សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃសុក្រនេះ បានប្រកាសបញ្ចប់កុងត្រាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas ត្រឹមពាក់កណ្តាលទី បន្ទាប់ពីគ្រូបង្គោលជនជាតិអាហ្សង់ទីនរូបនេះ ដឹកនាំក្រុមកម្ពុជាមិនបានល្អ គឺបានចាញ់ជាប់ៗគ្នាទាំងការប្រកួតក្រៅទឹកដី និងក្នុងទឹកដី។
FFC បានប្រកាសនៅលើផេចហ្វេសប៊ុកផ្លូវការរបស់ខ្លួនបែបនេះថា៖ «គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចបញ្ចប់កុងត្រាជាមួយគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Felix G.Dalmas ចាប់ពីពេលនេះតទៅ»។
FFC បានបន្តថា៖ «សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក Felix G.Dalmas សម្រាប់ការខិតខំប្រឹងប្រែង ចូលរួមចំណែកជាមួយក្រុមជម្រើសជាតិកម្ពុជា នាពេលកន្លងមក ពោលគឺចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤ នេះ»។
ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជូនពរលោក Felix G.Dalmas ឱ្យជួបតែភាពជោគជ័យល្អប្រសើរ សម្រាប់ការងារបន្តរបស់លោកនាថ្ងៃខាងមុខ ហើយទន្ទឹមនឹងនេះ FFC ក៏បានប្រកាសពីការតែងតាំងគ្រូបង្គោលថ្មីជនជាតិជប៉ុនលោក Koji Kyotoku ដែលធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ និងក្រោម២០ឆ្នាំ មកជំនួយលោក Felix ផងដែរ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា៖ «លោក Koji Kyotoku ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ជាបណ្ដោះអាសន្ន»។
បើទោះបីជា FFC មិនបានបញ្ជាក់មូលហេតុច្បាស់លាស់ពីដើមចម ដែលឈានទៅដល់ការបញ្ចប់កុងត្រារបស់លោក Felix Dalmas ត្រឹមពាក់កណ្តាលទី ប៉ុន្តែការសម្រេចនេះ ត្រូវបានគេដឹងថា ធ្វើឡើងក្រោមសម្ពាធ បន្ទាប់ពីអ្នកគាំទ្រភាគច្រើន បានសុំដកគ្រូបង្វឹករូបនេះចេញ ព្រោះដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទទួលលទ្ធផលមិនបានល្អ។
បើទោះបីជាលោក Felix ធ្លាប់បានសាងស្នាដៃល្អ ដោយបានដឹកនាំក្រុមជម្រើសជាតិកម្ពុជា ឱ្យឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតស៊ីហ្គេម កាលពីឆ្នាំ២០១៩ ជាប្រវត្តិសាស្រ្តលើកដំបូង ប៉ុន្តែការវិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិកម្ពុជាវិញ របស់លោក Felix ទទួលបានលទ្ធផលមិនសូវល្អទេ បើទោះបីជាគ្រូបង្វឹកអាហ្សង់ទីនរូបនេះ មានឆន្ទៈពិតប្រាកដ ក្នុងការដឹកនាំក្រុមកម្ពុជាឱ្យរីកចម្រើន និងបានចាត់ទុកកម្ពុជា ជាផ្ទះរបស់លោក។
ការរិះគន់របស់អ្នកគាំទ្រកម្ពុជា ចំពោះលោក Felix Dalmas បានចាប់ផ្តើមកក្រើកឡើង នៅពេលលោកដឹកនាំក្រុមកម្ពុជា ឱ្យចាញ់ក្រុមជម្រើសជាតិប៉ាគីស្ថាន ដោយលទ្ធផលសរុបទាំង២ជើង ១-០ (០-០ និង ០-១) នៅក្នុងការប្រកួតជម្រុះបាល់ទាត់ពានរង្វាន់ពិភពលោក ឆ្នាំ២០២៦ ( 2026 FIFA World Cup qualification) កាលពីខែតុលា ឆ្នាំ២០២៣។
បន្ថែមលើការបរាជ័យនេះ អ្នកគាំទ្រកម្ពុជាបានផ្ទុះការរិះគន់ខ្លាំងបំផុត នៅពេលលោក Felix បានដឹកនាំក្រុមជម្រើសជាតិកម្ពុជា ចាញ់ក្រុមជម្រើសជាតិស្រីលង្កា ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup Saudi Arabia 2027 ដោយក្រុមទាំង២នេះបានស្មើ ០-០ សម្រាប់ការប្រកួតជើងទី១ នៅទឹកដីស្រីលង្កា តែការប្រកួតជើងទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១០ ខែកញ្ញា ក្រុមកម្ពុជា បានចាញ់ក្រុមស្រីលង្កា ៤-២ ក្នុងការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី បន្ទាប់ពីស្មើគ្នា ២-២ ក្នុងការប្រកួត១២០នាទី។
យ៉ាងណាក៏ដោយ នៅក្រោយការប្រកួតនេះបានបញ្ចប់ លោក Felix Dalmas បានអះអាងថា ក្រុមកីឡាករទាំងអស់ បានព្យាយាមធ្វើអស់ពីលទ្ធភាពហើយ ហើយសមនឹងទទួលបានជ័យជម្នះ តែគ្មានសំណាង ហេតុនេះលោកសុំចិត្តអ្នកគាំទ្រ កុំដាក់សម្ពាធ តាមរយៈការរិះគន់ធ្ងន់ៗពេកដល់ពួកគេ ហើយលោក Felix ខ្លួនឯងក៏ហាក់ដឹងដែរថា លោកអាចនឹងត្រូវបានបញ្ចប់កុងត្រា ដោយសារសម្ពាធមួយនេះដូចគ្នា។
តែទោះបីជាយ៉ាងណា លោក Felix បានស្នើឱ្យគ្រប់គ្នានៅប្រទេសកម្ពុជា ចូលរួមជួយដល់វិស័យបាល់ទាត់ ជាពិសេសក្រុមជម្រើសជាតិកម្ពុជា បើចង់ឱ្យក្រុមនេះខ្លាំងទៅថ្ងៃអនាគត។
លោកបញ្ជាក់ថា៖ «កីឡាករទាំងអស់ មកលេងដើម្បីប្រទេសកម្ពុជា ហើយចង់ឈ្នះខ្លាំងណាស់ ហេតុនេះសូមអ្នកគាំទ្រ កុំដាក់សម្ពាធ និងរិះគន់បំបាក់ទឹកចិត្តពួកគាត់ខ្លាំងពេក»។
លោកបានបន្ថែមថា៖ «ទោះបីជាពេលនេះខ្ញុំជាគ្រូបង្វឹក ឬក៏មានគ្រូថ្មីមកបន្ត គឺលុះត្រាតែមានការរួមគ្នា និងជួយគ្នា ព្រោះបើយើងមិនជួយគ្នាឯងទេ គ្មានអ្នកក្រៅណាមកជួយយើងនោះទេ ហើយបើយើងនាំគ្នាផ្សព្វផ្សាយពីចំណេះដឹងបាល់ទាត់ និងតាក់ទិចលេងរបស់កីឡាករទៅដល់អ្នកគាំទ្រ នោះជាការល្អ។ កម្ពុជាមានការដើរលើផ្លូវដ៏ត្រឹមត្រូវមួយនាពេលអនាគត ប្រសិនបើអ្នកទាំងអស់គ្នាទៅមុខរួមគ្នា»៕