គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា និង​ តំណាង​ក្លិប​ដែល​ចំណុះ​ឱ្យ​សហ​ព័ន្ធ បាន​សម្រេច​រក្សា​ទុក​ថ្នាក់​ដឹកនាំ​ជា​ក្បាលម៉ាស៊ី​ន​ចាស់ ឱ្យ​បន្តដឹកនាំ​អាណត្តិ​ថ្មី​រយៈពេល​ ​៤​ឆ្នាំ​ទៀត ហើយ​វា​ក៏ជា​អាណត្តិ ដែល​មន្រ្តី​ជំនាញ​របស់​សហព័ន្ធ​នេះ ដាក់​គោល​ដៅ​ស្វែង​រក​មេដាយ​មាសជូន​ជាតិ សម្រាប់​ការ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​ផង​ដែរ ជា​ពិសេស​​ការ​ប្រកួត​ស៊ីហ្គេម។

នៅ​ក្នុង​​មហា​សន្និបាត បញ្ចប់​អាណត្តិ​ទី​៤ និង​បន្ត​អាណត្តិ​ទី​៥ ឆ្នាំ​២០២៤-២០២៨ នៅទីស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា (NOCC) កាល​ពី​ថ្ងៃ​ចន្ទ អង្គ​មហា​សន្និបាត បាន​សម្រេច​ដោយ​ការ​លើក​ដៃ ក្នុងការ​គាំ​ទ្រ ​លោក ប៉ាន សូរស័ក្កិ ឱ្យ​បន្ត​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​កីឡាទោចក្រយាន​កម្ពុជា រីឯ​​លោក កឹម សុខុន លោក វង្ស ខាន់ពៅ និង​លោក ឡាយ សុខសៅគន្ធា ជាអនុ​ប្រធាន។

ចំណែក​លោក នូ ចំរើន ត្រូវបានគាំ​ទ្រ​ឱ្យ​បន្ត​ធ្វើ​ជា​អគ្គលេខាធិការ លោក ព្រែរ អ៊ីវកាទ្រី និង​លោក សុខ ដារិទ្ធិ ជា​អគ្គលេខាធិការ​រង ហើយ​កញ្ញា សួង ចាន់តូរ៉ាទី ជាអគ្គហិរញ្ញិក រីឯ​លោក ឡុង កែមវិចិត្រ លោក អ៊ូច សាវិន កញ្ញា មាស តឿ លោក សែម ប៊ុតឌី និង​លោក ខ្លូត ករណី ជាសមាជិក​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា ក្នុង​អាណត្តិ​ថ្មី​នេះ។ 

យ៉ាង​ណា​ក៏​ដោយ ប្រធាន​សហព័ន្ធ​​លោក ប៉ាន សូរស័ក្កិ មិន​មាន​វត្តមាន​នៅ​ក្នុង​មហាសន្និបាត​នោះទេ ព្រោះ​លោក​ជាប់​បំពេញ​ភារកិច្ច​នៅ​ក្រៅ​ប្រទេស ចំណែក​ លោក កឹម សុខុន ​ជាអនុ​ប្រធាន​ និងជា​ប្រធាន​ដឹកនាំ​អង្គ​មហាសន្និបាត​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមាជិក​ប្រតិបត្តិអាណត្តិចាស់ ដែល​បាន​ខិតខំប្រឹង​ប្រែង​បំពេញ​តួនាទី​របស់​ខ្លួន​បាន​យ៉ាង​ល្អ ដើម្បី​រួម​គ្នា​ជួយ​ជំរុញ​ឱ្យ​សហព័ន្ធ​ទោចក្រយាន្ត​កម្ពុជា មាន​ការ​អភិវឌ្ឍ និង​ឈាន​ដល់​ការ​បង្កើត​បាន​ប្រវត្តិ​សាស្រ្ត​ឈ្នះ​បាន​មេដាយ​ប្រាក់​១ និងសំរឹទ្ធ​១ ពីការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើ​ជាម្ចាស់​ផ្ទះ។

ជាមួយគ្នា​នេះ លោក កឹម សុខុន បាន​ឯក​ភាព​លើ​ទិស​ដៅ​ផែនការ​យុទ្ធសាស្ត្រ​សំខាន់ៗក្នុង​អាណត្តិ​ថ្មី រួម​ជាមួយ​ការ​អនុម័ត​លើ​របាយការណ៍​ហិរញ្ញវត្ថុ ការ​ធ្វើ​វិសោធនកម្ម លក្ខន្តិកៈ និងបទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សហព័ន្ធ​ សម្រាប់​អាណត្តិ​ទី​៥ ឆ្នាំ២០២៤-២០២៨ ហើយ​លោក​ក៏​បាន​ផ្តល់​ការ​ជឿជាក់​​លើ​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី ក្នុងការ​ឈាន​ទៅ​ទទួល​បាន​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត។

សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​៤ និងបន្ត​អាណត្តិ​ទី៥ ឆ្នាំ​២០២៤-២០២៨ នៅ NOCC កាល​ពី​ថ្ងៃទី​១៦ ខែក​ញ្ញា។ រូបថត NOCC

លោក​បាន​បញ្ជាក់​ថា៖ ​«តាម​សមិទ្ធផល ដែល​យើង​​សម្រេច​សម្រាប់​អាណត្តិ​ចាស់​កន្លងមក​នេះ យើង​សង្ឃឹម​ជឿជាក់​ថា គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​ថ្មី នឹង​បន្ត​ដឹកនាំ​សហព័ន្ធ​កីឡាទោចក្រ​យាន​កម្ពុជា ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ល្អ​ប្រសើរ និង​ទទួល​បាន​ជោគ​ជ័យ​ថ្មីៗ​បន្ថែម​ទៀត»។

ចំណែក​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រ​យាន​កម្ពុជា បាន​ចាត់​ទុក​ការ​ដណ្តើម​បាន​មេដាយ​ប្រាក់​១ និង​សំរឹទ្ធ​១ របស់​កីឡាករ ឃឹម ម៉េងឡុង លើ​ប្រភេទ​កីឡា​កង់ភ្នំ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ​២០២៣ ជា​លទ្ធផល​ដ៏​អស្ចារ្យ​ជា​កំណត់​ត្រា​ប្រវត្តិ​សាស្រ្ត ហើយ​តាម​រយៈការ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ឆ្នាំ​២០២៣​នោះ ក៏​បាន​បង្ហាញ​ឱ្យ​ឃើញពី​ភាព​រីក​ចម្រើន​ផ្នែក​ធាន​ធាន​មនុស្ស​ ដែល​មន្រ្តី​បច្ចេក​ទេស​របស់​សហព័ន្ធ​​ភាគ​ច្រើន មាន​សមត្ថ​ភាព​អាច​បំពេញ​ការ​ងារ​​​ជាមួយ​អ្នក​ជំនាញ​មក​ពី​​​អន្តរ​ជាតិ​​បាន​ល្អ។

លោក ចំរើន បាន​និយាយ​ថា៖ ​«ចំពោះ​សមិទ្ធផល សម្រាប់​អាណត្តិ​ចាស់ គឺ​យើង​បាន​ទទួល​មេដាយ​ពី​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​ ជា​ប្រវត្តិ​សាស្រ្ត ហើយ​យើង​​បណ្តោះបណ្តាល​ធន​ធាន​មនុស្ស​បាន​ច្រើន​ទាំង​គ្រូ​បង្វឹក មន្រ្តី​បច្ចេក​ទេស និង​កីឡាករ កីឡាការិនី​ ហើយ​ទិសដៅ​​ទៅមុខ​ គឺ​ការ​ជ្រើស​រើស​កីឡាករ​កីឡាការិនី​ថ្នាល​ សម្រាប់​ត្រៀម​ការ​ប្រកួត​កីឡាយុវជន​អាស៊ី ឆ្នាំ​២០២៩ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ»។ 

គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា និង​តំណាង​ក្លិប​ទាំងអស់ បាន​លើក​ដៃ​គាំទ្រ​សមាសភាព​ថ្នាក់​ដឹក​នាំ​អាណត្តិថ្មី នៅ​ក្នុង​មហា​សន្និបាត។ រូបថត NOCC

លោក​បន្ថែម​ថា៖ «យើង​មិន​បាន​បញ្ចប់​មហិច្ឆតា​ត្រឹម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣​នោះ​ទេ គឺ​យើង​មាន​មហិច្ឆតា​បន្ថែម​ទៀត ដោយ​ត្រូវ​ធ្វើការ​អភិវឌ្ឍ​ឱ្យ​បាន​ខ្លាំងទាំង​លើ​គ្រូ​បង្វឹក និង​កីឡាករ​ ពិសេស​យើ​ង​ត្រូវ​រៀបចំ​ទីលាន​ហ្វឹក​ហាត់​ស្តង់ដា​ ព្រោះ​ទីលាន​មាន​សារ​សំខាន់ នៅ​ពេល​យើង​ធ្វើ​ម្ចាស់​ផ្ទះ វាជាអាទិភាព​របស់​យើង អ៊ីចឹង​យើង​ត្រូវ​ធ្វើ​ការ​ជា​មួយ​ក្រុម​យុវជន​ឱ្យ​បាន​ច្រើន ចាប់ពី​ឆ្នាំ​២០២៤​នេះ​ទៅ»។

ជាមួយគ្នា​នេះ សហ​ព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា ក៏​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​អភិវឌ្ឍ​​ក្រុម​មនុស្ស​ធំ។ លោក នូ ចំរើន ថា សហព័ន្ធ នឹង​រៀបចំ​ឱ្យ​មាន​ការ​បោះ​ជំរំ​ហ្វឹក​ហាត់​នៅ​ខេត្ត​កំពត និង​ខេត្តពោធិ៍សាត់ ​លើ​ប្រភេទ​កីឡាកង់​ភ្នំ ដើម្បី​ត្រៀមការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣៣ ឆ្នាំ​២០២៥​នៅ​ប្រទេស​​​ថៃ ដែល​ក្រុម​កង់ភ្នំ មាន​មហិច្ឆតា​ស្វែង​រក​មេដាយ​មាស​ជូន​ជាតិ។

អគ្គលេខាធិការ​រូបនេះ បាន​បញ្ជាក់​ថា៖ «យើងចង់​រក្សា​ចំនួន​មេដាយ ដែល​យើង​ធ្លាប់​បាន កាល​ស៊ីហ្គេម ឆ្នាំ​២០២៣ និង​បន្ថែម​មហិច្ឆតា​ក្នុង​ការ​យក​មេដាយ​មាស ព្រោះ​ការ​ដាក់​មហិច្ឆតា​ដណ្តើម​យក​មេដាយ​មាស​កន្លង​មក យើង​ធ្វើ​មិន​បាន ដោយ​បាន​ត្រឹម​មេដាយ​ប្រាក់ និង​សំរឹទ្ធ​ អ៊ីចឹង​យើង​ត្រូវ​ធ្វើ​ការងារ​ឱ្យ​បាន​កាន់​តែ​ខ្លាំង​ ដើម្បី​ស្វែង​រក​មេដាយមាស​ជូន​ជាតិ និង​អ្នកគាំ​ទ្រ»៕