អ្នកលេងសាច់ដុំ ដែលធ្លាប់ដណ្តើមបានមេដាយមាសពីការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោក ឆ្នាំ២០១៨ សំបូរ សុភ័ណ្ឌ និងក្មួយប្រុសរបស់ខ្លួនគឺកីឡាករ នន់ សុខចម្រើន បានបង្ហាញមោទនភាពខ្លាំង ចំពោះការរួមគ្នាដណ្តើមបានមេដាយមាសចំនួន៥ ជាពិសេសការឈ្នះពានមាស និង Pro Card (Professional Card) ពីការប្រកួតកីឡាកាយវប្បកម្ម FIF International Thailand Championship នៅប្រទេសថៃ កាលពីថ្ងៃអាទិត្យ។
បើទោះបីជា ការចេញទៅប្រកួត FIF International Thailand Championship នេះ ត្រូវបានធ្វើឡើងជាលក្ខណៈឯកជន ដោយត្រូវរ៉ាប់រងការចំណាយដោយខ្លួនឯង ជាមួយថវិកាទទួលបានពីការឧបត្ថម្ភពីសប្បុរសធម៌ជិតឆ្ងាយ ប៉ុន្តែទាំង សំបូរ សុភ័ណ្ឌ និង នន់ សុខចម្រើន បានប្រឹងប្រែងខ្លាំងក្នុងការហ្វឹកហាត់ជាច្រើនខែ ដើម្បីធ្វើឱ្យសាច់ដុំ និងរាងកាន់តែស្អាត សម្រាប់ចូលរួមការប្រកួតនេះ។
ជាមួយការខិតខំប្រឹងប្រែង ដោយផ្តោតខ្លាំងទៅលើការស្វែងរកកិត្តិយសជូនជាតិនេះ សំបូសុភ័ណ្ឌ បានឈ្នះមេដាយមាសទាំងលើវិញ្ញាសា Men physique open up 170cm និងវិញ្ញាសា Men classic physique open up 170cm ហើយជាពិសេស សុភ័ណ្ឌ បានឈ្នះពានមាស Overall champ men physique និងឈ្នះបាន Pro Card FIF Men physique យ៉ាងរំភើបបំផុត។
ចំណែកកីឡាករ នន់ សុខចម្រើន ជាក្មួយប្រុស និងជាកូនប្រុសបង្កើតរបស់អតីតកីឡាករជម្រើសជាតិ សំបូរ នន់ នោះ បានឈ្នះមេដាយមាសទាំង៣វិញ្ញាសាតែម្តង គឺវិញ្ញាសា Men physique up 24 year វិញ្ញាសា Men model fitness up 24 year និងលើវិញ្ញាសា Men model fitness open up 170cm ហើយ សុខចម្រើន ក៏ឈ្នះបាន Pro Card FIF model fitness ផងដែរ។
ជាមួយជ័យជម្នះនេះ សំបូរ សុភ័ណ្ឌ បានផ្តោតខ្លាំងទៅលើការឈ្នះពានមាស Overall ជាពិសេសការឈ្នះ Pro Card ដែលវាមានការពិបាកខ្លាំង ចំពោះកីឡាករគ្រប់រូប ក្នុងដណ្តើមយក ដើម្បីធ្វើឱ្យខ្លួនឯងបានឈានទៅកាន់ការប្រកួតកម្រិតខ្ពស់មួយទៀត។
ម្ចាស់មេដាយមាសពិភពលោក សំបូរ សុភ័ណ្ឌ បានបង្ហោះសារ ក្រោយបញ្ចប់ការប្រកួត កាលពីថ្ងៃទី២៨ ខែកក្កដាថា៖ «ថ្ងៃនេះខ្ញុំបាទ សំបូរ សុភ័ណ្ឌ ជាមួយក្មួយប្រុសបង្កើត (នន់ សុខចម្រើន) ពិតជាមានមោទភាព និងរំភើបជាខ្លាំងដែលនាំយកមេដាយជូនជាតិ ក្នុងកម្មវិធី FIF International Thailand Championship ដោយខ្ញុំបាទឈ្នះមេដាយមាស ២គ្រឿង...ជាពិសេសឈ្នះ Overall champ men physique និងឈ្នះ Pro Card FIF Men physique»។
អ្នកលេងសាច់ដុំរូបនេះ បានបន្ថែមថា៖ «ចំណែកកីឡាករ នន់ សុខចម្រើន ឈ្នះមេដាយមាស ៣គ្រឿង…ជាពិសេស ឈ្នះ Pro Card FIF model fitness។ សូមអរគុណពុកម៉ែប្អូន ដែលតែងតែគាំទ្រក្រកូល «សំបូរ» រហូតមក ហើយជោគជ័យមួយនេះ គឺជាជោគជ័យរបស់កម្ពុជាយើងទាំងអស់គ្នា»។
ចំណែកកីឡាករ នន់ សុខចម្រើន ក៏បានបង្ហោះសារថ្លែងអំណរគុណដល់គ្រប់អ្នកពាក់ព័ន្ធ ដែលជួយជំរុញឱ្យរូបគេដណ្តើមបានជ័យជម្នះយ៉ាងធំ សម្រាប់ការប្រកួតនៅប្រទេសថៃនេះ។ «ជាដំបូង ខ្ញុំបាទសូមអរគុណដល់ក្រុមគ្រួសារ បើសិនជាខ្ញុំដើរផ្លូវនេះតែម្នាក់ឯងដោយគ្មានពួកគាត់ទេ ខ្ញុំប្រហែលជាខ្ញុំមិនអាចឈានមកដល់ចំណុចនេះបានដែរ ហើយអរគុណប៉ា ពូ សំបូរ ណាន និង សំបូរ សុភ័ណ្ឌ ដែលត្រូវជាគ្រូ ដែលតែងតែតាមដានលើរបបអាហារ និងការហ្វឹកហាត់តាំងពីដើមរហូតមក»។
ម្ចាស់មេដាយមាសចំនួន ៣ថ្មីថ្មោង សុខចម្រើន បានបន្ថែមថា៖ «លើសពីនេះទៅទៀតខ្ញុំសូមអរគុណដល់មិត្តភក្តិ ពុកម៉ែបងប្អូន ដែលតែងតែស្រឡាញ់គាំទ្រផ្ដល់ជាកម្លាំងចិត្ត និង ជួយឧបត្ថម្ភជាថវិកាដល់រូបខ្ញុំ សម្រាប់ការចំណាយលើការប្រកួត ហើយការទទួលបានជោគជ័យមួយនេះក៏ដូចជា ជោគជ័យរបស់បងប្អូន ដែលស្នេហាវិស័យកីឡាទាំងអស់»៕