នាយកវិទ្យាស្ថានខេមអេដ លោក ខេស៊ី បាណេត (Casey Barnett) បានអះអាងថា គ្រប់គ្រឹះស្ថានសិក្សានៅក្នុងប្រទេសកម្ពុជា ត្រូវតែបន្ថែមឱ្យមានកម្មវិធីលេងកីឡា ពិសេសរៀបចំឱ្យមានព្រឹត្តិការណ៍កីឡាសម្រាប់ក្រុមនិស្សិតរបស់ខ្លួន ព្រោះអត្ថប្រយោជន៍ដែលមាននៅក្នុងការប្រកួតប្រជែងកីឡា វាជាបទពិសោធន៍ដ៏សំខាន់ដែលនឹងជួយឱ្យក្រុមនិស្សិតទទួលបានជោគជ័យពេញមួយជីវិតនៅពេលពួកគេបញ្ចប់ការសិក្សារួចចេញទៅធ្វើការងារ ឬបើកអាជីវកម្មអ្វីមួយ។
ជាមនុស្សម្នាក់ដែលធ្លាប់ហ្វឹកហាត់កីឡាចំបាប់ ប្រដាល់សកល ហើយក៏ធ្លាប់លេងកីឡាជាក្រុមផងនោះ លោក Casey បានបញ្ជាក់ថា ការរងសម្ពាធ និងឧបសគ្គគ្រប់បែបយ៉ាង ដែលកើតមាននៅក្នុងការលេងកីឡា វាសុទ្ធតែជាបទពិសោធន៍ជាក់ស្តែង ដែលបានបង្រៀនឱ្យក្រុមនិស្សិត ចេះធ្វើការងារជាក្រុម ចេះធ្វើការងារក្រោមសម្ពាធ និងមានភាពអត់ធ្មត់ខ្ពស់ ក្នុងការជម្នះការឧបសគ្គ ដើម្បីឈានទៅរកការទទួលបានជោគជ័យនៅក្នុងជីវិត។
ជាមួយហេតុផលនេះ អនុបណ្ឌិតផ្នែកគណនីមកពីសហរដ្ឋអាមេរិក លោក Casey តែងតែរៀបចំឱ្យមានការប្រកួតកីឡាបាល់ទាត់ហ្វុតសាល បាល់បោះ និងកីឡាអត្តពលកម្មជារៀងរាល់ឆ្នាំ ហើយថ្មីៗនេះ ក៏បានបន្ថែមឱ្យមានការហ្វឹកហាត់និងប្រកួតគុនដាវ វាយកូនឃ្លីលើតុ និងកីឡាហែលទឹក ដើម្បីឱ្យនិស្សិតនៅវិទ្យាស្ថានខេមអេដ បានចូលលេងកីឡា ដើម្បីទទួលបានបទពិសោធន៍ជីវិតជាក់ស្តែង យកទៅបំពេញបន្ថែមនូវចំណេះដឹង ដែលពួកគេទទួលបានពីការសិក្សានៅក្នុងសាលា។
ជាក់ស្តែង កាលពីថ្ងៃទី៨ ខែកញ្ញានេះ វិទ្យាស្ថានខេមអេដ ទើបតែបានបញ្ចប់ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ CamEd Men's Futsal Tournament ឆ្នាំ២០២៤ នៅលើទីលាន T-Soccer ម្តុំទួលគោកដោយមានកីឡាករជាសិស្សនិស្សិតជាង ២០០នាក់ស្មើនឹង ១៩ក្រុមបានចូលរួម ហើយជាលទ្ធផលក្រុម Brotherhood បានក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីបានយកឈ្នះក្រុម Centurion ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី នៅវគ្គផ្តាច់ព្រ័ត្រ ក្រោយក្រុមទាំង២បានស្មើគ្នា ១-១ ក្នុងការប្រកួតពេញម៉ោង ចំណែកលេខ៣ បានទៅក្រុម Royal D។
លោក Casey បានថ្លែងក្រោយការប្រកួតនោះថា៖ «នៅក្នុងការលេងកីឡា គឺមានការប្រកួតប្រជែង ហើយកាលណាមានការប្រកួត ក្រុមនិស្សិតរបស់យើង នឹងមានការខិតខំក្រោមសម្ពាពផ្សេងៗ និងចេះធ្វើការងារក្រុម ព្រមទាំងមានការអត់ធ្មត់ និងតស៊ូខ្លាំង ដើម្បីទទួលបានជ័យជម្នះ»។
«វាដូចជាការធ្វើការងារដែរ នៅពេលយើងចង់ឈ្នះ យើងត្រូវបង្កើនបច្ចេកទេស និងខំប្រឹងប្រែងក្រោមសម្ពាធផ្សេងៗ ដើម្បីឈានទៅទទួលបានជោគជ័យ។ ដូច្នេះការលេងកីឡា នឹងមានបទពិសោធន៍មួយជីវិតដល់ក្រុមនិស្សិតយើង គឺឱ្យពួកគេមានការខិតខំ ដើម្បីមានភាពជោគជ័យ»។ លោក Casey បានបន្ថែម។
ជាមួយគ្នានេះ លោក Casey Barnett បានឱ្យដឹងទៀតថា ការរៀបចំឱ្យមានព្រឹត្តិការណ៍កីឡា នៅក្នុងវិទ្យាស្ថានខេមអេដ ក៏ជាការឆ្លើយតបតាមការគាំទ្ររបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សានានា បញ្ចូលប្រភេទកីឡាទៅក្នុងកម្មវិធីសិក្សា ដើម្បីសម្រិតសម្រាំងរកអ្នកមានសមត្ថភាពប្រកួតតំណាងឱ្យប្រទេសជាតិ នៅក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។
លោក Casey បានលើកយកឧទាហរណ៍ជាក់ស្តែង មកបញ្ជាក់បែបនេះថា៖ «កាលប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ គឺមាននិស្សិតរបស់វិទ្យាស្ថានខេមអេដមួយចំនួន បានចូលប្រកួត ហើយពួកគេបានឈ្នះទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ ជូនជាតិ ដូច្នេះនិស្សិតនៅគ្រឹះស្ថានឧត្តមសិក្សាជាធនធានមួយ ដែលមានសមត្ថភាពអាចចូលរួមការប្រកួតអន្តរជាតិតំណាងឱ្យកម្ពុជាផងដែរ»។
ដោយមើលឃើញពីអត្ថប្រយោជន៍ ដែលមាននៅក្នុងការលេងកីឡានេះ លោក Casey បានផ្តល់ជាគំនិតទៅដល់គ្រឹះស្ថានឧត្តមសិក្សាផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា សូមបង្កើតឱ្យមានកម្មវិធីកីឡា សម្រាប់សិស្សនិស្សិតរបស់ខ្លួន បានប្រកួតប្រជែង ដើម្បីមានបទពិសោធន៍នៅក្នុងជីវិតកាន់តែច្រើន។
លោកបានបញ្ជាក់ថា៖ «ខ្ញុំសូមផ្តល់អនុសាសន៍ឱ្យគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ត្រូវបន្ថែមកម្មវិធីកីឡា និងបន្ថែមសកម្មភាពផ្សេងៗទៀត នៅក្រៅម៉ោងសិក្សា ដើម្បីបន្ថែមបទពិសោធន៍ដល់ក្រុមនិស្សិត ធ្វើឱ្យពួកគេមានអាកប្បកិរិយាល្អ និងក្លាយជាធនធានពោរពេញដោយចំណេះដឹង និងបទពិសោធន៍ សម្រាប់ចូលរួមបំពេញកាតព្វកិច្ច នៅក្នុងសង្គមជាតិរបស់យើង»៕