឹកទី៣ ជ័យ ស៊ីនេត បានបញ្ជាក់ថា៖ «គាត់ដឹងច្បាស់ថា បើសិនជាគាត់នៅវាយប្រយោលមួយៗ គាត់ធានាថានឹងខូច (ជើងក្រោម) អ៊ីចឹងគាត់មានតែប្តូរបច្ចេកទេសប្រកួត ដោយដើរចូលវ៉ៃយើងវិញ ដល់អ៊ីចឹងវាធ្វើឱ្យយើងអាក់ជំហរ និងទាត់ចេញបានស្រាល។ ម្យ៉ាងទៀតគាត់ធំ ហើយខ្ពស់ជាងយើង គឺមានការពិបាកប្រកួតដែរ»។
ស៊ីនេត បានបន្ថែមថា៖ «តែទោះបីជាយ៉ាងណា ខ្ញុំបានប្រឹងប្រែងអស់ហើយ គ្រាន់តែការខកខានប្រកួតយូរ ធ្វើឱ្យយើងពិបាកក្នុងការបញ្ចេញក្បាច់ទៅតាមអ្វីដែលយើងចង់បាន ព្រោះនូវគាំងៗ ប៉ុន្តែខ្ញុំនៅតែមានមោទនភាពចំពោះខ្លួនឯង និងអរគុណដល់សង្វៀនប៉ុស្តិ៍លេខ៥ ដែលបានផ្តល់ឱកាសឱ្យខ្ញុំបានប្រកួតអន្តរជាតិជាថ្មី ហើយខ្ញុំប្តេជ្ញាខ្លួនឯងថា នឹងខិតខំប្រឹងប្រែងបន្តការហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងបន្ថែម សម្រាប់ការប្រកួតក្រោយៗទៀត»។

ការប្រកួតរវាងកីឡាករកម្ពុជា ជ័យ ស៊ីនេត (ក្រហម) និងអ្នកប្រដាល់ចិន Gong Yuankun នៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី២៩ ខែមិថុនា។ រូបថត សហការី
ដោយឡែកកីឡាករ សុភាព រុងរឿង ដែលធ្លាប់មានបច្ចេកទេសវាយចេញបានល្អទាំងការប្រើកណ្តាប់ដៃ ទាត់ វាយកែង និងជង្គង់នោះ ក៏មានការជាប់គាំងចំពោះការប្រើក្បាច់ទាំងនេះ ក្នុងពេលប្រកួតជាមួយអ្នកប្រដាល់ឡាវ Phet Bunchu កាលពីយប់ថ្ងៃសៅរ៍នោះដែរ គឺ រុងរឿង បានប្រើតែក្បាច់ជង្គង់ស្ទើរ៩០ភាគរយ ដើម្បីវាយប្តូរជាមួយអ្នកប្រដាល់ឡាវម្នាក់នេះ។
តែទោះបីជាយ៉ាងណា ដោយសារ សុភាព រុងរឿង មានប្រៀបផ្នែកកម្ពស់នោះ គឺការប្រើជង្គង់របស់គេ ពិតជាមានប្រសិទ្ធភាពល្អ ព្រោះបានបុកចូលពោះ និងដើមទ្រូងរបស់កីឡាករ Phet Bunchu ពេញៗ ដែលធ្វើឱ្យដៃគូម្នាក់នេះ ចង់គាំងម្តងៗទៅហើយ។ រីឯនៅទឹកទី៣ចុងក្រោយ រុងរឿង ហាក់មានភាពលះឡើងវិញ ក្នុងការបញ្ចេញក្បាច់ទាត់ ម៉ាត់ និងវាយកែង បន្ថែមទៅលើការបុកជង្គង់យ៉ាងល្អរបស់គេ ធ្វើឱ្យ Phet Bunchu អស់លទ្ធភាពតដៃ និងត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ នៅដើមទឹកទី៣នេះតែម្តង។
ចំពោះភាពអសកម្មក្នុងការបញ្ចេញក្បាច់គុននេះ សុភាព រុងរឿង បាននិយាយក្រោយការប្រកួតថា៖ «ការប្រកួតនេះខ្ញុំគាំងច្រើន ព្រោះខ្ញុំខានឡើងសង្វៀនចូល៣ខែហើយ។ បើសិនជាមិនគាំងទេ ខ្ញុំអាចផ្តាច់គាត់បានមិនឱ្យដល់ទឹកទី៣ឡើយ ព្រោះយើងមានដៃមានជើង តែលើកនេះ ដៃជើងរបស់ខ្ញុំវាយចេញអត់សូវល្អ ចំណែកការឡើងជង្គង់ ពេលខ្លះក៏រាងគាំងផងដែរ»។
តែទោះបីជាយ៉ាងណា រុងរឿង បានបញ្ជាក់ថា៖ «ខ្ញុំសរសើរទៅដល់កីឡាករឡាវម្នាក់នេះ ដែលហ៊ានឈរវាយប្តូរ និងចាក់ជង្គង់ជាមួយយើង ទោះគាត់ចាញ់ប្រៀបយើង។ ប៉ុន្តែបើលោកអាជ្ញាកណ្តាលមិនបញ្ឈប់ ក៏គាត់មិនអាចទប់ខ្ញុំជាប់ដដែលហ្នឹង ព្រោះនៅទឹកទី៣ បច្ចេកទេសវាយរបស់ខ្ញុំបានវិលត្រឡប់មករកភាពល្អវិញហើយ»។
ចំណែកកីឡាករឡាវ Phet Bunchu បានទទួលស្គាល់ថា រូបគេពិតជាមិនអាចទៅរួចជាមួយ សុភាព រុងរឿង ដោយបាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំបានប្រឹងប្រែង និងបញ្ចេញអស់ពីសមត្ថភាពហើយ តែខ្ញុំសូមសរសើរទៅដល់ដៃគូរបស់ខ្ញុំ ដែលមានសមត្ថភាពល្អ។ ទោះយ៉ាងណា ខ្ញុំសង្ឃឹមថា នឹងមានឱកាសប្រកួតជាមួយកីឡាករគុនខ្មែរបន្តទៀត ហើយខ្ញុំនឹងធ្វើឱ្យបានល្អជាងនេះ ដើម្បីស្វែងរកជ័យជម្នះ»។
ចំពោះការប្រកួតមិត្តភាពអន្តរជាតិ១គូទៀត នៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី២៩ ខែមិថុនានោះដែរ កីឡាករកំពុងសាងបានភាពល្បី ខាំ កូនខ្លា បានម៉ាត់ឱ្យអ្នកប្រដាល់ឡាវ Phet Champa ដួលសន្លប់នៅពាក់កណ្តាលទឹកទី២ បន្ទាប់ពីរូបគេបានវាយដៃគូម្នាក់នេះឱ្យអាជ្ញាកណ្តាលរាប់ចំនួន២ដង ក្នុងទឹកទី២ដដែលនេះ៕