ក្រុមកីឡាករ កីឡាការិនី​ហាប់គីដូ​កម្ពុជា​បាន​រួម​គ្នា​បង្កើត​ប្រវត្តិសាស្រ្ត​ដ៏​ត្រចះ​ត្រចង់​មួយ​សម្រាប់​ការ​​ចេញ​ទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​ជា​លើកដំបូង​របស់​ខ្លួន តាម​រយៈ​ការ​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន​៤០ ​ពី​ការ​ប្រកួត​កីឡា​ហាប់គីដូ​ជ្រើសរើស​ជើងឯក​ពិភព​លោក (World I.H.F Hapkido Championship 2024) នៅ​ប្រទេស​ថៃ។ 

តាម​រយៈការ​ប្រកួត​ ដោយ​បាន​ចាប់​ផ្តើម​ពី​ថ្ងៃទី​២ និង​បាន​បញ្ចប់​កាល​ពី​​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ២០២៤​នេះ កីឡាករ កីឡាការិនី​ហាប់គីដូ​ទាំង​ ១៩​នាក់​ (ស្រី​៨នាក់) របស់​កម្ពុជា​បាន​ឈ្នះ​មេដាយ​គ្រប់ៗ​គ្នា​ពី​ការ​ប្រកួត​ World I.H.F Hapkido Championship 2024 ដែល​មានសរុប​ចំនួន​ ៤០ ក្នុង​នោះ​មាន​មេដាយ​មាស​ ១២ ប្រាក់​ ១៣ និង​សំរឹទ្ធ​១៥។

ជាមួយ​លទ្ធផល​ដ៏​ជោគ​ជ័យ​នេះ​បាន​បង្ហាញ​ថា នៅ​ក្នុង​ចំណោម​អត្តពលិក​ហាប់គីដូ​ទាំង​ ១៩​នាក់​របស់​កម្ពុជា គឺ​មាន​អ្នក​ខ្លះ​បាន​ឈ្នះ​មេដាយ​ចំនួន​ ៥​តែ​ម្នាក់​ឯង ហើយ​មួយ​ចំនួន​ទៀត​បាន​ឈ្នះ​៤ ឈ្នះ​​​៣ ឈ្នះ​២ និង​តិច​បំផុត​ឈ្នះ​បាន​មេដាយ​១ ព្រោះ​ការ​ប្រកួត​នេះ គណៈកម្មការ​អនុញ្ញាត​ឱ្យ​អត្តពលិក​ម្នាក់​អាច​ប្រកួត​​បាន​ចំនួន​​៥ វិញ្ញាសា​ដោយ​កំណត់​ទៅ​តាម​ប្រភេទ​អាយុ។

លោក គង់ ចាន់ធីណា គ្រូ​បង្វឹក​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ដែល​បាន​ដឹកនាំ​កីឡាករ​កីឡាការិនីកម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​ជើងឯក​ពិភព​លោក​នៅ​ប្រទេស​ថៃ​នេះ បាន​ប្រាប់​ថា៖ «កីឡាករ កីឡាការិនី​របស់​យើង​បាន​ឈ្នះ​មេដាយ​គ្រប់ៗ​គ្នា​ពី​ការ​ប្រកួត​នេះ ហើយ​នេះ​ជា​ជោគ​ជ័យ​ដ៏​ធំ​បំផុត ព្រោះ​​មុន​ការ​ប្រកួត​យើង​មិនហ៊ាន​សង្ឃឹម​ដល់​ការ​ដណ្តើម​បានមេដាយ​ផង ប៉ុន្តែ​ចុង​ក្រោយ ពួក​យើង​ដណ្តើម​បាន​មេដាយ​សរុប​រហូត​ដល់​៤០ គឺ​មេដាយ​មាស​១២ ប្រាក់​១៣ និងសំរឹទ្ធ​១៥»។

យ៉ាង​ណា​ក៏​ដោយ ចំពោះ​ចំនួន​មេដាយ​នេះ លោក គង់ ចាន់ធីណា បាន​ប្រាប់​ថា នៅ​ក្នុង​តារាង​ចំណាត់​មេដាយ​របស់​គណៈកម្មការរៀបចំ​ការ​ប្រកួត​របស់​ថៃ គឺ​បាន​ដាក់​ឱ្យ​​កម្ពុជា ​ឈ្នះ​បាន​មេដាយ​​សរុប​ត្រឹម​៣៨​ទេ ក្នុង​នោះ​មានមេដាយមាស​១១ ប្រាក់​១៣ និងសំរឹទ្ធ​១៤ ហើយ​បញ្ហា​នេះ​ត្រូវ​បាន​លោក ចាន់ធីណា បង្ហើប​ថា វា​អាច​មកពី​បញ្ហា​បច្ចេក​ទេស ដោយ​លោក​នឹង​បញ្ជាក់​សាជាថ្មី នៅពេលធ្វើ​​មក​ដល់​កម្ពុជាវិញ។​

យ៉ាង​ណា​ក៏​ដោយ ជាមួយ​​លទ្ធផល​ដ៏​ល្អ​នេះ វា​នៅតែ​ជួយ​ឱ្យក្រុម​ហាប់គីដូ​កម្ពុជា បាន​ឈរ​នៅចំណាត់​ចំណាត់​ថ្នាក់​លេខ​២ បន្ទាប់ពី​ម្ចាស់​ផ្ទះ​ថៃ ដែល​បាន​ឈ្នះ​មេដាយមាស​ច្រើនជាង​គេ ខណៈ​ព្រឹត្តិការណ៍ World I.H.F Hapkido Championship 2024 នេះ មាន​ ១២​ប្រទេស​ចូលរួម រួម​មាន​​សហរដ្ឋ​អាមេរិក ប្រេស៊ីល អូស្រ្តាលី អាល្លឺម៉ង់ អ៊ីរ៉ង់ ឥណ្ឌា កូឡុំប៊ី កម្ពុជា មីយ៉ាន់ម៉ា ឡាវ នេប៉ាល់ និង​ម្ចាស់​ផ្ទះ​ថៃ ដែល​មាន​ក្រុម​អត្តពលិក​ច្រើន​ជាង​គេ។

គួរ​បញ្ជាក់​ថា សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ​កម្ពុជា បាន​បញ្ចូន​ប្រតិភូ​កីឡា​ចំនួន​ ២៤​​នាក់​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​ហាប់គីដូ​​ជើងឯក​ពិភព​លោក​នៅប្រទេស​ថៃ​នេះ ដោយ​មាន​លោក ម៉ុក សាំងហ៊ុន ជា​ប្រធាន​ប្រតិភូ​និង​លោក ឃីម ណារិទ្ធ ជា​ប្រតិភូរង និង​គ្រូបង្វឹក​ លោក គង់ ចាន់ធីណា អម​ដោយ​គ្រូ​ជំនួយ ២​នាក់ និង​កីឡាករ ១១នាក់​និង​កីឡាការិនី ៨នាក់។

បើតាម​លោក គង់ ចាន់ធីណា បាន​ឱ្យ​ដឹង​ថា ប្រតិភូ​កីឡា​ហាប់គីដូ​កម្ពុជា ដែល​ធ្វើ​ដំណើរ​ដោយឡាន​ក្រុង​នោះ នឹង​នាំ​យក​មេដាយ​ទទួល​បាន​ពី​ការ​ប្រកួត World I.H.F Hapkido Championship 2024 មក​ដល់​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ នាអំឡុង​ម៉ោង​៤ ថ្ងៃ​អង្គារ​នេះ។

ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏​បាន​បង្ហោះសារ​អបអរ​សាទរ​ដល់​ក្រុម​កីឡាហាប់គីដូ​កម្ពុជា​ផងដែរ។ 

លោក​បាន​បង្ហោះ​នៅលើ​ផេច​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក នាម៉ោង ១២:៣១ ថ្ងៃនេះ​ថា៖​ «អបអរសាទរ ក្រុម​កីឡាករ កីឡាការិនី​ហាប់គីដូ​កម្ពុជា​ដែល​ឈ្នះ​បាន​មេដាយ ៤០​គ្រឿង​ក្នុងព្រឹត្តិការណ៍​ជើងឯក​ពិភព​លោក​ដោយ​ក្នុង​​នោះ​រួមមាន​មេដាយមាស ១២គ្រឿង មេដាយប្រាក់​១៣គ្រឿង និង​មេដាយសំរឹទ្ធ​១៥គ្រឿង»៕