ស្ថាបនិកក្លិបប្រដាល់គុនខ្មែរអន្តរជាតិ (KKIF) លោក ស្រី ចាន់ថន បានឈានដល់ការចុះអនុស្សារណៈយោគយល់ (MoU) ជាមួយក្រុមហ៊ុនអប្សរា មេឌាសឺវីស ដើម្បីរួមគ្នាជួយផ្សព្វផ្សាយវិស័យប្រដាល់គុនខ្មែរឱ្យកាន់តែមានភាពល្បីរន្ទឺទាំងលើឆាកជាតិ ជាពិសេសនៅលើឆាកអន្តរជាតិ។
តាមខ្លឹមសារ ដែលត្រូវបានប្រកាសក្នុងពិធីចុះ MoU នៅផ្សារទំនើបជីពម៉ុងមេហ្គាម៉ាល 271 កាលពីថ្ងៃអាទិត្យគឺ KKIF និងទូរទស្សន៍អប្សរាបានផ្តោតខ្លាំងទៅលើការផ្សព្វផ្សាយកម្មវិធីប្រដាល់អាណាចក្រថ្នាលគុនខ្មែរ និងតេជះគុនខ្មែរ ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍អប្សរា និង AMS Sport ព្រមទាំងមានការផ្សាយបន្តផ្ទាល់នៅលើផេចហ្វេសប៊ុករបស់ KKIF និងលើបណ្តាញសង្គមមួយចំនួនទៀតផងដែរ។
លោក ស្រី ចាន់ថន បានឱ្យដឹងថា ក្លិប KKIF ត្រូវបានបង្កើតឡើងដោយមានការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា រួមទាំងបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ជាពិសេសសហព័ន្ធកីឡាប្រដាល់កម្ពុជា និងដៃគូឧបត្ថម្ភនានា ដែលធ្វើឱ្យលោកមានការខិតខំប្រឹងប្រែងកាន់តែខ្លាំង ក្នុងការផលិតធនធានកីឡាករគុនខ្មែរ ក្នុងបេសកម្មផ្សព្វផ្សាយគុនខ្មែរឱ្យល្បីរន្ទឺនៅជុំវិញពិភពលោក។
ដោយឈរលើបាវចនា «ការពារផលប្រយោជន៍គុនខ្មែរ, ពង្រឹងគុណភាពកីឡាករ និងពង្រីកការផ្សព្វផ្សាយគុនខ្មែរបន្ថែម» គឺរយៈពេល១ឆ្នាំមកនេះ ក្លិប KKIF បាននឹងកំពុងរៀបចំកម្មវិធីប្រកួតចំនួន២ គឺទី១ កម្មវិធីអាណាចក្រថ្នាលគុនខ្មែរ ដែលធ្វើនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ សប្តាហ៍ទី១ និងទី៣ ក្នុង១ខែ ហើយកម្មវិធីនេះមានការចូលរួមពីកីឡាករថ្មីៗ មកពីបណ្តាក្លិបផ្សេងៗជាច្រើននៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយប្រើថវិកាផ្ទាល់ខ្លួន។
ចំណែកទី២ KKIF បានរៀបចំការប្រកួតឱ្យមានការប្រកួតជាលក្ខណៈឈុតធំក្នុងកម្មវិធី «តេជះគុនខ្មែរ» ដោយធ្វើរៀងរាល់ថ្ងៃសៅរ៍ សប្តាហ៍ទី២ និងទី៤ក្នុង១ខែៗ ហើយមានការចូលរួមប្រកួតពីកីឡាករបរទេសជាច្រើន ចាប់តាំងពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ដោយប្រើថវិកាខ្លួនឯងសុទ្ធសាធ។ បន្ថែមលើនេះ KKIF ក៏មានបេសកកម្មពិសេសក្នុងការបញ្ជូនកីឡាករល្អៗទៅប្រកួតនៅក្រៅប្រទេសផងដែរ។
លោក ស្រី ចាន់ថន បានបញ្ជាក់ថា៖ «យើងបានបញ្ជូនក្រុមកីឡាកររបស់កម្ពុជា ជាពិសេស កីឡាករក្នុងក្លិប KKIF ទៅប្រកួតនៅក្រៅប្រទេសក្នុងកម្មវិធីស្ថាប័នលំដាប់ពិភពលោកមួយចំនួន ដូចជានៅប្រទេសចិន សហរដ្ឋអាមេរិក និងជប៉ុន...ដោយទទួលបានជ័យជម្នះជាបន្តបន្ទាប់។ ជាលទ្ធផលរួម គឺធ្វើឱ្យពិភពលោកគេស្គាល់គុនខ្មែរកាន់តែច្រើន»។
យ៉ាងណាក៏ដោយចាប់តាំងពីដំណើរការកម្មវិធីទាំងអស់នេះឡើង លោក ចាន់ថន បានទម្លាយថា៖ «យើងមានផលលំបាកជាច្រើនក្នុងការចំណាយផ្សេងៗ តែយើងនៅតែត្រដាបត្រដួស ព្យាយាមឈរពុះពារគ្រប់កិច្ចការទាំងអស់។ ទោះពេលខ្លះមិនមានអ្នកឧបត្ថម្ភ ប៉ុន្តែយើងនៅតែព្យាយាមធ្វើវាមកដល់សព្វថ្ងៃនេះ...។ ខ្ញុំមានឆន្ទៈខ្ពស់ដើម្បីពង្រីកពង្រឹង និងប្រឹងផ្សព្វផ្សាយបន្ថែម ដើម្បីឱ្យវិស័យគុនខ្មែររបស់យើងបានល្បីរន្ទឺជុំវិញពិភពលោក»។
លោក ស្រី ចាន់ថន បានឱ្យដឹងទៀតថា ក្លិប KKIF បាននឹងកំពុងមានយុទ្ធសាស្រ្តបន្ថែមជាច្រើនទៀត ដោយព្យាយាមផ្សព្វផ្សាយវិស័យគុនខ្មែរទៅផ្សារភ្ជាប់ជាមួយនឹងវិស័យទេសចរណ៍បន្ថែមទៀត ដើម្បីជាប្រយោជន៍ជួយពង្រឹងពង្រីកសេដ្ឋកិច្ចជាតិផងដែរ ហេតុនេះទើបក្លិប KKIF បានចុះ MoU ជាមួយទូរទស្សន៍អប្សរា ដើម្បីរួមគ្នារៀបចំកម្មវិធីគុនខ្មែរ រួមគ្នាផ្សព្វផ្សាយគុនខ្មែរឱ្យល្បីរន្ទឺទៅដល់ជុំវិញពិភពលោក។
លោកបានបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា ការចុះ MoU នេះ គឺជាវេទិកាមួយដ៏សំខាន់សម្រាប់យើងទាំងអស់គ្នា ហើយជាសញ្ញាវិជ្ជមានមួយក្នុងការសហប្រតិបត្តិការជួយគ្នា ជ្រោមជ្រែងគ្នា រួមគ្នាផ្សព្វផ្សាយគុនខ្មែរឱ្យល្បីរន្ទឺទៅដល់ជុំវិញពិភពលោក។ យើងខ្ញុំក៏សូមអំពាវនាវដល់បណ្តាក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភតិចក្តីច្រើនក្តី ដើម្បីជាជំហរក្នុងការពង្រីកវិសាលភាពផ្សព្វផ្សាយគុនខ្មែររបស់យើងបន្ថែមទៀត»។
ចំណែកលោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុនអប្សរាមេឌាសឺវីស បានថ្លែងថា យើងនឹងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយទាំងកម្មវិធីអាណាចក្រថ្នាលគុនខ្មែរ និងកម្មវិធីតេជះគុនខ្មែរ នៅលើទំព័រហ្វេសប៊ុក AMS Sport ហើយមានការឡាយបន្តនៅលើផេច KKIF និងលើបណ្តាញសង្គមជាច្រើនទៀត។
បន្ថែមលើនេះ លោក ឃុនស្រ៊ុន ចង់ប្រើប្រាស់ការចុះ MoU នេះ ជាឱកាសក្នុងការបណ្តុះបណ្តាលកីឡាករគុនខ្មែរវ័យក្មេង ដែលជាអ្នកបន្តវេនឱ្យបានកាន់តែច្រើន ព្រមទាំងផ្តល់ឱកាសឱ្យពួកគេ បានឡើងប្រកួតដកស្រង់បទពិសោធន៍។ លោកថា៖ «នេះជាវេទិកាបញ្ចេញសមត្ថភាពមួយ ដូច្នេះទើបយើងអាចរក្សាបាននៅលំហូរកីឡាករវ័យក្មេងថ្មីៗ ដើម្បីធ្វើឱ្យវិស័យប្រដាល់គុនខ្មែរ អាចស្ថិតស្ថេរ និងរឹងមាំបានយូរអង្វែង»។
ជាមួយគ្នានេះ លោក លឹម ឃុនស្រ៊ុន បានបង្ហាញភាពសប្បាយរីករាយ ក្នុងការចាប់ដៃគ្នាជាមួយ KKIF ហើយលោកបានសម្តែងទឹកចិត្តស្ងើចសរសើរចំពោះលោក ស្រី ចាន់ថន ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត សម្ភារៈ ថវិកា និងពេលវេលាជាច្រើន ក្នុងការផ្តួចផ្តើមរៀបចំកម្មវិធីអាណាចក្រថ្នាលគុនខ្មែរ និងតេជះគុនខ្មែរ តាំងពីដំបូងមក។
លោកបានបញ្ជាក់ថា៖ «ខ្ញុំជឿជាក់ថា ការចាប់ដៃយុទ្ធសាស្រ្តជាមួយ AMS និងទូរទស្សន៍អប្សរា នាពេលនេះ យើងនឹងអាចបង្កើតមាតិការជាច្រើនបន្តបន្ទាប់ទាំងសកម្មភាពហ្វឹកហាត់ និងការប្រកួតនានា ដើម្បីផ្សព្វផ្សាយវិស័យគុនខ្មែររបស់យើងឱ្យកាន់តែផុសផុលខ្លាំងក្លា»។
ចំណែកលោក ម៉ិល កាដូ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា ក៏បានសរសើរលោក ស្រី ចាន់ថន ដែលបានចូលរួមយ៉ាងសស្រាកសស្រាំក្នុងការរួមចំណែកអភិវឌ្ឍប្រដាល់គុនខ្មែរ តាមរយៈការបង្កើតឱ្យមានក្លិប KKIF ហើយលោកក៏ធ្លាប់បានឧបត្ថម្ភទាំងស្រុង ទៅលើការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ចំនួន២លើកកន្លងមក។
លោក កាដូ បញ្ជាក់ថា៖ «លោកឧកញ៉ា ស្រី ចាន់ថន ពិតជាមានភាពសកម្មក្នុងការចូលរួមជួយបំផុសសកម្មភាពកីឡាប្រដាល់គុនខ្មែរ ចំណែកការចាប់ដៃជាមួយទូរទស្សន៍អប្សរា ក្នុងការផ្សាយផ្ទាល់ទាំងក្នុងកម្មវិធីអាណាចក្រថ្នាលគុនខ្មែរ និងតេជះគុនខ្មែរ គឺជាគំនិតថ្មីមួយទៀតរបស់លោកឧកញ៉ា ក្នុងការជួយបំផុសអភិរក្ស និងអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរទាំងនៅលើឆាកជាតិ និងអន្តរជាតិ ដែលយើងទាំងអស់គ្នា ត្រូវតែអបអរនូវសមិទ្ធផលដ៏ល្អនេះ»៕