គ្រូបង្គោលក្រុមជម្រើដជាតិកម្ពុជា លោក Felix Dalmas បានអះអាងថា នឹងក្រុមទាំងមូលនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមយកជ័យជម្នះលើក្រុមជម្រើសជាតិស្រីលង្កា សម្រាប់ការប្រកួតជម្រុះជើងទី២ ពានរង្វាន់ AFC Asian Cup Saudi Arabia 2027 នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាយប់ម៉ោង៧ ថ្ងៃអង្គារនេះ។
ការបញ្ជាក់ពីគោលជំហរច្បាស់លាស់ក្នុងការដណ្តើមយកជ័យជម្នះ ចំពោះការប្រកួតជើងទី២ នៅលើទឹកដីខ្លួនឯងនេះ ក៏ព្រោះតែនេះជាការប្រកួតកាត់សេចក្តីដ៏សំខាន់ ដើម្បីរកក្រុមឈ្នះឡើងទៅប្រកួតនៅជុំបន្ត ព្រោះការប្រកួតជើងទី១ នៅលើទឹកដីប្រទេសស្រីលង្កា កាលពីថ្ងៃទី៥ ខែកញ្ញា គឺក្រុមកម្ពុជា និងស្រីលង្កា បានបញ្ចប់ការប្រកួតពេញម៉ោង ដោយគ្មានគ្រាប់បាល់សោះ គឺ ០-០។
លោក Felix Dalmas បាននិយាយក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទថា៖ «ពួកយើងដឹងហើយថា យើងនឹងប្រកួតជាមួយក្រុមស្រីលង្កា ដែលរៀបចំបានល្អ ហើយខ្ញុំជឿថា នេះជាលើកទី១ ដែលក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុមដែលមានកីឡាករអឺរ៉ុបច្រើននៅក្នុងក្រុម ប៉ុន្តែយើងនឹងព្យាយាមលេងឱ្យឈ្នះក្នុងការប្រកួតនេះ»។
គ្រូបង្វឹកជនជាតិអាហង្សង់ទីនរូបនេះ បានបន្ថែមថា៖ «ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ ហើយយើងសង្ឃឹមថា ការប្រកួតនេះ យើងនឹងយកលទ្ធផលល្អជូនអ្នកគាំទ្រ ហេតុនេះសង្ឃឹមថា នឹងមានអ្នកគាំទ្រមកចូលរួមទស្សនាច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជា»។
យ៉ាងណាក៏ដោយ លោក Felix Dalmas បានទទួលស្គាល់ថា ការដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងនាមជាគ្រូបង្គោលរហូតមកដល់ពេលនេះ ពិតជាមានសម្ពាធ គឺមានសម្ពាធតាំងពីលោកបានដឹកនាំក្រុមកម្ពុជា កាលឆ្នាំ២០១៨ ប៉ុន្តែលោកបានបង្ហាញពីមោទនភាព ដែលបានដឹកនាំក្រុមកម្ពុជារហូតដល់ពេលនេះ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមានមោទនភាព ដែលបានមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ហើយខ្ញុំព្យាយាមធ្វើអ្វីៗ ដើម្បីឱ្យក្រុមឈ្នះ។ ពិតណាស់ការដឹកនាំក្រុមនេះ មានសម្ពាធ ហើយក្រុមការងាររបស់យើងផ្សេងទៀត ក៏មានសម្ពាធដូចគ្នា ប៉ុន្តែត្រូវចាំថា នៅពេលណាយើងធ្វើអ្វីមួយមានសម្ពាធ គឺមានន័យថា យើងកំពុងធ្វើអ្វីមួយដែលសំខាន់ហើយ អ៊ីចឹងខ្ញុំស្វាគមន៍នូវរាល់សម្ពាធ ដែលបានជួបប្រទះ ព្រោះសម្ពាធទាំងនេះ នឹងធ្វើឱ្យយើងកាន់តែមានការប្រឹងប្រែងខ្លាំង ដើម្បីជួយឱ្យក្រុមឈ្នះ»។
ចំណែកខ្សែបម្រើប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជា Nick Taylor ដែលមិនបានបង្ហាញវត្តមាន នៅក្នុងការប្រកួតជើងទី១ នៅលើទឹកដីប្រទេសស្រីលង្កា កាលពីថ្ងៃទី៥ ខែកញ្ញានោះ ក៏បានបង្ហាញភាពជឿជាក់ ក្នុងការប្រឹងប្រែងរួមគ្នា ដើម្បីយកឈ្នះក្រុមជម្រើសជាតិស្រីលង្កា សម្រាប់ការប្រកួតកាត់សេចក្តីជើងទី២ នៅយប់នេះ។
Nick Taylor បាននិយាយថា៖ «យើងបានដឹងពីគូប្រកួត ដែលយើងត្រូវជួបហើយ គឺជាក្រុមស្រីលង្កា ដែលមានភាពខុសប្លែកពីក្រុមស្រីលង្កាលើកមុន ដោយសារពួកគេមានកីឡាករមានគុណភាពច្រើនមកពីអឺរ៉ុប។ តែទោះយ៉ាងណា ក្រុមរបស់យើង នឹងព្យាយាមធ្វើឱ្យបានល្អ ដោយយើងបានត្រៀមខ្លួនរួចរាល់ហើយ ហើយពួកយើងមានភាពក្លៀវក្លាចង់ឈ្នះការប្រកួតនេះ»។
ចំណែកលោក Abdullah Almutairi គ្រូបង្វឹកក្រុមជម្រើសជាតិស្រីលង្កា បានបង្ហាញភាពសប្បាយរីករាយ សម្រាប់ការដឹកនាំក្រុមស្រីលង្កា មកប្រកួតនៅប្រទេសកម្ពុជា លើកនេះ ហើយលោកបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានទទួលស្វាគមន៍ក្រុមរបស់លោកយ៉ាងកក់ក្តៅ និងត្រៀមបានល្អ សម្រាប់ការប្រកួតនៅថ្ងៃនេះ ដែលលោកយល់ថា នឹងមានការពិបាកទាំង២ក្រុមតែម្តង។
លោកបាននិយាយថា៖ «សម្រាប់ការប្រកួតលើកនេះ នឹងមានពិបាកសម្រាប់ក្រុមទាំង២ ដោយសារការប្រកួតជើងទី១ យើងបានស្មើគ្នា ដូចនេះនឹងធ្វើឱ្យការប្រកួតនេះ មានការលំបាកសម្រាប់ក្រុមទាំង២ តែវាក៏ជាការប្រកួត ដែលនឹងផ្តល់ភាពរីករាយសម្រាប់អ្នកគាំទ្ររបស់ប្រទេសទាំង២ផងដែរ»។
នៅពេលសួរថា តើលោកមានសង្ឃឹមប៉ុន្មានភាគរយ ក្នុងការយកឈ្នះក្រុមកម្ពុជា? លោក Abdullah Almutairi បានឆ្លើយតបថា៖ «បើសិនជាខ្ញុំថា សង្ឃឹម១០០ភាគរយ ខ្ញុំអាចនឹងមានបញ្ហា តែបើថា ៥០ភាគរយ ក៏នឹងអាចឱ្យប្រធានសហព័ន្ធកីឡាបាល់ទាត់ស្រីលង្កា បញ្ឈប់ខ្ញុំផងដែរ អ៊ីចឹងជំនួបនេះ វាមិនសំខាន់ខ្លាំងទៅលើលទ្ធផលប៉ុន្មានទេ ប៉ុន្តែយើងត្រូវរីករាយនឹងការលេង និងធ្វើឱ្យអ្នកទស្សនារបស់យើងមានការជក់ចិត្ត ចំណែកឱកាសឈ្នះ ខ្ញុំអាចនិយាយថា ៥០/៥០»៕