កម្មវិធី «ដំណើរទស្សនកិច្ចគុនខ្មែរទៅកាន់តំបន់ប្រវត្តិសាស្ត្រអង្គរ» នៅលើទឹកដីខេត្តសៀមរាប រយៈពេល ៣ថ្ងៃ ជាលើកដំបូង ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចប់ជាមួយលទ្ធផលវិជ្ជមាន ដោយមានការគាំទ្រពេញទំហឹងពីអាជ្ញាធរជាតិអប្សរា ជាពិសេសលោកអភិបាលខេត្តសៀមរាប។
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានចាត់ទុកកម្មវិធីដំណើរទស្សនកិច្ចគុនខ្មែរទៅកាន់តំបន់ប្រវត្តិសាស្ត្រអង្គរ ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៧ ដល់២៩ ខែសីហាថា ជាសកម្មភាពដ៏ល្អ ក្នុងការគាស់រំលើងនូវប្រវត្តិក្បាច់គុនបុរាណខ្មែរ ដែលមានចារនៅលើផ្ទាំងសិលាចារឹក ដើម្បីបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិបានស្គាល់ និងបានដឹងកាន់តែច្បាស់នូវកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ មានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ហើយការងារនេះ ក៏ស្របទៅនឹងការចង់បានរបស់ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលផងដែរ។
លោក ប្រាក់ សោភ័ណ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនី គ្រូបង្វឹក និងក្រុមការងារ ដែលបានចុះធ្វើទស្សនកិច្ចគុនខ្មែរក្នុងតំបន់ប្រវត្តិសាស្ត្រអង្គរ កាលពីថ្ងៃទី២៩ ខែសីហាថា៖ «យើងមានប្រវត្តិដែលបានចារនៅលើសិលាចារឹក នៅក្នុងប្រាសទរបស់យើងជាច្រើន ហើយកន្លងមកខ្ញុំបានចូលរួមច្រើនដែរជាមួយក្រុមការងារគុនល្បុក្កតោ និងគុនខ្មែរ»។
លោកបន្ថែមថា៖ «មែនទែនទៅ គុនល្បុក្កតោ និងគុនខ្មែរនេះ តាមរយៈឯកឧត្តម ហ៊ុន ម៉ានី លោកបានជំរុញខ្លាំងណាស់ ថែមទាំងមានរៀបចំឱ្យមានការបង្ហាញនូវអង្គរសង្រ្កាន្តទៀត ដើម្បីឱ្យឃើញ ឱ្យយល់ និងបន្តស្រាវជ្រាវទៀត ចំណែកក្រុមងារងារ ដែលលោកបានចុះមកនេះ ជាការផ្សព្វផ្សាយផង និងបន្តស្រាវជ្រាវបន្ថែមទៀត អ៊ីចឹងខ្ញុំជឿជាក់ថា ការស្រាវជ្រាវនេះទៅថ្ងៃខាងមុខ យើងនឹងធំទូលំទូលាយជាងនេះ ឱ្យឃើញពីសម្បត្តិដូនតា និងជាកេរ្តិ៍តំណែលដូនតារបស់យើងផងដែរ»។
ជុំវិញការស្រាវជ្រាវទៅលើក្បាច់គុណបុរាណខ្មែរនេះដែរ លោក ប្រាក់ សោភ័ណ្ឌ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏តែងតែបានជំរុញវិស័យទេសចរណ៍នៅខេត្តសៀមរាបផង ហេតុនេះកម្មវិធីដំណើរទស្សនកិច្ចគុនខ្មែរទៅកាន់តំបន់ប្រវត្តិសាស្ត្រអង្គរ វាជារបត់ថ្មីមួយទៀត ដែលបានជំរុញវិស័យទេសចរណ៍ផង និងសិក្សាលាតត្រដាងពីប្រវត្តិនៃក្បាច់គុណបុរាណខ្មែរផង។
លោកអភិបាលខេត្តរូបនេះ បានបញ្ជាក់ថា៖ «ទេសចរណ៍ខេត្តសៀមរាប មិនមែនមានត្រឹមតែប្រាសាទទេ យើងមានទាំងវប្បធម៌ សាសនា និងកីឡាផ្សេងៗ អញ្ចឹងនេះជាក្រុមការងារមួយ ដែលជួយជំរុញវិស័យទេសចរណ៍របស់យើងផងដែរ ព្រោះនៅពេលយើងបង្ហាញទៅមហាជនទូទៅទាំងជាតិ និងអន្តរជាតិ គឺជាការទាក់ទាញអារម្មណ៍មួយ សម្រាប់អ្នកមកលេងខេត្តសៀមរាបផង និងបានមកមើលផ្ទាល់អំពីសិលាចារឹក ដែលស្តីពីក្បាច់គុនបុរាណខ្មែរផង»។
ចំពោះកម្មវិធីដំណើរទស្សនកិច្ចគុនខ្មែរទៅកាន់តំបន់ប្រវត្តិសាស្ត្រអង្គរ ជាលើកនេះ អគ្គនាយកដ្ឋានកីឡា បាននាំយកកីឡាករកីឡាការិនីជម្រើសជាតិគុនខ្មែរ៤នាក់ រួមមានម្ចាស់មេដាយមាស ឈឿង ល្វៃ, លន បញ្ញា កីឡាការិនី ទូច ចាន់វត្តី និងកីឡាការិនី ឆា ចាន់ដេង រួមទាំងក្រុមគុនល្បក្កតោ ដើម្បីចុះទៅមើលដោយផ្ទាល់ពីសាវតារ និងប្រវត្តិក្បាច់គុនបុរាណខ្មែរ នៅលើជញ្ជាំងប្រាសាទនានា ក្នុងតំបន់អង្គរ។
ចំណែកលោក ភឹង តារា មន្រ្តីបច្ចេកទេសនៅនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ជាអ្នកធ្វើការពន្យល់ដោយផ្ទាល់ពីប្រវត្តិ និងអត្ថន័យពិតនៃរូបចម្លាក់ក្បាច់គុនបុរាណខ្មែរនៅលើជញ្ជាំងប្រាសាទនានាដល់អ្នកទាំងនោះ ហើយការងារនេះ ត្រូវបានលោក ប្រាក់ សោភ័ណ យល់ថា ជាការបង្ហាញពីសក្តានុពលដ៏ធំមួយ សម្រាប់ក្បាច់គុនបុរាណខ្មែរព្រោះកន្លងមក មានការបង្ហាញច្រើនតែលើរបាំប្រពៃណីផ្សេងៗ។
លោកសង្កត់ធ្ងន់ថា៖ «គុនល្បុក្តោ និងគុនខ្មែរនេះ ទើបតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ ដែលយើងបានជំរុញ។ នេះជាផ្នែកមួយដ៏ធំ និងជាមោទនភាពចំពោះយើង ជាពិសេស គុនខ្មែរយើង ដែលកន្លងមកយើងបានឃើញរបស់គេច្រើន ប៉ុន្តែបច្ចុប្បន្នរដ្ឋាភិបាលបានជំរុញគុនខ្មែរ និងល្បុក្កតោយើងឱ្យខ្មែរខ្លួនឯងបានស្គាល់ផង និងជំរុញដល់ឆាកអន្តរជាតិផង ហើយខ្ញុំជឿជាក់ និងគាំទ្ររាល់ការចុះមកស្រាវជ្រាវបន្ត ឬចុះមកបង្ហាញជាកម្មវិធីវីដេអូធំៗ គឺខ្ញុំគាំទ្រទាំងចិត្តខ្លួនឯង និងគាំទ្រទាំងការងាររដ្ឋបាល ឬវិស័យអីផ្សេងៗផង»។
ចំណែកលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ដែលបានមកទទួលស្វាគមន៍ក្រុមការងាររបស់កម្មវិធី «ដំណើរទស្សនកិច្ចគុនខ្មែរទៅកាន់តំបន់ប្រវត្តិសាស្ត្រអង្គរ» នៅប្រាសាទបាខែង កាលពីថ្ងៃទី២៨ ខែសីហានោះ បានបង្ហាញការគាំទ្រចំពោះដំណើរទស្សនកិច្ចនេះ ព្រោះវាជាការរួមចំណែកលើកិច្ចការងារថែរក្សាសម្បត្តិមរតកដូនតា នៅរមណីយដ្ឋានអង្គរ ជាមួយអាជ្ញាធរជាតិអប្សរា។
លោកថ្លែងថា៖ «យុទ្ធសាស្រ្តសំខាន់របស់យើង គឺការឱ្យយល់កាន់តែខ្លាំងថែមទៀតនូវលក្ខណៈជាអត្ថន័យ ខ្លឹមសារ អរូបីពីបុរាណ ហើយយើងមានប្រាង្គប្រាសាទ មានក្បាច់ចម្លាក់ជាអត្ថន័យតាមបែបក្បាច់ចម្លាក់ ជាស្ថាបត្យកម្ម វិស្វកម្ម ការកសាង -ល- ក៏ប៉ុន្តែក្រៅពីនោះទៀតសោត គឺផ្សារភ្ជាប់ជាមួយជីវិតនៃការរស់នៅ ប្រវត្តិសាស្រ្តនៃអរិយធម៌ អ៊ីចឹងក្បាច់គុនខ្មែរយើង ក៏បានឆ្លាក់នៅតាមទីកន្លែងមួយចំនួននៃប្រាសាទ»។
លោកបន្តថា៖ «នេះជាតឹកតាងប្រវត្តិសាស្រ្ត បង្ហាញថា ខ្មែរយើងចេះប្រើយុទ្ធសាស្រ្ត ចេះប្រើក្បាច់គុន ចេះប្រើវិធីសាស្រ្តការពារខ្លួនតាមរយៈក្បាច់គុននេះយូរណាស់មកហើយ ហើយមកដល់បច្ចុប្បន្នយើងកំពុងតែបន្ត ដោយនេះជាចំណុចសំខាន់នៃអត្ថន័យ និងខ្លឹមសារ សម្រាប់ប្អូនៗជាអ្នកកីឡាករ ដែលជាអ្នកបានរួមចំណែកលើវិស័យហ្នឹងខ្លាំងក្លាជាងគេ»។
ជាមួយគ្នានេះ លោក ឡុង កុសល បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងភាគីពាក់ព័ន្ធដែលបានប្រឹងគាស់កកាយ ប្រឹងបង្ហាញមកវិញនូវក្បាច់គុនបុរាណខ្មែរ និងគុនខ្មែរ ដែលធ្វើឱ្យមានភាពល្បីល្បាញនៅលើសកលលោក ហើយលោកបានលើកទឹកចិត្តដល់កីឡាករ កីឡាករិនីកម្ពុជា និងក្រុមការងារ «ដំណើរទស្សនកិច្ចគុនខ្មែរមកកាន់តំបន់ប្រវត្តិសាស្ត្រអង្គរ» ត្រូវខំបំពេញការងារនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជាប្រយោជន៍រួមរបស់ប្រទេសជាតិយើង។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមជូនពរឱ្យប្អូនៗក្លាយជាកីឡាករកាន់តែខ្លាំង និងពូកែ ក្នុងការកាន់ទង់ជាតិកម្ពុជា បង្ហាញលើឆាកអន្តរជាតិតាមវិស័យរបស់ប្អូនៗ ចំណែកពួកខ្ញុំ កាន់ទង់ជាតិកម្ពុជាតាមវិស័យរបស់ពួកខ្ញុំ អ៊ីចឹងយើងទាំងអស់គ្នាកាន់ទង់ជាតិកម្ពុជា ក្នុងគ្រប់វិស័យរបស់យើងនីមួយៗ ហើយទាំងអស់នោះហើយ ដែលជួយជ្រោងឱ្យកម្ពុជា កាន់តែមានការស្គាល់ កាន់តែមានការដឹង និងល្បីល្បាញក្នុងសកលលោកបន្តថែមទៀត»។
ចំណែកលោក ធិន វិចិត្រ ប្រធានមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡានៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលទទួលបាន សម្រាប់ការចាប់ផ្តើមកម្មវិធី «ដំណើរទស្សនកិច្ចគុនខ្មែរទៅកាន់តំបន់ប្រវត្តិសាស្ត្រអង្គរ» នៅលើទឹកដីខេត្តសៀមរាប ជាលើកដំបូងនេះ ដោយមានការគាំទ្រច្រើនពីអាជ្ញាធរ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
លោកបាននិយាយថា៖ «នៅក្នុងដំណើរទស្សនកិច្ច នៅតំបន់ប្រវត្តិសាស្រ្តអង្គររយៈពេល៣ថ្ងៃនេះ យើងទទួលបានលទ្ធផលលើសការរំពឹងទុក ដោយសារមានការគាំទ្រពីឯកឧត្តមអភិបាលខេត្ត និងមានគាំទ្រលើការស្នាក់នៅ ហូបចុករបស់សណ្ឋាគារ Memoire Palace Resort & Spa ហើយយើងក៏មានការសម្របសម្រួលច្បាប់នៅតំបន់អង្គរពីអាជ្ញាធរជាតិអប្សរា ដែលធ្វើឱ្យកីឡាករ កីឡាការិនីយើងមានការសប្បាយចិត្ត និងបានទស្សនារូបចម្លាក់ក្បាច់គុនបុរាណខ្មែរ នៅតាមប្រាសាទជាច្រើន»។
ទន្ទឹមនឹងនេះ លោក ធិន វិចិត្រ បានឱ្យដឹងទៀតថា ក្រុមការងាររបស់លោក នឹងធ្វើរបាយការណ៍ពីលទ្ធផលទទួលបាននៅក្នុងដំណើរទស្សនកិច្ចគុនខ្មែរទៅកាន់តំបន់ប្រវត្តិសាស្ត្រអង្គរលើកនេះ ដើម្បីស្នើសុំជាគោលការណ៍ បង្កើតជាគណៈកម្មការចុះស្រាវជ្រាវ និងចង់ក្រងជាឯកសារផ្លូវការ បើសិនជាអគ្គនាយកដ្ឋានកីឡា ជាពិសេសលោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា យល់ព្រមលើសំណើនេះ។
លោកបានបញ្ជាក់ថា៖ «ដោយសារយើងមានកិច្ចសហប្រតិបត្តិការជាមួយសារព័ត៌មានថ្មីៗ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ហើយតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា គឺលោកចង់ឱ្យបន្តការងារនេះរហូតដល់កម្រិតស្រាវជ្រាវ និងចងក្រងជាឯកសារផ្លូវការមួយ»។
លោក ធិន វិចិត្រ បន្ថែមថា៖ «មិនមែនមានតែប្រដាល់គុនខ្មែរមួយនេះទេ គឺនៅមានកីឡាជាប្រពៃណី និងកីឡាជាល្បែងច្រើនទៀត ដែលយើងត្រូវបន្តធ្វើ តែអ្វីទាំងអស់លុះតែមានគោលការណ៍ពីថ្នាក់ដឹកនាំ ទើបយើងបន្តទៀត ព្រោះយើងជាមន្រ្តីបច្ចេកទេស ត្រូវតែអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំ»។
ចំណែកលោក ភឹង តារា មន្រ្តីបច្ចេកទេសនៅនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានបង្ហាញភាពរីករាយ ដែលមានឱកាសបានផ្តល់នូវចំណេះដឹងបន្ថែមទៀតដល់កីឡាករ កីឡាការិនីខ្មែរ ជាពិសេសក្រុមអត្តពលិកប្រដាល់គុនខ្មែរ ដែលធ្លាប់តែហ្វឹកហាត់ និងប្រកួតលើកសង្វៀន តែមិនធ្លាប់បានមើលពីចម្លាក់ក្បាច់គុនបុរាណខ្មែរ នៅលើជញ្ជាំងប្រសាទ អ៊ីចឹងបានជួយឱ្យពួកគេបានយល់កាន់តែច្បាស់ពីគោលគំនិតរបស់ដូនតាខ្មែរយើង ដែលបានឆ្លាក់ចម្លាក់ក្បាច់គុនទាំងអស់នេះ ហើយលោកចង់ឃើញអ្នកហាត់គុនច្រើនទៀត បានមកស្វែងយល់ដែរ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំចង់ឱ្យកីឡាករ កីឡាការិនីរបស់ខ្មែរយើងផ្សេងៗទៀត រួមទាំងប្រជាពលរដ្ឋកម្ពុជា បានមកមើលចម្លាក់ក្បាច់គុនបុរាណខ្មែរ នៅតាមប្រាង្គប្រាសាទនានា ដើម្បីបានដឹង និងយល់ពីអត្ថន័យនៅតាមប្រាសាទនីមួយៗ ដែលមិនមែនតែនៅក្នុងខេត្តសៀមរាបនោះទេ ប៉ុន្តែក៏មាននៅខេត្តព្រះវិហារផងដែរ ហើយនេះជាភ័ស្តុតាង និងជាអត្តសញ្ញាណបញ្ជាក់ពីប្រវត្តិក្បាច់គុនបុរាណខ្មែរដ៏ពិតប្រាកដទៅដល់អន្តរជាតិ»៕