កីឡាការិនីគុនចម្រុះរបស់កម្ពុជា ខៀវ ចិន្តារ័ត្ន និង គន្ធ វណ្ណនីតា នឹងត្រូវប្រកួតដណ្តើមយកមេដាយមាសជាមួយកីឡាការិនីរបស់ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ ២០២៤ (AMMA Championship 2024) នៅថ្ងៃសុក្រនេះ ចំណែកកីឡាករ ផេង សុបញ្ញា, សែន ច័ន្ទឫទ្ធីគុន, ធាន អាត, ហ៊ុន គឹមហៀង និងកីឡាការិនី ទួន ស្រីពីន ក៏ត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃនេះដែរ ប៉ុន្តែជើងខ្លាំង ចាន់ រតនា បានធ្លាក់ចេញពីការប្រកួតនេះហើយ។
សម្រាប់ការប្រកួត AMMA Championship 2024 ដែលធ្វើនៅវិមានពហុកីឡដ្ឋានជាតិនេះ កីឡាការិនី ខៀវ ចិន្ដារ័ត្ន នឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសជាមួយកីឡាការិនីរបស់ឥណ្ឌូនេស៊ី Puspitasari Nurdiana លើវិញ្ញាសាប្រពៃណីផ្នែកនារីទម្ងន់ក្រោម ៤៩គីឡូក្រាម នៅទីលានទី១។
ចំណែកកីឡាការិនី គន្ធ វណ្ណនីតា ត្រូវប្រជែងយកមេដាយមាសជាមួយកីឡាការិនីរបស់ម៉ាឡេស៊ី Sze Teng Pang លើវិញ្ញាសាប្រពៃណីផ្នែកនារី ទម្ងន់ក្រោម ៦៩គីឡូក្រាម នៅទីលានទី២ ហើយនេះជាការប្រកួតដណ្តើមយកមេដាយមាសមុនគេ សម្រាប់ការប្រកួត AMMA Championship 2024 បន្ទាប់ពីព្រឹត្តិការណ៍នេះ បានបើកជាផ្លូវការ កាលពីថ្ងៃទី១១ ខែកក្កដា ដោយមានប្រតិភូកីឡា និងអត្តពលិក២៣៣នាក់ មកពី១៨ប្រទេសបានចូលរួម។
យ៉ាងណាក៏ដោយ ការទទួលបានឱកាសឡើងទៅប្រកួតដណ្តើមយកមេដាយមាសរបស់កីឡាការិនី ខៀវ ចិន្តារ័ត្ន និង គន្ធ វណ្ណនីតា ត្រូវបានមន្រ្តីរៀបចំការប្រកួត ទម្លាយឱ្យដឹងថា ដោយសារប្រភេទទម្ងន់ទាំង២ប្រភេទនេះ មានបេក្ខភាពចូលរួមត្រឹម២នាក់ដូចគ្នា ហេតុនេះគណៈកម្មការ បានដាក់ឱ្យប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមយកមេដាយមាស និងមេដាយប្រាក់តែម្តង។
ដោយឡែកកីឡាករ ផេង សុបញ្ញា (គោរមៈ ចន្ទរាជ) , សែន ច័ន្ទឫទ្ធីគុន (Thiago Teixeira), ធាន អាត (ចាន់ សំអាត), ហ៊ុន គឹមហៀង និងកីឡាការិនី ទួន ស្រីពីន ក៏ត្រូវប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃសុក្រនេះផងដែរ ដើម្បីស្វែករកឱកាសឡើងទៅប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃសៅរ៍។
នៅក្នុងចំណោមអ្នកទាំង៥នាក់នេះ កីឡាករ សែន ច័ន្ទឫទ្ធីគុន, ហ៊ុន គឹមហៀង និង ទួន ស្រីពីន សុទ្ធតែបានចាប់ឆ្នោតឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ ហើយការប្រកួតនៅថ្ងៃរសៀលថ្ងៃសុក្រនេះ សែន ច័ន្ទឫទ្ធីគុន ត្រូវជួបកីឡាករចិនតៃប៉ិ Yang Ji-Tang ក្នុងទម្ងន់ក្រោម ៨៥គីឡូក្រាម រីឯ ទួន ស្រីពីន ប៉ះកីឡាការិនីឥណ្ឌូនេស៊ី Sitohang Melpida ក្នុងទម្ងន់ក្រោម ៦០គីឡូក្រាម ខណៈ ហ៊ុន គឹមហៀង ត្រូវប្រកួតជាមួយកីឡាករសិង្ហបុរី Pandaan Arthur Andre ក្នុងទម្ងន់ក្រោម ៧១គីឡូក្រាម។
ចំណែកកីឡាករ ផេង សុបញ្ញា និង ធាន អាត សុទ្ធតែបានទទួលជ័យជម្នះ ក្នុងការប្រកួតជម្រុះយ៉ាងស្វិតស្វាញ កាលពីថ្ងៃព្រហស្បតិ៍ ហើយសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃនេះ ផេង សុបញ្ញា ជួបកីឡាករហ្វីលីពីន Catalan Rene-Jr ក្នុងទម្ងន់ក្រោម៥៦គីឡូក្រាម ហើយ ធាន អាត ត្រូវប្រឈមជាមួយកីឡាករតាជីគីស្ថាន Safarov Yoqubjon ក្នុងទម្ងន់ក្រោម៦០គីឡូក្រាម។
ផ្ទុយពីនេះកីឡាករជើងខ្លាំង ចាន់ រតនា ដែលមានឈ្មោះបោះសំឡេងខ្លាំងជាងគេ ក្នុងការប្រកួតកីឡាគុនចម្រុះ MMA នេះ បានធ្លាក់ចេញពីការប្រកួត AMMA Championship 2024 នេះ នៅថ្ងៃបើកឆាក បន្ទាប់ពីរូបគេបានចាញ់កីឡាកររបស់ហុងកុង Chung Pui Wing ដោយពិន្ទុ ក្នុងការប្រកួតជម្រុះចាញ់ធ្លាក់វគ្គ៨នាក់ កាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែ អេ វិរៈខាំឈិតភូថង ដែលគេស្គាល់ថា ជាកីឡាករ ម៉ឺន មេឃា នោះ បានឈ្នះទាំង ២ប្រកួត ដើម្បីឡើងទៅវគ្គបន្ត។
ចំណែកកីឡាការិនី នៅ ស្រីពៅ និងកីឡាការិនី សំ ថារ័ត្ន ក៏បានចាញ់ការប្រកួតបើកឆាក កាលពីថ្ងៃព្រហស្បតិ៍ដូចគ្នា ប៉ុន្តែអ្នកទាំង២នេះ នៅសល់ការប្រកួតជម្រុះ១លើកទៀត ដែលត្រូវធ្វើនៅថ្ងៃសុក្រនេះ ហើយបើឈ្នះ ពួកគេនៅតែអាចមានឱកាសឡើងទៅវគ្គបន្ត។ រីឯកីឡាករ មាស ម៉ើ, រិន សារ័ត្ន និង ឡុង ឡា ក៏ត្រូវប្រកួតនៅថ្ងៃនេះដូចគ្នា៕