កីឡាករធ្លាប់មានឈ្មោះបោះសម្លេងនិងមានប្រជាប្រិយខ្លាំងជាងគេប្រចាំនៅកម្ពុជា កែវ រំចង់ បានដាក់ក្តីសង្ឃឹមខ្ពស់ទៅលើ កាន់ ម៉េងហុង ថា នឹងអាចដណ្តើមបានជ័យជម្នះជូនជាតិ សម្រាប់ការចេញទៅប្រកួតដណ្តើមខ្សែក្រវាត់អន្តរជាតិ K-1 WORLD MAX 2024 នៅប្រទេសជប៉ុន បើទោះបីជា ម៉េងហុង ត្រូវប៉ះជើងខ្លាំងលំដាប់ជួរមុខរបស់ម្ចាស់ផ្ទះ ក្នុងការប្រកួតជុំទី១ នាថ្ងៃទី៧ ខែកក្កដា ខាងមុខនេះក៏ដោយ។
ជាកីឡាករកម្ពុជាម្នាក់ ដែលធ្លាប់បានទៅចូលរួមការប្រកួតព្រឹត្តិការណ៍លំដាប់ពិភពលោក K-1 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីឆ្នាំ២០២០ ហើយក៏បានយកឈ្នះកីឡាករម្ចាស់ផ្ទះរបស់ជប៉ុនផងនោះ កែវ រំចង់ បានឱ្យដឹងថា ច្បាប់ប្រកួតនៅ K-1 គេប្រកួត៣ទឹក មិនឱ្យចាប់ឱបឡាំជង្គង់ទេ តែអាចបោះជង្គង់ជាប្រយោលបាន ហើយក៏មិនអនុញ្ញាតឱ្យប្រើកែងនោះដែរ។
ចំពោះច្បាប់ប្រកួតតាមលំនាំប្រដាល់ឃីកបុកស៊ីង (Kickboxing) នេះ កែវ រំចង់ មើលឃើញថា វាមានភាពអំណោយផល សម្រាប់កីឡាករ កាន់ ម៉េងហុង ដែលមានជំនាញប្រកួតបែបនេះ និងមានភាពរហ័សរហួន ហើយ ម៉េងហុង ក៏ធ្លាប់ដណ្តើមបានមេដាយប្រាក់ សម្រាប់ការប្រកួតលើវិញ្ញាសាឃីកបុកស៊ីង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាមផងដែរ។
កែវ រំចង់ ដែលជាគ្រូជំនួយម្នាក់របស់ កាន់ ម៉េងហុង ផងនោះ បានបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមទៅលើ កាន់ ម៉េងហុង ព្រោះគាត់ហ្វឹកហាត់ខ្លាំង ហើយគាត់មានភាពរហ័សរហួនដូចស្វាអ៊ីចឹង គឺគាត់វាយចេញចូលបានលឿនមែនទែន ហេតុនេះខ្ញុំសង្ឃឹមលើគាត់ ក្នុងការដណ្តើមបានជ័យជម្នះយកមកជូនជាតិមាតុភូមិ»។
ការបង្ហាញភាពជឿជាក់ទៅលើ កាន់ ម៉េងហុង នេះ គឺ កែវ រំចង់ បានលើកឡើង ក្នុងពេលរូបគេបានចូលរួមជូនដំណើរ កាន់ ម៉េងហុង នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៤ ខែកក្កដា ហើយពេលនេះ ម៉េងហុង និងប្រតិភូដឹកនាំ បានធ្វើដំណើរដល់ទីក្រុងតូក្យូ ប្រទេសជប៉ុនហើយ ដើម្បីត្រៀមការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ពិភពលោក ក្នុងព្រឹត្តិការណ៍ K-1 WORLD MAX 2024 នេះ។
សម្រាប់ការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ World Championship Tournament ប្រភេទទម្ងន់៥៥គីឡូក្រាមនេះ មានបេក្ខភាពចំនួន៨នាក់ ក្នុងនោះមានកីឡាករម្ចាស់ផ្ទះជប៉ុនAkihiro Kaneko, Masahi Kumura, Riamu និង Rui Okubo រួមទាំងកីឡាករកម្ពុជា កាន់ ម៉េងហុង អ្នកប្រដាល់អេស្ប៉ាញ Antonio Orden កីឡាករក្រិក Angelos Martinos និងកីឡាករចិន Zhao Zhendong។
តាមការផ្គូផ្គងរួចហើយនោះ កាន់ ម៉េងហុង ត្រូវជួបជើងខ្លាំងលំដាប់ជួរមុខរបស់ជប៉ុនAkihiro Kaneko រីឯកីឡាករក្រិក Angelos Martinos ប៉ះ Riamu ស្របពេលអ្នកប្រដាល់អេស្ប៉ាញ Antonio Orden ត្រូវតទល់និង Maasashi Kumura ហើយអ្នកប្រយុទ្ធរបស់ចិន Zhao Zhendong ត្រូវប្រកួតជាមួយកីឡាករម្ចាស់ផ្ទះជប៉ុន Rui Okubo។
អ្នកទាំង៨នាក់នេះ នឹងត្រូវប្រកួតជម្រុះជុំទី១ ដែលនឹងធ្វើនៅទីក្រុងតូក្យូ នាថ្ងៃទី៧ ខែកក្កដា ខាងមុខនេះ ហើយអ្នកឈ្នះ នឹងត្រូវឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៩ ខែកញ្ញា ដើម្បីរកអ្នកឈ្នះបានខ្សែក្រវាត់ ហើយនៅថ្ងៃអាទិត្យនេះដែរ ក៏មានការប្រកួតដណ្តើមខ្សែក្រវាត់ និងប្រកួតមិត្តភាពអន្តរជាតិចំនួន១១គូទៀតផងដែរ។
សម្រាប់ការទទួលបានឱកាសទៅប្រកួត នៅ K-1 WORLD MAX ជាលើកដំបូងនេះ កាន់ ម៉េងហុង បាននិយាយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៤ ខែកកក្កដា ថា៖ «ដោយមានអាជីពជាអ្នកប្រដាល់ ខ្ញុំគិតថា វាពិតជាមានន័យខ្លាំង ដែលទទួលបានឱកាសទៅប្រកួតនៅ K-1 ព្រោះដំបូងឡើយខ្ញុំគិតថា បានប្រកួតធម្មតាៗនៅក្នុងស្រុកទេ តែមិនគិតថា បានចេញប្រកួតក្រៅស្រុកបានច្រើន ជាពិសេសការចេញទៅប្រកួតនៅប្រទេសជប៉ុនលើកនេះ ព្រោះនេះជាក្តីស្រមៃរបស់ខ្ញុំ»។
យ៉ាងណាក៏ដោយ ពេលនិយាយទៅដល់សមត្ថភាពប្រកួតរបស់កីឡាករជប៉ុន Akihiro Kaneko គឺ កាន់ ម៉េងហុង បានបង្ហាញការព្រួយបារម្ភច្រើន ព្រោះគេម្នាក់នេះជាជើងខ្លាំងលំដាប់ជួរមុខលើជំនាញឃីកបុកស៊ីងរបស់ជប៉ុន ក្នុងប្រភេទទម្ងន់៥៥គីឡូក្រាម ប្រចាំនៅ K-1 នេះតែម្តង។
ដោយមានអាយុ២៧ឆ្នាំ Akihiro Kaneko បានចាប់ផ្តើមប្រឡូកប្រដាល់ឃីកបុកស៊ីងកាលពីឆ្នាំ២០១៤ ហើយរហូតដល់ពេលនេះ គេមានបទពិសោធន៍ឡើងសង្វៀនចំនួន៣៨ដង ឈ្នះ៣៥ដង និងចាញ់៣ដង។ ជាមួយប្រវត្តិប្រកួតនេះ Akihiro កំពុងគ្រប់គ្រងខ្សែក្រវាត់ឃីកបុកស៊ីងចំនួន៣ខ្សែ គឺខ្សែក្រវាត់ Krush Bantamweight ឆ្នាំ២០១៨, ខ្សែក្រវាត់ K-1 Super Bantamweight ឆ្នាំ២០២២ និងខ្សែក្រវាត់ K-1 World GP Super Bantamweight ឆ្នាំ២០២២ ហើយរូបគេក៏បានឈ្នះជើងឯកចំនួន៤ទៀតក្នុងការប្រកួតលក្ខណៈស្ម័គ្រចិត្តផងដែរ។
ចំពោះប្រវត្តិប្រកួតដ៏ល្អរបស់កីឡាករជប៉ុន Akihiro Kaneko រូបនេះ កាន់ ម៉េងហុង បាននិយាយថា៖ «ខ្ញុំនៅតែមានការបារម្ភច្រើនទៅលើដៃគូរបស់ខ្ញុំ ព្រោះគាត់មានសមត្ថភាពល្អ ដោយវាយចេញបានលឿន និងមានទម្ងន់ធ្ងន់ទៀត»។
យ៉ាងណាក៏ដោយ ដោយសារ ម៉េងហុង ធ្លាប់បានតាមដានការប្រកួត K-1 តាំងពីមិនទាន់ក្លាយជាអ្នកប្រដាល់នោះ ធ្វើឱ្យរូបគេបានដឹងច្រើនពីច្បាប់ និងលក្ខខណ្ឌប្រកួតនៅ K-1 ហើយនេះជាអ្វីដែលធ្វើឱ្យកីឡាករកម្ពុជារូបនេះ នៅតែមានទំនុកចិត្តលើខ្លួនឯង។ កាន់ ម៉េងហុង បានបញ្ជាក់ថា៖ «ខ្ញុំបានសិក្សាពីបច្ចេកទេសប្រកួតរបស់គាត់បានច្រើនដែរហើយ ហើយខ្ញុំមានទំនុកចិត្ត ៦០ភាគរយ ក្នុងការស្ពាយខ្សែក្រវាត់នេះមកកម្ពុជា»៕