កម្ពុជានឹងរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីលើកតម្កើងក្បាច់គុនចម្រុះខ្មែរបុរាណ ដូចជាល្បុក្កតោ គុនខ្មែរ យុទ្ធគុនខម និងក្បាច់គុនមួយចំនួនទៀតដែលកប់នៅតាមសហគមន៍នានា ដើម្បីលើកតម្កើងនិងអភិរក្សកុំឲ្យបាត់បង់។
លោក ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះថា ដើម្បីអភិរក្សក្បាច់គុនខ្មែរបុរាណទាំងនេះត្រូវមានការរៀបចំការប្រកួតឲ្យបានច្រើន និងត្រូវមានបទបញ្ជា បច្ចេកទេសច្បាស់លាស់ដើម្បីឈានទៅដល់ការប្រកួតយុទ្ធគុនចម្រុះកម្រិតអន្តរជាតិ។
គុនល្បុកក្កតោ គុនខ្មែរ យុទ្ធក្រមខម និងយុទ្ធគុនមួយចំនួនទៀត អាចនឹងរៀបចំជាលើកដំបូងពីថ្ងៃ១៨ ដល់ថ្ងៃទី២០ ខែតុលា ខាងមុខ។ លោកថ្លែងថា កីឡាគឺជាផ្នែកមួយដែលបង្ហាញពីវប្បធម៌របស់ប្រទេសមួយ ហើយក្បាច់គុនបុរាណខ្មែរជាច្រើនកំពុងកប់នៅក្នុងសហគមន៍។
លោកនិយាយថា៖ «វប្បធម៌ដែលមិនអាចកាត់ថ្លៃបានគឺវប្បធម៌នៅក្នុងសហគមន៍ ហើយក្បាច់គុនច្រើនណាស់ដែលកប់នៅក្នុងសហគមន៍ដែលយើងមិនទាន់បានគាស់រំលើងបានដោយសារតែប្រទេសរបស់យើងធ្លាប់បានជាប់ដៃយ៉ាងយូរនៅក្នុងសង្គ្រាមតាំងពីឆ្នាំ១៩៧០មកដល់ ១៩៧៩ ដែលអ្នកចេះដឹងរួមទាំងផ្នែកកីឡាផងត្រូវបានកាប់សម្លាប់។ ក្រោយមកក៏យើងនៅមានជម្លោះរហូតដល់ឆ្នាំ១៩៩៨»។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ការប្រកួតក្នុងកម្មវិធីនេះបើកចំហរទៅដល់អ្នកហាត់គុនទាំងអស់ គ្រប់ទម្រង់ និង គ្រប់ប្រភេទ។
លោកនិយាយថា៖ «ពេលខ្លះយើងអត់ដឹងថាគាត់មានយុទ្ធគុនប្រភេទអីទេ ប៉ុន្តែពេលគាត់មកដល់ គាត់អាចប្រាប់ថា គាត់មានយុទ្ធគុនប្រភេទនេះដើម្បីចូលរួមសម្ដែង ឬប្រកួត។ គោលការណ៍នៃសម្ដេចធិបតីគឺឲ្យមានភាពចម្រុះនៃយុទ្ធគុនខ្មែរមកប្រកួត និងសម្ដែង។ នេះជាឱកាសធំមួយដែលយើងទាំងអស់គ្នាអាចបង្ហាញ និងអភិរក្សយុទ្ធគុនរបស់យើង»។
លោកបន្តថា យុទ្ធគុនខ្មែរមួយចំនួនគ្មានឱកាសចូលរួមប្រកួតទេ កាលពីឆ្នាំកន្លងទៅ ឬមានដែរ តែមិនញឹកញាប់។ ដូច្នេះហើយ នេះជាឱកាសរបស់អ្នកដែលមានសមត្ថភាពដើម្បីចូលរួម ហើយរាល់ការប្រកួតគឺត្រូវមានតែការហាត់ត្រៀម និងមានក្បួនច្បាស់លាស់ ទាំងផ្នែកសម្ដែងនិងផ្នែកប្រយុទ្ធ។
លោកបានបញ្ជាក់ដែរថា ដាក់ពិន្ទុសម្រាប់វិញ្ញាសារនីមួយៗនឹងធ្វើឡើងទៅតាមក្បួនដែលនឹងមានចែងសម្រាប់ចៅក្រម ដែលនឹងទទួលបានការបណ្ដុះបណ្ដាលនៅចុងខែសីហានេះតទៅ។
លោក វ៉ាត់ ចំរើន ក៏បានបញ្ជាក់ដែរថា ជនបរទេសក៏អាចចូលរួមក្នុងការប្រកួតនេះបានដែរ ប្រសិនបើពួកគេបានចូលរួមហាត់ក្បាច់គុនខ្មែរណាមួយបានច្បាស់លាស់។ ការចុះឈ្មោះដើម្បីចូលរួមចាប់ផ្ដើមហើយចាប់ពីថ្ងៃនេះតទៅ៕